"ជាង​៣០​ឆ្នាំ លោក ហ៊ុន សែន អសមត្ថភាព​រក​ទីផ្សារ​កសិផល​ដែល​តែង​សន្យា​មុន​បោះ​ឆ្នោត"

វ៉ែន សុមេធ
2018-07-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

ពលរដ្ឋ និង​ក្រុម​យុវជន​អង្កេត​ឃើញ​ថា របប​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជាង ៣០​ឆ្នាំ​មក​ហើយ​នេះ បាន​បរាជ័យ​ស្វែងរក​ទីផ្សារ​លក់​កសិផល​ឲ្យ​កសិករ​ក្នុងស្រុក និង​ក្រៅ​ស្រុក។ ប៉ុន្តែ នៅ​ពេល​ឃោសនាបោះឆ្នោត​ម្តងៗ អ្នកនយោបាយ​បក្ស​កាន់អំណាច​តែងតែ​សន្យា​ជួយ​ដោះស្រាយ​ពលរដ្ឋ។

កសិករ​មួយ​ចំនួន​រស់នៅ​ខេត្ត​ភាគ​ឦសាន​កត់ចំណាំ​ថា ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​គោលនយោបាយ​ស្វែងរក​តម្លៃ​កសិផល​ជូន​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ នៅ​គ្រា​ឃោសនាបោះឆ្នោត​ម្តងៗ តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ គណបក្ស​កាន់​អំណាច​មួយ​នេះ​មិន​យកចិត្តទុកដាក់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នោះ​ទេ ផ្ទុយទៅវិញ​បែរជា​បណ្ដោយ​ឲ្យ​ទំនិញ​ពី​ប្រទេស​វៀតណាម​នាំ​ចូល​មក​លក់​នៅ​កម្ពុជា​ដោយ​សេរី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​កសិករ​ក្នុងស្រុក។

កសិករ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក គឹម វ៉ាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១២ កក្កដា ថា​ពលរដ្ឋ​លែង​មាន​ជំនឿ​លើ​អ្នកដឹកនាំ​រដ្ឋ​ទៀតហើយ ក្នុង​ការ​ស្វែងរក​តម្លៃ​ទីផ្សារ​កសិផល​នេះ។ លោក​កត់សម្គាល់​ថា ជា​រៀងរាល់​ឆ្នាំ តម្លៃ​ទីផ្សារ​លក់​ចេញ​កសិផល​របស់​កសិករ​បាន​ធ្លាក់​ចុះ ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាតបង់​ប្រាក់។ រីឯ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​បាន​ចាត់វិធានការ​ជួយ​ស្វែងរក​ទីផ្សារ ពង្រឹង​តម្លៃ​លក់​កសិផល​ឲ្យ​មាន​ស្ថិរភាព​រវាង​តម្លៃ​ដើម និង​តម្លៃ​លក់​ចេញ​នោះ​ទេ។ លោក​ថា កសិករ​ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ដើមទុន​កសិកម្ម តែ​នៅ​ពេល​ប្រមូល​ផល តម្លៃ​កសិផល​បាន​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន បង្ខំចិត្ត​លក់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​កេរ​ដូនតា​ដើម្បី​យក​ប្រាក់​ទៅ សង់​ម្ចាស់បំណុល។

បុរស​ដដែល​បន្ថែម​ថា កសិករ​ខ្លះ​បង្ខំចិត្ត​ចំណាកស្រុក ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​កសិករ​ខ្លះ​ទៀត​បោះបង់​មុខរបរ​កសិកម្ម ហើយ​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ បណ្ដាល​ឲ្យ​ព្រៃឈើ​កាន់តែ​វិនាស​ហិនហោច។ លោក​កត់ចំណាំ​ថា ការដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ច្រើន​អាណត្តិ​មក​ហើយ វិបត្តិ​ទីផ្សារ​កសិផល​នៅតែ​ចាក់​ស្រែះ​ជ្រៅ​ក្នុង​សង្គម។ លោក​មាន​សង្ឃឹម​តិច​ណាស់​ថា របប​លោក ហ៊ុន សែន នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន ប្រសិនបើ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី ៦​នេះ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​កាន់អំណាច​ដដែល​នោះ។ «»

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែល​តែង​ចុះ​តាមដាន​ករណី​នេះ អង្កេត​ឃើញ​ថា កសិករ​ទូទាំង​ប្រទេស បាន​ដាំ​ដំណាំ​កសិកម្ម​ស្ទើរ​គ្រប់​ប្រភេទ តែ​ប្រឈម​បញ្ហា​គ្មាន​ទីផ្សារ និង តម្លៃ​កសិផល​ធ្លាក់​ចុះ​ពេល​ប្រមូល​ផល គឺជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​នាំ​ឲ្យ​កសិករ​មួយ​ចំនួន​បាក់​ទឹកចិត្ត និង​ស្វែង​រកមុខ​របប​ថ្មី​ជំនួស។ លោក​ថា ការ​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម ចូល​មក​លក់​នៅ​កម្ពុជា​ដោយ​សេរី ជាពិសេស​ក្រុងភ្នំពេញ គឺជា​មូលហេតុ​នាំ​ឲ្យ តម្លៃ​កសិផល​របស់​កសិកម្ម​ខ្មែរ​ធ្លាក់​ចុះ និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ខ្មែរ ព្រោះ​បន្លែ​ផ្លែឈើ​របស់​វៀតណាម​ផ្ទុក​សារធាតុ​គីមី​កម្រិត​ខ្ពស់។ លោក​រក​ឃើញ​ថា គណបក្ស​ប្រជាជន​បាន​ដាក់​ចេញ​គោលនយោបាយ​ស្វែងរក​ទីផ្សារ​កសិផល​បាន​ល្អ តែ​ការអនុវត្ត​ជាក់ស្ដែង​គឺ គណបក្ស​នេះ​បាន​បរាជ័យ​ទាំងស្រុង ដែល​នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត។ «»

លោក មួង សូនី បន្ថែម​ថា អំពើពុករលួយ​គឺជា​ឧបសគ្គ​ចម្បង​ធ្វើ​ឲ្យ​របប​ក្រុងភ្នំពេញ​លំបាក​ដោះស្រាយ​បញ្ហា និង​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​ក្រសួង​សាមី ទើប​អាច​ដោះស្រាយ​ករណី​នេះ​បាន​ខ្លះ ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​តាម​ព្រំដែន ត្រូវ​បាន​ពលរដ្ឋ​ចោទ​ថា បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​ស្រុក​ខ្មែរ​តាម​អំពើ​ចិត្ត ព្រោះតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា ការ​លើកឡើង​របស់​យុវជន គឺ​ផ្ទុយ​ពី​ការពិត និង​ហាក់​មាន​ចរិត​នយោបាយ​លំអៀង​ទៅ​រក​គណបក្ស​ផ្សេង។ លោក​ថា ការអនុវត្ត​កម្មវិធី​នយោបាយ​ប្រទេស គឺ​របប​ក្រុងភ្នំពេញ​យកចិត្តទុកដាក់​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម និង​ការស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម។ លោក​សំណូមពរ​ឲ្យ​យុវជន គួរ​សម្លឹង​មើល​ពី​ចំណុច​វិជ្ជមាន​ករណី​នេះ ចៀសវាង​ឃើញ​តែ​ចំណុច​អវិជ្ជមាន។ លោក​បន្ថែម​ថា វិស័យ​កសិកម្ម​របប​ក្រុងភ្នំពេញ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បាន​ច្រើន ជាក់ស្ដែង​ជ័រកៅស៊ូ​ប្រភេទ​លេខ ១ ក្នុង​មួយ​តោន​តម្លៃ​ជាង ៥​ពាន់​ដុល្លារ (៥០០០​ដុល្លារ) គេ​ពុំ​ឃើញ​យុវជន និង​ពលរដ្ឋ​​សរសើរដ្ឋាភិបាល​នោះ​ទេ ក៏ប៉ុន្តែ​ដល់ពេល​ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ បែរជា​រិះគន់​រដ្ឋាភិបាល​ទៅវិញ។ «»

លោក សុខ ឥសាន បន្ថែម​ថា ការ​ធ្លាក់ចុះ​ទីផ្សារ​តម្លៃ​កសិផល អាស្រ័យ​សេដ្ឋកិច្ច​ទីផ្សារ​ពិភពលោក ព្រោះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​ទីផ្សារ​អន្តរជាតិ​ដែរ។ លោក​ស្នើ​ឲ្យ​យុវជន និង​ពលរដ្ឋ​គួរ​ពិនិត្យមើល​ពី​បរិបទ​ផ្ទៃក្នុង​ប្រទេស និង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​ផង។ ក្រៅ​ពី​នេះ​លោក​ថា ទីផ្សារ​ដំឡូង​មី ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​មក​ទល់​ពេល​នេះ ព្រោះ​របប​ក្រុងភ្នំពេញ​ប្រឹងប្រែង​ជំរុញ​ឲ្យ​មាន​រោងចក្រ​សម្ងួត​ដំឡូង​មី នៅ​ខេត្ត​ប៉ៃលិន។

កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្ដីបន្ទោស​ឲ្យ​ពលរដ្ឋ​ដែល​ទិញ​បន្លែ និង​ទំនិញ​មិន​ពិនិត្យ​ជាតិគីមី​ខ្លួនឯង ហើយ​បែរជា​មក​បន្ទោស​តែ​របប​របស់​លោក​ទៅវិញ។ លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ថា ដូចជា​ជ្រុល​ពេក​ហើយ ខ្លួន​មិន​ពិនិត្យមើល​ទំនិញ​ណា មាន​សារ​ជាតិគីមី ឬក៏​មិន​មាន​ជាតិគីមី​៖ ៖ «ផ្ញើ​ត្រឡប់​ទៅវិញ​ថា សូម​មេត្តា​កុំ​ទិញ​អ្វី​ដែល​មាន​ជាតិគីមី​ទៅ​វា​ចប់​ហើយ ដោយសារតែ​យើង​ទិញ បាន​វា​នាំមក​លក់ រួចហើយ​មក​ចោទ​តែ​រដ្ឋាភិបាល សំណូមពរ​ខ្លះ​ដូចជា​ជ្រុល​ពេក​ហើយ​មិន​ដឹង​ហី»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ អង្កេត​ឃើញ​ថា កសិករ​នៅតែ​ទទួលរង​គ្រោះ ឬ​ខូចខាត​ផលប្រយោជន៍​ច្រើន ពី​វិស័យ​កសិកម្ម ពុំ​ឃើញ​មានការ​ឆ្លើយតប​ជា​ដុំកំភួន និង​មាន​ដំណោះស្រាយ​ណាមួយ ឲ្យ​បាន​សមរម្យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ​ទេ។ លោក​ថា កសិករ​នៅតែ​ធ្វើស្រែ​ចម្ការ​ខាតបង់​ដដែលៗ គួរតែ​ដោះស្រាយ​ជា​រូបរាង​យូរ​មក​ហើយ តែ​រហូត​មក​ទល់​ពេល​នេះ វិបត្តិ​សង្គម​នេះ​នៅតែ​គ្មាន​ច្រកចេញ។ លោក​បារម្ភ​ថា តម្លៃ​កសិផល​គ្មាន​ទីផ្សារ ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​កសិករ នាំ​ឲ្យ​ពលរដ្ឋ​ជំពាក់​បំណុល​គេ លំបាក​រើ​បម្រះ និង​បង្ក​ឲ្យ​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​ចំណាកស្រុក​កាន់តែ​ច្រើន។ «»

លោក សន ជ័យ ផ្ដល់​មតិ​ថា ច្រក​សំខាន់​ដើម្បី​ជួយ​កសិករ​បាន រដ្ឋ​ត្រូវ​កំណែទម្រង់​ស្ថាប័ន​ជាតិ​ចំនួន​ពីរ គឺ​ក្រសួង​កសិកម្ម និង ក្រសួងពាណិជ្ជកម្ម ធ្វើ​យ៉ាងណា​ឲ្យ​ក្រសួង​ទាំងនេះ ប្រឹងប្រែង​ជួយ​កសិករ​ឲ្យ​បាន​ច្រើន ខណៈ​បច្ចុប្បន្ន​កម្រិត​នៃ​ការ​ជួយជ្រោមជ្រែង​កសិករ របស់​ក្រសួង​ទាំងនោះ​មាន​កម្រិត​ទាប ឬ​ខ្សោយ​នៅឡើយ មានន័យថា កសិករ​នៅតែ​រកស៊ី​ខាតបង់​ដដែលៗ។

កាលពី​ឆ្នាំ​២០១៦ និង​២០១៧ កសិករ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បង្ខំចិត្ត​កម្ទេច​ផ្លែ​ល្ពៅ​ចោល​ក្នុង​ចម្ការ​ជាច្រើន​តោន ព្រោះតែ​តម្លៃ​កសិផល​មិន​អាច​ទូទាត់​កម្លាំង​ពលកម្ម​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល