សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​សម្ដែង​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

ដោយ មាន ឫទ្ធិ
2018-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ហៅ​កាត់​ថា EUROCHAM - Cambodia សម្ដែង​ក្តី​កង្វល់ យ៉ាង​ខ្លាំង ចំពោះ​ដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» EBA ពី​សំណាក់​សហភាព​អឺរ៉ុប។ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លើកឡើង​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​នឹង​បណ្ដាល​ឲ្យ​មាន​ផលវិបាក ដល់​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរ​អង្វែង​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង យល់ស្រប​ថា ការ​លើកឡើង​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​នេះ ជា​រឿង​ត្រឹមត្រូវ។

ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី១៥ ខែ​តុលា សរសេរ​ដោយ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ប្រធាន​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​នៅ​កម្ពុជា ប្រធាន​ក្រុម​ធុរកិច្ច​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​នៅ​កម្ពុជា និង​ប្រធាន​សមាគម​ធុរកិច្ច​អ៊ីតាលី​ប្រចាំ​កម្ពុជា ដែល​តំណាង​ឲ្យ​ប្រយោជន៍​ផ្នែក​ឯកជន​របស់​អឺរ៉ុប​នៅ​កម្ពុជា ចំនួន ៣៣៥​ស្ថាប័ន​ធុរកិច្ច និង​មាន​និយោជិតកជាង ៥ ម៉ឺន​នាក់ ផ្ញើ​ជូន​ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​ពាណិជ្ជកម្ម លោកស្រី Cecilia Malmstrom សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ទទូច​ឲ្យ​សហភាព​អឺរ៉ុប មុននឹង​ឈា​នទៅ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ជា​ផ្លូវការ ឲ្យ​ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ស៊ីជម្រៅ​ជាមុន​សិន​អំពី​ផលវិបាក​ដែល​អាច​បង្កឡើង​ដោយ​ចំណាត់​ការ​នេះ។

លិខិត​ដដែល សង្កត់​ធ្ងន់ៗ​ថា ការ​អនុម័ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺជា​ការ​ប្រថុយប្រថាន​មួយ​នាំមក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង ហើយ​ថា​នឹង​គំរាម​ដោយ​ផ្ទាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច​របស់​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ះពាល់​ដល់​ជំហរ​របស់​សហភាព​អឺរ៉ុប នៅ​ក្នុង​ការ​លើក​កម្ពស់​របៀបវារៈ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុងតែ​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ និង​នៅ​ក្នុង​តំបន់។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា យល់​ឃើញ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ពី​កម្ពុជា​នេះ មិនមែន​ជា​សេចក្តី​សម្រេចចិត្ត​មួយ​ដ៏​មាន​ប្រសិទ្ធភាព​នោះ​ទេ សម្រាប់​កែ​លម្អ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​ប្រសើរ​ឡើង។ ក្នុង​ន័យនេះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប បន្ត​ដំណើរ​ការ​តាមដាន និង​ពង្រឹង​បន្ថែម​ទៅលើ​ភាព​អនុគ្រោះ​ក្រោម​កម្មវិធី EBA នេះ​ត​ទៀត តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ផ្នែក​ឯកជន។ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ចង់​ទទួល​បាន​ឱកាស​ចូលរួម​ក្នុង​កិច្ចការ​ពិភាក្សា​វាយតម្លៃ​អំពី​ដំណើរ​ការ​ព្យួរ ឬ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប ប្រមូល​បាន​នូវ​ការវាយតម្លៃ​ត្រឹមត្រូវ និង​ពេញលេញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ហើយក៏​ស្នើ​ដោយ​ទទូច​ឲ្យ​គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ឲ្យ​ច្បាស់ អំពី​គោលបំណង​របស់​ខ្លួន និង​វិធានការ​ជាក់លាក់​នានា ដែល​គណកម្មការ​អឺរ៉ុប​ចង់​ឃើញ​មានការ​អនុវត្ត​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​មាន​ចម្ងល់​ទៅ​នឹង​ការ​លើកឡើង និង​កង្វល់​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​នេះ​ទេ ព្រោះ​លោក​យល់ថា ការ​លើកឡើង​នេះ​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍ និង​សកម្មភាព​ពាណិជ្ជកម្ម​របស់​អឺរ៉ុប​នៅ​កម្ពុជា៖ «​មិន​ឆ្ងល់​ទេ របៀប​ដូចជា សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិកាំង ខ្ញុំ​មិន​ចាំ​ច្បាស់ ក៏​គេ​បាន​សរសេរ​ទៅ​អាមេរិក​របៀប​ដូច្នេះ​ដែរ​។ កង្វល់​ដូចគ្នា ហើយ​ការ​ដក ឬ​ដាក់ទណ្ឌកម្ម​ដូច្នេះ វា​នឹង​ខាតបង់​ផលប្រយោជន៍​របស់​ប្រទេស​ដែល​ផ្ដល់​នូវ​ការ​អនុគ្រោះ​ពន្ធ​នេះ។ អ្នក​ដែល​រកស៊ី​នៅ​ក្នុង​ប្រទេស គេ​មាន​ផលប្រយោជន៍​។ សភា​ពាណិជ្ជកម្ម​មានន័យ​យ៉ាងម៉េច​? គឺ​គេ​មក​រក​ស៊ី គេ​មាន​ក្រុមហ៊ុន​គេ។ ត្បិត​តែ​កាលណា​ដក​ទៅ គឺ​មាន​ការ​លំបាក ហើយ​អាច​នឹង​ខាតបង់​ពាណិជ្ជកម្ម​របស់​គេ​ដែរ»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការ​លើកឡើង​ឲ្យ​មានការ​សម្របសម្រួល​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បញ្ចៀស​នូវ​ការ​ឈាន​ទៅ​រក​ការសម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺជា​រឿង​ដ៏​ត្រឹមត្រូវ​សម្រាប់​រយៈពេល​បច្ចុប្បន្ន​នេះ៖ «គេ​អាច​មាន​ការ​សម្របសម្រួល ហៅថា Compromise ។ គឺ​រក​មធ្យោបាយ​អ្វីៗ កុំ​ឲ្យ​អនុវត្ត​កិច្ចសន្យា​ការ​អនុគ្រោះ​ពន្ធ​នេះ ព្រោះ​ក្នុង​នោះ​គឺ​មាន​កាតព្វកិច្ច​ទាំង​សង្ខាង។ គឺ​ភាគី​នៃ​កិច្ចសន្យា​ហ្នឹង រវាង​ខ្មែរ និង​សហគមន៍​អឺរ៉ុប។ សហគមន៍​អឺរ៉ុប មាន​កាតព្វកិច្ច​បើក​ចំហ​ទីផ្សារ មិន​យកពន្ធ។ រីឯ​ខាង​អ្នក​ដែល​យក​ទៅ​លក់ គឺ​ប្រទេស​កម្ពុជា ក៏បាន​សន្យា​ថា​នឹង​បំពេញ​កាតព្វកិច្ច​ហ្នឹង​ដែរ គឺ​ពី​រឿង​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស នីតិរដ្ឋ​នៅ​កម្ពុជា ជា​ថ្នូរ​ទៅវិញ»

អនុប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ យល់ឃើញ​ថា ការ​លើកឡើង​ពី​កង្វល់​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​នេះ គឺជា​ការត្រឹមត្រូវ និង​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិតប្រាកដ​ជា​រួម មក​លើ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​អាច​នឹង​ទទួល​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិនបើ​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​នៅ​កម្ពុជា​នេះ៖ «កង្វល់​របស់​វិស័យ​ឯកជន នៅ​ប្រទេស​អឺរ៉ុប ដែល​កំពុងតែ​រក​ទទួល​ទាន ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​កម្ពុជា​យើង ជា​កង្វល់​ដែល​ជា​ការត្រឹមត្រូវ ដែល​គណបក្ស​សង្គ្រោះជាតិ និង​សង្គម​ស៊ីវិល បានការ​ពារ ... ការពារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ការពារ​ឲ្យ​មាន​សិទ្ធិមនុស្ស»

អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត​គឺ​លោក​បណ្ឌិត មាស នី គូស​បញ្ជាក់​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ​» ឬ​ហៅ​កាត់​ថា EBA មិនមែន​ជា​ការ​ដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ លោក​ថា បញ្ហា​សំខាន់​គឺ​សហភាព​អឺរ៉ុប មិន​ចង់​ឲ្យ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា មានការ​ប្រឡាក់​ប្រឡូក ឬ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នៃ​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បណ្ឌិត មាស នី បន្ត​ថា ដូច្នេះ ប្រសិនបើ​កម្ពុជា មិន​ព្រម​ដើរ​ថយក្រោយ​ទៅ​រក​ស្ថានភាព​ដូច​ប្រក្រតី​នោះ​ទេ នោះ​សហភាព​អឺរ៉ុប ក៏​មាន​សិទ្ធិ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ដែរ។ជាមួយគ្នា​នេះ លោក​បណ្ឌិត មាស នី ក៏បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ថា​បាន​ជួយ​ជ្រោមជ្រែង​ទៅដល់​ការលូតលាស់​សេដ្ឋកិច្ច​ថ្នាក់​ជាតិ ឬ GDP ដល់​ទៅ​ប្រមាណ ៧០ ភាគរយ ដែល​ទំហំ​នៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប មាន​ប្រមាណ​ពី ៦ ទៅ ៧ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ។ លោក​ថា ការ​ធ្វើ​ឲ្យ​មានការ​រអាក់រអួល​ណាមួយ ទៅលើ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ នោះ​នឹង​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​សេដ្ឋកិច្ច​ទាំង​ថ្នាក់​ជាតិ និង​ទាំង​ថ្នាក់​មូលដ្ឋាន ខណៈ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ៨ សែន​នាក់ កំពុងតែ​ពឹងផ្អែក​ទៅលើ​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​នានា។

ការ​លើកឡើង​ពី​កង្វល់​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​នា​ពេល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​របប​ក្រុងភ្នំពេញ អំពី​ការអនុវត្ត​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ត្រូវ​ប្រើ​ពេល​យ៉ាងតិច​ពី ៦ ខែ ទៅ ១ ឆ្នាំ គិត​ចាប់ពី​ដើមខែ​តុលា​នេះ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ផ្លូវការ​ពី​កម្ពុជា​តែម្ដង។

កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ ក្រោម​គម្រោង «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ( Everything But Arms , EBA ) របស់​សហភាព​អឺរ៉ុប តាំងពី​ខែ​វិច្ឆិកា ឆ្នាំ ២០១២ មក​ម្ល៉េះ។ កម្ពុជា គឺជា​ប្រទេស​មួយ ក្នុងចំណោម ៤៨ ប្រទេស​ផ្សេងទៀត​នៅ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដែល​គឺជា​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច។ នៅ​អាស៊ីអាគ្នេយ៍ ក្រៅពី​កម្ពុជា មាន​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ឬ​ភូមា និង​ប្រទេស​ទីម័​រ​ខាងកើត ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ សហភាព​អឺរ៉ុប បាន​បង្កើត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើង​ក្នុង​ឆ្នាំ ២០០១ ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​នៅ​លើ​ពិភពលោក នូវ​ការ​មិន​គិត​ពន្ធ ឬ​ទទួល​បាន​ប្រព័ន្ធ​កូតា​សេរី ក្នុង​ការ​នាំ​ទំនិញ​ទាំងអស់ ចេញទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ​។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​ចំណេញ​ពី​ការមិ​ន​ចាំបាច់​បង់ពន្ធ ក្នុង​តម្លៃ​ដល់​ទៅ​ជិត ៧០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល