លោក ហ៊ុន សែន​៖ កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ ហេង រស្មី
2020-10-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​បិទ​សន្និបាត​សុខាភិបាល​បូក​សរុប​ការងារ ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​​បិទ​សន្និបាត​សុខាភិបាល​បូក​សរុប​ការងារ ឆ្នាំ​២០១៩ កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២០។
រូប (ឆ្វេង)៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ អះអាង​ជា​ថ្មី​ថា កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩​ ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​ថា ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា​សព្វ​ថ្ងៃ​ពិបាក​ធ្វើ​ឱ្យ​ប្រទេស​មហាអំណាច​ខាង​លោក​សេរី​​​ជួយ​កម្ពុជា​ណាស់។

លោក ហ៊ុន សែន លើក​ឡើង​ថា សារៈ​សំខាន់​នៃ​ជំនួយ​របស់​ប្រទេស​អភិវឌ្ឍន៍ អាច​ធ្វើ​សេដ្ឋកិច្ច​កម្ពុជា អាច​លូត​លាស់​បាន​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​វីដ១៩ (Covid-19)

លោក ហ៊ុន សែន​ និយាយ​ថា ការ​លើក​កម្ពស់​គោល​នយោបាយ​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ព្រម​ជាមួយ​នឹង​ការ​ផ្តល់​ភាព​អនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​ធានា​ឲ្យ​មាន ផល​ប្រយោជន៍ ប្រកប​ដោយ​សមធម៌ និង​ប្រសិទ្ធភាព។ លោក​ថា ពិភពលោក​ចាំបាច់​ត្រូវ​បន្ត​ជំរុញ និង​គាំទ្រ ការ​បើក​ចំ​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​កាន់​តែ​ទូលំទូលាយ និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ឲ្យ​កាន់តែ​ខ្លាំងក្លា៖ «ខ្ញុំ​សូម​គូស​បញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ជាមួយ ដើម្បី​រួម​ចំណែក​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​អស់​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩»

លោក​ ហ៊ុន​សែន ថ្លែង​ដូច្នេះ​​ក្នុង​ពិធី​​ កិច្ច​ប្រជុំ​ប្រមុខ​រដ្ឋាភិបាល​ ស្ដីពី «ហិរញ្ញប្បទាន​របៀបវារៈ​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​ ឆ្នាំ២០៣០ ក្នុង​កាលៈទេសៈ​កូវីដ-១៩ និង​ពេល​ខាង​មុខ» កាល​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ប៉ុន្តែ​ទើប​ផ្សាយ​តាម​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី៣០ ខែ​កញ្ញា។ លោក​ ហ៊ុន​សែន​​​ អះអាង​ទៀត​​ថា​ កម្ពុជា​បន្ត​គាំទ្រ​ និង​​​លើក​ទឹក​ចិត្ត​ដល់​អង្គការ​សហប្រជាជាតិ​ឱ្យ​សកម្ម​បន្ត​បំពេញ​តួនាទី​របស់​ខ្លួន​​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋ​ជា​សមាជិក​ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ក្នុង​ពេល​កម្ពុជា និង​សកល​លោក​រង​គ្រោះ​ព្រោះ​ការ​ជំងឺ​កូវីដ១៩ (Covid-19) និង​ស្រប​ពេល​ដែល​ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់​បន្ថែម​ទៀត នឹង​ធ្លាក់ខ្លួន​ក្រីក្រ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ (Covid-19) ក្នុង​ឆ្នាំ២០២០ នេះ។ ធនាគារ​ពិភពលោក​ព្រមាន​ថា ហេតុការណ៍​នេះ នឹង​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុ​ជា​ក្នុង​រយៈ​ពេល ៣០ឆ្នាំ​កន្លង​មក​នេះ ត្រូវ​រង​ការ​គំរាមកំហែង​ខ្លាំង​បំផុត ហើយ​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​ខ្ចីបុល បរទេស​បន្ថែម​ទៀត។

របាយការណ៍​បច្ចុប្បន្ន​ភាព សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូវីដ១៩ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ដោយ​ធនាគារ​ពិភពលោក​គូស​បញ្ជាក់​ថា មនុស្ស​យ៉ាងហោចណាស់​ជាង ១លាន ៧សែន ៦ម៉ឺន​នាក់ ពិសេស​ក្នុងចំណោម​ក្រុម​គ្រួសារ​ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ ទិញ​លក់ដុំ និង​រាយ វិស័យ​កាត់ដេរ សំណង់ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផលិតកម្ម កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ធ្វើ។

ទោះ​យ៉ាង​ណា​លោក ហ៊ុន សែន កាល​ពី​ខែ​មីនា ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​ត្រៀម ថវិកា​ពី​៨០០លាន​ទៅ ២ពាន់​លាន​ដុល្លារ ដើម្បី​ទប់ស្កាត់​បញ្ហា​សេដ្ឋកិច្ច ដែល​កើត​មាន​ដោយសារ​ឥទ្ធិ​ពល​ជំងឺ​កូវីដ-១៩។

ទាក់ទង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​លោក ង៉ែត ជូ និយាយ​ថា ដៃគូ​អភិវឌ្ឍន៍​ជា​អ្នក​ដែល​មក​ជួយ​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​និង​សង្គម​តាមរយៈ​ជំនួយ​ និង​កម្ចី ដើម្បី​បង្ក​ភាព​​ងាយ​ស្រួល​ឱ្យ​អ្នក​វិនិយោគ។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ប៉ុន្តែ​លោក​ថា នៅ​មាន​ចំណុច​ខ្វះខាត​​ផ្សេង​ទៀត ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បន្ត​ រួម​ទាំង​បញ្ហា​កង្វះ​ធនធាន​មនុស្ស៖ «សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​យើង​បាន​កំណត់​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​អ៊ីចឹង ហើយ​ចង់​ឱ្យ​រដ្ឋាភិបាល​ងាក​មក​ពិនិត្យ​មើល​លើ​គោល​នយោបាយ​ហ្នឹង​លើ​វិធានការ​ជាក់​ស្ដែង ដើម្បី​លើ​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ក៏​ដូច​ជា ធនធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​ទៅ​តាម​គោល​នយោបាយ​នោះ»

អ្នក​ជំនាញ​​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុណ្ណរ៉ា យល់ថា  ការ​ថ្លែង​របស់​លោក ហ៊ុន សែន ជា​ការ​លើក​ឡើង​នៃ​បំណង​​របស់​កម្ពុជា​​​ចង់​ឱ្យ​មាន​ការ​ផ្ដល់​ហិរញ្ញវត្ថុ ​សម្រាប់​ការ​អភិវឌ្ឍ​នានា ប៉ុន្តែ​ លោក​​សង្កេត​ឃើញ​ថា​ ឥរិយាបថ​នយោបាយ​​​​​កន្លង​របស់​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ កន្លង​មក ដែល​បញ្ហា​​​​មិន​អំណោយ​ផល​ដល់​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា ភាគី​កម្ពុជា​តែង​ប្រកាស​ខ្លួន​ថា ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត្យ​ឬនៅ​កណ្ដាល ប៉ុន្តែ មិន​ទទួល​បាន​ការ​ស្វាគមន៍​ឬ​ចេញ​ចិត្ត​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ទេ​ដោយ​ក្រុម​ប្រទេស​លោក​សេរី​ទាំង​នេះ​តែង​តែ​ប្រើ​ភាសា​ការ​ទូត​ជំរុញ​ឱ្យ​កម្ពុជា​រក្សា​ខ្លួន​ឱ្យ​នៅ​កណ្ដាល​ដើម្បី​​​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ចិន​ឱ្យ​ស្មើ​មុខ៖ «នៅ​ពេល​យើង​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ខាង​កើត​ចិន​នេះ យើង​គួរ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ខាង​លិច​អាមេរិក និង​សហគមន៍​អឺរ៉ុប​ជា​ដើម ខ្ញុំ​គិត​ថា កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន»

កាល​ពី​ឆ្នាំ​២១០៨​ លោក ហ៊ុន សែន សារភាព​ថា លោក​ដឹកនាំ​ប្រទេស​ខិត​ទៅ​រក​ចិន ព្រោះ​ងាយ​ស្រួល​ធ្វើការ​ជាមួយ។ លោក ឯម សុណ្ណរ៉ា យល់​ថា បញ្ហា​ពី​ចំណុច ដែល​កម្ពុជា​គួរ​ធ្វើ​ដើម្បី​ទាញ​បាន​អត្ថប្រយោជន៍ គឺ​ការ​គោរព​សិទ្ធិ​មនុស្ស និង​មិន​ត្រូវ​មាន​ឥរិយា​បទ​ការ​បរទេស​ទៅ​ភាគី​ណាមួយ​ខ្លាំង​ពេក​នោះ​ទេ។ ដូច​គ្នា​នេះ​ដែរ រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​ចែង​ថា កម្ពុជា ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូល​បក្ស​សម្ព័ន្ធ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល