សហគមន៍​ស្រុក​តំបែរ​បារម្ភ​ពី​ការ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​មាន​ច្រើន

ដោយ វ៉ែន សុមេធ
2018-03-11
Share
ពលករ ប៉ោយប៉ែត ៨៥៥ ពលករ​ខ្មែរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។
Photo: RFA

ប្រជា​សហគមន៍​នៅ​ឃុំត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កត់សម្គាល់​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នាំ​គ្នា​ចាកចេញ​ពី​ស្រុក​កំណើត ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​តំបន់​ឆ្ងាយៗ ពិសេស​ទៅ​ក្រៅ​ប្រទេស​កាន់តែ​មាន​ច្រើន​ឡើង។ បញ្ហា​នេះ កើត​ឡើង​ដោយសារ នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​គ្មាន​មុខ​របរ និង ការងារ​សម្រាប់​ធ្វើ​ដូច​ពេលមុន ម្យ៉ាង​ពួកគាត់​ត្រូវ​រកប្រាក់​ដើម្បី​ដោះ​បំណុល​គេ​ថែម​ទៀត​ផង។

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង កាន់​តែ​បារម្ភ​ ខណៈ​ឃើញ​ភូមិស្រុក​របស់​ខ្លួន​កាន់​តែ​មាន​សភាព​ស្ងប់ស្ងាត់ ដោយសារ​ពលរដ្ឋ​ពេញកម្លាំង​ចេះតែ​នាំគ្នា​ចំណាកស្រុក​ជា​បន្ត​បន្ទាប់។ ពលរដ្ឋ​ខ្លះ​នាំគ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ឆ្ងាយៗ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ​តែម្តង។ ក្នុង​ចំណោម​ពលរដ្ឋ​ចេញ​ទៅ​ប្រទេស​ថៃ​នោះ គឺ មាន​ខ្លះ​ចេញ​ទៅ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​អ្នក​ភូមិ​ខ្លះ​គឺ​ចេញ​ដោយ​ប្រថុយប្រថាន​ជា​ដើម។

ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង លោក ម៉ុន ស៊ីថូ មាន​ប្រសាសន៍​ថា បញ្ហា​ចំណាកស្រុក​គឺ​ជា​រឿង​មួយ​ដែល​អ្នកភូមិ​កំពុងព្រួយ​បារម្ភ។ ព្រួយ​បារម្ភ​ពី​ព្រោះ ក្នុង​ភូមិ​ស្រុក​កាន់តែ​ស្ងាត់​ជ្រងំ ដោយ​សារ​មនុស្ស​ពេញ​កម្លាំង​ចាកចេញ​ច្រើន ប៉ុន្តែ​ពួកគាត់​ខ្លះ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន​ទៀត​ផង។ ប្រភព​ដដែល មើល​ឃើញ​ថា ដោយសារ​ពលរដ្ឋ​ភាគ​ច្រើន​ជំពាក់​បំណុល​ធនាគារ ហើយ​តម្លៃ​លក់​កសិផល​កាល​ពី​ឆ្នាំ​មុន​មាន​តម្លៃ​ថោក​ពេក។ ជាក់ស្ដែង​ដំឡូងមី ស្រស់ កាល​ពីឆ្នាំ ២០១៧ លក់​បាន​មួយ​គីឡូក្រាម ជាង ១០០​រៀល ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​បង្ខំចិត្ត​ទុក​ដី​ទំនេរ​ចោល ឬ លក់​ដី​នោះ ដើម្បី​សង​បំណុល​គេ​តែម្ដង។ ដោយឡែក​ឆ្នាំ​នេះ ដំឡូងមី​លក់​មួយ​()គីឡូក្រាម តម្លៃ ៣ ០០រៀល ប៉ុន្តែ​ការ​ផ្ដល់​ផល​បែរ​ជា​ធ្លាក់​ចុះ​ទៅវិញ ដោយសារ​ដំឡូង​មិនល្អ និង​មាន​ជំងឺ​ផ្សេងៗ​ផង«តាម​សង្កេត​មើល​ទៅ សុទ្ធ​តែ​អ្នក​ខ្វះខាត មិន​ថា​គេ​មិន​ថា​ខ្ញុំ​ទេ។ នៅ​ស្រុកខ្មែរ​យើង​ដូច​ថា រក​ចិញ្ចឹម​គ្រួសារ​ហ្នឹង​ដូចថា ផ្គត់ផ្គង់​ទប់​មិន​បាន»

ពលរដ្ឋ​នៅ​ឃុំត្រពាំងព្រីង មាន​ចំនួន​ជាង បី​ពាន់​គ្រួសារ( ៣ ៥៨៣) ហើយ​ភាគច្រើន​ពួកគាត់​​មានមុខ​របរ​ធ្វើស្រែ និង​ចម្ការ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​នេះ គឺ​មាន​ប្រមាណ ៨០ភាគរយ ជំពាក់​បំណុល​ធនាគារ។ ក្រៅពី​បញ្ហា​ជំពាក់​បំណុល​គេ ពលរដ្ឋ​ជា​ច្រើន​ក្នុង​ឃុំ​ត្រពាំងព្រីង គឺ​មាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​រឿង​ដី​ព្រៃ​សហគមន៍​ជាង ៥ពាន់​ហិកតារ ដែល​ត្រូវ​បាន​អ្នក​មាន​ប្រាក់ និង​មាន​អំណាច ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ លើស​ពី​នេះ​ទៀត ប្រជា​សហគមន៍​នៅ​ភូមិ​ចំនួន៣ ទៀត គឺ ភូមិ​ជីទ្រុន ភូមិ​បុស្បស្នោ និង ភូមិ​ស្រែប្រាំង គឺ​មាន​វិបត្តិដីធ្លី​ជាង ១ ពាន់​ហិកតារ ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) នៅ​តំបន់​នោះ​ទៀត​ផង។

ពលរដ្ឋ​មួយ​រូប​ទៀត លោក សែម ចំណាន កត់សម្គាល់​ថា ដោយសារ​កត្តា​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ និង​កង្វះ​ការងារ​ក្នុង​ស្រុក ទើប​បង្ខំ​ឱ្យ​អ្នកភូមិ​ជា​ច្រើន​នាំ​គ្នា​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ផ្សេង ពិសេស​ទៅ​ក្រៅ​ប្រទេស។ លោក​ថា កាល​ពី​មុន ពលរដ្ឋ​អាច​ធ្វើស្រែ​វស្សា​ផង និង​ស្រែ​ប្រាំង​ផង ឬ​ស៊ីឈ្នួល​អ្នក​ភូមិ​គ្នា​ឯង និង​រក​ចំណូល​ពី​អនុផល​ពី​ព្រៃ​សហគមន៍​របស់​ខ្លួន។ ប៉ុន្តែ បច្ចុប្បន្ន​ការ​ធ្វើស្រែ​ប្រាំង មិន​បាន​ផល ម្យ៉ាង​មុខ​របរ​ក្នុង​ស្រុក​ក៏​គ្មាន ពីព្រោះ​​ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ដី​ធ្វើ​ចម្ការ​ពី​មុន​មក នាំ​គ្នា​លក់​ដី​ទាំងនោះ​​​​ដើម្បី​យក​ប្រាក់​សង​បំណុល​គេ​វិញ ។ លើស​ពី​នេះ ដី សហគមន៍​របស់​ពួកគាត់​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​ដី​សហគមន៍​ផ្សេងទៀត​ត្រូវ​បាន​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​គ្រប់គ្រង​ជាដើម៖ «ឥឡូវហ្នឹង​ការងារ​នៅ​ក្នុង​ស្រុក​វា​អត់​មាន ម្យ៉ាងទៀត និយាយ​ទៅ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ខ្ញុំ​ផ្ទាល់​ហ្នឹង​វា​អត់​ការងារ​ធ្វើ។ អត់​ការងារ​ធ្វើ មាន​តែ​ទៅ​ធ្វើ​ការងារ​នៅ​ស្រុក​គេ អា​សេដ្ឋកិច្ច​ក្នុង​ស្រុក​អត់​ដំណើរការ​អីចឹង​លោកគ្រូ»

លោក សែម ចំណាន មើល​ឃើញ​ថា នៅ​ថ្ងៃមុខ ពិសេស​ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច ពលរដ្ឋ​ក្នុង​ភូមិ នឹង​ចំណាកស្រុក​បន្ថែម​ទៀត ប្រសិនបើ​សេដ្ឋកិច្ច​នៅ​ក្នុងស្រុក​មិន​រីកចម្រើន ឬ​ខ្វះ​ការងារ​ធ្វើ​ដូច​បច្ចុប្បន្ន«ទីមួយ​ខ្ញុំ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ពិសេស​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​យ៉ាងណា​ជួយ​ឱ្យ​មាន​រោងចក្រ នៅ​ក្នុង​ស្រុក​មួយ។ អាហ្នឹង​ជា​ការ​ការពារ​ពលរដ្ឋ​ចំណាកស្រុក ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើ​ការងារ​ក្នុង​ស្រុក។ ទីពីរ រាជរដ្ឋាភិបាល និង​សម្តេច​ហ្នឹង ពន្លឿន នៃ​ការ​ដោះស្រាយ បញ្ហា​ដីធ្លី​ហ្នឹង​ដើម្បី​កាត់​បន្ថយ​ពលរដ្ឋ​ចំណាកស្រុក»

កាល​ពី​ពេល​កន្លង​មក អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ ធ្លាប់​មាន​ប្រសាសន៍​ថា ខាង​លោក​តែង​ណែនាំ​ពលរដ្ឋ​ឱ្យ​ពួកគាត់​នាំគ្នា​ស្វែងរក​ការងារ​ធ្វើ ​នៅ​ក្នុង​ស្រុក ហើយ​ជៀសវាង​ការ​ធ្វើចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន ឬ​ដោយ​ខុសច្បាប់។

ទោះជាយ៉ាងណា កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើង​ថា ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស គឺ​ពុំ​មែន​មាន​តែ​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​ទីផ្សារ​កម្លាំង​ពលកម្ម​របស់​កម្ពុជា ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ក្នុង​តំបន់​ថែម​ទៀត៖ «យើង​ហ្នឹង​បន្ត​ពង្រីក​ជាមួយ​ហ្នឹង​ទីផ្សារ​ការងារ របស់​យើង​នៅ​ក្រៅ​ប្រទេស។ ជាមួយ​ហ្នឹង ការ​ប្រកួតប្រជែង​ជាមួយ​កម្មករ​នៃ​ប្រទេស​ដទៃ»

របាយការណ៍​បូកសរុប​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាល​ពី​ឆ្នាំ​២០១៦ និង​បាន​ផ្សព្វផ្សាយ​នៅ​​ដើម​ឆ្នាំ​២០១៧ បង្ហាញ​ថា ចំនួន​ពលរដ្ឋ​ដែល​បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង១ លាន​នាក់ ដោយ​ពួកគេ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង កូរ៉េខាងត្បូង។ ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ ប្រទេស​ថៃ មាន​ចំនួន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​ច្រើន​ជាងគេ មាន​ចំនួន​ជាង ១លាននាក់ ហើយ​ពលករ​ដែល​មិន​ទាន់​មាន​ឯកសារ​ត្រឹមត្រូវ​​មាន​ចំនួន​ជាង ៣០ម៉ឺននាក់។

យ៉ាង​នេះ​ក្តី ក្នុង​ឆ្នាំ ២០១៧នោះដែរ រាជរដ្ឋាភិបាល​ខ្មែរ និង​ថៃ បាន​ចាប់ផ្ដើម​រៀបចំ​បំពេញ​ឯកសារ​ជូន​ពលករ​ខុសច្បាប់​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ស្រប​ច្បាប់​ឡើងវិញ។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក(ADHOC) ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេងហាន មាន​ប្រសាសន៍​ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូចជា​ប្រទេស​ថៃ​ជាដើម​នោះ ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ភាគច្រើន​ជា​ប្រភេទ​កម្មករ​ជំនាញ មិនមែន​ភាគច្រើន​ជា​ប្រភេទ​កម្មករ​ប្រើ​កម្លាំង​ ឬ​ជា​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ដូច​កម្ពុជា​នោះ​ទេ។ លោក​ថា ការ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ក៏​មាន​ចំណុច​វិជ្ជមាន​ដែរ ដូចជា​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់ និង មាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ សំខាន់​ឱ្យ​តែ​ការ​ចំណាកស្រុក​នោះ ធ្វើឡើង​ដោយ​ស្របច្បាប់ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ក្រុមហ៊ុន ព្រមទាំង​រាជរដ្ឋាភិបាល។

ប្រភព​ដដែល មើល​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ស្រុក​តំបែរ នាំ​គ្នា​ចំណាកស្រុក​ជា​បន្តបន្ទាប់ គឺ ដោយសារ​បញ្ហា​ប្រឈម​ក្នុង​គ្រួសារ​តែម្ដង។ ជាក់ស្ដែង ពលរដ្ឋ​ភាគ​ច្រើន​ជំពាក់​បំណុល​ធនាគារ ខ្វះ​ដីធ្លី​សម្រាប់​បង្ក​បង្កើន​ផល កង្វះ​ចំណេះ​ដឹង កង្វះ​ការងារ​ធ្វើ ឬ មាន​ប្រាក់​កម្រៃ​ទាប ព្រមទាំង​បញ្ហា​តម្លៃ​កសិផល​ថោក៖ «ស្រុក​យើង​មុខ​របរ​វា​មិន​សូវ​មាន​ទេ ហើយ​ការ​ធ្វើ​កសិកម្ម​របស់​គាត់​ហ្នឹង​ក៏​ប្រឈម​ទៅ​ហ្នឹង ការ​ខាតបង់ ឬ​ក៏​គ្មាន​ទីផ្សារ​អី​ច្បាស់​លាស់»

មន្ត្រី​ផ្នែក​អង្កេត​រូប​នេះ យល់​ថា ប្រសិន​បើ រាជរដ្ឋាភិបាល ចេះ​តែ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ម្យ៉ាង​ពលរដ្ឋ​ខ្លួន​ឯង​ចេះ​តែ​ចំណាកស្រុក​បន្ថែម​ទៀត នៅ​ថ្ងៃ​ខាងមុខ ប្រទេស​កម្ពុជា​នឹង​ប្រឈម​កង្វះ​កម្លាំង​ពលកម្ម​ជាក់​ជា​មិនខាន។ បញ្ហា​នេះ នឹង​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ជាតិ​ទៀត​ផង។

លោក​គិត​ថា ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស រដ្ឋាភិបាល​គប្បី​ដោះស្រាយ​វិបត្តិ​ដីធ្លី​ជូន​ពលរដ្ឋ​មាន​ជម្លោះ។ បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ​និង​មាន​ប្រាក់​ខែ​សមរម្យ ព្រម​ទាំង​ស្វែង​រក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម ឬកសិ-ឧស្សាហកម្ម ក្នុង​តម្លៃ​ខ្ពស់​ជូន​កសិករ​​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល