ចម្ការ​ទុរេន​​របស់​កសិករ​នៅ​ស្រុក​សំឡូត ក្លាយ​ជា​កន្លែង​​ទាក់ទាញ​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​ក្នុង​ថ្ងៃ​ឈប់​សម្រាក

ដោយ ថន ថារ៉ូ
2019-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្លែ​ទុរេន​ដែល​កសិករ​នៅ​ស្រុក​សំឡូត​ប្រមូល​ផល​ក្នុង​ចម្ការ ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ២០១៩ និង​កំពុង​ទាក់ទាញ​អ្នក​ទេសចរណ៍​ឱ្យ​ទៅ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក។
ផ្លែ​ទុរេន​ដែល​កសិករ​នៅ​ស្រុក​សំឡូត​ប្រមូល​ផល​ក្នុង​ចម្ការ ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ២០១៩ និង​កំពុង​ទាក់ទាញ​អ្នក​ទេសចរណ៍​ឱ្យ​ទៅ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក។
រូប៖ ពលរដ្ឋ

ដំណាំ​ទុរេន​របស់​កសិករ​នៅ​ស្រុក​សំឡូត​ជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥​ខែ​ឧសភា។ អ្នក​ទេសចរ​លើក​ឡើង​ថា​ មូលហេតុ​ដែល​ទៅ​លេង​កម្សាន្ត​ដោយសារ​ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​នេះ ​ចំ​ពេល​​រដូវ​ប្រមូល​ផល​ទុរេន​ និង​ជា​ទីកន្លែង​ដែល​មាន​ធម្មជាតិ​ស្រស់​ស្អាត។

អ្នក​ទេសចរ​ម្នាក់​មក​ទី​រួម​ខេត្ត​បាត់ដំបង លោក សៅ ម៉ុងយី ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៥​ឧសភា​ថា ​ក្រុម​គ្រួសារ​របស់​លោក​មាន​គ្នា ៦នាក់ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ចេញ​ពី​ផ្ទះ​ដល់​ចម្ការ​ទុរេន​នៅ​ក្នុង​ឃុំ​សំឡូត រយៈ​ពេល​ប្រមាណ​​១ម៉ោង​កន្លះ។ លោក​បន្ត​ថា នៅ​ពេល​ទៅ​ដល់​ចម្ការ​ទុរេន ពួកគាត់​មាន​​សប្បាយ​ចិត្ត​និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ជា​ខ្លាំង​ ព្រោះ​នៅ​ទីនោះ​បាន​ឃើញ​​ទេសភាព​ស្រស់​ស្អាត​​នៅ​ក្នុង​ចម្ការ​ទុរេន​ដែល​មាន​ផ្លែ​រយីងរយោង​ពេញ​ដើម៖ «អូៗ ចម្ការ​ទុរេន​គេ​បើ​ឃើញ​ហើយ​ចង់​អោប​ទុរេន​មួយ​យប់​តែ​ម្ដង។ យើង​មើល​ជាក់​ស្ដែង​ទី១ វា​ធម្មជាតិ វា​ស្រស់ស្រាយ ហើយ​បូក​រួម​ខ្ញុំ​អ្នក​ចូលចិត្ត​រឿង​ទុរេន និង​សាវម៉ាវ​ផង គឺ​អារម្មណ៍​របស់​យើង​វា​សប្បាយ​តែ​ម្ដង។ហើយ​មួយ​វិញ​ទៀត យើង​មក​ចំ​ពេល​មេឃ​ស្រទំ​ផង ធ្វើ​ឱ្យ​យើង​ហូប​បាយ​ឆ្ងាញ់​ពិសា»

លោក​បន្ត​ថា តម្លៃ​ទុរេន​នៅ​ក្នុង​ចម្ការ​ចំពោះ​ធូរេន​ចាស់​មិន​ទាន់​ទុំ​លក់​តម្លៃ ១ម៉ឺន ៣ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ផ្លែ​ទុរេន​ទុំ​អាច​ហូប​បាន​តម្លៃ ១ម៉ឺន ៨ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។

កសិករ​ដាំ​ទុរេន នៅ​ភូមិ​កន្ទួត ឃុំ​សំឡូត លោក អ៊ុំ ហឿន ប្រាប់​អាស៊ី​សេរី​ថា លោក​ដាំ​ទុរេន​លើ​ផ្ទៃ​ដី​ចំនួន ៥ហិកតារ ក្នុង​នោះ​ប្រមាណ ២ហិកតារ​កំពុង​ប្រមូល​ផល និង​ចំណាយ​អស់​ដើម​ទុន​ថែទាំ​ប្រមាណ ១ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១៣ ឧសភា​មក មាន​អ្នក​ទេសចរណ៍​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ចូល​ទៅ​ទស្សនា​ក្នុង​ចម្ការ​ទុរេន​របស់​លោក ហើយ​លោក​អាច​លក់​ទុរេន​បាន​ប្រហែល ៣០០គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ៖ «វា​បាន​តិចតួច​វា​អត់​សូវ​មាន​ទំ​ ហើយ​ម្យ៉ាង​គេ​មក​រក​ហូប​តែ​ទុរេន​ទំ​ តែ​ទុរេន​ខ្ញុំ​អត់​សូវ​ទំ​ ហើយ​វា​ត្រូវ​ខ្យល់​ព្យុះ​បាក់​អស់​កាល​ពី​ខែ​មីនា​ ដល់​អីចឹង​វា​មិន​សូវ​មាន​ទុរេន​។យើង​ធ្វើ​នេះ​ធ្វើ​បណ្ដើរ​រៀន​ខ្លួន​បណ្ដើរ​តាម​ការយល់​ដឹង​ ហើយ​ពីមុន​​មក​យើង​ធ្វើ​យ៉ាង​ម៉េច​ក្រោយ​មក​យើង​ខូច​ខាត​ទៅ​យើង​ត្រូវ​យ៉ាង​ម៉េច​ទៀត​តាម​នោះ»

លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​អ្នក​ទេសចរ​ច្រើន​យ៉ាង​នេះ​ក្ដី​ក៏​កសិករ​ស្រុក​សំឡូត​​លក់​មិន​បាន​កម្រៃ​នោះ​ទេ ព្រោះ​ដើម​ទុរេន​មួយ​ចំនួន​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​បោក​រលំ​បាក់​ខូច​ និង​មួយ​ចំនួន​ទៀត​រលួយ​ឫស​ងាប់​ជា​ច្រើន​ដើម​​កាល​ពី​រដូវ​វស្សា។

មេភូមិ​សំឡូត លោក កែវ វុទ្ធី ប្រាប់​អាស៊ី​សេរី​ថា អ្នក​ទេសចរ​មក​លេង​កម្សាន្ត​ចម្ការ​ទុរេន​ក្នុង​ភូមិ​របស់​លោក​ មាន​ទាំង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ និង​រថយន្ត​តូចៗ ចំណុះ ៥នាក់​រាប់​រយ​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ដែល​ខុស​ពី​ថ្ងៃ​ធម្មតា​មាន​ភាព​ស្ងប់ស្ងាត់ ដែល​មាន​​រថយន្ត​បន្តិចបន្តួច​របស់​អ្នក​ភូមិ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ។ លោក​បន្ត​ថា បរិយាកាស​អ៊ូអរ​នេះ តែងតែ​កើត​មាន​ក្នុង​រដូវ​ប្រមូល​ផល​ទុរេន និង​ផ្លែ​សាវម៉ាវ​ជា​រៀងរាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ ដែរ៖ «ខ្ញុំ​គិត​ដល់​ខាង​យើង​ជា​តំបន់​ទេសចរណ៍​មួយ​ ទាក់ទង​រឿង​ផលិតផល​ផ្លែឈើ​ផ្លែ​អី​ហ្នឹង។ តែ​ការ​រៀបរយ​របស់​យើង​វា​មិន​ទាន់​បាន​ច្បាស់​លាស់​ល្អ​ ដោយ​កន្លែង​ខ្លះ​គេ​លក់​តម្លៃ​បាន​ខ្ពស់​ទៅ​ ហើយ​កន្លែង​ខ្លះ​លក់​តម្លៃ​ហ្នឹង វា​ទាប​ជាង​គេ​ទៅ​ ហើយ​អ្នក​ខ្លះ​ក៏​លក់​បាន​ច្រើន​ទៅ​ អ្នក​ខ្លះ​គ្នា​អត់​បាន​ផល​ជ្រុះ ដោយសារ​ខ្យល់​កន្ត្រាក់​ខូច​អស់​ក៏​មាន»

លោក​បន្ត​ថា កសិករ​ដាំ​ទុរេន​ក្នុង​ភូមិ​ដែល​លោក​គ្រប់គ្រង​មាន​មិន​ច្រើន​ដូច​ភូមិ​ផ្សេងៗ ក្នុង​ឃុំ​សំឡូត​នោះ​ទេ ​គឺ​មាន​ប្រមាណ ៦០ហិកតារ ក្នុង​នោះ​ប្រហែល ៣០ហិកតារ​កំពុង​ប្រមូល​ផល និង​មាន​ដំណាំ​សាវម៉ាវ​ប្រមាណ ២០ហិកតារ​ដែរ។

អភិបាល​ស្រុក​សំឡូត លោក សើ សាម៉េត ធ្លាប់​មាន​ប្រសាសន៍​ថា ប្រជាកសិករ​ស្រុក​សំឡូត​​និយម​ដាំ​ទុរេន​ចាប់​ពី​ឆ្នាំ២០១០ រហូត​មក ហើយ​មូលហេតុ​ដែល​ពួកគាត់​វិនិយោគ​ដំណាំ​ប្រភេទ​នេះ​ ដោយសារ​សំបូរ​ទីផ្សារ​ងាយ​លក់​ដូរ ហើយ​មាន​តម្លៃ​ខ្ពស់ ព្រោះ​មាន​ប្រជា​ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ទៅ​ទិញ​ដល់​ចម្ការ។

របាយការណ៍​អភិបាល​ស្រុក​សំឡូត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្នុង​ស្រុក​សំឡូត​មាន​ដំណាំ​ទុរេន​ប្រមាណ ​៤ពាន់​ហិកតារ នៅ​ឃុំ​ស៊ុង និង​ឃុំ​សំឡូត ក្នុង​នោះ​ប្រហែល​ជាង ២ពាន់​ហិកតារ កំពុង​ហុច​ផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល