កសិករ​តាម​ខេត្ត​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​នៅតែ​បន្ត​ធ្លាក់​ចុះ ក្រោយ​ចូលឆ្នាំ​ចិន​-​វៀតណាម

ដោយ សេក បណ្ឌិត
2019-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រូវ​ដែល​ត្រូវ​បាន​គេ​យក​មក​​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
ស្រូវ​ដែល​ត្រូវ​បាន​គេ​យក​មក​​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA

កសិករ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​នៅតែ​បន្ត​ចុះថោក ដែល​ធ្វើ​ឱ្យ​ពួកគេ ខាត​បង់​ច្រើន និង​ជួប​ការ​លំបាក​ក្នុង​ជីវភាព។ អ្នក​ជំនាញ​យល់ថា របប​ក្រុងភ្នំពេញ គួរតែ​ទម្លាក់​ទុន​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​នេះ។

កសិករ​នៅ​តាម​បណ្ដា​ខេត្ត លើកឡើង​ថា តម្លៃ​ស្រូវ នៅតែ​ចុះថោក និង​មិន​សូវ​មាន​ឈ្មួញ​ចុះ​ទិញ​នោះ​ទេ បើ​ទោះ​បី​ជា​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម បាន​បញ្ចប់​ទៅ​ហើយ​ក្ដី។

កសិករ​នៅ​ខេត្ត​ព្រៃវែង លោក ប៉ូរ៉ា រៀបរាប់​ថា តម្លៃ​ស្រូវ​ក្នុង​ខេត្ត​ព្រៃវែង នៅតែ​ចន្លោះ ៦​រយ ទៅ ៧​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម។​លោក​អះអាង​ថា តម្លៃ​នេះ​គឺជា​តម្លៃ​ថោក​ខ្លាំង​ដែល​ធ្វើ​ឱ្យ​កសិករ​ខាត​ច្រើន និង​មាន​បញ្ហា​លំបាក​ក្នុង​ជីវភាព។ «»

កសិករ​រូប​នេះ ឱ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ព្រៃវែង មិន​មាន​រោង​ម៉ាស៊ីន ឬ​ឈ្មួញ​ជនជាតិ​វៀតណាម ចុះ​ទិញ​ផ្ទាល់​នោះ​ទេ មានតែ​ឈ្មួញ​កណ្តាល​ជនជាតិ​ខ្មែរ ដើរ​ប្រមូល​ទិញ​ស្រូវ​ហើយ​ដឹក​ទៅ​លក់​នៅ ប្រទេស​វៀតណាម។

កសិករ​មួយ​រូប​ទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ កញ្ញា ម៉ៅ វណ្ណធួង រៀបរាប់​ថា ឆ្នាំនេះ​តម្លៃ​ស្រូវ​នៅ ខេត្ត​បន្ទាយមានជ័យ ក៏​ចុះថោក​ខ្លាំង​មិន​ធ្លាប់​មាន​ពីមុន​ដែរ។ កញ្ញា​បញ្ជាក់​ថា ស្រូវ​ហាល​ស្ងួត​មួយ តោន មានតម្លៃ ៧​ពាន់​បាត ស្មើ​ប្រមាណ ២២០ដុល្លារ ខណៈ​ដែល​កាលពី​ឆ្នាំ​មុនៗ សូម្បីតែ​ស្រូវ សើម ក៏​អាច​លក់​បាន​តម្លៃ ៧​ពាន់​បាត​ក្នុង​មួយ​តោន​ដែរ។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ កសិករ​ម្នាក់ទៀត​នៅ​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ឱ្យ​ដឹង​ថា ស្រូវ​ដែល ទើប​ប្រមូល​ផល​នៅ​ក្នុង​ស្រុក​របស់​គាត់​ភាគច្រើន គឺ​ប្រជាពលរដ្ឋ​កំពុង​ដាក់​ហាល និង​ច្រក​ទុក​នៅ ពេញ​ផ្ទះ​ដោយសារ​លក់​បាន​តម្លៃ​ថោក និង​មិន​សូវ​មាន​ឈ្មួញ​ចុះ​ទិញ​។ អ្នកស្រី​បញ្ជាក់​ថា ស្រូវប្រាំង ឆ្នាំនេះ លក់​បាន​តម្លៃ ៨​ពាន់​រៀល​ក្នុង​មួយ​តៅ ខណៈ​ដែល​ឆ្នាំមុន អាច​លក់​បាន​១ ម៉ឺន​រៀល​ក្នុង​មួយ តៅ។ «»

ចំណែក​ឈ្មួញ​កណ្តាល​ទិញ​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម លោក ហុក ឈុនឡា មាន​ប្រសាសន៍​តម្លៃ​ស្រូវ​ឆ្នាំនេះ​ធ្លាក់​ចុះ ដោយសារ​ភាគី​វៀតណាម មិនសូវ​សម្រុក​ទិញ​ច្រើន​ដូច​កាលពី​ឆ្នាំមុន ព្រោះ​នៅ​វៀតណាម​សំបូរ​ស្រូវ​ដែរ ហើយ​អង្ករ​វៀតណាម ក៏​ចុះថោក​ថែមទៀត។ លោក អះអាង​ថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​បែបនេះ ធ្វើ​ឱ្យ​ប្រជាកសិករ និង​ឈ្មួញ​ទិញ​ស្រូវ ជួប​ការ​លំបាក​ដូចគ្នា។ «»

កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន អះអាង​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្រោយពី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​រួចមក តម្លៃ​ស្រូវ​ធម្មតា បាន​ហក់​ឡើងវិញ ដោយ​នៅ​តាម​ខេត្ត​នីមួយៗ មានការ​កើន​ឡើង​តម្លៃ។ លោក វេង សាខុន ក៏បាន​ចាត់តាំង​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម តាមដាន​ជាប្រចាំ ដើម្បី​សេចក្ដីរាយការណ៍​មក​លោក​ជា​រៀងរាល់ថ្ងៃ តាម​ការប្រែប្រួល​តម្លៃ ជាពិសេស​តម្លៃ​ស្រូវ​តែម្ដង។

កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា កន្លង​មក​នេះ លោក វេង សាខុន បាន​ស្នើ​ទៅ​ភាគី​វៀតណាម​ឱ្យ​ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​កម្ពុជា​នៅ​ក្នុង​តម្លៃ​សមរម្យ​ផង​ដែរ នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​មន្ត្រី​ស្ថានទូត និង​ពាណិជ្ជករ​វៀតណាម។ ទោះ​យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​នេះ កសិករ​នៅតែ​មិនទាន់​ឃើញ​តម្លៃ​ស្រូវ ប្រែប្រួល​ឡើង​ខ្ពស់ និង​មាន​ឈ្មួញ​ច្រើន​សម្រុក​ទិញ​នោះ​ទេ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច កសិកម្ម និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន លោក យ៉ង សាំងកុមារ ទទួល​ស្គាល់​ថា តម្លៃ​ស្រូវ ពិតជា​បន្ត​ចុះថោក​ដដែល ទោះ​បី​ជា​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​បាន​បញ្ចប់​ហើយក៏​ដោយ ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​កសិករ​យ៉ាង​ខ្លាំង។ លោក​មើល​ឃើញ​ថា មូលហេតុ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ អាច​បណ្ដាល​ពី​កត្តា​សហភាព​អឺរ៉ុប​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​មករា កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​ឈ្មួញ ក្នុងស្រុក និង​ក្រៅ​ស្រុក​ជ្រួលច្របល់​និង​រារែក​ក្នុង​ការ​ទិញ​ស្រូវ​ស្តុក​ទុក ហើយ​ម្យ៉ាងវិញ​ទៀត វៀតណាម ក៏​មាន​ស្រូវ​ច្រើន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ។ «»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី បានទេ ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន លើកឡើង​ថា លោក​មិន​ទាន់​ទទួល បាន​ព័ត៌មាន​រឿង​កសិករ​ជួបប្រទះ​បញ្ហា​តម្លៃ​ស្រូវ​ចុះថោក​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា រដ្ឋាភិបាល មាន​វិធានការ​ត្រឹមត្រូវ​ទាំង​ផ្នែក​គោលនយោបាយ និង​ហិរញ្ញវត្ថុ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ជូន​កសិករ​ជា​បន្តបន្ទាប់។ លោ ផៃ ស៊ីផាន ព្រមាន​ថា អ្នក​ដែល​ធ្វើ​វិទ្ធង្សនា ឬ​អ្នក​ដែល​បង្ក​ភាព​វឹកវរ លើ​តម្លៃ​ស្រូវ​នឹង​ត្រូវ​ផ្ដន្ទាទោស។

ទោះ​យ៉ាងណា លោក ផៃ ស៊ីផាន មិន​បញ្ជាក់​ថា របប​ក្រុងភ្នំពេញ នឹង​បញ្ចេញ​ទុន​ប៉ុន្មាន និង​បញ្ចេញ​វិធាន​ដោះស្រាយ​បញ្ហា​តម្លៃ​ស្រូវ​ជូន​កសិករ​នេះ​ឱ្យ​ឃើញ​ជាក់ស្ដែង​យ៉ាងណា​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ក្រសួង​កសិកម្ម បាន​បង្ហាញ​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញ​ចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ស្ដីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា ក្នុង​ខែ​មករា បាន​ជិត​៦ (៥៩.៦២៥) ម៉ឺន​តោន​។ ប៉ុន្តែ ការនាំចេញ​នេះ ធ្លាក់​ចុះ​ចំនួន ៥​ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការនាំចេញ​អង្ករ ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨ (៦២.៦២៣)។ របាយការណ៍​ដដែល​បង្ហាញ​ថា ការនាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប ក្នុង​ខែ​មករា បាន​ចំនួន ជាង​២ (២៣.៨៩៩) ម៉ឺន​តោន ប្រទេស​ចិន​បាន​ជាង ១​ម៉ឺន ៨​ពាន់ (១៨ ៦៧១) តោន នាំ​ចេញទៅ​ក្រុម​ប្រទេស​សមាជិក​អាស៊ាន ជាង​៩ (.២២៦) ពាន់​តោន និង​ទៅកាន់​ប្រទេស​ផ្សេងទៀត​ជាង​៧ (.៨៣៩) ពាន់​តោន​។

ការ​ធ្លាក់​ចុះ​នៃ​ការនាំ​ចេញ​អង្ករ​នេះ កើតឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១៨ មករា បាន​កំណត់​យកពន្ធ លើ​ការ​នាំចូល​អង្ករ សម្រាប់​ទីផ្សារ​អឺរ៉ុប ដោយ​១​ឆ្នាំ​ដំបូង​ត្រូវ​បង់ពន្ធ ២០០​ដុល្លារ ក្នុង​មួយ​តោន។ ឆ្នាំ​ទី​២ ត្រូវ​បង់ពន្ធ​ចំនួន ១៧០​ដុល្លារ ក្នុង​មួយ​តោន និង​ឆ្នាំ​ទី​៣ ចំនួន​១៤២​ដុល្លារ។

ទោះ​យ៉ាងណា​ក្តី​មន្ត្រី​របប​ក្រុងភ្នំពេញ​អះអាង​ថា បញ្ហា​ធ្លាក់​ចុះ ការនាំចេញ​ស្រូវ​អង្ករ​សម្រាប់​ខែ​មករា ជា​រឿង​ធម្មតា មិន​ទាក់ទង​នឹង​ការ​យកពន្ធ​លើ​អង្ករ​កម្ពុជា​នោះ​ទេ។

សម្រាប់​ក្រុម​កសិករ និង​អ្នក​ជំនាញ​ខាង​វិស័យ​កសិកម្ម នៅតែ​យល់ថា ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBAពី​កម្ពុជា​ថែមទៀត​នោះ វិស័យ​កសិកម្ម នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត ខណៈ​ដែល​វិស័យ​កសិកម្ម​បច្ចុប្បន្ន​នេះ កំពុងតែ​គ្មាន​ទីផ្សារ​ស្រាប់​ផង ព្រោះ​ផលិតផល​កសិកម្ម​មួយ​ភាគ​ធំ ក៏បាន​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ដែរ។

សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ប្រកាស​ចាប់ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​បណ្តោះអាសន្ន ក្រោយ​ព្រមាន​របប​លោក ហ៊ុន សែន តាំង​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៨ អំពី​ការ​ចាប់ផ្តើម នីតិវិធី​នេះ បើ​របប​នេះ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល