អឺរ៉ុប​សម្រេច​ជា​ផ្លូវការ​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​រយៈ​ពេល​បី​ឆ្នាំ ខណៈ​របប​ក្រុង​ភ្នំពេញ​អះអាង​ថា មិន​ព្រួយបារម្ភ​

ដោយ មាន ឫទ្ធិ
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

គណៈកម្មការ​អឺរ៉ុប ​ដែល​ជា​ស្ថាប័ន​គ្រប់គ្រង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ សម្រេច​ជា​ផ្លូវការ​គិត​ពន្ធ​លើ​ការនាំចូល​អង្ករ​កម្ពុជា​ រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ ​គិត​ចាប់ពី​ឆ្នាំ ២០១៩ នេះ​តទៅ​។ ​ការសម្រេច​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​របប​ក្រុង​ភ្នំពេញ​កំពុង​ទទួលរង​នូវ​សម្ពាធ​អន្តរជាតិ​ជា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ ​ដោយសារតែ​របប​នេះ​ ​បាន​រម្លាយ​ ​និង​គាស់​រម្លើង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ក្រោយពី​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ ​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ថា «ក្លែងក្លាយ» រួចមក។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ​ផៃ​ ស៊ី​ផាន​ ​អះអាង​ថា​ របប​របស់​លោក​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ខ្លាំង​នោះ​ទេ​ ​ចំពោះ​ការសម្រេច​គិត​ពន្ធ​លើ​ការនាំចូល​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ​។ ​លោក​ថា​ ​ផ្ទុយទៅវិញ​ ​វា​រឹតតែ​បង្ហាញ​នូវ​ចំណុច​វិជ្ជមាន​ដែល​ថា​ ​កម្ពុជា​មាន​សមត្ថភាព​ប្រកួតប្រជែង​ពេញលេញ​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក៖ «នេះ​ជា​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម។ ការ​យក​ពន្ធ​នេះ​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ ​ដែល​គេ​យល់ឃើញ​ថា​ ​កម្ពុជា​មាន​សមត្ថភាព​ ​និង​លទ្ធភាព​ចូលរួម​ក្នុង​ការ​បង់​ពន្ធ​ទៅ​ដល់​ប្រទេស​ទាំង​នោះ​។ ​យើង​ដឹង​ហើយ​ថា​ ​ការ​យក​ពន្ធ​នេះ​ ​អាច​ធ្វើឲ្យ​មាន​ការ​រំខាន​ខ្លះ​ ​ក៏ប៉ុន្តែ​ ​យើង​ដឹង​ថា​ ​យើង​ត្រូវ​សម្របសម្រួល​តាម​អ្វី​ដែល​យើង​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ក្នុង​ការ​ចូល​រួម​ចំណែក​លើ​ការ​បង់​ពន្ធ​ ​ដល់​ប្រទេស​ដទៃ​ ​ដើម្បី​រក្សា​នូវ​ភាព​យុត្តិធម៌​ក្នុង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម»

ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន ​នេះ ធ្វើឡើង​ក្រោយពី​គណៈកម្មការ​អឺរ៉ុប ​បាន​សម្រេច​ជា​ផ្លូវការ គិត​ពន្ធ​លើ​ការនាំចូល​អង្ករ​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ឬ​ភូមា ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ ​គិត​ចាប់ពី​ឆ្នាំ ២០១៩ នេះ​តទៅ​ ​ក្នុង​អត្រា​ខ្ពស់​បំផុត​ជិត​ ២០០ ដុល្លារ​អាមេរិក​ ក្នុង​អង្ករ​មួយ​តោន ​សម្រាប់​ឆ្នាំ​ដំបូង ២០១៩ នេះ​។ ​ការសម្រេច​នេះ​ ​គឺ​ក្រោយពី​គណៈកម្មការ​អឺរ៉ុប​ ​ដែល​តំណាង​ឲ្យ​ប្រទេស​សមាជិក​ចំនួន ២៨ ប្រទេស​ ​បាន​បើក​ការស៊ើបអង្កេត​រយៈពេល​ស្ទើរ​ពេញ​មួយ​ឆ្នាំ ២០១៨ តប​តាម​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី​ ​ដែល​ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប ​ចាត់​វិធានការ​ការពារ​តាមរយៈ​ការ​គិត​ពន្ធ ​លើ​ការនាំចូល​អង្ករ​ពី​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ដោយសារតែ​ប្រទេស​នេះ​យល់​ថា​ ​អង្ករ​នាំចូល​ពី​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​បាន​បង្ក​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្ទាល់​របស់​ខ្លួន។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​អឺរ៉ុប ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី១៦ ខែ​មករា ហើយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី ១៧ ​មករា ​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ ​ការស៊ើបអង្កេត​របស់​ខ្លួន​ ​ពិត​ជា​បាន​រក​ឃើញ​ពី​ការ​កើន​ឡើង​ខ្លាំង​នៃ​ការនាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ប្រាកដ​មែន ​ដែល​ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ដល់​ក្រុម​ប្រទេស​ផលិត​អង្ករ​នៅ​អឺរ៉ុប​។ ​សហភាព​អឺរ៉ុប​សម្រេច​ យក​ពន្ធ​លើ​អង្ករ​កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី១៨ មករា ឆ្នាំ២០១៩ នេះ​តទៅ​ ​ក្នុង​អត្រា​ជិត​ ២០០ដុល្លារ​អាមេរិក​ សម្រាប់​អង្ករ​មួយ​តោន​ ​ក្នុង​ឆ្នាំ​ដំបូង២០១៩ ​ហើយ​អត្រា​ពន្ធ​នេះ​ ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង​ ១៧០ ​ដុល្លារ​ សម្រាប់​អង្ករ​មួយ​តោន​ ​ក្នុង​ឆ្នាំ២០២០ ​និង​ ​ជាង​ ១៤១ដុល្លារ​ ក្នុង​អង្ករ​មួយ​តោន ​នៅ​ឆ្នាំ​ ២០២១។

ផ្អែក​តាម​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​កាលពី​ខែ​មីនា ​ឆ្នាំ២០១៨ ​គណៈកម្មការ​អឺរ៉ុប​រក​ឃើញ​ថា​ ​ការនាំចូល​អង្ករ​ពី​ប្រទេស​ទាំង​ពីរ​រួមគ្នា​ ​បាន​កើន​ឡើង​ដល់​ទៅ​ ៨៩% ​ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុងក្រោយ​ ​គឺ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៧។ ​ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ​ ការស៊ើបអង្កេត​ក៏​រក​ឃើញ​ដែរ​ថា​ តម្លៃ​អង្ករ​នាំចូល​ពី​ប្រទេស​ទាំង​ពីរ​មកកាន់​ទីផ្សារ​អឺរ៉ុប ​គឺ​មាន​តម្លៃ​ទាប​ជាង​ខ្លាំង​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ ​ហើយ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ដូចគ្នា​នេះ​។ ​គណៈកម្មការ​អឺរ៉ុប​ថា​ ​ការ​កើន​ឡើង​នៃ​ការនាំចូល​ក្នុង​តម្លៃ​ទាប​ដូច្នេះ​ ​បាន​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​ក្រុម​អ្នក​ផលិត​អង្ករ​នៅ​អឺរ៉ុប​ ក្នុង​កម្រិត​មួយ​ដែល​ ​ចំណែក​ទីផ្សារ​របស់​ពួកគេ​នៅ​សហភាព​អឺរ៉ុប ​បាន​ធ្លាក់​ចុះ​គួរឲ្យ​កត់​សម្គាល់ គឺ​ពី​ ៦១ភាគ​រយ​ មក​នៅ​ត្រឹម​ ២៩ភាគ​រយ។

កម្ពុជា​ ​និង​មីយ៉ាន់ម៉ា ​គឺជា​ប្រទេស​ទទួល​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​ពិសេស​របស់​សហភាព​អឺរ៉ុប​ «​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​»ដែល​សហភាព​អឺរ៉ុប ​បាន​ផ្តល់​ជា​ឯកតោ​ភាគី ​នូវ​ការ​មិន​គិត​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​ ​និង​គ្រាប់​រំសេវ ​ដល់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ក្នុង​ការនាំចូល​ទំនិញ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ​កម្មវិធី​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក​ ​ផៃ​ ស៊ី​ផាន​ ​អះអាង​ថា​ របប​របស់​លោក​កំពុងតែ​ពង្រឹង​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា​ ​ហើយ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ហេតុការណ៍​នេះ​​៖​ ​«យើង​មាន​ទីផ្សារ​បី ​ដែល​យើង​រៀបចំ​។ ​ទីផ្សារ​មួយ​នៅនឹង​កន្លែង​ ឈរ​ទៅលើ​មូលដ្ឋាន​គ្រឹះ​នៃ​ពាណិជ្ជកម្ម​ក្នុង​កម្ពុជា​ឆ្លើយតប​នឹង​ម្ហូប​អាហារ​សម្រាប់​បំពេញ​បន្ថែម​នៅ​ក្នុង​សេវា​ទេសចរណ៍​ដែល​យើង​មាន​កំណើន​។ ​គឺ​យើង​មិន​ឲ្យ​ធ្លាក់​គុណភាព​ បរិមាណ​ ​និង​ចំណូល​ទេ​។ ​ទី​ពីរ​ ​គឺ​យើង​ស្ថិត​ក្នុង​តំបន់​របស់​យើង​ ​ដូចជា​ប្រទេស​មួយ​ចំនួន​ជួប​នឹង​ភាព​រាំងស្ងួត​ ​និង​ឧបសគ្គ ​គឺ​យើង​អាច​នាំចេញ​ទៅ​បាន​ ​ដូចជា​ហ្វីលីពីន​ជាដើម​ និង​ប្រទេស​មួយ​ចំនួន​ទៀត​។ ​ទីផ្សារ​អន្តរជាតិ​ ​យើង​ជា​ប្រទេស​រៀបចំ​អង្ករ​ពីរ​យ៉ាង​ ​អង្ករ​ស ​និង​អង្ករ​សម្រិត ដែល​ជា​អង្ករ​ម្លិះ​មាន​ក្លិន​ក្រអូប ​គឺ​យើង​អាច​ប្រកួតប្រជែង​បាន​នៅ​ទីផ្សារ​ដទៃ​ទៀត​ដែរ​»។

ផ្ទុយពី​ការ​លើក​ឡើង​របស់​លោក​ ​ផៃ​ ស៊ី​ផាន ​នេះ​ សកម្មជន​ការពារ​សិទ្ធិ​កសិករ​ ​និង​ជា​អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC) ​លោក​ ​ថេង ​សាវឿន​ ធ្លាប់​លើកឡើង​ របប​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​បាន​ចាត់​ចំណាត់​ការ​គ្រប់គ្រាន់​ដើម្បី​ធានា​ថា​ ​ហេតុការណ៍​គិត​ពន្ធ​នេះ​ ​មិន​ប៉ះពាល់​ដល់​កសិករ​ក្រីក្រ​នៅ​កម្ពុជា​ ​ជាពិសេស​តាមរយៈ​ការ​បម្រុង​ថវិកា​សម្រាប់​ជួយ​ទិញ​ ​ឬ​ផ្ដល់​ជា​កម្ចី​ដល់​កសិករ​ខ្នាត​តូច​ ការ​បម្រុង​ថវិកា​សម្រាប់​ចេញ​ខាត​ជំនួស​កសិករ​ និង​ការពង្រីក​ទីផ្សារ​បន្ថែម​ទៀត​ ​សម្រាប់​ទទួល​ទិញ​អង្ករ​កម្ពុជា​។ ​លោក​បារម្ភ​ពី​ការណ៍​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​ការ​ងើប​តវ៉ា ​ក្នុង​ចំណោម​ស្រទាប់​កសិករ​ក្រីក្រ ​ប្រសិនបើ​របប​ក្រុង​ភ្នំពេញ​ បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ទៅ​ដល់​កសិករ​ក្រីក្រ៖ «យើង​មិន​ទាន់​ឃើញ​មាន​ទិដ្ឋភាព​បែប​ហ្នឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​យើង​ពិបាក​ព្យាករណ៍​ណាស់​ ពីព្រោះ​ថា​ធម្មតា​ ​ក្រពះ​ជា​រឿង​សំខាន់​ណាស់​ ​ដូច​ករណី​រឿង​ដីធ្លី​អញ្ចឹង។ ​កាលណា​គាត់​បាត់បង់​ដីធ្លី​ ​គឺ​ច្បាស់​ណាស់​ថា​ ​គាត់​តវ៉ា។ អ៊ីចឹង​ ​បើ​ផល​ប៉ះពាល់​ណាមួយ​កើតឡើង​ ​ខ្ញុំ​គិត​ថា​ ​ការ​តវ៉ា ​វា​អាច​កើត​មាន​ឡើង​នា​ពេល​ណា​មួយ​មិន​ខាន​ទេ ​បើសិនជា​រឿងរ៉ាវ​ហ្នឹង​ ​បណ្ដោយ​ឲ្យ​កាន់តែ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ៗ​នោះ។

ការសម្រេច​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ​ ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ដឹក​នាំ​ដោយ​កូន​ប្រសា​លោក​ ហ៊ុន ​សែន ​គឺ​លោក​ ​សុខ​ ​ពុទ្ធិ​វុធ ​ដែល​បាន​ចេញមុខ​ទៅ​តវ៉ា​ និង​បាន​សម្រុក​ធ្វើ​យុទ្ធនាការ​ការទូត​ ​ដល់​ទីស្នាក់ការ​កណ្ដាល​របស់​អឺរ៉ុប​នៅ​ទីក្រុង ប្រ៊ុចសែល កាលពី​ចុង​ឆ្នាំ ២០១៨។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ធ្លាប់​បាន​ទទួលស្គាល់​ថា​ ​ការ​គិត​ពន្ធ​នេះ​ ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កសិករ​ខ្មែរ​ជាង​ ៣លាន​នាក់​ ​និង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​នេះ​ ​ជា​រួម​តែ​ម្ដង។ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​របស់​កូន​ប្រសា​​លោក​ ហ៊ុន ​សែន ​ដដែល​ថា​ ​ការ​ដាក់​វិធានការណ៍​នេះ​ ​នឹង​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណូល​កសិករ​ ​លំហូរ​ពលកម្ម​ចេញ​ពី​វិស័យ​កសិកម្ម​ទៅ​វិស័យ​ដទៃ​ទៀត​ ​ព្រម​ទាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នា​ពេល​អនាគត​។ ​សហព័ន្ធ​នេះ​ ទទួលស្គាល់​ថា​ ​ហេតុការណ៍​នេះ​ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​វិញ​នូវ​ចំនួន​ពលរដ្ឋ​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ ​ ​និង​ប៉ះពាល់​ដល់​អនាគត​កូន​ចៅ​កសិករ​ ​ដែល​ពឹងផ្អែក​លើ​ចំណូល​ពី​វិស័យ​នេះ។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ទិញ​អង្ករ​ធំ​ជាង​គេ​ពី​កម្ពុជា​ ​មាន​ចំនួន​ស្មើនឹង​ជិត​ ២៧ម៉ឺន​តោន ​ឬ​ស្មើនឹង​ជិត​ ៤៣ភាគ​រយ​ ​នៅ​ឆ្នាំ២០១៨ ខណៈ​ក្នុង​ឆ្នាំ​ដដែល​នេះ​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អន្តរជាតិ​សរុប​ចំនួន​ជាង​ ៦សែន​តោន ហើយ​ប្រទេស​ចិន ​ជា​ប្រទេស​នាំមុខ​គេ​នៃ​ការទិញ​អង្ករ​ពី​កម្ពុជា​ ​ក្នុង​ចំនួន​ដល់​ទៅ​ជាង​ ១៧ម៉ឺន​តោន ​ស្មើនឹង​ជាង​ ២៧ភាគ​រយ។​ ផ្អែក​តាម​តួលេខ​នេះ កម្ពុជា អាច​ត្រូវ​ខាត​បង់​ដល់​ទៅ​ជាង ៥៣លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​បង់​ពន្ធ​ទៅ​ឲ្យ​អឺរ៉ុប​ក្នុង​ឆ្នាំ​ដំបូង​នេះ។

បើ​ទោះជា​មាន​ពេល​ខ្លះ​ ​លោក​ ហ៊ុន ​សែន ​បាន​ប្រកាស​ក្តែងៗ ពី​ការ​មិន​ខ្លាច​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​និង​ធ្វើជា​ឌឺដង​ឲ្យ​សហគមន៍​អន្តរជាតិ​ប្រញាប់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ មក​លើ​របប​លោក​ឲ្យ​កាន់តែ​ឆាប់​នោះ​ នា​រយៈពេល​ចុងក្រោយ​នេះ​ លោក​បាន​យក​វត្តមាន​នៃ​គណបក្ស​ប្រឆាំង​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ធ្វើ​ជា​ចំណាប់​ខ្មាំង ​ដោយ​លោក​ព្រមាន​ថា​ ​បើ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ ​នោះ​លោក​នឹង​ឈាន​ទៅ​កម្ទេច​បក្ស​ប្រឆាំង​ឲ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​។ គិត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ហើយ ត្រូវ​បាន​របប​នេះ​ចាប់​ខ្លួន ដោយសារ​តែ​បាន​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ករណី​អឺរ៉ុប​យក​ពន្ធ​នេះ។

គ្រាន់តែ​បើ​ឆាក​ឆ្នាំ២០១៩ មិន​ទាន់​បាន​រយៈពេល ១ខែ​ស្រួលបួល​ផង​ របប​ក្រុង​ភ្នំពេញ​ ​ចាប់​ផ្តើម​ទទួលរង​នូវ​សម្ពាធ​អន្តរជាតិ​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​បណ្ដើរៗ​ហើយ​ ​ដែល​អ្នកវិភាគ​ចាត់​ទុក​ថា​ របប​នេះ​កំពុង​ត្រូវ​បាន​យីអ៊ុន​ដាក់​អារក្ខ​ជាន់​ផ្ទួនៗ ​ដោយសារតែ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​តាមរយៈ​ការ​ប្លន់​ ​និង​សម្លាប់​ឆន្ទៈ​រាស្ត្រ​ខ្មែរ​ជិត​កន្លះ​នគរ​រួចមក​។ ​បើ​ទោះជា​សំណុំរឿង​យក​ពន្ធ​លើ​អង្ករ​នេះ​ ​ជា​សំណុំរឿង​មួយ​ផ្សេង​ដាច់ដោយឡែក​ពី​ចំណាត់​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ ​ឬ​ EBA ​ក៏​ដោយ​ ​ក៏ប៉ុន្តែ​ការ​គិត​ពន្ធ​លើ​អង្ករ​នេះ​ ​កំពុង​ក្លាយ​ជា​បន្ទុក​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​របប​ក្រុង​ភ្នំពេញ​ ​ដែល​ត្រូវ​ដោះស្រាយ​នៅ​ចំពោះ​មុខ​មិន​អាច​មើល​រំលង​បាន​ ​ព្រោះថា​ភាគ​ច្រើន​លើសលប់​នៃ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ ​ខណៈ​ដែល​ពួកគេ​អាច​នឹង​ងើប​តវ៉ា ​ឬ​បះបោរ​ឡើង ​ប្រសិនបើ​របប​នេះ​ពុំ​អាច​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ​ជូន​ពួកគេ​បាន​។​

បច្ចុប្បន្ន​ ​មិន​មែន​មាន​តែ​សហភាព​អឺរ៉ុប​ទេ ​ដែល​គ្រោង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ​ សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ កាលពី​ពេល​ថ្មីៗ នេះ​ ​ក៏​បាន​ស្នើ​ច្បាប់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​ឬ​ GSP ​របស់​សហរដ្ឋ​អាមេរិក ​ចេញ​ពី​កម្ពុជា​ផង​ដែរ​ បន្ថែម​ពីលើ​សេចក្ដី​ស្នើ​ច្បាប់​បង្ក​ទ្រព្យសម្បត្តិ​ ​និង​រឹតត្បិត​ទិដ្ឋាការ​មក​លើ​ក្រុម​មន្ត្រី​ ​និង​បក្ខពួក​លោក​ ហ៊ុន ​សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

former fugitive comrade Ta Pay Siphan VS world economic sanctions coming

Comrade Ta Pay Siphan who was tmil Hun Sen's rogue messenger"or statesman" and who 100% always says...yessss sir all day and night to support his big comrade Hun Sen and claimed themselves in recent EBA,IPU,sanctions deadline coming told the news that his former killing fields regime doesn't care or whatever...we can live through to all this thing in khmerouge regime with kill pple for survival and ate any green leaves like animal and now why we care about all this stuff again.All our comradeship got enough money for long survive than any world leaders"do it and make our day baby".

Jan 18, 2019 03:20 PM

គេហទំព័រ​ទាំងមូល