ពលរដ្ឋ​រអ៊ូ​រឿង​តម្លៃ​សាំង​នៅតែ​បន្ត​ឡើង​ថ្លៃ​ខ្លាំង

ដោយ វ៉ែន សុមេធ
Share on WhatsApp
Share on WhatsApp
សាំង បុគ្គលិក​ស្ថានីយ​ប្រេង​ចាក់​សាំង​ឲ្យ​អតិថិជន​នៅ​ឯ​ស្ថានីយ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ។
RFA File Photo

ប្រជាពលរដ្ឋ​មួយ​ចំនួន​រអ៊ូរទាំ​អំពី​តម្លៃ​ប្រេងសាំង នៅតែ​បន្ត​ឡើង​ថ្លៃ​ខ្លាំង បើ​ទោះ​បី​ជា​ក្រសួងពាណិជ្ជកម្ម លើកឡើង​ថា តម្លៃ​ប្រេងសាំង នឹង​ធ្លាក់​ថ្លៃ​បន្តិច​ចាប់ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ក្ដី។ នៅ​ថ្ងៃ​សៅរ៍​ទី​១២ ឧសភា​នេះ តម្លៃ​ប្រេងសាំង​ស៊ុបពែ មាន​តម្លៃ​៤៤៥០​រៀល ក្នុង​មួយ​លីត្រ និង​សាំង​ធម្មតា​មានតម្លៃ ៤១៥០​រៀល​ក្នុង​មួយ​លីត្រ។

តម្លៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​កើន​ឡើងជា​លំដាប់​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​អ្នក​រកស៊ី​រត់​ម៉ូតូឌុប កង់​បី និង​ឡាន​ឈ្នួល​ជាដើម។ អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ទីក្រុង​ភ្នំពេញ ម្នាក់ លោក វណ្ណា រៀបរាប់​ថា ការ​ឡើង​ថ្លៃ​សាំង​បែបនេះ បាន​បណ្ដាល​ឱ្យ​អ្នក​ប្រកប​របរ​ដឹកជញ្ជូន​ដូច​លោក​ពិបាក​រក​ចំណូល ព្រោះថា​អ្នក​ជិះ​តែងតែ​តថ្លៃ ចង់​បាន​តម្លៃ​ថោក ប៉ុន្តែ​បើ​គាត់​យក​ថោក​មិន​អាច​រួច​ថ្លៃ​សាំង​ឡើយ។ លោក​ថា ថ្ងៃ​ខ្លះ​លោក​រត់​ម៉ូតូ​គ្រាន់តែ ដោះដូរ​ថ្លៃ​សាំង​តែប៉ុណ្ណោះ។ «»

មិន​ត្រឹមតែ​អ្នក​រត់​ម៉ូតូ​កង់​បី​ទេ​ដែល​រអ៊ូ​នោះ អ្នកប្រើប្រាស់​ម៉ូតូ​ឡាន និង​អ្នក​ប្រកប​របរ​អាជីវកម្ម​ធុន​តូច និង​មធ្យម ក៏​បាន​ត្អូញត្អែរ​ថា ពួកគាត់​ជួប​បញ្ជា​ខាតបង់​ច្រើន​លើ​តម្លៃ​ប្រេងសាំង​នេះ​ដែរ។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់​លោក គីម ឈិត រៀបរាប់​ថា សម្រាប់​លោកអ្នក​មាន​ប្រាក់ខែ និង​មាន ប្រាក់ចំណូល​ថេរ គឺ​មិន​សូវ​មាន​ប៉ះពាល់​ប៉ុន្មាន​ឡើយ។ ទោះ​យ៉ាង​ណា​ក្តី លោក​មើល​ឃើញ​ថា នៅ ក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ភាគច្រើន ពិតជា​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​រឿង​ជីវភាព ព្រោះតែ​កត្តា ឡើងថ្លៃ​សាំង​មិន​អាច​គ្រប់គ្រង​បាន​ល្អ​នេះ។ «»

លោក គីម ឈិត បន្ត​ថា ជារឿយៗ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ និង​ហក់​ឡើងថ្លៃ​លឿន ជាង​បណ្ដា​ប្រទេស​នានា​ទៀត​ដូចជា​ប្រទេស​ថៃ​ជាដើម។ លោក​មាន​មន្ទិល​ថា ជូន​កាល​ការ​ឡើង​ថ្លៃ​នេះ អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែរ។ «»

សេចក្ដីជូនដំណឹង​របស់​អន្តរក្រសួង​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​រ៉ែ និង​ថាម ពល ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា នៅ​តាម​ស្ថានីយ​នានា​នៅ​ទីក្រុង​ភ្នំពេញ ប្រេងសាំង​ស៊ុបពែ មាន​តម្លៃ​៤.៤៥០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​សាំង​ធម្មតា​មាន​តម្លៃ​៤.១៥០​រៀល ក្នុង​មួយ​លីត្រ។ រីឯ ប្រេង​ម៉ាស៊ូត មាន​តម្លៃ​៤០០០​រៀល​ក្នុង​មួយ​លីត្រ។

ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​រយៈពេល ១០​ថ្ងៃ​ម្ដង តាមរយៈ​រូបមន្ត​ដែល​កំណត់​ដោយ​អន្តរក្រសួង និង​អាស្រ័យ​លើ​តម្លៃ​មធ្យមភាគ​នៃ​ប្រេង​លក់ដុំ​នៅ​ប្រទេស​សិង្ហបុរី បូករួម​ទាំង​អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ការកំណត់​នេះ ធ្វើឡើង​តែ​លើ​ប្រេងសាំង​ធម្មតា និង​តម្លៃ​ប្រេង​ម៉ាស៊ូត​ប៉ុណ្ណោះ ពោល​គឺ​មិន​មាន​ការកំណត់​លើ​ប្រេងសាំង​ស៊ុបពែ​នោះ​ទេ។

កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរសក្តិ បាន​ផ្ដល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន​បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ថា ខាង​ក្រសួង​បាន​ធ្វើការ​យ៉ាង​ញាប់​ដៃ​ដើម្បី​ធ្វើការ សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​តិច​ចាក់​សាំង​ធម្មតា ដោយ​បន្ថយ​តម្លៃ​សាំង​ធម្មតា​មក ត្រឹម​៤១០០ រៀល និង​ដំឡើង​ថ្លៃ​សាំង​ស៊ុបពែ គឺ​សម្រាប់​រថយន្ត​ស៊េរី​ទំនើប​ចាក់ ឬ​រថយន្ត​អ្នកមាន។ «»

ការ​លើក​ឡើង​នេះ​បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រិះគន់​ធ្ងន់ៗ​លើ​លោក​រដ្ឋមន្ត្រី​ថា បាន​បែងចែក វណ្ណៈ​អ្នកមាន និង​អ្នកក្រ រហូត​ដល់​បាន​បញ្ចេញ​ទស្សនៈ​ថា «សាំង​អ្នកមាន សាំង​អ្នកក្រ»។ ពលរដ្ឋ ថា ពួកគាត់​ក៏​ចង់​ចាក់​សាំង​ស៊ុបពែ​ដែរ ដើម្បី​ឱ្យ​ម៉ូតូ​របស់​គាត់​ដំណើរ​ការ​ល្អ​ដែរ ដើម្បី​ជៀស វាង​ការ​ខូច ហើយ​ត្រូវ​ចំណាយ​ជួសជុល ឬ​ត្រូវ​ទិញ​ថ្មី​ដែល​រឹតតែ​ចំណាយ​ច្រើន។

បន្ទាប់ពី​មាន​ការ​រិះគន់​យ៉ាង​កក្រើក​នេះ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​នាំគ្នា​ធ្វើ​សន្និសីទ​សារព័ត៌មាន ការពារ​និង​បកស្រាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​ថា តម្លៃ​ប្រេង​ឥន្ធនៈ អាច​នឹង​ថយ​ចុះ​បន្តិច​វិញ។ក្រសួង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ កម្ម លោក ស៊ាង ថៃ ថ្លែង​ថា ការកំណត់​តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​ធ្វើឡើង ដើម្បី​ជួយ​ពលរដ្ឋ​ដែល​មាន​ប្រាក់ចំណូល​ទាប ដូច្នេះ​មិន​គួរ​មានការ​យល់ ច្រឡំ និង​មានការ​រិះគន់​ថ្នាក់ដឹកនាំ​ក្រសួង​បែបនេះ​ទេ។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វ៉ន ពៅ បាន​អត្ថាធិប្បាយ​ថា រហូត​មក ពេលនេះ តម្លៃ​ប្រេងសាំង​នៅតែ​មិន​អាច​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​បាន​ដដែល។ លោក​បារម្ភ​ថា វា​នឹង​ប៉ះពាល់​ជីវភាព​អ្នក​ក្រីក្រ​យ៉ាង​ខ្លាំង​ពីព្រោះ​ពួកគេ​ពិបាក​រក​ប្រាក់​ចំណូល។ លោក​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា អ្នក​រត់​ម៉ូតូឌុប​គ្រប់គ្នា​ពិបាក​រក​ប្រាក់​ចំណូល​ណាស់​ពីព្រោះ​ប្រេងសាំង​ឡើង​ថ្លៃ​ខ្លាំង ពេក។ អ្នក​ជិះ​ម៉ូតូឌុប​តថ្លៃ​ពីព្រោះ​ពួកគាត់​ពិបាក​រក​ប្រាក់​ចំណូល​ដែរ។ លោក​បន្ត​ថា ម្យ៉ាងទៀត ប្រេងសាំង​ឡើងថ្លៃ​នាំ​អោយ​តម្លៃ​ទំនិញ​ផ្សេងៗ​ទៀត​ឡើងថ្លៃ​តាម​ដែរ​ពីព្រោះ​ប្រេងសាំង​គឺជា​កត្តាលិក​ជំរុញ​ឱ្យ​តម្លៃ​ដើម​ទំនិញ​គ្រប់មុខ​ឡើងថ្លៃ​តាម។ «»

អ្នក​ជំនាញ​សេដ្ឋកិច្ច​ចាត់ទុកថា កម្ពុជា​កំពុង​ឋិត​ក្នុងចំណោម​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​ថយ​ចុះ​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែ​អ្នក​ជំនាញ​រក​ឃើញ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អ្នកក្រ ៧​លាន​នាក់ និង​អ្នក​ជិត​ក្រ​ប្រមាណ ៨​លាន​នាក់។ បើ​តាម​តួលេខ​នេះ ពលរដ្ឋ​កម្ពុជា ស្ទើរតែ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នកក្រ និង​អ្នក​ហៀប​តែ​នឹង​ធ្លាក់ខ្លួន​ក្រ ដែល​មានន័យថា ពួកគេ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង ១​ដុល្លារ​ក្នុង​មួយថ្ងៃ ឬ​អ្នកខ្លះ​មួយ​ដុល្លារ​តិចតួច​ក្នុង​មួយថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់។

លោក​វ៉ន ពៅ លើកឡើង​ថា តម្លៃ​ប្រេងសាំង​នៅ​ប្រទេស​កម្ពុជា មិន​អាច​ឡើងថ្លៃ ឬ​ប្រៀបធៀប​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​បានទេ ព្រោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ មាន ចំណូល​ខ្ពស់​ខុស​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​សំណូមពរ​ឱ្យ​របប​លោក ហ៊ុន សែន ជួយ​រក​វិធី សាស្ត្រ​ទប់ស្កាត់​ការ​ឡើង​ថ្លៃ និង​បញ្ចុះតម្លៃ​ប្រេងសាំង​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ។

មនុស្ស​មួយ​ចំនួន​ទៀត យល់ថា តម្លៃ​ប្រេងសាំង​ដែល​ពេល​ខ្លះ​ថ្លៃ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​នេះ ក៏​អាច​ជា​មូលហេតុ​មួយ​ធ្វើ​អ្នក​វិនិយោគ​ភាគច្រើន​ពិបាក​នឹង​សម្រេចចិត្ត​វិនិយោគ​បើក​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​ដែរ។

ប្រជាពលរដ្ឋ និង​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លើកឡើង​ថា ការកំណត់​តម្លៃ​សាំង​ធម្មតា ត្រឹម​៣.៥០០​រៀល រីឯ​សាំង​ស៊ុបពែ ត្រឹម​តម្លៃ​៣.៧០០​រៀល គឺ​សម​រម​អាច​ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។