រដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីជួយរកទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ ក្នុងពេលដែលវិស័យនេះ កំពុងតែដុនដាបខ្លាំង
2024.07.06
រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាភិបាលមួយដើម្បីជួយរកទីផ្សារ និងផ្សព្វផ្សាយពីវិស័យទេសចរណ៍ បើទោះបីជាកម្ពុជាមានក្រសួងទេសចរណ៍រួចហើយក្តី។
អ្នកវិភាគបញ្ហាសង្គមយល់ថា ការបង្កើតនេះ រដ្ឋាភិបាលហាក់ទទួលស្គាល់ថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែដុនដាបខ្លាំង ដូចការលើកឡើងរបស់ពលរដ្ឋ និងអ្នកធ្វើការងារក្នុងវិស័យទេសចរណ៍។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា។
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមានស្ថាប័នរដ្ឋចំនួន៨និងផ្នែកឯកជនចំនួន៧ផ្សេងទៀត ចូលរួម និងមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាននោះ នឹងប្រឹងប្រែងរួមគ្នា ធ្វើកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋជាមួយឯកជន ដើម្បីបង្កើនការទាក់ទាញ ភាពប្រកួតប្រជែង ព្រមទាំងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ ហើយជំរុញឱ្យមានកំណើនខ្ពស់ឡើងវិញ។
ការបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានេះ បន្ទាប់ពីមានព័ត៌មានជាហូរហែ ស្ដីពីជីវភាពរបស់អ្នករកចំណូលពីទេសចរណ៍មានការលំបាក និងព្រលានយន្តហោះនៅខេត្តសៀមរាប ស្ងប់ស្ងាត់ដោយសារគ្មានភ្ញៀវទេសចរណ៍ជាដើម។
អ្នកវិភាគបញ្ហាសង្គមនិងនយោបាយយល់ថា ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្ទុះស្ទាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បន្ថែមពីលើក្រសួងទេសចរណ៍ដែលមានស្រាប់នេះ គឺជាសញ្ញាបញ្ជាក់ថាស្ថានភាពទេសចរណ៍កម្ពុជា កំពុងតែដុនដាបហើយ។
អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា បើទោះបីជាពេលនេះ រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការជាច្រើនទៀតក៏មិនអាចស្ដារវិស័យទេសចរណ៍កម្ពុជា ឱ្យងើបឡើងវិញដែរ ដោយហេតុតែកម្ពុជាបានជាប់ក្លិនស្អុយអសោចពីរឿងគ្មានសុវត្ថិភាពសម្រាប់មនុស្សទូទៅ ដោយការគ្រប់គ្រងអំណាចបែបផ្ដាច់ការ ថែមទាំងមានអំពើពុករលួយធ្ងន់ធ្ងរ ធ្វើឱ្យអ្នកទេសចរធុញទ្រាន់។
លោក គឹម សុខ៖ «ប្រសិនបើអានកាសែត ទស្សនាវដ្ដីនៅអឺរ៉ុប នៅអាមេរិកជាដើមឃើញថាកម្ពុជារបស់យើង គឺល្បីតែអសន្តិសុខ ផ្ដាច់ការ អំពើពុករលួយ ការចាប់ចងសកម្មជន អ្នកនយោបាយ គ្មានលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស។ តើអ្នកទេសចរ ឯណាគេចង់ទៅប្រទេសកម្ពុជា?។ បើទោះបីជារដ្ឋាភិបាលបង្កើតគណៈកម្មការប៉ុន្មានទៀត ក៏ទេសចរណ៍ខ្មែរ ងើបមិនរួចដែរ»។
រដ្ឋាភិបាលកម្ពុជាតែងលើកឡើងថាវិស័យទេសចរណ៍កម្ពុជា នៅបន្តទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩និងវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោកដោយសារសង្គ្រាមនៅក្នុងប្រទេសនានា។ ក៏ប៉ុន្តែអ្នកវិភាគមិនយល់ស្របចំពោះការលើកឡើងនេះឡើយ ពីព្រោះគេដឹងថាបច្ចុប្បន្ននៅប្រទេសថៃនិងវៀតណាម គឺមានអ្នកទេសចរបរទេសទៅលេងរាប់លាននាក់។
បុគ្គលិកបម្រើការនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ចាប់តាំងពីខែមិថុនាមកភ្ញៀវទេសចរណ៍ទៅទស្សនាខេត្តសៀមរាបធ្លាក់ចុះ។ ចំណែកចំនួនជើងហោះហើរនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបក៏ធ្លាក់ចុះដែរ។
បុគ្គលិកព្រលានយន្តហោះ៖ «បច្ចុប្បន្នគឺមានដោយថ្ងៃ ថ្ងៃខ្លះក៏មានជើងហោះហើរច្រើន ថ្ងៃខ្លះក៏ជើងហោះហើរធ្លាក់ចុះបន្តិច គឺធ្លាក់ប្រហែលជា២០ភាគរយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បាននៅឡើយទេ នៅថ្ងៃទី៣ខែកក្កដា។
អ្នកវិភាគយល់ឃើញថា បញ្ហាដែលភ្ញៀវទេសចរណ៍បរទេស មិនចូលមកទស្សនាកម្ពុជា ក៏ព្រោះតែរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន មិនមានលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស គ្មានសន្តិសុខរឹងមាំផ្ដល់ភាពកក់ក្តៅ ដល់អ្នកទេសចរ មានក្រុមជនឆបោកតាមប្រព័ន្ធអនឡាញ មានអំពើឧក្រិដ្ឋកម្មគ្រឿងញៀន ព្រមទាំងមានអំពើពុករលួយជាដើម ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ភ័យខ្លាចមិនហ៊ានមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។