អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ស្នើ​បញ្ចុះតម្លៃ​ប្រេងម៉ាស៊ូត​ដើម្បី​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច

ដោយ ថន ថារ៉ូ
2018-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នកធ្វើការ​ជាមួយ​កសិករ ស្នើសុំ​ឲ្យ​របប​ក្រុងភ្នំពេញ ជួយ​បញ្ចុះតម្លៃ​ប្រេងម៉ាស៊ូត​បន្ថែម​ទៀត ដើម្បី​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​​​កាត់បន្ថយ​ថ្លៃ​ចំណាយ​របស់​ប្រជាពលរដ្ឋ ជាពិសេស ប្រជា​កសិករ។ ការ​ស្នើសុំ​នេះ បន្ទាប់ពី​ក្រសួង​ពាណិជ្ជកម្ម​​កំណត់​តម្លៃ​ប្រេងម៉ាស៊ូត និង​ប្រេងសាំង តម្លៃ ៣.៣៥០​រៀល​ដូចគ្នា។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក ប៉ា ច័ន្ទរឿន ស្វាគមន៍​ចំពោះ​របប​ក្រុងភ្នំពេញ ដែល​បន្ធូរបន្ថយ​ពន្ធ​កន្លងមក ដើម្បី​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ ប៉ុន្តែ​លោក​សង្កេតឃើញ​ថា ប្រេង​ម៉ាស៊ូត នៅ​មិនទាន់​បញ្ចុះតម្លៃ​នៅឡើយ​ទេ ពោល​គឺ​តម្លៃ​ប្រេង​សាំង និង​តម្លៃ​ប្រេងម៉ាស៊ូត នៅ​មាន​ម្លៃ​ស្មើគ្នា​ដដែល។

លោក​បន្ត​ថា ជា​ធម្មតា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ គឺ​តម្លៃ​ប្រេងម៉ាស៊ូត តម្លៃ​ទាប​ជាង​ប្រេងសាំង​ចន្លោះ​ពី ៨​រយ​រៀល ទៅ​១​ពាន់​រៀល។ ការ​ដែល​ស្នើសុំ​ឲ្យ​បញ្ចុះតម្លៃ​ប្រេងម៉ាស៊ូត​នេះ ព្រោះ​ពលរដ្ឋ​ក៏​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ច្រើន​ដែរ៖ «គ្រឿងចក្រ​ភាគច្រើន​ដែល​បម្រើការ​ក្នុង​វិស័យ​សេដ្ឋកិច្ច ទាំង​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ជាដើម រួម​ទាំង​សេវា​ដឹកជញ្ជូន​ គឺ​​ភាគ​ច្រើន​​ប្រើ​​ប្រេង​ម៉ាស៊ូត ហើយ​​​បើ​​ប្រេង​ម៉ាស៊ូត​​វា​​ចុះ​ថ្លៃ​​ទៅ គឺ​ធ្វើ​ឲ្យ​ថ្លៃដើម​នៅ​ក្នុង​ការផលិត​នៅ​ក្នុង​ការ​ដឹកជញ្ជូន ក៏​វា​កាន់តែ​ទាប​ដែរ ហើយ​វា​ជំរុញ​ឲ្យ​សកម្មភាព​ផុលផុស​ជាង​មុន។ ជាពិសេស​គឺ​ការ ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​ដែល​​នាំ​ចូល​​មក​ពី​​ក្រៅ​​ប្រទេស​​ផង។ ទន្ទឹម​គ្នា​​នេះ ​កសិករ​ក៏​ចំណាយ​ថ្លៃដើម​ទិញ សម្រាប់​ទិញ​ប្រេងម៉ាស៊ូត​បូម​ទឹក ដឹកជញ្ជូន ភ្ជួរ និង​​រាស់​​ដែល​​ប្រើ​គ្រឿងចក្រ»

លោក ប៉ា ច័ន្ទរឿន អះអាង​ថា តម្លៃ​ប្រេងម៉ាស៊ូត​នៅ​កម្ពុជា គឺ​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ប្រេងម៉ាស៊ូត​នៅ ប្រទេស​ជិតខាង។

ការ​លើកឡើង​នេះ បន្ទាប់ពី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ជូនដំណឹង​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ សាំង ធមុ្មតា និង​ប្រេងម៉ាស៊ូត មាន​តម្លៃ​ដូចគ្នា ៣.៣៥០​រៀល​ក្នុង​មួយ​លីត្រ។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ថា កសិករ​ធ្វើស្រែ​ចម្ការ​ភាគច្រើន គឺ​ប្រើប្រាស់​ប្រេងម៉ាស៊ូត ដើម្បី​ធ្វើ​ដំណាំ​កសិកម្ម ដូច្នេះ​នៅ​ពេល​តម្លៃ​ប្រេងម៉ាស៊ូត នៅតែ​រក្សា​តម្លៃ​ខ្ពស់​ដូច​សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឲ្យ​ប្រជា​កសិករ​​ប្រឈម​ក្នុង​ការ​ចំណាយ​ច្រើន និង​ការ​ខាត​បង់​ជាដើម។ មូលហេតុ​ដែល​កសិករ អ្នក​រត់​តាក់ស៊ី និង​អ្នក​បើកឡាន​ដឹកទំនិញ និយម​ប្រើ​ប្រេងម៉ាស៊ូត​នោះ ព្រោះ​គ្រឿង​ម៉ាស៊ីន ស៊ី​ប្រេងម៉ាស៊ូត​តិច​ជាង​សាំង ហើយ​វា​ធុន​ជាង និង​មាន កម្លាំង​ល្អ​​ជាង​​ប្រើ​ប្រេងសាំង៖ «ជាពិសេស គឺ​នៅ​ក្នុង​រដូវប្រាំង​តែម្ដង កសិករ​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ច្រើន​បំផុត​ក្នុង​ការ​បូម​ទឹក​បញ្ចូល​ទៅ​ក្នុង​ស្រែប្រាំង និង​ស្រោចស្រព​ទៅលើ​ដំណាំ ផ្សេងៗ​ដូចជា​ម្រេច​ជាដើម ព្រោះថា រដូវប្រាំង​មិនសូវ​មាន​ទឹក​គ្រប់គ្រាន់។ ខ្ញុំ​គិត​ថា តម្លៃ​ប្រេងម៉ាស៊ូត គឺ​បើ​អាច​បញ្ចុះតម្លៃ​មក​ត្រឹម ៣​ពាន់​ឬ​នៅ​ក្រោម​៣​ពាន់​រៀល គឺ​នឹង​ជួយ​សម្រាល​បន្ទុក​កសិករ និង​ប្រជាពលរដ្ឋ​បន្ថែម​ទៀត»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី ជាច្រើនលើក ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ។

ប្រជាពលរដ្ឋ តែងតែ​ត្អូញត្អែរ​ជុំវិញ​តម្លៃ​សាំង និង​ប្រេងម៉ាស៊ូត​ថា ថ្លៃ​ជាង​ប្រទេសជិតខាង​និង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក។ ចំណែក របប​លោក ហ៊ុន សែន វិញ ក៏​តែងតែ​រង​ការរិះគន់​ដែរ​ថា បញ្ចុះតម្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​នេះ នៅ​ជិត​ពេល​បោះឆ្នោត​ម្តងៗ ដើម្បី​ស្វែងរក​ផលប្រយោជន៍​នយោបាយ​របស់​ខ្លួន មិនមែន​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល