ក្រសួង​អំពាវនាវ​ប្រតិបត្តិ​ករ​ទេសចរណ៍​កុំ​ដំឡើងថ្លៃ​សេវាកម្ម​និង​ផលិតផល​ថ្ងៃ​ឆ្លង​ឆ្នាំ

ដោយ ហេង សកល
2017-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​បាញ់​កាំជ្រួច​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
ភ្ញៀវ​ទេសចរ​បាញ់​កាំជ្រួច​អបអរ​សាទរ​ឆ្លង​ឆ្នាំ​សកល នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

ក្រសួង​ទេសចរណ៍ ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ កុំ​ឲ្យ​ដំឡើងថ្លៃ​សេវាកម្ម និង​ផលិតផល ព្រមទាំង​ថែរក្សា​បរិស្ថាន អនាម័យ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល។ រីឯ​សង្គម​ស៊ីវិល​យល់ថា ការ អំពាវនាវ​នេះ មិនសូវ​បាន​ផល​ឡើយ ប្រសិន​បើ​មិន​មាន​វិធានការ​ជា​ប្រព័ន្ធ​ទេ​នោះ។

ដូច​រាល់​ឆ្នាំ​ដែរ ក្រសួងទេសចរណ៍ តែងតែ​ចេញ​សេចក្ដី​ណែនាំ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ កុំ​ឲ្យ​ដំ ឡើងថ្លៃ​សេវាកម្ម និង​ផលិតផល​ជ្រុល​ហួសហេតុ ប៉ុន្តែ​សេចក្ដី​ណែនាំ​នោះ មិន​ត្រូវ​បាន​ក្រុម​អ្នក​រកស៊ី យកចិត្តទុកដាក់​អនុវត្ត​បាន​ប៉ុន្មាន​ឡើយ ហើយ​តែងតែ​ទ​ទូល​បាន​នូវ​ការរិះគន់​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។ ក្នុង​ឱកាស​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ ក្រសួងទេសចរណ៍ បាន​ចេញ​នៅ​សេចក្ដី​ណែនាំ​មួយ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យ​ពង្រឹង​ពង្រឹង គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍។

សេចក្ដី​ណែនាំ​នោះ ក៏​ស្នើ​កុំ​ឲ្យ​ដំឡើងថ្លៃ​សេវាកម្ម និង​ផលិតផល ដោយ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ។ រាល់​សេវា​ស្នាក់នៅ និង​តម្លៃ​ម្ហូបអាហារ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ក្នុង​តារាង​តម្លៃ ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ជ្រាប​ជាមុន ចៀសវាង​ការកំណត់​តម្លៃ​ហួសហេតុ។ ចំពោះ​ករណី​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​តាម​តារាង​តម្លៃ​ដែល​បាន​កំណត់ និង​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ឬ​សេវាកម្ម ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ជាមួយ​គ្នា​នេះ ក្រសួង​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព ថែរក្សា​បរិស្ថាន អនាម័យ និង ផ្សព្វផ្សាយ​ចលនា​ប្រឡងប្រណាំង​«​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ឲ្យ​កាន់តែ​ទូលំទូលាយ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​នេះ មាន​ប្រសិទ្ធិ​តិច​តូច​ប៉ុណ្ណោះ។ លោក​ថា ការ​ដំឡើងថ្លៃ​សេវាកម្ម និង​ផលិតផល​ក្នុង​ឱកាស​បុណ្យទាន​នេះ គឺ​តែង​កើតមាន​ជា​ទម្លាប់ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ​ទៀត​ផង។ លោក​បន្ត​ថា ក្រសួងទេសចរណ៍ មិន​គួរ​ធ្វើ​ការ​អំពាវនាវ​តែ​ក្នុង​ឱកាស​បុណ្យទាន​នោះ​ទេ គឺ​ត្រូវតែ​មាន​វិធានការ​ជា​ដរាប ហើយ​សហការ​គ្នា​ឲ្យ ហ្មត់ចត់ និង​ត្រូវ​ទប់ស្កាត់​ការ​ទាមទារ​យក​ផលប្រយោជន៍​ពី​ក្រុម​អ្នក​រកស៊ី ដោយ​ក្រុម​អាជ្ញាធរ ឬ មន្ត្រី​ទេសចរណ៍​ដែល​នាំ​ឲ្យ​មានការ​ដំឡើងថ្លៃ។ «»

ក្នុង​ឱកាស​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ចូលឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ គឺ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ នឹង​សម្រុក​ទៅលេង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​កំពង់សោម ដែល​សុទ្ធ​តែ​ជា​តំបន់​មាន​ទេសចរណ៍​សំខាន់​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះយ៉ាងណា ភ្ញៀវ​ទេសចរ​ភាគច្រើន​តែង​រអ៊ូរទាំ​ថា ពួកគេ​មានការ​ខ្លាចរអា​ចំពោះ​ការដំឡើង​តម្លៃ​សេវា​ស្នាក់នៅ ថ្លៃ​ជួល​ទីកន្លែង​អង្គុយ និង​តម្លៃ​ម្ហូបអាហារ ដែល​ក្រុម​អាជីវករ កំណត់​តម្លៃ​ខ្ពស់​ខុស​ពី​ថ្ងៃ​ធម្មតា​មួយ​ជា​ពីរ ឬ​ជា​ប្រាំ នៅ​ពេល​មាន​ពិធី​បុណ្យជាតិ​ធំៗ ឬ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​មកដល់​ម្ដងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល