លោក ហ៊ុន សែន ព្រមាន​បិទ​ការ​នាំ​ចូល​ពី​ប្រទេស​ដែល​មិន​ទទួល​ទំនិញ​ពី​កម្ពុជា

ដោយ ម៉ៅ សុធានី
2018.02.01
ហ៊ុន សែន អាស៊ាន ២០១៧ ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (អង្គុយ​ពី​ឆ្វេង​ទី២) រួម​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេង​ទៀត ក្នុង​ពិធី​សោយភាជន នៅ​ប្រទេស​ហ្វីលីពីន កាល​ពី​យប់​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ Photo Courtesy of Hun Sen Facebook's page
Photo: RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​មាន​ប្រទេស​ណាមួយ បិទ​មិន​ឲ្យ​កម្ពុជា​នាំចូល​ទំនិញ កម្ពុជា​ក៏​នឹង​បិទ​ទំនិញ​មិន​ឲ្យ​ប្រទេស​នោះ នាំ​ទំនិញ​ចូល​កម្ពុជា​ដូចគ្នា​ដែរ។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្រោយ​ដែល​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ប្រាប់​អាស៊ីសេរី​ថា ប្រទេស​ចំនួន ២៨​ក្នុង​សហភាព​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​នៅ​ប្រទេស​ប៊ែលហ្សិក (Belgium) ដើម្បី​ប្រើ​វិធានការ​ក្ដៅ​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ខាង​វិស័យ​កាត់ដេរ ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សេដ្ឋកិច្ច​បើក​ចំហរ ការ​នាំ​ទំនិញ​ចេញចូល​ត្រូវ​បង់ពន្ធ​ដូចគ្នា និង​ដើម្បី​បាន​ផលប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក។ លោក បន្ត​ថា កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស រួមមាន​ទៅ​ថៃ និង​ចិន មាន​បរិមាណ​តិច​ជាង​ការ​នាំ​ចូល៖ «យើង​សព្វថ្ងៃ​នេះ យើង​នាំ​ចូល​ទៅ​គេ យើង​បង់ពន្ធ គេ​ក៏​ទទួល​ផល​ប្រយោជន៍​ពី​ការ​នាំ​ចេញ​របស់​យើង​ដែរ ហើយ​យើង​ក៏​ទទួល​ផល​ប្រយោជន៍​ពី​ការ​នាំចូល​វិញ​ដែរ។ យើង​ក៏​ជា​ប្រជាជាតិ​មួយ​ដែល​មាន​កម្លាំង​ទិញ មិន​តូច​ទេ ខ្ញុំ​ឧទាហរណ៍​ប្រទេស​ថៃ ទំហំ​ពាណិជ្ជកម្ម​នាំចូល​ពី​ថៃ​មក​កម្ពុជា ជាង​៤​ពាន់​លាន ហើយ​យើង​នាំ​ចេញ​ទៅ​ថៃ ទើបតែ​បាន​ជិត ១​ពាន់​លាន ប៉ុណ្ណោះ​។ ប៉ុន្តែ​សួរ​ថា យើង​ទិញ​ពី​ថៃ​ច្រើន​ម៉េះ ម៉េច​មិន​ធ្វើ​ឲ្យ​មាន​តុល្យភាព ការ​ធ្វើ​ដូចនេះ វា​មិនទាន់​ទៅ​រួច​ទេ»

ក៏ប៉ុន្តែ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​ការ​នាំ​ទំនិញ​សំលៀកបំពាក់ ក្នុង​វិស័យ​កាត់ដេរ ចេញ​ទៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​ត្រូវ​បាន​រួច​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះ​ឡើយ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបើតសិន (Phil Robertson) អះអាង​ថា ក្រៅពី​សហគមន៍​អឺរ៉ុប ក្រុម​សមាជិក​ព្រឹទ្ធសភា​នៃ​សហរដ្ឋអាមេរិក​វិញ ក៏​នឹង​បញ្ចេញ​ច្បាប់​មួយ​ដែរ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ស្តារ​ស្ថានការណ៍​នយោបាយ​ឲ្យ​មាន​សភាព​ធម្មតា ឡើងវិញ រួមមាន​ការ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ជាដើម៖ «អ្វី​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ពេល​នេះ​គឺ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ទាំងពីរ​គណបក្ស​រួមមាន​លោក ចន ម៉ាកឃែន (John MacCain) លោក ប៊ែន ខាដិន (Ben Cardin) និង​លោក ឌីក ឌឺប៊ិន (Dick Durbin) នឹង​ធ្វើ​ច្បាប់​ពិសេស​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​លោក ហ៊ុន សែន។ ច្បាស់​ណាស់​ទៅ​ហើយ លោក ហ៊ុន សែន គ្មាន​ប្រជាប្រិយភាព ហើយក៏​គ្មាន​សម្ពន្ធមិត្ត​ណាមួយ​ក្នុង​រដ្ឋសភា​នោះ​ទេ ដោយ​បុរស​ម្នាក់ នេះ​គាត់​ជា​ជន​ផ្ដាច់ការ ជា​ជើងកាង ជា​មេ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​បុរស​ម្នាក់​សម​នឹង​ទទួល​នូវ​ទណ្ឌកម្ម។ ចំណែក​សហគមន៍​អឺរ៉ុប វិញ​ក៏​កំពុង​រៀបចំ​វិធានការ​ជាក់លាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែរ​។ ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​របស់​សហគមន៍​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន​មួយ នៅ​ចុងខែ​កុម្ភៈ​ខាងមុខ ដែល​ជា​វិធាន​ក្ដៅ​ទៅ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន តែម្ដង»

លោក ហ៊ុន សែន ក៏បាន​ទទួល​ស្គាល់​ថា កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ផលិត​ទំនិញ​នាំចេញ​របស់​កម្ពុជា ជាមួយ​ប្រទេស​មួយ​ចំនួន ឲ្យ​មាន​តុល្យភាព​បានទេ ដោយសារ​ទំនិញ​កម្ពុជា​នាំចេញ ភាគច្រើន គឺជា​ផលិតផល​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។