ប្រធាន​សហជីព​កម្មករ​ព្រមាន​ពី​ភាព​វឹកវរ​ក្នុង​វិស័យ​កាត់ដេរ​នៅ​ពេល​អន្តរជាតិ​ឈប់​អនុគ្រោះ​ពន្ធ

ដោយ មួង ណារ៉េត
2017-12-01
Share
ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ២០១៦ ៨៥៥ ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ប្រធាន​សហជីព​កម្មករ ព្រមាន​ពី​ភាព​វឹកវរ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ នៅ​ពេល​អន្តរជាតិ​ឈប់​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀកបំពាក់ ប្រសិនបើ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​គ្មាន​ដំណោះស្រាយ​បែប​នេះ។

​បញ្ហា​វឹកវរ​ធំ​ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ត្រូវ​បាន​តំណាង​សហជីព​កម្មករ​មើល​ឃើញ​ថា នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ។

ប្រធាន​សហជីព​កម្មក​រលោក អាត់ ធន់ បញ្ជាក់​ថា ពេល​ដែល​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច ថៅកែ​រោងចក្រ​មិន​ដាច់​បាយ​ស្លាប់​នោះ​ទេ គឺ​គ្រាន់តែ​ខាត​ចំណេញ​មិន​បាន​ធ្វើ​សេដ្ឋី និង​រក្សា​ចំណូល​កប់​ក្តោង​ដដែល។ ប៉ុន្តែ អ្នក​ដែល​លំបាក​វេទនា​បំផុត គឺ​កម្មករ​ជិត​មួយ​លាន​នាក់ និង​អ្នក​ទទួល​ផល​ពី​វិស័យ​កាត់​ដេរ​នេះ​ជិត​ពីរ​លាន​ផ្សេង​ទៀត៖ «ហើយ​អ្វី​ដែល​ជា​បញ្ហា​ធំ​បំផុត​នោះ​គឺ​កម្មករ​ភាព​ច្រើន​សុទ្ធតែ​ខ្ចីលុយ​ធនាគារ ក្នុង​គោលបំណង​ប្រើប្រាស់​សម្រាប់​ការងារ​មួយ​ចំនួន និង​ការងារ​ផ្ទាល់ខ្លួន​របស់គាត់។ គាត់​ពឹង​ពាក់​ទាំង​ស្រុង​លើ​ចំណូល​ពី​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នេះ។ នេះ​ជា​ឧបសគ្គ និង​ហានិភ័យ ព្រោះ​ការ​ជំពាក់​ធនាគារ អាច​ឈាន​ទៅ​ដល់​ការ​រឹបអូស​ទ្រព្យ​របស់​គាត់»

​អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯ​ណោះ​វិញ ក៏​យល់​មិន​ខុស​ពី​នេះ​ដែរ។ លោក ជា មុនី សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ប្រមើល​ឃើញ​ភាព​កើត​កលិយុគ ប្រសិនបើ​នៅតែ​ទុក​ស្ថានការណ៍​បែប​សព្វថ្ងៃ​ ឲ្យ​នៅ​គ្មាន​ដំណោះស្រាយ​ដូច្នេះ។ លោក​ជឿ​ថា នៅ​ពេល​កម្មករ​បាត់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ដែល​ជា​ប្រភព​តែមួយគត់​សម្រាប់​ផ្គត់​ជីវភាព​គ្រួសារ ពួកគាត់​ច្បាស់​ជា​ក្រោក​តវ៉ា លែង​ខ្លាច​ការ​បង្ក្រាប លែង​ខ្លាច​ស្លាប់​អ្វី​ទាំង​អស់៖ «ពេល​ដែល​អត់​បាយ​អត់​ទឹក គឺ​មនុស្ស​អាច​ផ្តុំគ្នា​មូលគ្នា​តាម​ផ្លូវ។ ពេល​ដែល​គាត់​អត់ គាត់​លែង​ខ្វល់ បើ​គាត់​ជំពាក់​គេ​ដល់​ក គាត់​លែង​ខ្លាច​ស្លាប់ បើ​សង្គ្រាម​ក៏​មិន​ខ្លាច គាត់​លែង​ស្តាប់​អ្នក​ណា​ទាំង​អស់។ មិន​មែន​មនុស្ស​ម្នាក់​ទេ គឺ​មនុស្ស​រាប់​លាន​នាក់ ដែល​ផ្ទុះ​បាតុកម្ម​នេះ»

​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ខ្វល់​ពី​ការ​គម្រាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សំណាក់​សហគមន៍​អន្តរជាតិ​នេះ​ទេ ព្រោះ​លោក​អះអាង​ថា កម្ពុជា​បច្ចុប្បន្ន មិន​ដូច​កម្ពុជា កាល​ពី​ប្រមាណ ៣០​ឆ្នាំ​មុន​នោះ​ឡើយ។ ថ្លែង​នៅ​ចំពោះ​កម្មករ​រោងចក្រ​កាត់​ដែរ​រាប់​ពាន់​នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា លោក ហ៊ុន សែន បញ្ជាក់​ថា កាលពីមុន​កម្ពុជា រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជុំ​ទិស​ម្តេច​រស់​បាន ចុះ​ឥឡូវ​នេះ​ម្តេច​រស់​មិន​បាន៖ «ការ​សម្លាប់​សេដ្ឋកិច្ចរ​បស់​កម្ពុជា វា​មិន​មែន​ងាយស្រួល​ដូច​បក​ចេក​នោះ​ទេ។ ពិត​មែន​តែ​កម្លាំង​យើង​តូច យើង​ក៏​ជា​ប្រភព​ទីផ្សារ​របស់​គេ​ដែរ»

​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​វិស័យ​កាត់​ដេរ ដែល​ទីផ្សារ​ធំ​បំផុត​របស់​កម្ពុជា ក្នុង​វិស័យ​នេះ គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ជាង ៦០% នៃ​ការ​នាំ​ចេញ​ផលិតផល​វិស័យ​វាយនភ័ណ្ឌ​របស់​កម្ពុជា ទៅ​ពិភពលោក គឺ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល ៦​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​រីក​លូតលាស់​វិស័យ​កាត់ដេរ និង​រោងចក្រ​នៅ​កម្ពុជា ក៏​ដោយសារ​តែ​ការអនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នេះ​ដែរ។ ប៉ុន្តែ ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា យ៉ាង​សន្ធាប់ ទើប​ប្រទេស​ទាំង​នោះ​ព្រមាន​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​នេះ។

​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហ៊ុន សែន ហាក់​ដូចជា​ខំប្រឹង​បង្ហាញ​ភាព​មិន​ខ្លាច​ការ​គំរាម​នេះ។ នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​រាប់​ពាន់​នាក់​នៅ​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា លោក​ថែម​ទាំង​ហ៊ាន​គំរាម​បក​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា ទៀត​ផង៖ «អ្នក​ឯង​បិទ​ល​មើល! អ្នក​ឯង​បិទ អ្នក​ឯង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​វិស័យ​ឯកជន​របស់​អ្នក​ឯង ដែល​បាន​ចុះ​កុង​ត្រា​ទិញ​រួច​ហើយ។ អ្នក​ឯង​បិទ បិទ​ជា​នយោបាយ ប៉ុន្តែ អនុវត្ត​មិន​បាន​ទេ»

​លោក ហ៊ុន សែន ថា បើ​នៅ​ទីបំផុត​សហគមន៍​អន្តរជាតិ នៅ​តែ​ហ៊ាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា មែន កំហុស​គឺ​ធ្លាក់​ទៅលើ​បក្ស​ប្រឆាំង​ដែល​លោក​អះអាង​ថា ប៉ិន​ខាង​ដើរ​ប្រកូក​ប្រកាស​ឲ្យ​បរទេស​ផ្តាច់​ជំនួយ និង​ដាក់​ទណ្ឌកម្ម​ខ្មែរ។ ប៉ុន្តែ ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង​ច្រាន​ចោល​ទាំង​ស្រុង។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា​ទង្វើ​លោក ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​ឯ​ណោះ​ទៅ​វិញ​ទេ ដែល​កំពុង​នាំ​ប្រទេស​កម្ពុជា ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ឯកោ​ពី​ពិភពលោក។

ទាំង​លោក អាត់ ធន់ និង​លោក ជា មុនី សុទ្ធតែ​យល់​ឃើញ​ដូច​គ្នា​ថា ការ​ដាក់ទណ្ឌកម្ម​ណា​មួយ​គឺ​វា​ផ្សាភ្ជាប់​គ្នា​ទៅ​ទង្វើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អាត់ ធន់ ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ងាក​មក​រក​ការ​ចរចា​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ ចៀសវាង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​ណា​មួយ៖ «ប្រសិនបើ​គណបក្ស​ធំៗ​ទាំង​ពីរ​អាច​ជជែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​តែមួយ ដើម្បី​បញ្ចប់​បញ្ហា​ទាំង​អស់​ហ្នឹង និង​ឈាន​ទៅ​ការ​រៀបចំ​ស្រុក​ទេស​យើង​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ និង​មាន​ស្ថិរភាព នោះ​គឺ​ជា​ការ​ប្រសើរ​មែន​ទែន»

​លោក ជា មុនី ក៏​ស្នើ​ឲ្យ​លោក ហ៊ុន សែន ពិចារណា​ឡើង​វិញ​នូវ​ចំណាត់ការ​ទាំង​ឡាយ​របស់​លោក​ដើម្បី​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ចារ​ទុក​នូវ​ទង្វើ​អាក្រក់​របស់​នាយករដ្ឋមន្ត្រី៖ «បើ​នាយករដ្ឋមន្ត្រី​ផ្លាស់ប្តូរ​អារម្មណ៍ ផ្លាស់ប្តូរ​ចិត្ត ធ្វើ​ឲ្យ​អន្តរជាតិ​គេ​សប្បាយចិត្ត និង​ទុកចិត្ត​គាត់ នោះ​ឧស្សាហកម្ម​កាត់​ដេរ នឹង​ដំណើរ​ការ​ល្អ។ បើ​ស្ថានការណ៍​ដុនដាប កើត​កលិយុគ រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ប្រវត្តិសាស្ត្រ»

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​ធ្នូ ​នេះ បាន​អំពាវនាវ​ឲ្យ​អ្នកទិញ​កុំ​បញ្ឈប់​ការ​ទិញ​សម្លៀកបំពាក់ និង​ទំនិញ​ក្រោម​ការ​អនុគ្រោះ​ពន្ធ។ ចំណែក​ឯ​ក្រុមប្រឹក្សា​សហជីព​កម្ពុជា ក៏​បាន​សរសេរ​លិខិត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា សុំ​ជួប​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដោយ​សំណូមពរ​ឲ្យ​អាមេរិក កុំ​បញ្ឈប់​ការ​ទិញ​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ និង​ស្បែក​ជើង រួមទាំង​ផលិតផល​ផ្សេងៗ​ទៀត​ពី​កម្ពុជា ចូល​ទីផ្សារ​សហរដ្ឋអាមេរិក។

​អ្នក​វិភាគ​ព្យាករ​ថា បើ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន មិន​ធូរស្រាល ប្រទេស​កម្ពុជា នឹង​ចៀស​មិន​ផុត​ការ​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល