សហជីពឯករាជ្យស្នើឱ្យវិស័យឯកជនពន្យល់របបក្រុងភ្នំពេញពីរឿងផលវិបាកនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA
2019.01.22
សហជីពឯករាជ្យថ្លែងថា សភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជន គួរតែពន្យល់របបលោក ហ៊ុន សែន ឱ្យបានច្បាស់អំពីផលប៉ះពាល់នៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមលើការផ្ញើលិខិតពន្យល់ស្នងការពាណិជ្ជកម្មអឺរ៉ុប ព្រោះប្រព័ន្ធអនុគ្រោះពន្ធនេះអាចនៅបន្តបាន ឬបាត់បង់ គឺអាស្រ័យលើរបបក្រុងភ្នំពេញ។ វិស័យឯកជននៅកម្ពុជាបានអះអាងប្រាប់ស្នងការអឺរ៉ុបថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនឹងប៉ះពាល់យ៉ាងខ្លាំងដល់អត្ថប្រយោជន៍ និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា លោកកោតសរសើរសភាពាណិជ្ជកម្មកម្ពុជា និងតំណាងវិស័យឯកជន ដែលបានបង្ហាញកង្វល់ និងផលវិបាកទាំងឡាយដែលអាចនឹងកើតមានឡើងដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រាប់ទៅមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែលោកថា តំណាងវិស័យឯកជន និងអ្នកពាក់ព័ន្ធ គួរតែលើកពីកង្វល់ទាំងនេះប្រាប់ទៅក្រុមអ្នកដឹកនាំបច្ចុប្បន្ន និងទាមទារឱ្យមានដំណោះស្រាយសមស្របណាមួយជុំវិញបញ្ហានេះ ដើម្បីកុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ។ លោកជឿជាក់ថា តំណាងវិស័យឯកជនមានឥទ្ធិពលក្នុងការជជែកជាមួយក្រុមមេដឹកនាំរបបបច្ចុប្បន្ន ដោយសារពួកគេគឺជាអ្នកជួយរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៖ «រដ្ឋាភិបាលនឹងត្រូវស្អាប់អ្នកវិនិយោគទុន ស្ដាប់សភាពាណិជ្ជកម្មហើយ ពីព្រោះដង្ហើមសេដ្ឋកិច្ចរស់ស្ថិតក្នុងដៃអ្នកវិនិយោគទុន ហើយប្រសិនបើសេដ្ឋកិច្ចហ្នឹងធ្លាក់ចុះទៅ រដ្ឋាភិបាលនឹងប្រឈមហានិភ័យខ្ពស់ណាស់នៅកម្ពុជាយើងហ្នឹង។ អ៊ីចឹងខ្ញុំគិតថា ពួកគាត់មានឥទ្ធិពលខ្លាំងជុំវិញការជជែក ឬមួយលើកបញ្ហាទៅជជែកជាមួយរដ្ឋាភិបាល វាប្រសើរជាងលើកបញ្ហាទទូចឱ្យសហភាពអឺរ៉ុបបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA»។
តំណាងវិស័យឯកជន និងសហជីពស្និទ្ធនឹងរបបក្រុងភ្នំពេញ បានអះអាងប្រាប់ស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) តាមរយៈលិខិតមួយច្បាប់ថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនាំចេញ ក្រោមកម្មវិធី “ទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ឬ EBA” នេះ នឹងប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់វិស័យការងារ និងការនាំចេញរបស់កម្ពុជា។ ពួកគេបានអំពាវនាវដល់គណៈកម្មការអឺរ៉ុប និងបណ្ដារដ្ឋសមាជិកអឺរ៉ុបទាំងអស់ កុំឱ្យដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ និងស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។
តំណាងវិស័យឯកជនទាំងនោះ មានជាអាទិ៍ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក វ៉ាន់ សូអៀង ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) លោក អាណៅ ដាក (Arnaud Darc) ជាដើម ចំណែកសហជីពស្និទ្ធនឹងរបបក្រុងភ្នំពេញមានដូចជា ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) លោក ជួន មុំថុល និងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ជាដើម។
សំណើសុំរបស់តំណាងវិស័យឯកជននេះ ធ្វើឡើងក្រោយពេលអឺរ៉ុបសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ដែលតំណាងវិស័យឯកជនយល់ថា ជាទណ្ឌកម្មមួយបង្ហាញថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចរាល់ក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ ជឿជាក់ថា វិស័យឯកជនប្រាកដជាបានលើកឡើងពីក្តីកង្វល់ទាំងនេះប្រាប់ទៅរបបដឹកនាំបច្ចុប្បន្នរួចហើយ ដោយសារភាគីទាំងពីរមានទំនាក់ទំនងល្អ និងធ្វើការងារជាមួយគ្នាជាប់ជាប្រចាំ។ លោករំពឹងថា របបដឹកនាំបច្ចុប្បន្ននឹងដោះស្រាយបញ្ហា EBA នេះ ដោយភាពឈ្លាសវៃ និងឈរលើផលប្រយោជន៍ជាតិជាធំ ព្រោះកម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «វិស័យឯកជន ប្រសិនបើគេមិនមានការព្រួយបារម្ភ គេក៏មិនធ្វើអ្វីដែរ ព្រោះយល់ថា មិនចាំបាច់ ប៉ុន្តែធម្មតាសុទ្ធតែមានក្ដីកង្វល់ហើយថានឹងអាចប៉ះពាល់ដល់និរន្តរភាពក្នុងការធ្វើជំនួញ ឬក៏បាត់បង់សមត្ថភាពក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារនាំចេញ។ ប្រសិនបើការដក EBA នេះ ដាច់ខាតត្រូវតែកើតឡើង មានតែខាងតំណាងវិស័យឯកជននៅកម្ពុជាហ្នឹង ងាកមកធ្វើការងារជាមួយរដ្ឋាភិបាលវិញ»។
ស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom) បានបញ្ជាក់ជាថ្មីទៀតដល់ប្រមុខការទូតរបបក្រុងភ្នំពេញ លោក ប្រាក់ សុខុន ថា សហភាពអឺរ៉ុបនៅតែមានកង្វល់ជុំវិញបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ អ្នកស្រីព្រមានជាថ្មីទៀតពីលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើរបបក្រុងភ្នំពេញមិនព្រមស្ដារស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យនៅក្នុងស្រុកឱ្យវិលមករកភាពប្រក្រតីវិញទេនោះ។
ទោះជាយ៉ាងណាក្ដី កាលពីពេលថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា លោកបានរៀបចំយុទ្ធសាស្ត្ររួចរាល់ហើយ ដើម្បីទប់ទល់នឹងស្ថានភាពបាត់បង់ការអនុគ្រោះពន្ធនេះ។ យុទ្ធសាស្ត្រថ្មីនោះ គឺការលុបបំបាត់អំពើពុករលួយទាក់ទងនឹងការនាំចេញ និងការលុបបំបាត់ចោលនូវអង្គភាពមិនចាំបាច់មួយចំនួននៅតាមច្រកព្រំដែន។ ចំណែក មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្សី វិស្សុត វិញ បានអះអាងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឱកាសដែលអាចឱ្យកម្ពុជាពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបានកាន់តែខ្លាំង៖ «រយៈពេលខ្លីវាអាចមានការប៉ះពាល់ខ្លះ ប៉ុន្តែវាធ្វើឱ្យយើងប្រឹង ឱ្យយើងប្រែក្លាយឱកាសនេះទៅជាការកែទម្រង់ស៊ីជម្រៅរចនាសម្ព័ន្ធ។ វាធ្វើឱ្យសេដ្ឋកិច្ចយើងខ្លាំងយូរអង្វែងទៅវិញ អ៊ីចឹងកែតែអ្វីដែលពាក់ព័ន្ធ EBA តែដល់ពេលចំណេញ ចំណេញមួយប្រទេស ស្អីទៀតក៏ចំណេញដែរ គ្រប់រឿងទាំងអស់តែម្តង។ វាទៅជាបរិយាកាសមួយជួយរុញសេដ្ឋកិច្ចឡើងទាំងអស់តែម្ដង»។
លោក ង៉ែត ជូ ថ្លែងថា យុទ្ធសាស្ត្រលុបបំបាត់អំពើរលួយអាចជួយជំរុញការនាំចេញបានខ្លះ ក៏ប៉ុន្តែការលុបចោលអង្គភាពពាក់ព័ន្ធមួយចំនួននៅតាមព្រំដែន នឹងមិនផ្ដល់ផលប្រយោជន៍ដល់ការនាំចេញផលិតវាយនភណ្ឌ និងស្រូវអង្ករនោះទេ ដោយសារផលិតផលទាំងនេះមិនមែននាំចេញឆ្លងកាត់តាមច្រកព្រំដែននោះឡើយ។ បន្ថែមពីលើនេះ លោកមិនយល់ស្របឡើយ ចំពោះការលើកឡើងដែលថា ការបាត់បង់ប្រព័ន្ធអនុគ្រោះ EBA នេះ ជាឱកាសក្នុងការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះការកែទម្រង់សេដ្ឋកិច្ច មិនមែនធ្វើឡើងនៅពេលរងសម្ពាធពីអន្តរជាតិនោះឡើយ៖ «យើងមិនចង់ឱ្យគេដកប្រព័ន្ធអនុគ្រោះពន្ធក្នុងរយៈពេលភ្លាមៗ ហ្នឹងទេ។ យើងចង់ឱ្យថា យើងទទួលបានប្រព័ន្ធអនុគ្រោះពន្ធហ្នឹងទៅ ប៉ុន្តែរដ្ឋាភិបាលយកពេលហ្នឹងដកឃ្លា ដើម្បីរៀបចំខ្លួន ធ្វើកំណែទម្រង់ កាត់បន្ថយថ្លៃដើមធ្វើជំនួញជាដើម។ មានន័យថា យើងមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើកំណែទម្រង់ ប៉ុន្តែប្រសិនបើឱសានវាទ ឬស្អីដែលកើតឡើងក្នុងរយៈពេល ១៨ខែទៅមុខនេះ ត្រូវតែកើតឡើង ខ្ញុំជឿជាក់ថា នេះជាការលំបាកណាស់»។
ក្រោមកម្មវិធី EBA កម្ពុជាបានរួចផុតកាតព្វកិច្ចពន្ធប្រមាណ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយកាលពីឆ្នាំ២០១៧ កន្លងទៅ ផលិតផលសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ បានផ្ដល់ប្រាក់ចំណូលលើសពី ៥ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ចំណូលច្រើនជាងគេនៃការនាំចេញផលិតផលគ្រប់ប្រភេទរបស់កម្ពុជា។
ប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ កម្ពុជាអាចនឹងត្រូវបាត់បង់ការបញ្ជាទិញផលិតផលវាយនភណ្ឌដ៏ច្រើនសម្បើមពីក្រុមហ៊ុនម៉ាកយីហោល្បីៗ របស់ប្រទេសលោកខាងលិច។ សារព័ត៌មានអន្តរជាតិបានរាយការណ៍ថា ក្រុមហ៊ុនម៉ាកយីហោល្បីៗ មួយចំនួនបានសម្រេចចិត្តរួចហើយ ក្នុងការចាប់ផ្ដើមដកការបញ្ជាទិញរបស់ខ្លួនពីកម្ពុជា ដោយសារពួកគេមិនចង់រកស៊ីជាមួយប្រទេសដែលកំពុងរងការគំរាមដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបឡើយ។
លោក ង៉ែត ជូ ជឿជាក់ថា រឿងនេះអាចជាការពិត ព្រោះអ្នកវិនិយោគមិនមែនរកស៊ីតែនៅកម្ពុជាមួយនោះទេ ហើយពួកគេនឹងពិចារណាលើការវិនិយោគរបស់ខ្លួន បើស្ថានភាពនេះមិនមានភាពប្រសើរឡើងវិញទេនោះ។ លោកបន្ថែមថា ក្រៅពីដោះស្រាយរឿង EBA នេះ របបក្រុងភ្នំពេញក៏ត្រូវតែប្រឹងប្រែងកាត់បន្ថយថ្លៃដើមនៃការធ្វើជំនួញ និងលើកស្ទួយផលិតភាពរបស់ខ្លួនឱ្យបានកាន់តែប្រសើរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។