កសិករ​ដាំ​ទុរេន​នៅ​ខេត្តបាត់ដំបង ត្អូញត្អែរ​ពី​តម្លៃ​ទុរេន​ចុះ​ថោក និង​គ្មាន​អ្នក​ទិញ

ដោយ ឡេង ម៉ាលី
2022.06.27
Share on WhatsApp
Share on WhatsApp
កសិករ​ដាំ​ទុរេន​នៅ​ខេត្តបាត់ដំបង ត្អូញត្អែរ​ពី​តម្លៃ​ទុរេន​ចុះ​ថោក និង​គ្មាន​អ្នក​ទិញ កសិករដាំទុរេនស្រុកសំឡូត ខេត្តបាត់ដំបង កំពុងប្រមូលផល នៅ​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

កសិករ​ដំាំ​ដំណាំ​ទុរេន ត្អូញត្អែរ​ពី​ទុក្ខ​លំបាក។ ការ ត្អូញត្អែរ​នេះ​ធ្វើឡើង​បន្ទាប់​ពី​តម្លៃ​ទុរេន​ឆ្នាំ​នេះ ធ្លាក់​ថ្លៃ​ជាង ឆ្នាំ​មុន នាំ​ឱ្យ​កសិករ​ប្រឈម​បញ្ហា​ជា​ច្រើន ។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ ដើម្បី​លើក​ទឹក​ចិត្ត និង​លើក​កម្ពស់​កសិករ​ដាំ​ដំណាំ​ទុរេន។

កសិករដាំទុរេនស្រុកសំឡូត ខេត្តបាត់ដំបង ខក​ចិត្ត​ចំពោះ​តម្លៃ​ទុរេន​ឆ្នាំ​នេះ ដែលមានតម្លៃ មិន​សមស្រប​ទៅ​នឹង​ការ​ចំណាយ​ក្នុង​ការ​ថែទាំ។ ការ​លើក​ឡើង​នេះ ស្រប​ពេល​តម្លៃ​ទុរេន​បន្ត​ធ្លាក់​ចុះ​ជា​លំដាប់ ហើយ​ពលរដ្ឋ​សោក​ស្ដាយ ដែល​រដ្ឋាភិបាល មិន​មាន​យុទ្ធសាស្ត្រ​រក​ទីផ្សារ​ជូន​ពលរដ្ឋ។

កសិករដាំទុរេន ស្រុកសំឡូត លោកស្រី វិត សុខភា ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី២៧ មិថុនា​ថា ឆ្នាំ​មុន​ទុរេន​មាន​តម្លៃ​ល្អ ហើយ​តម្លៃ​ប្រេង តម្លៃជី និង​ទំនិញ​ទីផ្សារ​ក៏​នៅ​សមរម្យ។ លោកស្រីបន្តថា តម្លៃ​ទុរេន​ធ្លាក់​ចុះ​មក​ពី​កត្តា​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ច្រើន។ លោកស្រី លើកឡើងថា​ គ្រួសារ​លោកស្រី​ធ្វើ​ចម្ការ​លក្ខណៈ​គ្រួសារ គឺ​មិន​សូវ​ជា​មាន​ម៉ូយ​ច្រើន និង​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ដូច​ចម្ការ​ធំៗ ឡើយ៖ «ខាង​សំឡូត​ក៏​ពី​មុន​យើង​មិន​សូវ​មាន​អ្នក​ដាំ ឥឡូវ​យើង​សំបូរ បែប​វា​ជុញ (សំបូរ) មក​ពី​អ៊ីចឹង តែ​ភាគ​ច្រើន គឺ​នាំ​ចូល​ពី​ថៃ​មក។ ព្រោះ​ទុរេន​ទោះ​ជុញ​ម៉េច នៅ​ក្នុង បើ​ប្រើ​នៅ​ក្នុង​ប្រទេស​យើង ខ្ញុំ​គិត​ថា វា​មិន​គួរ​ដ៏​ចុះ​ថោក​ដល់​ម្លឹង​ទេ ដល់​គេ​នាំ​ចូល​អ៊ីចឹង ដូច​ថា របស់​គេ​វា​ថោក វា​ថោក​យើង​ធ្លាក់​ថ្លៃ​តាម​គេ​ដែរ ។ កន្លែង​ខ្ញុំ ខ្ញុំ​លក់​ថោក​មែនទែន ។ លើក (លក់​បន្ត) តម្លៃ​លើក ថោក​ណាស់​លោកគ្រូ​អើយ តម្លៃ​ធ្លាក់​នៅ ១ម៉ឺន ២ពាន់​រៀល (១២.០០០៛) លោកគ្រូ ចាស​បោះ​ដុំ។ លក់​រាយ ១ម៉ឺន ៤ពាន់​រៀល (១៤.០០០៛) ១ម៉ឺន ៥ពាន់​រៀល (១៥.០០០៛) និង​រាង​តឹង​បន្តិច​ហើយ»

លោកស្រី វិត សុខភា អំពាវនាវ​ដល់​រដ្ឋាភិបាល សូម​កុំ​ឱ្យ​មាន​ការ​នាំ​ចូល​ទុរេន​ច្រើន ក្នុង​រដូវ​ប្រមូល​ផល​ទុរេន ដែល​នាំ​ឱ្យ​តម្លៃ​ទុរេន​ក្នុង​ស្រុក​ធ្លាក់​ចុះ និង​ឱ្យ​ជួយ​គិតគូរ​ពី​ទីផ្សារ​សម្រាប់​កសិករ​ដំណាំ​ទុរេន ។

ជុំវិញ​រឿង​នេះ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង គីម ហួត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថ្ងៃ​ទី២៧ មិថុនា ថា បញ្ហា​នេះ លោក​ដឹង​តាំង​ពី​ដើម​ឆ្នាំ​ម្ល៉េះ។ លោក​ថា ប្រទេស​ជិត​ខាង​នាំ​ចូល​ទុរេន​មាន​តម្លៃ​ថោក​ជាង​យើង ហើយ​ច្រើន។ លោក គីម ហួត លើក​ឡើង​ថា កាល​ឆ្នាំ​ទៅ​ទុរេន ១គីឡូក្រាម​តម្លៃ ១ម៉ឺន ៦ពាន់​រៀល (៤ដុល្លារ) ចំណែក​ឆ្នាំ​នេះ ១ម៉ឺន ២ពាន់រៀល (២ដុល្លារ) ហើយ​ប្រទេស​ថៃ គឺ​តម្លៃ​ជាង ២ដុល្លា ជា​ហេតុ​ដែល​ទុរេន​ខ្មែរ​មិន​អាច​នាំ​ទៅ​លក់​នៅ​ថៃ​កើត។ លោក​បន្ថែម​ថា ពេល​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​សិក្សា​ពី​ការ​នាំ​ចេញ​ទុរេន​សាច់​ពី​សំឡូត​ទៅ​ក្រៅ​ប្រទេស ព្រោះ​ការ​នាំ​ចេញ​សាច់ គឺ​ចំណេញ​ជាង​ការ​នាំ​ចេញ​ទាំង​សំបក ហើយ​អាច​រក្សា​ទុក​បាន​យូរ​ជាង​នៅ​ក្នុង​ផ្លែ ។ លោក​អះអាង​ថា បញ្ហា​ជី ប្រេង និង​តម្លៃ​ទំនិញ​ផ្សេងៗ ឡើង​ថ្លៃ គឺ​ជា​បញ្ហា​សកល មិន​មែន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​ជួប​បញ្ញា​នេះ៖ «យើង​បាន​ដឹង​ថា ទុរេន​ឆ្នាំ​នេះ និង​ធ្លាក់​ថ្លៃ។ កត្តា​ទី១ ដោយសារ​ប្រទេស​ជិត​ខាង​ហ្នឹង គេ​ដល់​ទាំង​គំហុក ហើយ​ធ្វើ​ឱ្យ​ទុរេន​នៃ​ប្រទេស​ជិត​ខាង ដែល​វា​ថោក​ហ្នឹង វា​ហូរ​ចូល​ក្នុង​ស្រុក​យើង​ដែរ។ មាន​ន័យ​ថា សេដ្ឋកិច្ច​វា​ហូរ​ទៅ​ហូរ​មក។ បញ្ហា​ទី២ រដូវ​នេះ​ការ​ប្រមូល​ផល​របស់​ប្រជាពលរដ្ឋ បាន​ច្រើន​ជាង​មុន​ដែរ ទៅ​លើ​ទុរេន អ៊ីចឹង​ទៅ លើស​ឆ្នាំ​ទៅ​បាន ៤ដុល្លា​ដែរ ការ​លក់​ចេញ​ឆ្នាំ​នេះ​វា​ធ្លាក់​បាន ៣ដុល្លា។ ធម្មតា​យើង​អត់​អាច​ទប់​ស្កាត់ យើង​ក៏​អាច​យក​ទៅ​លក់​នៅ​គេ​បាន គេ​ក៏​ដឹក​យក​មក​លក់​នៅ​យើង​បាន​ដែរ កត្តា​ផ្លែ​ឈើ​ប្រទេស ដែល​ជាប់​ព្រំប្រទល់​ជាមួយ​គ្នា​អ៊ីចឹង​ណា។ យើង​អត់​មាន​បម្រាម យើង​អត់​មាន​សិទ្ធិ​ហាម​ឃាត់​គេ​ទេ គេ​ក៏​អត់​មាន​សិទ្ធិ​ហាម​ឃាត់​យើង​ដែរ»

លោក គីម ហួត បញ្ជាក់​ថា កម្ពុជា​មិន​អាច​បិទ​ទ្វារ​មិន​ឱ្យ​មាន​ការ​នាំ​ចូល​ផ្លែ​ឈើ ឬ​ទំនិញ​ផ្សេងៗ ទៀត​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​នៅ​ខេត្តបាត់ដំបង លោក អ៊ិន គង់ជិត លើក​ឡើង​ថា មូលហេតុ​ដែល​កសិករ​ដាំ​ទុរេន លក់​ចេញ​ទុរេន​មាន​តម្លៃ​ថ្លៃ គឺ​មក​ពី​កត្តា​សាំង​ថ្លៃ តម្លៃជី និង​ការ​ថែទាំ​មាន​តម្លៃ​ខ្ពស់។ លោក​ថា រដ្ឋាភិបាល​គួរ​ពិចារណា តម្លើងពន្ធគយ ដើម្បី​កុំ​ឱ្យ​មាន​ការ​នាំ​ចូល​ច្រើន​បាន ហើយ​រដ្ឋ​ក៏​ទទួល​បាន​ចំណូល​ពី​ការ​ប្រមូល​ពន្ធ​អាករ​ទាំង​នោះ​ផង​ដែរ៖ «ករណី​ទាំង​អស់​ហ្នឹង បើសិនជារដ្ឋាភិបាល ជាពិសេស ក្រសួង​ពាណិជ្ជកម្ម បាទ​ហើយ​ខាង​ក្រសួង​ហិរញ្ញវត្ថុ បាទ​ក្រសួង​កសិកម្ម​ក្តី​គាត់​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​និង​ធ្វើ​ការ​ដំឡើង​ពន្ធគយ​នាំ​ចូល។ យើង​មិន​អាច​ទៅ​បិទបាំង​មិន​ឱ្យ​ទំនិញ ឬ​ផលិតផល​ផ្សេងៗ មិន​ឱ្យ​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​យើង​ក៏​មាន​តម្រូវការ​ដែរ។ អ៊ីចឹង​ប្រសិន​ជា​ករណី​នេះ​ខ្ញុំ​ជឿជាក់​ថា ក្រសួង​ទាំង ៣ នេះ អាច​ធ្វើ​ការ​រឿង​ហ្នឹង​បាន»

លោក អ៊ិន គង់ជិត អំពាវនាវ​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុក​ដាក់​លើក​តម្កើង​កសិផល​ផលិតផល​ក្នុង​ស្រុក​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ទប់ទល់ និង​ការ​ចំណាយ​ដើម​ទុន ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​បន្ត​ការងារ​ដាំដុះ​បន្ថែម​ទៀត ។

កន្លងមកសង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​តែងតែ​លើក​ឡើង​ពី​បញ្ហា​កង្វះ​ទីផ្សារ មិន​ត្រឹមតែ​ដំណាំ​ទុរេន​នោះ​ទេ មាន​ដូច​ជា ទីផ្សារ​តាង៉ែន ឬ​មាន​ប៉ៃលិន ស្វាយ និង​ស្រូវ​ជា​ដើម ដែល​គ្មាន​ទីផ្សារ ហើយ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជីវភាព​ប្រចាំថ្ងៃ រហូត​ដល់​ពលរដ្ឋ​ខ្លះ​ខាត និង​ធ្វើ​ចំណាក​ស្រុក ដើម្បី​ដោះ​ស្រាយ​ជីវភាព និង​បំណុល​របស់​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល