លោក ហ៊ុន សែន បញ្ជាក់​ថា ពេល​មាន​កិច្ច​ព្រមព្រៀង​ថ្មី​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង មិន​អាច​គ្រប់គ្រង​ភាគ​ហ៊ុន​ផ្លូវ​ដែក​តែ​ឯង​ទៀត​ទេ

ដោយ​ សន ចាន់រដ្ឋា
2019-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថភ្លើងកម្ពុជា
រថភ្លើងកម្ពុជា
រូប៖ Screenshot ពីវីឌីអូ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

ប្រមុខ​របប​ក្រុងភ្នំពេញ​ចេញមុខ​បញ្ជាក់​ថា​ការ​ប្រគល់​ការ​វិនិយោគ​ផ្លូវដែក​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) របស់​លោក គិត ម៉េង បន្ត​គ្រប់គ្រង​ក្នុង​ស្ថានភាព​អន្តរកាល​នេះ ដោយសារ​របប​លោក​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រង​ផ្លូវ​ដែក​នៅ​ឡើយ​ទេ។ អ្នក​វិភាគ​សង្គម​សង្កេត​ឃើញ​ថា លោក ហ៊ុន សែន ច្រើន​តែ​ធ្វើ​ការងារ​តាម​អារម្មណ៍​មិន​បាន​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ខ្លាច​រអា​ក្នុង​ការ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា។

ទោះ​លោក​ ហ៊ុន​ សែន​ ប្រកាស​ជា​ថ្មី​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់​លោក គិត ម៉េង គ្រប់គ្រង​ផ្លូវ​ដែក​បណ្ដោះអាសន្ន ក៏​លោក​បញ្ជាក់​ថា នៅ​ពេល​មាន​កិច្ច​ព្រមព្រៀង​ថ្មី​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង មិន​អាច​គ្រប់គ្រង​ភាគ​ហ៊ុន​ផ្លូវ​ដែក​តែ​ឯង​ទៀត​ទេ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន វ៉ាន់ដា ជាង ៣ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែ​មេសា លោក ហ៊ុន សែន លើក​ឡើង​ថា ដើម្បី​ចៀសវាង​វិបត្តិ​ផ្លូវ​ដែក ក្រុមហ៊ុន​របស់​លោក គិត ម៉េង ត្រូវ​បន្ត​សកម្មភាព​បន្ត​ទៀត ព្រោះ​ក្នុង​ពេល​នេះ រដ្ឋ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រង​ផ្លូវ​ដែក​បាន​ភ្លាមៗ ទេ។ លោក​បញ្ជាក់​ថា នៅ​ពេល​មាន​ការ​ដេញ​ថ្លៃ​ជា​ថ្មី ក្រុមហ៊ុន​របស់​លោក គិត ម៉េង នៅ​តែ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​នេះ៖ «ឥឡូវ​ទំនិញ​កំពុង​នៅ​លើ​រថភ្លើង​ស្រាប់​ តើ​ត្រូវ​យក​ទៅ​ណា? ត្រូវ​ធ្វើ​យ៉ាង​ម៉េច? បុគ្គលិក​រាប់​រយ​នាក់​ តើ​បាត់​បង់​ការ​ងារ​ភ្លាមៗ យ៉ាង​ម៉េច? អ៊ីចឹង​អាច​នាំ​ឱ្យ​មាន​វិបត្តិ​ផ្លូវដែក​តែ​ម្ដង។ អ៊ីចឹង​ទេ​ បាន​ជា​ការ​ប្រកាស​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់​ឧកញ៉ា គិត ម៉េង នៅ​តែ​បន្ត​សកម្មភាព​បន្ត​ទៀត»

លោក ហ៊ុន សែន បញ្ជាក់​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​ប្រកាស​ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Roysl Railway) របស់​លោក គិត ម៉េង បន្ត​គ្រប់គ្រង​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ដដែល។ជំហរ​បែប​នេះ​ផ្ទុយ​ពី​ការ​និយាយ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា​ដោយ​លោក​បញ្ជា​ឱ្យ​បញ្ចប់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក​ពី​ក្រុមហ៊ុន​លោក គិត ម៉េង ដោយ​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​នេះ​អសមត្ថភាព​ក្នុង​គ្រប់គ្រង​ផ្លូវ​ដែក។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា របស់​លោក គិត ម៉េង ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ការ​វិនិយោគ​លើ​ផ្លូវ​ដែក​ទាំង​ស្រុង​កាល​ពី​ឆ្នាំ២០១៤ បន្ទាប់​ពី​ក្រុមហ៊ុន Toll Holding របស់​ប្រទេស​អូស្ត្រាលី បាន​ដក​ខ្លួន​ចេញ។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ យល់​ថា ចំពោះ​បញ្ហា​នេះ លោក ហ៊ុន សែន ប្រើ​អារម្មណ៍​ដោះ​ស្រាយ​បញ្ហា ប៉ុន្តែ​មិន​ចេះ​ពី​របៀប​ធ្វើ​សេដ្ឋកិច្ច។ លោក​បន្ត​ថា​ការ​សម្រេច​ដែល​មិន​យល់​ពី​ដំណើរ​សេដ្ឋកិច្ច​បែប​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​តែ​វិបត្តិ​ផ្លូវ​ដែក​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ផ្សេង​ទៀត ខណៈ​របប​ក្រុង​ភ្នំពេញ​កំពុង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ជា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA«មិន​មែន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​ គិត ម៉េង ខ្លាច​ទេ គឺ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ទូទៅ​គេ​ខ្លាច​តែ​ម្ដង​អ៊ីចឹង​ទេ ម៉្លោះ​ហើយ​មាន​តែ​សម្រួល​ផ្លូវ​ឱ្យ​លោក គិត ម៉េង មាន​ឈ្មោះ​នៅ​ក្នុង​គម្រោង​វិនិយោគ​ហ្នឹង​ដដែល ប៉ុន្តែ​មាន​ក្រុមហ៊ុន​ផ្សេងៗ មក​រក​ស៊ី​ដាក់​ហ៊ុន​ជាមួយ​គ្នា ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ក្រុមហ៊ុន​លោក គិត ម៉េង នឹង​ត្រូវ​បន្ថយ​ឥទ្ធិពល​ហើយ»

លោក គឹម សុខ អះអាង​ថា ចំណាត់​ការ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ព្រោះ​លោក ហ៊ុន សែន មិន​ពេញ​ចិត្ត​ទៅ​នឹង​លោក គិត ម៉េង ដែល​តែងតែ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំ​ពេញ​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សេរី ដែល​សំណើ​បែប​នេះ​កំពុង​ដើរ​បញ្ច្រាស​ពី​លោក ហ៊ុន សែន ដែល​កំពុង​ងាក​ទៅ​ចិន៖ «លោក ហ៊ុន សែន អាច​នឹង​កាត់​ឈ្មោះ​លោក គិត ម៉េង ក្នុង​បញ្ជី​គេ​ហៅ​ថា ពណ៌​ប្រផេះ​ណា​មួយ​របស់​គាត់ ហើយ​ថា លោក គិត ម៉េង ត្រូវ​តែ​ជា​មនុស្ស​គាត់​ជាន់​បន្ត»

ក្នុង​នាម​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​លោក​ឧកញ៉ា គិត ម៉េង បាន​ថ្លែង​ក្នុង​ពិធី​វេទិកា​រាជ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​លើក​ទី១៨ ថ្ងៃ​ទី២៩ មីនា​កន្លង​ទៅ ដោយ​ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​ពិចារណា​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​លោក​ខាង​លិច ឬ​បណ្ដា​ប្រទេស​ប្លុក​លោក​សេរី។

ជំហរ​របស់​លោក គិត ម៉េង បែប​នេះ ខណៈ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ថ្លែង​សារ​ឌឺដង​ទៅ​សហភាព​អឺរ៉ុប​ជា​ញឹក​ញាប់​ថា លោក​មិន​ខ្វល់​ពី​ការ​ឈប់​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ប៉ុន្តែ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ព្រមាន​ថា បើ​កម្ពុជា​បាត់បង់ EBA មែន​នោះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជួប​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​អាច​នឹង​ងើប​ឡើង​ប្រឆាំង​របប​លោក ហ៊ុន សែន។

លោក គិត ម៉េង ជា​ឧកញ៉ា​លំដាប់​កំពូល​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន ប៉ុន្តែ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​របប​ក្រុង​ភ្នំពេញ​បង្ហាញ​ចំណាត់​ការ​ជា​បន្តបន្ទាប់​លើ​ការ​រក​ស៊ី​របស់​លោក គិត ម៉េង និង​គ្រួសារ​របស់​សេដ្ឋី​ស្រុក​ខ្មែរ​មួយ​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ​បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ផ្លូវដែក​បណ្ដោះអាសន្ន​ឡើងវិញ​ដូចនេះ​លោក​ គិត ម៉េង បាន​ចេញ​លិខិត​អរគុណ​លោក​ ហ៊ុន​ សែន​ និង​អះអាង​ថា នឹង​សហ​ការណ៍​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ដើម្បី​ធ្វើ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​ឱ្យ​មាន​ការ​ល្អ​ប្រសើរ​ក្លាយ​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល