មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ស្នើសុំឲ្យរដ្ឋាភិបាលនៃសាធារណៈរដ្ឋ ឆែក(Czech) ជួយពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយកម្ពុជា។
ការស្នើសុំបែបនេះ ធ្វើឡើងក្នុងពេលលោក ហ៊ុន សែន ទទួលជួបជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជាលោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៤ ខែមិថុនា។ លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា នៅក្នុងជំនួបនោះ លោកបានស្នើឲ្យឯកអគ្គរដ្ឋទូតថ្មីរូបនេះ យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជាលោក ម៉ាទីន វ៉ាវរ៉ា ប្តេជ្ញាថា លោកនឹងធ្វើយ៉ាងណាពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ ជាមួយគ្នានេះ លោកសន្យាថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ ក៏ដូចជាជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សផងដែរ។ ប្រទេសទាំងពីរក៏បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិគ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌអាស៊ាន ស្របពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន ហើយប្រទេសឆែកធ្វើជាប្រធានសហភាពអឺរ៉ុប នៅឆ្នាំក្រោយដូចគ្នា។
ការស្វះស្វែងពង្រីកសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយប្រទេសឆែកនៅពេលនេះ គឺស្របពេលរបបលោក ហ៊ុន សែនសព្វថ្ងៃនេះ កំពុងមានទំនាក់ទំនងរកាំរកូសជាមួយប្រទេសប្រជាធិបតេយ្យធំៗនៅលើពិភពលោក និងកំពុងបាត់បង់ប្រពន្ធអនុគ្រោះព័ន្ធ EBA ចំនួន ២០ ភាគរយ ពីសហភាពអឺរ៉ុប ដោយសារតែការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអ្នកវិភាគនយោបាយធ្លាប់លើកឡើងថា លោក ហ៊ុន សែន គួរតែស្តារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញតាមអនុសាសន៍របស់សហគមន៍អន្តរជាតិ និងប្រទេសមានសក្ដានុពលធំៗ បើពុំនោះទេ ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នឹងមិនមានស្ថានភាពល្អប្រសើឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។