កសិករ​និង​ឈ្មួញ​នៅ​រតនគិរី​​ត្អូញត្អែរ​ពី​ដំណាំ​ស្វាយចន្ទី​គ្មាន​ផល

ដោយ រដ្ឋា វិសាល
2017-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ខេត្ត​រតនគិរី ប្រមូល​គ្រាប់​ស្វាយចន្ទី នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ ពួកគាត់​ថា ផល​គ្រាប់​ស្វាយចន្ទី​ឆ្នាំ​នេះ​ថយ​ចុះ​ខ្លាំង។ RFA/Ratha Visal
កសិករ​ខេត្ត​រតនគិរី ប្រមូល​គ្រាប់​ស្វាយចន្ទី នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៧។ ពួកគាត់​ថា ផល​គ្រាប់​ស្វាយចន្ទី​ឆ្នាំ​នេះ​ថយ​ចុះ​ខ្លាំង។ RFA/Ratha Visal
RFA/Ratha Visal

គ្រាប់​ស្វាយចន្ទី​ឆ្នាំ​នេះ​មាន​តម្លៃ​ខ្ពស់ ក៏ប៉ុន្តែ​ដំណាំ​នេះ​បែរ​ជា​ផ្ដល់​ផល​តិច​បំផុត ដែល​មិន​ធ្លាប់​កើត​មាន​ឡើយ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ ក្រុម​អាជីវករ​ប្រមូល​ទិញ​ផ្ទាល់​ពី​កសិករ​ខ្លះ​ខាតបង់​ប្រាក់​ច្រើន ដោយសារ​ចំណាយ​ប្រាក់​ប្រមូល​ទិញ​ពី​ម្ចាស់​ចម្ការ​របៀប​ម៉ៅ​ទាំង​ចម្ការ ចាប់​ពី​ដំណាំ​ចន្ទី​ចេញ​ផ្កា។

កសិករ និង​អាជីវករ​នៅ​ខេត្ត​រតនគិរី ចាត់​ទុក​រដូវ​ប្រមូល​ផល​គ្រាប់​ស្វាយចន្ទី​ឆ្នាំ​នេះ​ថា ជា​ឆ្នាំ​អាក្រក់​បំផុត​ដែល​ចម្ការ​ស្វាយចន្ទី​ភាគ​ច្រើន​ផ្ដល់​ផល​តិចតួច ធ្វើ​ឲ្យ​កសិករ និង​អ្នក​ប្រមូល​ទិញ​ខាត​បង់​ប្រាក់​ចំណូល​ច្រើន​មិន​ធ្លាប់​មាន​កន្លង​ទៅ​នេះ។

មិន​ទាន់​មាន​ការ​សិក្សា​ជាក់លាក់​ពី​ក្រុម​ជំនាញ​កសិកម្ម​ពី​មូលហេតុ​ដែល​ដំណាំ​ស្វាយចន្ទី​ផ្ដល់​ផល​តិច​នៅ​ឡើយ ក៏ប៉ុន្តែ​កសិករ​មួយ​ចំនួន​បន្ទោស​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ថា ជា​កត្តា​នាំ​ឲ្យ​ដំណាំ​កសិឧស្សាហកម្ម​មួយ​នេះ​មិន​ផ្ដល់​ផល។

កសិករ​មាន​ចម្ការ​ស្វាយចន្ទី​ជាង ៦​ហិកតារ នៅ​ឃុំ​តាអង ស្រុក​កូនមុំ លោក ម៉ាត់ ស្មាន បង្ហាញ​ភាព​អស់​សង្ឃឹម ខណៈ​ផ្កា​ស្វាយចន្ទី​ក្រៀម​ស្វិត​ជ្រុះ​ចេញ​ពី​ទង មិន​មាន​ផ្លែ​ផ្ដល់​គ្រាប់​ដូច​ឆ្នាំ​មុនៗ។ លោក​សន្និដ្ឋាន​ថា ដោយសារ​រដូវភ្លៀង​អូស​បន្លាយ​ចូល​មក​ដល់ រដូវ​ចន្ទី​ចេញ​ផ្កា ហេតុ​នេះ​ទើប​ផ្កា​ចន្ទី​បែរ​ជា​ក្រៀម​ស្វិត​ជ្រុះ​អស់​នៅ​ពេល​រដូវ​ធ្លាក់​ខ្យល់​មក​ដល់៖ «ស្វាយចន្ទី​ខូច​អស់​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​ខែ​មុន​អត់​ទឹក​សន្សើម​ខ្យល់​ខ្លាំង​ងាប់​ផ្កា​អស់។ រាល់​ឆ្នាំ​អត់​អ៊ីចឹង​ទេ វា​ផ្លែ​គួរ​សម»

ចម្ការ​ស្វាយចន្ទី​គឺ​ជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​ដំណាំ​កសិឧស្សាហកម្ម​សំខាន់​ដូចជា​ដំឡូង​មី ម្រេច និង​កៅស៊ូ​ដែល​កសិករ​និយម​ដាំ​ច្រើន​ជាង​គេ​នៅ​ខេត្ត​រតនគិរី។

កសិករ​រស់​នៅ​ឃុំ​អូរជុំ លោក ជុ សាវាត កត់សំគាល់​ថា មក​ទល់​នឹង​ខែ​មីនា ដែល​ជា​រដូវ​ផ្ដល់​ផល​គ្រាប់​ស្វាយចន្ទី​ពេញ​លេញ ក៏​ប៉ុន្តែ​នៅ​ស្ទើរ​គ្រប់​ចម្ការ​ម្ចាស់​ដំណាំ​នេះ​ធ្លាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម​ដោយសារ​ត្រូវ​ខាតបង់​ប្រាក់​កក់ ឬ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ លោក​បន្ត​ថា អ្នក​ម៉ៅ​ទិញ​ដំណាំ​នេះ​ខ្លះ​ត្រូវ​រត់​ចោល​ចម្ការ​ស្វាយចន្ទី​ដោយសារ​គ្មាន​ប្រាក់​សង​ម្ចាស់​ចម្ការ​ដែល​ខ្លួន​បាន​កក់​ប្រាក់​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​ឆ្នាំ​នេះ៖ «ផ្លែ​ដែរ ផ្លែ​ក្ដឹប​រប៉េះរប៉ោះ។ ធ្វើ​ម៉េច​ក៏​មិន​សប្បាយ​ចិត្ត​ដែរ បើ​វា​ខាត​អ៊ីចឹង​ហើយ ឆ្នាំ​នេះ​អន់​ជាង​ឆ្នាំ​ទៅ»

ឆ្នាំ​នេះ​គ្រាប់​ស្វាយចន្ទី​មួយ​គីឡូក្រាម ក្រុម​អាជីវករ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ជាង ៨​ពាន់​រៀល ជា​តម្លៃ​ខ្ពស់​បំផុត​ប្រៀបធៀប​ឆ្នាំ​កន្លង​ទៅ ដែល​គ្រាប់​ស្វាយចន្ទី​ត្រូវ​បាន​អាជីវករ​ទទួល​ទិញ​តម្លៃ​ត្រឹម​ជាង ៥​ពាន់​រៀល​តែ​​ប៉ុណ្ណោះ។

អាជីវករ​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី អ្នកស្រី លី ធាវី និយាយ​ដោយ​អស់​សំណើច ខណៈ​បរិមាណ​ប្រមូល​ទិញ​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរ​គ្មាន​គ្រាប់​ស្វាយចន្ទី​ទិញ​ចូល​សម្រាប់​ទីផ្សារ​នាំ​ចេញ។ អ្នកស្រី​ប្រៀបធៀប​ថា ការ​ប្រមូល​ទិញ​ឆ្នាំ​នេះ មួយ​ថ្ងៃ​បាន​ជាង​មួយ​តោន គឺ​ជា​បរិមាណ​តិច​បំផុត​បើ​ប្រៀប​ឆ្នាំ​កន្លង​ទៅ​ដែល​អ្នកស្រី​អាច​ទិញ​បាន​ប្រមាណ ៦០ ទៅ ៧០​តោន​ក្នុង​មួយ​ថ្ងៃៗ៖ «រាល់​ឆ្នាំ​មួយ​ថ្ងៃៗ ទិញ​បាន​មួយ​ឡាន ពីរ​ឡាន​រហូត ពីរ​ឡាន ៦០​តោន។ មាន​ឯ​ណា បើ​ម៉ូយ​ម្នាក់​ទិញ​បាន​បួន​ប្រាំ​បាវ»

​តួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី ឆ្នាំ​២០១៦ ចំការ​ស្វាយចន្ទី​ដែល​កសិករ​ដាំ​មាន​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ ផ្ដល់​ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ៨​ពាន់​តោន។

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា ទទួល​ស្គាល់​ថា បាតុភូត​អាកាសធាតុ​ឆ្នាំ​នេះ​ត្រជាក់ និង​មាន​ខ្យល់​កន្ទ្រាក់​យូរ​ គឺ​ជា​ហេតុផល​សំខាន់​ដែល​មន្ត្រី​កសិកម្ម​សន្និដ្ឋាន​ថា ​ផ្កា​ចន្ទី​ក្រៀម​ស្វិត​ហើយ​ជ្រុះ។ លោក​កត់សំគាល់​ថា ពី​ដើម​រដូវ​ស្វាយចន្ទី​ចេញ​ផ្កា​ច្រើន ក៏ប៉ុន្តែ​ទំនង​គ្មាន​សំណើម​ទើប​ផ្កា​នោះ​មិន​ដុះ​លូតលាស់៖ «ខ្ញុំ​កំពុង​ឲ្យ​ក្រុម​ជំនាញ​សិក្សា​ថែម​ទៀត​ទាក់ទង​លក្ខណៈ​បច្ចេកទេស តើ​វា​ពាក់ព័ន្ធ​អ្វី​ខ្លះ យក​ផ្កា​វា​ទៅ​ពិសោធន៍​មើល​មាន​អ្វី​ទៀត ខ្យល់​ក្ដៅ​ខ្យល់​ពេក អត់​ទឹក​ក៏​យ៉ាប់​ដែរ»

ស្រដៀង​គ្នា​នេះ​ដែរ អតីត​មន្ត្រី​សេដាក់ លោក ខៀវ វុទ្ធី ទទួល​ស្គាល់​ដែរ​ថា ការ​ប្រែប្រួល​អាកាសធាតុ​​ឆ្នាំ​នេះ គឺ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ផល​គ្រាប់​ស្វាយចន្ទី​ថយ​ចុះ លើស​ពី​នេះ​ទៀត ការ​មិន​ប្រើប្រាស់​ជី​របស់​កសិករ​នៅ​ខេត្ត​នេះ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ដំណាំ​នេះ​មិន​ផ្ដល់​ផល​ដូច​គ្នា។ លោក​ថា កសិករ​គួរ​ប្ដូរ​ទម្លាប់​ប្រើប្រាស់​ជី​ធម្មជាតិ​ដែល​ផលិត​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ជួយ​ចិញ្ចឹម​​ជីវជាតិ​ដើម​ចន្ទី​ដែល​មាន​អាយុ​ចាស់​ឆ្នាំ៖ «ជីកំប៉ុស​រលាយ​យឺត បើ​គាត់​អាច​ធ្វើ​ជី​ទឹក​មាន​ពពួក​ដូចជា​ស្លឹក​ទន្ទ្រាន​ខេត្ត​កាក​សំណល់​ផ្ទះ​បាយ​មាន​សំបក​ផ្លែ​ឈើ ឬ​ក្បាល​ត្រី គាត់​ត្រាំ​ហើយ គាត់​ស្រោច​តាម​ចុង​ស្លឹក​កន្លែង​កាប់​ចង្អូរ អា​ហ្នឹង​វា​អាច​ជួយ​បាន​ច្រើន​ដែរ»

ក្រៅ​ពី​ដំណាំ​ស្វាយចន្ទី​ខេត្ត​រតនគិរី កសិករ​ខ្មែរ និង​ជនជាតិ​ដើម​ភាគតិច​ដាំ​ដំណាំ​ដំឡូង​មាន​ផ្ទៃដី​ជាង ១​ម៉ឺន ៤​ពាន់​ហិកតារ ផ្ដល់​ទិន្នផល​ដំឡូង​ស្ងួត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ១០​ម៉ឺន​តោន។ ដំណាំ​សណ្ដែកសៀង​មាន​ផ្ទៃ​ដី​ជាង ៤​ពាន់​ហិកតារ ផ្ដល់​ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ៤​ពាន់​តោន និង​ដំណាំ​កៅស៊ូ​រួម​មាន​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន និង​ចម្ការ​កៅស៊ូ​គ្រួសារ​មាន​ជាង ៦​ម៉ឺន ៧​ពាន់​ហិកតារ។ដោយ​ឡែក​ដំណាំ​ស្វាយចន្ទី​កសិករ​ខ្លះ​ដាំ​តាំង​ពី​ឆ្នាំ​១៩៩៩ រហូត​បច្ចុប្បន្ន​មាន​អាយុ​ជិត ២០​ឆ្នាំ ក៏​ប៉ុន្តែ​កសិករ​មិន​ដែល​ប្រើប្រាស់​ជី​ថែ​បំប៉ន​ចម្ការ​ស្វាយចន្ទី​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល