អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា សំណុំ​រឿង​ចាប់​កប៉ាល់​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា ផ្ដោត​តែ​លើ​ករណី​រំលោភ​ដែន​សមុទ្រ

ដោយ សុជីវី
2021.09.02
អាជ្ញាធរ​ឥណ្ឌូណេស៊ី​ថា សំណុំ​រឿង​ចាប់​កប៉ាល់​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា ផ្ដោត​តែ​លើ​ករណី​រំលោភ​ដែន​សមុទ្រ ក្រុមហ៊ុនប្រេង​ គ្រី​ស​អែ​ណឺ​ជី​ (Kr​i​s​Energy​) ដែលកាលពី​ដាច់ឆ្នាំ២០២០ បូមបានតំណក់ប្រេងដំបូងនៅកម្ពុជា ឥឡូវប្រកាស​ក្ស័យធន​ហើយ។
រូប​ KrisEnergy

អាជ្ញាធរ​ឥណ្ឌូណេស៊ី (Indonesia) កាលពី​ថ្ងៃទី​១ ខែ​កញ្ញា បាន​សម្រេច​បញ្ជូន​សំណុំរឿង​ចាប់​បាន​កប៉ាល់​ដឹក​ប្រេង​ឆៅ​ពី​កម្ពុជា​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​ចូល​ដែន​សមុទ្រ​របស់​ប្រទេស​នេះ។

អ្នកនាំពាក្យ​កង​ទ័ពជើងទឹក​ក្នុង​តំបន់​ម្នាក់ លោក ឡេអូដេ មូហាម៉ាត់ (Laode Muhamad) បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ប៊ែណា ញ៉ូវស៍ (BenarNews) ថា តុលាការ​នឹង​កំណត់​ពេលវេលា​បើក​សវនាការ​បន្ទាប់ពី​ទទួល​បាន​សំណុំ​រឿង​នេះ​ពី​អាជ្ញាធរ។ លោក​ថា ដំណើរការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​នាវា អ៊ឹមធី ស្ត្រូវ៉ូឡូស (MT Strovolos) ដែល​អាជ្ញាធរ​ចាប់បាន​នោះ​គឺ​ផ្ដោត​តែ​ទៅលើ​បទល្មើស ដែល​នាវា​នេះ​បាន​រំលោភ​ចូល​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី​។ មន្ត្រី​ដដែល​បញ្ជាក់​ថា សំណុំ​រឿង​នេះ​មិន​បាន​បញ្ចូល​ការ​ចោទប្រកាន់​ពី​ខាង​ភាគី​រដ្ឋាភិបាល​កម្ពុជា ដែល​ថា​នាវា​នេះ​បាន​លួច​ដឹក​ប្រេង​ឆៅ​ចំណុះ​ប្រមាណ​៣​សែន​បារ៉ែល ដែល​មាន​តម្លៃ​ជាង ២០​លាន​ដុល្លារ នោះ​ឡើយ​។ លោ​កថា​នេះ​ក៏​ជា​មូលហេតុ ដែល​អាជ្ញាធរ​ឥណ្ឌូណេស៊ី​សម្រេច​ថា មិន​ឃុំខ្លួន​អ្នក​បើកបរ​នាវា​នោះ​ដែរ ព្រោះថា​ប្រសិនបើ​រក​ឃើញ​ថា មានទោស​យ៉ាងណា​ក៏​មិន​លើស​ពី​ការ​ជាប់ឃុំ​រយៈពេល​៥​ឆ្នាំ​ដែរ ហេតុនេះ​នាវិក​អាច​បន្ត​នៅ​លើ​កប៉ាល់ ដែល​ចាប់​បាន​នោះ។

ទាក់ទង​នឹង​ការ​ទាមទារ​ចង់បាន​កប៉ាល់​នោះ​ត្រឡប់​ទៅ​កម្ពុជា​វិញ អ្នកនាំពាក្យ​អាជ្ញាធរ​កងទ័ពជើងទឹក​នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោក ហ្ស៊ុលៀស វីដហ្ស៊ូហ្ស៊ូណូ (Julius Widjojono) ថ្លែងថា​រឿង​នេះ​អាស្រ័យ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​។ លោក​បញ្ជាក់​ថា នៅក្នុង​កំណត់​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ស្ថានទូត និង​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ឱ្យ​ឃាត់​នាវា អ៊ឹមធី ស្ត្រូវ៉ូឡូ​ស ប្រសិនបើ​នាវា​នោះ​បាន​ឆ្លង​ចូល​ដែនសមុទ្រ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ចោទ​ថា បាន​លួច​ប្រេង​ឆៅ​ពី​កម្ពុជា​។ តែ​រដ្ឋាភិបាល​កម្ពុជា​ពុំបាន​បញ្ជាក់​ថា ស្នើសុំ​បញ្ជូន​ប្រេង​ឆៅ​ទៅ​កម្ពុជា​វិញ​ឡើយ។

អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រកាស​ចាប់​បាន​កប៉ាល់​ផ្ទុក​ប្រេង ៣​សែន​បារ៉ែល​នេះ​នៅ​ដែនសមុទ្រ​របស់​ខ្លួន​កាលពី​ចុងខែ​សីហា។

សកម្មជន​បរិស្ថាន លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​រឿង​បណ្ដែតបណ្ដោយ​ធ្វើ​ឱ្យ​បាត់បង់​ប្រេង​ឆៅ​ដែល​មាន​តម្លៃ​រហូតដល់​ជាង ២០​លាន​ដុល្លារ​ពី​កម្ពុជា​នេះ​។ រីឯ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ស៊ើបអង្កេត​ករណីនេះ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ភោគទ្រព្យ​ជាតិ​បាន​ដឹង​ច្បាស់​ពី​រឿង​ពិត​នៅ​ពីក្រោយ​រឿងរ៉ាវ​អាស្រូវ​នេះ ខណៈ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​កម្ពុជា ហាក់​កំពុង​ព្យាយាម​លាក់បាំង​ព័ត៌មាន និង​ឆ្លើយ​ដោះសា​យករួចខ្លួន​ជុំវិញ​ករណី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។