អ្នក​ជំនាញ​កសិកម្ម និង​កសិករ ស្នើសុំ​របប​ក្រុង​ភ្នំពេញ បដិសេធ​គម្រោង​វិនិយោគ​ដំណាំ​បន្លែ​ក្រុមហ៊ុន​វៀតណាម នៅ​កម្ពុជា

ដោយ យន់ សាមៀន
2018-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក យឿន យិន ជា​កសិករ​នៅ​ភូមិ​គោកដូង សង្កាត់​ក្របីរៀល បង្ហាញ​ពី​បន្លែ​ដែល​គាត់​ដាំ​មិន​ប្រើប្រាស់​ជាតិ​គីមី ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក យឿន យិន ជា​កសិករ​នៅ​ភូមិ​គោកដូង សង្កាត់​ក្របីរៀល បង្ហាញ​ពី​បន្លែ​ដែល​គាត់​ដាំ​មិន​ប្រើប្រាស់​ជាតិ​គីមី ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ក្រសួង​កសិកម្ម អះអាង​ថា របប​លោក ហ៊ុន សែន មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​សំណើសុំ​ក្រុមហ៊ុន​ឯកជន​វៀតណាម ដែល​មាន​បំណង​ចង់​មក​វិនិយោគ​ដាំ​បន្លែ​នៅ​កម្ពុជា។ កសិករ និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ខ្មែរ​បាន​ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម​បដិសេធ​សំណើសុំ​របស់​ក្រុមហ៊ុន​វៀតណាម​ចោល​តែ​ម្ដង។

កសិករ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម សុទ្ធតែ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​ពលរដ្ឋ និង​កេរ្តិ៍ឈ្មោះ​ដំណាំ​កសិកម្ម​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ ពេល​ឮ​ដំណឹង​ថា ក្រុមហ៊ុន​វៀតណាម ចង់​មក​ដាំ​បន្លែ​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ។ កសិករ​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ អ្នកស្រី ឥន្ធ សូត្រ យល់​ថា ប្រទេស​វៀតណាម​មាន​ផ្ទៃ​ដី​ធំ​ជាង​ប្រទេស​ខ្មែរ មិន​គួរ​មក​ជួល​ដី​ខ្មែរ​ដាំ​ទេ ហើយ​ម្យ៉ាង​កសិករ​ខ្មែរ​ក៏​មាន​សមត្ថភាព​ដាំ​បន្លែ​ខ្លួន​ឯង​បាន​ដែរ ប្រសិន​បើ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ជំនួញ​ និង​ពី​របប​ក្រុង​ភ្នំពេញ។

នៅ​ក្រោយ​ពី​រង​ការ​រិះគន់​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នក​ជំនាញ​កសិកម្ម​ខ្មែរ ករណី​ក្រុមហ៊ុន​វៀតណាម ដែល​ចង់​មក​វិនិយោគ​ដាំ​បន្លែ ផ្លែឈើ ដើម្បី​នាំ​ចេញ និង​ផ្គត់ផ្គង់​សណ្ឋាគារ កន្លែង​លំហែ​កាយ​របស់​វៀតណាម នៅ​កម្ពុជា និង​នៅ​ប្រទេស​​វៀតណាម​នោះ​មក ក្រសួង​កសិកម្ម​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៨ ឧសភា បាន​ប្រកាស​ថា គម្រោង​នេះ គឺ​គ្រាន់​តែ​បង្ហាញ​ពី​គោលបំណង​នៃ​ការ​វិនិយោគទុន​លើ​វិស័យ​កសិកម្ម ផ្នែក​ដំណាំ​សុវត្ថិ​​ភាព​ស្បៀង​តែ​ប៉ុណ្ណោះ ហើយ​គម្រោង​នេះ មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ ព្រោះ​ភាគី​អ្នក​វិនិយោគ​របស់​វៀតណាម មិន​ទាន់​សិក្សា​បាន​ច្បាស់លាស់ ពី​ផែនការ​បោះ​ទុន​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ខ្មែរ សង្ស័យ​ពី​គំនិត​របស់​ក្រុមហ៊ុន​វៀតណាម ដែល​ចង់​មក​ដាំ​បន្លែ​នៅ​កម្ពុជា​នោះ។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា លោក ថេង សាវឿន អះអាង​ថា បន្លែ​វៀតណាម រង​ការ​រិះគន់​ពី​ប្រទេស​ទទួល​ទិញ​ថា មាន​ជាតិ​គីមី កម្រិត​ខ្ពស់ ហើយ​ត្រូវ​ប្រទេស​ខ្លះ បញ្ជូន​ឲ្យ​វៀតណាម​វិញ ដូច្នេះ​ប្រសិន​បើ ពិត​ជា​មាន​ការ​វិនិយោគ​ដាំ​បន្លែ​នាំ​ចេញ នៅ​កម្ពុជា​មែន នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កសិផល​ខ្មែរ។

លោក ថេង សាវឿន ផ្ដល់​អនុសាសន៍​ឲ្យ​ក្រសួង​កសិកម្ម គួរ​ជំរុញ លើក​ទឹក​ដល់​ក្រុមហ៊ុន​ខ្មែរ ឲ្យ​ចូលរួម​វិនិយោគ​ដាំ​បន្លែ ក្នុង​ស្រុក​ល្អ​ជាង​ការ​អនុញ្ញាត​ឲ្យ​វៀតណាម​មក​វិនិយោគ។ ម្យ៉ាង​ទៀត លោក​ថា ក្រសួង​កសិកម្ម គួរ​ទម្លាក់​កញ្ចប់​ថវិកា​ជាតិ​ឲ្យ​កសិករ​ខ្ចី ដើម្បី​ធ្វើ​ជា​ទុន​ដល់​ការ​ដាំ​ដុះ​របស់​កសិករ​ក្នុង​ស្រុក ជា​ជាង​ផ្ដល់​លទ្ធភាព​ឲ្យ​បរទេស។ លោក​មាន​ជំនឿ​ថា ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ គិត​គូរ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ ទឹក ទុន និង​បច្ចេកទេស​វេច​ខ្ចប់ កសិករ​ខ្មែរ​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់ ដាំ​ដុះ​បន្លែ ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​មិន​ខាន។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ម្នាក់​ទៀត ក៏​យល់​ស្រប​ថា កម្ពុជា​មិន​ត្រូវ​ការ​ក្រុមហ៊ុន​វៀតណាម​ឡើយ។ លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា កសិករ​ខ្មែរ​អាច​មាន​លទ្ធភាព​ផលិត និង​នាំ​ចេញ​ខ្លួន​ឯង​បាន។ ប៉ុន្តែ​កន្លង​មក​ដោយសារ​របប​ក្រុង​ភ្នំពេញ គ្មាន​កម្មវិធី​ជាតិ​ជាក់លាក់​សម្រាប់​ជួយ​កសិករ ដាំ​បន្លែ​នាំ​ចេញ​នៅ​ឡើយ។

បច្ចុប្បន្ន​ទីផ្សារ​បន្លែ និង​សាច់​នៅ​កម្ពុជា ត្រូវ​បាន​នាំ​ចូល​ពី​បរទេស​ច្រើន​លើស​លុប ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ខ្មែរ លែង​អាច​ចិញ្ចឹម​សត្វ​យក​សាច់ ឬ​ដាំ​បន្លែ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​បាន កុំ​ថា​ឡើយ​ដល់​ការ​នាំ​ចេញ​ក្រៅ​ស្រុក។ សហគមន៍​កសិករ​ដាំ​ដុះ​តាម​បែប​សរីរាង្គ ឬ​ធម្មជាតិ កត់​សម្គាល់​ថា បន្លែ និង​សាច់​ដែល​នាំ​ចូល​បច្ចុប្បន្ន សុទ្ធតែ​ផ្ទុក​សារធាតុ​គីមី​ច្រើន​លើស​កម្រិត ដែល​នឹង​ឆាប់​បំផ្លាញ​សុខភាព​អ្នក​ទទួលទាន។ កន្លង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ស្ដី​បន្ទោស​ថា ពលរដ្ឋ​មិន​ចេះ​ពិនិត្យ​បន្លែ​មាន​ជាតិ​គីមី។ លោក​ថា ពលរដ្ឋ​មិន​ត្រូវ​បន្ទោស​របប​លោក​ឡើយ។ ការ​ស្តី​បន្ទោស​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថ្កោលទោស​ថា របប​លោក មិន​ទទួល​ខុស​ត្រូវ​ចំពោះ​សុខភាព​របស់​ពលរដ្ឋ។

នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា និង​ជា​អ្នក​តាម​ដាន​សង្គម លោក សន ជ័យ មើល​ឃើញ​ថា បំណង​វិនិយោគ​ដាំ​បន្លែ​របស់​វៀតណាម អាច​ជា​ការ​ប៉ុនប៉ង ដើម្បី​ភ្ជាប់​កសិផល​ខ្មែរ ទៅ​នឹង​កសិផល​វៀតណាម ព្រោះ​ដោយសារ​កសិផល​វៀតណាម​បាន​ខូច​ឈ្មោះ នៅ​លើ​ទីផ្សារ​អន្តរជាតិ ដោយសារ​ការ​ប្រើប្រាស់​ជាតិ​គីមី​មាន​កម្រិត​ខ្ពស់។ លោក សន ជ័យ ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម បដិសេធន៍​ចោល​គម្រោង​ស្នើសុំ​ដាំ​បន្លែ​នៅ​កម្ពុជា របស់​ក្រុមហ៊ុន​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល