កសិករមួយចំនួនរិះគន់ផែនការកសិកម្មរបស់លោក ហ៊ុន សែន ថាមិនបានប្រយោជន៍ដល់ពួកគាត់
2019.03.14
ប្រជាកសិករនៅតាមខេត្តមួយចំនួនរិះគន់អនុសាសន៍លើវិស័យកសិកម្មរបស់លោក ហ៊ុន សែន ថា និយាយបានតែមាត់ តែមិនផ្ដល់ប្រយោជន៍ពិតប្រាកដដល់កសិករក្រីក្រនៅតាមជនបទនោះទេ។ ពួកគាត់លើកឡើង ប្រសិនបើរបបក្រុងភ្នំពេញចង់ជួយកសិករឱ្យមានជីវភាពធូរធារ គឺត្រូវជួយរកទីផ្សារលក់កសិផលរបស់ពួកគាត់ដែលផលិតបាន ឱ្យមានតម្លៃប្រសើរជាងបច្ចុប្បន្ន និងត្រូវទប់ស្កាត់បន្លែផ្លែឈើហូរចូលពីក្រៅប្រទេស ដែលកសិករក្នុងស្រុកអាចផលិតបាន ព្រោះធ្វើឱ្យទំនិញក្នុងស្រុកចុះថោក ហើយធ្វើឱ្យប៉ះពាល់ដល់របរកសិកម្មរបស់ប្រជាពលរដ្ឋ។
ប្រជាកសិករនៅស្រុកបារាយ ខេត្តកំពង់ធំលោក អ៊ូច ឡឹក ថ្លែងប្រាប់អាស៊ីសេរីឱ្យថា កសិករនៅស្រុកបារាយ ធ្វើចំណាកស្រុកជិតអស់ពីភូមិហើយ ដោយសារតម្លៃស្រូវចុះថោក ហើយតម្លៃស្រូវទូទាត់មិនរួចដើមទុនដែលខ្ចីធនាគារ។ កសិកររូបនេះបន្តទៀតថា អនុសាសន៍របស់លោកហ៊ុន សែន បានត្រឹមតែល្អមើល ដោយមិនអាចជួយដោះស្រាយពួកគាត់ឱ្យមានជីវភាពប្រសើរបានទេ ព្រោះកន្លងមកលោក ហ៊ុន សែន តែងលើកយកស្នាដៃមន្ត្រីរបស់ខ្លួនមកបង្ហាញប្រជាពលរដ្ឋ ប៉ុន្តែជាក់ស្ដែងមិនបានដោះស្រាយជីវភាពពលរដ្ឋបានប្រសើរឡើយ ព្រោះតម្លៃកសិផលចុះថោកជារៀងរាល់ឆ្នាំមិនមានអាជ្ញាធរណាដោះស្រាយជូនពួកគាត់បានទេ៖ «បើកាលពីសម័យនៅប្រើគោក្របីធ្វើស្រែធម្មតាមានអី ដោយប្រជាពលរដ្ឋមិនទាន់មានអ្នកណាជំពាក់គេរត់ចោលស្រុក អត់មានពីណាជំពាក់ប្លង់ដីអ្នកមានពីណាជំពាក់លុយធនាគាររាប់ម៉ឺនដុល្លារ ដូច្នេះសព្វថ្ងៃនេះ ដល់ពេលការរីកចំរើនអីចឹងវាទៅជាម្នាក់ៗប្លង់ដីទៅលើធនាគារចងការប្រាក់ គឺចុងសន្លឹកនៅធនាគារគ្មានពីណានៅផ្ទះមួយទេ»។
លោកបន្តថា យុទ្ធសាស្ត្រលោក ហ៊ុន សែន ក៏មិនខុសពីពេលមុនៗដែរ គឺជីវភាពរបស់ពួកគាត់ក្រីក្រនៅតែក្រដដែល ហើយកាន់តែក្រជាងមុនទៀត ព្រោះសព្វថ្ងៃខ្ចីប្រាក់ធនាគាររាប់ពាន់ដុល្លារយកមកធ្វើស្រែប្រាំងមិនទាន់បានសងគេនៅឡើយ ព្រោះលក់ស្រូវមិនបានប្រាក់កម្រៃ។
ចំណែកកសិករដាំបន្លែនៅខេត្តបាត់ដំបងឯណោះវិញ លោក បោ យឿត លើកឡើងថា ជីវភាពពួកគាត់កាន់តែក្រីក្រ ដោយសារបន្លែផលិតបានហើយតែគ្មានទីផ្សារលក់ក្នុងតម្លៃសមរម្យ ហើយគ្មានអាជ្ញាធរណាចេញមកជួយដោះស្រាយពួកគាត់បានទេ។ កសិកររូបនេះ អះអាងទៀតថា បើទោះបីជាឆ្នាំនេះនៅកម្ពុជាជួបគ្រោះរាំងស្ងួតក៏ដោយ ក៏តម្លៃបន្លែនៅតែចុះថោក ព្រោះដោយសារសមត្ថកិច្ចនៅតាមព្រំដែនបណ្ដោយឈ្មួញនាំបន្លែពីប្រទេសជិតចូលមកនៅលើទីផ្សេងកម្ពុជា។លោកបន្តថា ដូច្នេះទោះបីជាលោក ហ៊ុន សែន មានយុទ្ធសាស្ត្រពង្រីកផ្ទៃដាំដុះធំទូលាយ និងមានបច្ចេកទេសទំនើបយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ព្រោះពួកគាត់នៅទីជនបទដាំបន្លែមកជាច្រើនឆ្នាំហើយ ជីវភាពនៅតែក្រដដែល ស្របពេលដែលអាជ្ញាធរបានដាក់ចេញផែនការទៅមន្ទីរថ្នាក់ក្រោមរបស់ខ្លួនជាបន្តបន្ទាប់នោះ៖ «ខ្ញុំមិនយល់ស្របទេបញ្ហានឹង ព្រោះគាត់បានតែនិយាយពង្រីកទីផ្សារឱ្យធំ ដោយនាំតែទំនិញចូលស្រុកនោះ បើគាត់ចង់បានប្រយោជន៍ទាល់តែបិទច្រកមិនឱ្យនាំបន្លែចូលមកកម្ពុជា បានកសិករសប្បាយចិត្ត។ បើគាត់អត់រកទីផ្សារគឺវាប៉ះពាល់ខ្លាំងព្រោះដាំដំណាំបានអត់មានកន្លែងលក់ ហើយនាំគ្នាធ្វើចំណាកស្រុកដោយសាររកលុយសងធនាគារមិនបាន ព្រោះខាងធនាគារគេមិនអនុគ្រោះឱ្យយើងទេ គឺដល់ខែគេមកទារលុយហើយ បើយើងមិនមានប្រាក់សងគេ គេនឹងមករឹបអូសផ្ទះសម្បែងដីធ្លីយើងហើយ»។
ប្រតិកម្មរបស់ពលរដ្ឋ ដោយសារកាលពីកាលពីថ្ងៃទី១៤ មីនា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានណែនាំមន្ត្រីក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធឱ្យអនុវត្តការងាររបស់ខ្លួនបន្តទៀត។លោក ហ៊ុន សែន បន្តថា ក្រសួងត្រូវធ្វើទំនើបកម្មផ្នែកកសិកម្ម ដែលមានលក្ខណៈប្រកួតប្រជែង ដោយមានការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ហើយបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម រវាងរដ្ឋនិងឯកជន ក្នុងការបង្កើតតំបន់ កសិឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ។ លោក ហ៊ុន សែន ក៏ជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារសម្រាប់ការលក់បោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារ កសិផលជូនប្រជាកសិករ ហើយឱ្យបង្កើនគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មជាដើម៖ «ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្ដាដៃគូអភិវឌ្ឍន៍នានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីពហុភាគី និងថ្នាក់តំបន់និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសថ្មីៗទៀត ដើម្បីធ្វើទំនើបកម្ម ទំនើបភាវូប្បនីយកម្មកសិកម្ម ឱ្យរួមចំណែកកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ»។
ប្រសាសន៍លោ ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងកសិកម្ម នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ មីនា។ លោក ហ៊ុន សែន ក៏បានណែនាំឱ្យមន្ត្រីក្រសួងត្រូវធ្វើយ៉ាងណាចរចាជាមួយបណ្ដាប្រទេស ដែលទិញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ឱ្យបានល្អប្រសើរ ។
កសិករនៅខេត្តកំពង់ឆ្នាំង សុំមិនឱ្យបញ្ចេញឈ្មោះ យល់ថា យុទ្ធសាស្ត្រនេះមិនអាចទទួលបានជោគជ័យនោះទេ ល្គឹកណាលោក ហ៊ុន សែន មិនបានតានដានការងារមន្ត្រីក្រោយឱវាទរបស់ខ្លួនឱ្យចុះជួយអប់រំបង្រៀនដល់កសិករឱ្យចេះដាំដុះ និងជួយរកទីផ្សារលក់កសិផលឱ្យបានតម្លៃប្រសើរជាងពេលបច្ចុប្បន្ននោះ ព្រោះបើទោះបីជាមានបច្ចេកទេសដាំដុះទំនើបក៏គ្មានប្រយោជន៍ដែរ ព្រោះសព្វថ្ងៃពោតសណ្ដែកនិងដំណាំស្រូវពួកគាត់ដាំដុះបានផល តែលក់មិនបានប្រាក់កម្រៃ ព្រោះហាងឆេងនៅលើមាត់ឈ្មួញកណ្ដាល។ «»
របាយការណ៍រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វ៉េង សុខុន ឱ្យដឹងថា នៅឆ្នាំ២០១៨ កសិករធ្វើស្រូវនៅទូទាំងប្រទេស សម្រេចបានលើផ្ទៃដីជាង ៣លាន៣សែនហិកតារ (៣.៣៤០.០០០) ស្មើនឹង ១១៣% នៃផែនការ ក្នុងនោះការធ្វើស្រូវវស្សាមានជាង ២លាន៧សែន ហិកតារ(២.៧៥០.០០០) និងការធ្វើស្រូវនៅរដូវប្រាំង ជិត៦សែនហិកតារ(៥៩០.០០០) គឺកើនប្រមាណ ៤% បើធៀបការដាំដុះក្នុងឆ្នាំ២០១៧។ បរិមាណផលស្រូវសរុបមានជាង១០លានតោន (១០.៨៩០.០០០) គឺកើនជាង៣ភាគ ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះបរិមាណផលស្រូវវស្សាប្រមាណជាង៨លានតោននិងស្រូវរដូវប្រាំងមានជិត៣លាន់តោន ២,៦៨ លានតោន។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន អះអាងថា កសិករក្រីក្រមិនមែនដោយសារផ្ទៃដីដាំដុះតិចតួច ឬខ្វះបច្ចេកទេសដាំដុះនោះទេ គឺបណ្ដាលមកពីខ្វះទីផ្សារលក់កសិផល ព្រោះសព្វថ្ងៃកសិករអាចផលិតស្រូវ និងបន្លែបានច្រើន អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន ក៏ប៉ុន្តែដោយសារការហូរចូលបន្លែផ្លែឈើនិងទំនិញផ្សេងទៀត ដែលកសិករក្នុងស្រុកអាចផលិតបានយកមកលក់ក្នុងទីផ្សារកម្ពុជាច្រើនលើសលប់ ដែលធ្វើទំនិញរបស់កសិករចុះថោក៖ «ដូច្នេះខ្ញុំមិនមានជំនឿថា គាត់បង្កើនកសិកម្មបានទេហើយថ្មីៗនេះតាមព័ត៌មានថា គេផ្ដាច់ពន្ធអ៊ីប៊ីអេ (EBA) ខាងសហគមន៍អឺរ៉ុបថែមទាំងយកពន្ធនាំអង្ករ នាំផលិតផលកសិកម្មទៅស្រុកគេទៀត អីចឹងវារឹងតែធ្ងន់ធ្ងរទៅហើយ មិនបានធូរធារដោយសារកសិកម្មនៅកម្ពុជាទេ គ្រួសារខ្លះបានគ្រាន់ងើបមុខងើបមាត់តិច ដោយសារកូនគាត់ចំណាកស្រុកទៅប្រទេសគេទេ គឺអត់មានអ្នកណាមានដោយសារកសិកម្មទេ»។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវទប់ស្កាត់ទំនិញនាំចូលពីក្រៅប្រទេសតាមច្រកព្រំដែន ជាពិសេសបន្លែផ្លែឈើ សាច់ជ្រូកនិងសាច់មាន់ហូរចូលមកកម្ពុជាច្រើនពេក ព្រោះទំនិញទាំងអស់នេះកសិករខ្មែរអាចដាំដុះបានដោយខ្លួនឯង ដើម្បីពួកគាត់មានឱកាសដាក់លក់នៅលើទីផ្សារក្នុងស្រុកបាន ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស។ លោកថា អាជ្ញាធរក៏ត្រូវធ្វើពង្រីកប្រពន្ធធារាសាស្ត្រនៅទីជនបទឱ្យបានច្រើនបន្ថែមទៀត ដើម្បីកសិករអាចដាំដុះបានទាំងរដូវប្រាំង និងរដូវវស្សា៕