សិប្បកម្មខ្មែរសេរ៉ាម៉ិច ជាកន្លែងជួយផ្ដល់ការងារដល់ជនពិការ គ ថ្លង់ និងស្ត្រីក្រីក្រ នៅខេត្តសៀមរាប
2024.09.21
អ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា អះអាងថា វត្ថុប្រើប្រាស់ធ្វើពីដីឥដ្ឋដុត ដែលក្រុមអ្នកបុរាណវិទ្យា ហៅថា (កុលាលភាជន៍) គឺមាននៅក្នុងប្រទេសកម្ពុជាតាំងតែពី ៣.៥០០ឆ្នាំ មុនគ្រិស្តសករាជ។
រហូតមកដល់បច្ចុប្បន្ននេះ សិប្បកម្មកុលាលភាជន៍ នៅតែបន្តមាននៅក្នុងប្រទេសខ្មែរនៅឡើយ បើទោះបីជាសម័យនេះ ជាសម័យទំនើប ដែលមានសម្ភារៈប្រើប្រាស់ធ្វើអំពីដែក ប្លាស្ទិក និងសារធាតុផ្សេងៗ ហើយក្តី។
ខ្មែរសេរ៉ាម៉ិច ជាឈ្មោះសិប្បកម្ម ដែលផលិតសម្ភារៈប្រើប្រាស់ធ្វើពីដីឥដ្ឋដុតមួយកន្លែង នៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សិប្បកម្មនេះ មានម្ចាស់ជាជនជាតិបែលហ៊្សិក (Belgium) និងភរិយាជាជនជាតិខ្មែរ ដែលអាចផលិតសម្ភារៈប្រើប្រាស់ធ្វើពីដីឥដ្ឋដុត ប្រហែល ១ពាន់ប្រភេទ ដូចជា ចាន ថូផ្កា កែវទឹក ក្អម ពួច ឆ្នាំង និងរូបចម្លាក់ ទាក់ទងនឹងជំនឿសាសនា សិល្បៈ ព្រមទាំងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
លោកស្រី គីម ជាបុគ្គលិកបម្រើការនៅក្នុងសិប្បកម្មខ្មែរសេរ៉ាម៉ិច ឱ្យដឹងថា បច្ចុប្បន្ន ហាងសិប្បកម្ម កំពុងផលិតវត្ថុអនុស្សាវរីយ៍ ហើយនិងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ប្រហែល ១ពាន់ប្រភេទ។
លោកស្រីថា ផលិតផលធ្វើពីដីឥដ្ឋ ដែលផលិតចេញពីសិប្បកម្មខ្មែរសេរ៉ាម៉ិច គឺបានប្រើបច្ចេកទេសពណ៌ពីធម្មជាតិ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ព្រមទាំងមានកម្រិតស្តង់ដារអន្តរជាតិ អេស អេ ប្រាបីពាន់ (SA8000) ផង។
លោកស្រី គីម៖ «សម្រាប់ផលិតផលទាំងអស់ គឺបានដុតនៅក្នុងកម្រិតសីតុណ្ហភាពខ្ពស់ ហើយឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ ដោយសារតែយើងធ្លាប់បាននាំចេញទៅក្រៅប្រទេស ដូចជា ទៅសហរដ្ឋអាមេរិក ទៅអង់គ្លេស និងប្រទេសបារាំងជាដើម។ ដើម្បីអាចនាំចេញទៅបរទេសបាន គឺគេបានយកផលិតផលរបស់យើងទៅធ្វើតេស្ត បើគុណភាពរបស់យើងត្រឹមត្រូវតាមស្តង់ដាររបស់គេ ទើបគេយល់ព្រមនាំចេញ។ ផលិតផលរបស់យើង អាចប្រើដោយដាក់នៅក្នុងចង្ក្រាន Micro Wave Owen ឬក៏អាចដាក់ឱ្យម៉ាស៊ីនលាងចាន លាងសំអាតក៏បាន»។
សិប្បកម្មខ្មែរសេរ៉ាម៉ិច ចាប់ផ្ដើមដំណើរការ សម្រាប់អាជីវកម្មឯកជន តាំងពីអំឡុងឆ្នាំ២០០៦។ រហូតមកដល់ពេលនេះ មានរយៈពេល ១៨ឆ្នាំហើយ។
ថ្វីដ្បិតតែរោងសិប្បកម្មខ្មែរសេរ៉ាម៉ិច បើកដំណើរធ្វើអាជីវកម្ម សម្រាប់រកកម្រៃក្នុងគ្រួសារផ្ទាល់ខ្លួន ក៏ប៉ុន្តែ សិប្បកម្មមួយនេះ មានគោលការណ៍ជួយដល់ជនពិការ និងស្ត្រីក្រីក្រនៅក្នុងខេត្តសៀមរាប។
អ្នកគ្រប់គ្រងសិប្បកម្ម ខ្មែរសេរ៉ាម៉ិច កញ្ញា ស្រី ល័ក្ខណ៍ ឱ្យដឹងថា បច្ចុប្បន្ន កន្លែងសិប្បកម្ម កំពុងជួយបុរសពិការជើងម្នាក់ បុរសគ ថ្លង់ ៧នាក់ និងស្ត្រីគ ថ្លង់ ជិត១០នាក់ ព្រមទាំងស្ត្រី ដែលគ្មានការងារធ្វើមួយចំនួនទៀត ឱ្យមានប្រាក់កម្រៃប្រចាំខែសមរម្យ តាមរយៈការរៀនផលិតសម្ភារៈប្រើប្រាស់ធ្វើពីដីឥដ្ឋដុតនេះ។
កញ្ញា ស្រី ល័ក្ខណ៍៖ «យើងផ្ដល់អាទិភាពទៅដល់អ្នកពិការ គ ថ្លង់ ដោយសារតែពួកគាត់ពិបាកស្វែងរកការងារធ្វើ។ ដូច្នេះ ខាងសិប្បកម្ម បានសហការជាមួយ និងអង្គការជនពិការ នៅក្នុងខេត្តសៀមរាប នៅពេលណាយើងត្រូវការបុគ្គលិក គឺអង្គការតែងតែផ្ដល់សមាជិក ដែលជាជនពិការ គ ថ្លង់ ឱ្យមានការងារធ្វើ។ កន្លែងសិប្បកម្ម ក៏បានប្រឹងប្រែងបង្រៀនជនពិការទាំងនោះ តាំងពីមូលដ្ឋានដំបូង ពីព្រោះពេលទើបមកដល់អ្នកទាំងនោះ មិនបានចេះធ្វើអ្វីទាំងអស់។ យើងមិនត្រឹមតែផ្ដល់ការងារឱ្យជនពិការ គ ថ្លង់ ធ្វើ ដើម្បីបានប្រាក់ខែប៉ុណ្ណោះទេ គឺប្រសិនបើពួកគាត់ត្រូវការកន្លែងស្នាក់នៅ យើងក៏ផ្ដល់ជូនផងដែរ»។
នៅខេត្តសៀមរាប មិនមែនមានតែសិប្បកម្មខ្មែរសេរ៉ាម៉ិច តែមួយទេ គឺមានសិប្បកម្មមួយចំនួនទៀត ដែលកំពុងផលិតសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ធ្វើពីដីឥដ្ឋដុត ដើម្បីរកចំណូលសម្រាប់គ្រួសារ។
អ្នកស្រាវជ្រាវបុរាណវិទ្យា ឱ្យដឹងថា វត្ថុប្រើប្រាស់ធ្វើពីដីឥដ្ឋ (កុលាលភាជន៍) បានកើតមានក្នុងប្រទេសកម្ពុជា តាំងតែពីអំឡុង ៣.៥០០ឆ្នាំ មុនគ្រិស្តសករាជមកម៉្លេះ។ បច្ចុប្បន្ន ជំនាញនៃការធ្វើវត្ថុប្រើប្រាស់ពីដីឥដ្ឋនេះ នៅតែមាន ដូចជា នៅក្នុងខេត្តកំពង់ឆ្នាំង នៅឃុំសំរោងយោង ខេត្តតាកែវ នៅខេត្តកំពត និងនៅខេត្តរតនគីរី ក៏នៅមានផលិតខ្លះ។
សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ធុយ ចាន់ធួន ឱ្យដឹងថា វត្ថុប្រើប្រាស់ធ្វើពីដីឥដ្ឋដុតនេះ គឺខ្មែរសម័យបុរាណអាចយកមកប្រើប្រាស់ប្រចាំថ្ងៃ តាមគ្រួសារ នៅមុនពេល ដែលមនុស្សចេះផលិតសម្ភារៈប្រើប្រាស់ធ្វើពីដែក និងស្ពាន់។
បណ្ឌិត ធុយ ចាន់ធួន៖ «សំខាន់ណាស់ កុលាលភាជន៍ គឺជាចាន ជាឆ្នាំងរបស់មនុស្សប្រើប្រាស់ នៅមុនពេល ដែលមនុស្សចេះផលិតសម្ភារៈប្រើប្រាស់ធ្វើពីដែក ឬក៏ធ្វើពីស្ពាន់។ កុលាលភាជន៍ ក្អម ឆ្នាំងធ្វើពីដីដុត គឺជាសម្ភារៈប្រើប្រាស់របស់មនុស្សជាតិ កាលពីបុរាណជាយូរមកហើយ។ ដូច្នេះ សម្ភារៈទាំងនោះសំខាន់ខ្លាំងណាស់ កាលពីសម័យបុរាណ អ្វីក៏គេធ្វើពីដីដុត យកមកប្រើប្រាស់ដែរ ហើយការធ្វើបែបនោះ នៅតែបន្តមានរហូតមកដល់សព្វថ្ងៃ»។
លោក បណ្ឌិត ធុយ ចាន់ធួន បញ្ជាក់ថា តាមការស្រាវជ្រាវកុលាលភាជន៍ ដែលមានអាយុចាស់ជាងគេ មុនសម័យអង្គរ ត្រូវបានគេរកឃើញនៅតំបន់ល្អាងស្ពាន ក្នុងខេត្តបាត់ដំបង ។ បន្ទាប់ពីនោះ នៅសម័យអង្គរ ដែលជាអាណាចក្រខ្មែរដ៏រុងរឿង គឺមានកន្លែងផលិតកុលាលភាជន៍ជាច្រើន នៅសេសសល់ស្លាកស្នាម តាមតំបន់ជាច្រើនជុំវិញខេត្តសៀមរាប និងនៅសំបូរព្រៃគុកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។