គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នឹង​ពិចារណា​លើ​លក្ខខណ្ឌ​សង​ឥណទាន​របស់​​កសិករ

ដោយ អ៊ុំ រង្សី
2016.09.20
កសិករ​បិទ​ផ្លូវ​ជាតិ​លេខ​៥ បាត់ដំបង ២០១៦ ៨៥៥ កសិករ​ដឹក​ស្រូវ​យក​ទៅ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
RFA/Hum Chamroeun

ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ស្នើ​ទៅ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ទាំង​អស់​បន្ត​ពង្រីក​ឥណទាន​ដល់​វិស័យ​កសិកម្ម ជាពិសេស​លើ​ផ្នែក​ស្រូវ-​អង្ករ ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ ព្រមទាំង​ពិចារណា​បន្ធូរបន្ថយ​លើ​លក្ខខណ្ឌ​សង​ឥណទាន​ចំពោះ​អតិថិជន និង​ប្រជា​កសិករ​ដែល​កំពុង​ប្រឈម​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល។ ទន្ទឹម​គ្នា​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ថា នឹង​ពិចារណា​លើ​សំណើ​នេះ។

គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ថា​នឹង​បន្ត​ពង្រីក​ឥណទាន​ដល់​វិស័យ​កសិកម្ម ជាពិសេស​លើ​ផ្នែក​ស្រូវ-​អង្ករ ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ ព្រមទាំង​ពិចារណា​លើ​លក្ខខណ្ឌ​សង​ឥណទាន​របស់​ប្រជា​កសិករ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។

ការ​លើក​ឡើង​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ធ្វើ​ឡើង​ក្រោយ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​ផ្ដល់​ឥណទាន និង​បង្កើន​ទំហំ​ឥណទាន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្រុមហ៊ុន​នាំ​ចេញ ឬ​ពាណិជ្ជករ​ប្រមូល​ទិញ​ស្រូវ​តាម​លទ្ធភាព​ជាក់ស្ដែង ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការ​ទិញ​ស្រូវ​របស់​កសិករ។

​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា មាន​ជាង ២៥០​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​គិត​ដល់​ខែ​សីហា ឆ្នាំ​២០១៦ អេស៊ីលីដា បាន​ផ្ដល់​កម្ចី​ក្នុង​វិស័យ​កសិកម្ម​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក។ ហេតុ​នេះ ធនាគារ​លោក​នឹង​បន្ត​គាំទ្រ​ផ្ដល់​ឥណទាន និង​បង្កើន​ទំហំ​ឥណទាន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុន​នាំ​ចេញ ឬ​ពាណិជ្ជករ ព្រម​ទាំង​កសិករ​លើ​វិស័យ​នេះ។

លោក​បញ្ជាក់​ឲ្យ​ដឹង​ថា កន្លង​ទៅ មុន​ផ្ដល់​កម្ចី​ឥណទាន​ក្នុង​វិស័យ​កសិកម្ម ធនាគារ​លោក​តែង​គិត​ទៅ​លើ​កត្តា​ហានិភ័យ​ចំនួន​បី​សំខាន់ គឺ​កត្តា​ទឹក​ជំនន់ កត្តា​សត្វ​បំផ្លាញ និង​ខ្វះ​ទីផ្សារ​លក់​កសិផល​កសិកម្ម។ ចំពោះ​បញ្ហា​ប្រឈម​ធំៗ​ទាំង​បី​នេះ ធនាគារ​អេស៊ីលីដា តែង​បាន​ពិភាក្សា​ជាមួយ​អតិថិជន​មុន​នឹង​ផ្ដល់​ឥណទាន។ ហេតុ​នេះ​ករណី​មាន​អតិថិជន ឬ​កសិករ​ជួប​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​ក្នុង​កត្តា​ណា​មួយ ធនាគារ​អេស៊ីលីដា នឹង​ពិនិត្យ​មើល​ហេតុផល ឬ​អាច​បន្ធូរបន្ថយ​លើ​លក្ខខណ្ឌ​ជាក់ស្ដែង​លើ​ការ​សង​ឥណទាន​នេះ៖ «បើ​មាន​វិធានការ​ហើយ តែ​គាត់​ជួប​វិធានការ​អ៊ីចឹង ហេតុ​នេះ​យើង​នឹង​ពិភាក្សា​ជាមួយ​គាត់​ទៅ​តាម​ហេតុផល និង​ស្ថានភាព​ជាក់ស្ដែង ហើយ​បើ​គាត់​គ្មាន​លទ្ធភាព​សង​នៅ​ពេល​ហ្នឹង ដូចជា​គាត់​ជួប​គ្រោះ​ពិត​ប្រាកដ មាន​តែ​ខាង​យើង​ពិនិត្យ​មើល​មួយ​ករណីៗ»

ករណី​នេះ​ដែរ នាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ លោក ស៊ីម សេនាជាតិ ឲ្យ​ដឹង​ដែរ​ថា ស្ថាប័ន​របស់​លោក​មាន​នីតិវិធី និង​គោលនយោបាយ​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដូចជា​សិក្សា​លើ​មុខ​របរ​របស់​កសិករ​ផ្ទាល់ ឬ​ក៏​អាច​ឈាន​ទៅ​ការ​ពន្យារ​ពេល​ក្នុង​ការ​សង​ជាដើម៖ «យើង​អាច​នឹង​សិក្សា​បញ្ហា​ប្រឈម​របស់​ប្រជា​កសិករ ហើយ​យើង​សម្រេច​ទៅ​តាម​គោល​នយោបាយ​របស់​យើង ដូចជា​ពន្យារ​ពេល​សង​ប៉ុន្មាន​ខែៗ​អ៊ីចឹង​ទៅ ហេតុ​នេះ​យើង​មិន​មែន​ចេះតែ​ទៅ​រឹប​អូស​ផ្ទះ ឬ​ទ្រព្យ​សម្បត្តិ​របស់​គាត់​នោះ​ទេ»

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ក៏​បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ  ពិនិត្យ​លទ្ធភាព​អនុវត្ត​គោលនយោបាយ​ទន់ភ្លន់ និង​អនុគ្រោះ​ចំពោះ​កសិករ​ដែល​ជួប​ប្រទះ​បញ្ហា​ជាក់ស្ដែង ដែល​មាន​ឥណទាន​ដល់​កាលកំណត់​សង។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​ស្ថាប័ន​ទាំង​ពីរ​នេះ  ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង​ក្រោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ធ្លាក់​ថ្លៃ​តម្លៃ​ស្រូវ ព្រមទាំង​ក្រោយ​មាន​របាយការណ៍​ជា​ច្រើន​ពី​ស្រូវ​ដែល​កសិករ​ផលិត​បាន​តែ​គ្មាន​ទីផ្សារ​លក់ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក​មិន​រួច​ថ្លៃដើម​ផលិត និង​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ។

ជាង​នេះ​ទៀត ដោយសារ​ខ្វះ​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ក្លាយ​ជា​កូនបំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។