ភ្ញៀវ​ទេសចរ​ចិន​ទៅ​លេង​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​ជាង​មក​កម្ពុជា

ដោយ សុជីវី
2023.12.14
ភ្ញៀវ​ទេសចរ​ចិន​ទៅ​លេង​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​ជាង​មក​កម្ពុជា យន្តហោះមកពីចិនចុះចតនៅខេត្តព្រះសីហនុលើកដំបូង នាំភ្ញៀវទេសចរចិនជាង១០០នាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
រូប៖ ក្រសួងទេសចរណ៍

រដ្ឋាភិបាល​កម្ពុជា​សម្លឹង​ឃើញ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ថា មាន​សារសំខាន់​បំផុត​ជា​ប្រភព​រក​ចំណូល​ជួយ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងទេសចរណ៍​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ទាក់ទាញ​ជនជាតិ​ចិន​ឱ្យមក​ទស្សនា​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន។

ក៏ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ចិន​ហាក់​មិន​ចាប់អារម្មណ៍ និង​ការ​កៀរគរ​របស់​កម្ពុជា​ទេ ហើយ​ពួកគេ​ជាច្រើន​បាន​ទៅ​លេង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជាប់​គ្នា​ជាមួយ​កម្ពុជា​នេះ។

តើ​ប្រទេស​ថៃ​មាន​សក្ដានុពល​ទេសចរណ៍​អ្វី​សំខាន់​ជាង​កម្ពុជា​បានជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​យ៉ាង​ច្រើន​ឱ្យ​ទៅ​ទស្សនា​...?

ពេល​បច្ចុប្បន្ន​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា ក្រសួងទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ខ្លះទៀត​កំពុង​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ​ទាក់​ទាញ​យ៉ាងណា​ក្តី។

អគ្គនាយក​គ្រឹះស្ថាន​អង្គរ​ដែល​ជា​កន្លែង​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ​លោក លី សែ ឱ្យ​ដឹង​ថា​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០២៣​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ចិន ដែល​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​មាន​ប្រមាណ​៧​ម៉ឺន​នាក់។ មន្ត្រី​ដដែល​បាន​រំពឹង​ថា ពេញ​មួយឆ្នាំ​២០២៣​កម្ពុជា​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​អង្គរ​ប្រហែល​ជាង ៨​ម៉ឺន​នាក់​ប៉ុណ្ណោះ។

ចំណែក​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៣​កម្ពុជា​អាច​នឹង​ទទួល​ភ្ញៀវ​ទេសចរ​ចិន​នៅ​ទូទាំង​ប្រទេស​ប្រមាណ ៦០​ម៉ឺន​នាក់។

តួលេខ​អ្នកទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា​នេះ គឺ​ខុសគ្នា​ឆ្ងាយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ជាង​១០​ខែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជាង ៣​លាន​នាក់​នោះ។

អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បាន​រំពឹង​ទុក​ទៀត​ថា ពេញ​មួយឆ្នាំ​២០២៣​នេះ​ប្រទេស​ថៃ​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ប្រមាណ​ពី ៣​លាន ៤​សែន ទៅ ៣​លាន ៥​សែន​នាក់។

តើ​ប្រទេស​ថៃ​មាន​សក្ដានុពល​ទេសចរណ៍​អ្វី​សំខាន់​ជាង​កម្ពុជា​បានជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​យ៉ាងច្រើន​ឱ្យទៅ​កំសាន្ត ចំណែកឯ​កម្ពុជា​ដែល​ជា​មិត្ត​ដែកថែប​ជាមួយ​ចិន​ហេតុអ្វី បាន​ជា​មិន​អាច​ទាក់​ទាញ​អ្នកទេសចរ​ចិន​ឱ្យមក​ទស្សនា​បាន​ច្រើន​ដូចជា​ថៃ​ដែរ?

អ្នក​តាម​ដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី មើល​ឃើញ​ថា បើ​និយាយ​ពី​ប្រាង្គ​ប្រាសាទ តំបន់​វប្បធម៌​គឺ​ប្រទេស​ថៃ​មិនអាច​ប្រៀបផ្ទឹម​ស្មើ​កម្ពុជា​បានទេ​ក៏ប៉ុន្តែ​ប្រទេស​ថៃ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន និង​បរទេស​ចម្រុះ​ជាតិ​សាសន៍​ឱ្យទៅ​កំសាន្ត​បាន​ច្រើន​ដោយសារតែ​ថៃ​មិន​ផ្ដោត​លើ​វិស័យ​ទេសចរណ៍ តែ​តំបន់​ប្រវត្តិសាស្ត្រ​ទេ គឺ​គេ​មាន​វិស័យ​ចម្រុះ​ជាច្រើន​ទៀត​ដូចជា​តំបន់​ភ្នំ មាត់សមុទ្រ​តំបន់​ទេសចរណ៍​កំសាន្ត​ពេល​រាត្រី​រួម​ទាំង​គោល​នយោបាយ​នៃ​សេវាកម្ម​ទេសចរណ៍ និង​សន្តិសុខ​របស់​ប្រទេស​គេ​ល្អ​ផង​ធ្វើ​ឱ្យ​អ្នក​ទេសចរ​ជឿជាក់​និង​ចូលចិត្ត​ទៅ​កំសាន្ត។

លោក សេង វណ្ណលី៖ «គោល​នយោបាយ​អំណោយផល​ដល់​វិស័យ​ទេសចរណ៍​របស់​ថៃ​ក៏​រួមចំណែក​ធ្វើ​ឱ្យ​កំណើន​ទេសចរ​បរទេស​ជាពិសេស គឺ​ចិន​កើនឡើង​ខ្លាំង​ដែរ។ វិល​មក​កម្ពុជា​វិញ​ដោយសារ​វិស័យ​ទេសចរណ៍​របស់​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ទីតាំង​ប្រវត្តិសាស្ត្រ​ភាគច្រើន​ហើយ​វិស័យ​សេវាកម្ម​ទេសចរណ៍​គឺ​នៅ​មិន​ទាន់​មាន​ភាព​សំបូរ​បែប​នៅ​ឡើយ​ទេ ហើយ​មួយ​ទៀត​ខ្ញុំ​មើលឃើញ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​សកល​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ចិន អីចឹង​ហើយ​ពេល​ចុង​ក្រោយនេះ​ជនជាតិ​ចិន​មិនសូវ​ផ្ដោត​លើ​ការ​ធ្វើ​ដំណើរ​កំសាន្ត​នៅ​តាម​ប្រទេសជិតខាង​ទេ។ នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ដូចជា​កម្ពុជា​ជួប​ការ​ពិបាក»

នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃទី​៣ ខែ​ធ្នូ ថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចាប់​តាំង​តែ​ពី​កើត​ជំងឺ​កូវីដ​-១៩ ដោយ​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ផ្អាក​ស្ទើរតែ​ទាំងស្រុង​បង្ខំ​ឱ្យ​អាជីវកម្ម​ទេសចរណ៍ និង​ធុរកិច្ច​ពាក់ព័ន្ធ​ជាច្រើន​បិទទ្វារ និង​រុញច្រាន​បុគ្គលិក​រាប់​ពាន់​នាក់​ឱ្យ​បាត់បង់​ការងារ។

លោក ហ៊ុន ម៉ាណែត៖ «ក្នុង​ឆ្នាំ​២០២៤​គឺជា​វិស័យ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​គោលនយោបាយ​ជា​បន្តបន្ទាប់​។ នៅក្នុង​វេទិកា​ជួប​ជាមួយ​វិស័យ​ឯកជន ខ្ញុំ​បាន​ដាក់​ចេញ​វិធានការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ជួយ​ទោះបីជា​យើង​ដាក់​ឆ្នាំ​២០២៤ ជា​ឆ្នាំ​ទស្សនា​សៀមរាប​ក៏ដោយ​ប៉ុន្តែ​វិស័យ​ទេសចរណ៍​មិនមែន​យើង​យកចិត្តទុកដាក់​ជួយ តែ​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​នោះ​ទេ។ វិស័យ​ទេសចរណ៍​គឺ​ត្រូវ​គិត​គ្រប់​ទីកន្លែង​ហើយ​មិន​ត្រូវ​គិតតែ​សម្រាប់​ទេសចរណ៍​ពី​ក្រៅប្រទេស​នោះ​ទេ យើង​ត្រូវ​គិត​ទាំង​ទេសចរ​នៅ​ក្នុង​ប្រទេស​ផង»

រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ដោយ​ដាក់ចេញ​គោលនយោបាយ​មួយចំនួន​ដូចជា​ថែរក្សា​សន្តិភាព រួមគ្នា​ថែរក្សា​ឆ្នេរសមុទ្រ​ឱ្យ​ស្អាត​បំផុត​ស័ក្តិ​សមជា «តារា​រះ​នា​ទិស​នារតី» បន្ត​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​នៅ​គ្រប់​គោលដៅ​ព្រមទាំង​ទាក់ទាញ​ប្រទេស​មួយ​ចំនួន​ឱ្យ​បង្កើត​ជើង​ហោះហើរ​ត្រង់​ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​សៀមរាប​ជាដើម។

អ្នក​សិក្សា​កិច្ចការ​សង្គម​យល់​ឃើញ​ថា ថ្វី​បើ​កម្ពុជា​មាន​កន្លែង​ល្អ​សម្រាប់​បង្ហាញ​ទៅ​កាន់​អ្នក​ទេសចរ​ពិភពលោក​ក្តី ក៏​កម្ពុជា​មិន​អាច​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ឱ្យ​ចូល​មក​កម្សាន្ត​បាន​ច្រើន​ទេ​ប្រសិនបើ​កម្ពុជា​មិន​បំបាត់​អំពើពុករលួយ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ទាក់ទង​នឹង​ផ្នែក​សេវាកម្ម​បំរើ និង​រដ្ឋបាល ដើម្បី​លើកទឹកចិត្ត​អ្នកទេសចរ​ឱ្យ​បាន​ប្រសើរ​ទេ​នោះ។

អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​លោក ប៉ោ មករា មាន​ប្រសាសន៍​ថា បើ​ក្រឡេក​មើល​ទៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ការ​បំរើ​សេវា​ទេសចរណ៍​របស់​គេ​គឺ​មាន​សក្ដានុពល​ខ្ពស់​ជាង​កម្ពុជា។ គេ​មិន​សូវ​មាន​អំពើពុករលួយ​ក្នុង​ការ​ទារ​លុយ​ពី​ទេសចរណ៍​ក្រៅ​គោលការណ៍​ហើយ​ការ​បំពេញ​សំណុំ​បែប​បទ​សម្រាប់​ទេសចរណ៍​ទៀត​សោត គឺ​ធ្វើ​បាន​លឿន​មិន​សាំញ៉ាំ ឯ​កម្ពុជា​វិញ​នៅ​មាន​បញ្ហា​ច្រើន​ក្នុង​រឿង​នេះ​ដូចជា​មន្ត្រី​នៅ​ច្រក​ទ្វារ​ព្រំដែន​ទារ​លុយ​ពី​ភ្ញៀវ នៅ​ពេល​បោះត្រា​លើ​លិខិតឆ្លងដែន​ជាដើម។

លោក ប៉ោ មករា៖ «បើ​យើង​ចង់​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម​ជាដើម កម្ពុជា​គួរតែ​ផ្ដើម​បោសសំអាត​សេវា​សាធារណៈ​ពិសេស​ពាក់ព័ន្ធ និង​សេវា​រដ្ឋបាល លិខិតឆ្លងដែន​សេវា​ចេញចូល​សេវាកម្ម​ហូប​អាហារ នៅ​តំបន់​ទេសចរណ៍​នីមួយៗ​កុំ​ឱ្យ​មាន​ភាព​សាំញ៉ាំ និង​អំពើពុករលួយ។ បើសិន​រដ្ឋាភិបាល​បង្ក្រាប ឬក៏​លុបបំបាត់​អំពើពុករលួយ​គ្រប់​ទីកន្លែង​ពាក់ព័ន្ធ​និង​តំបន់​ទេសចរណ៍​ក្តី​ស្ថាប័នរដ្ឋ​ក្តី​នោះ​កម្ពុជា​នឹង​មាន​ប្រៀប​ឡើងវិញ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ច្រើន»

បញ្ហា​សំខាន់​មួយ​ទៀត​ដែល​ភ្ញៀវ​ទេសចរ​ចិន និង​បរទេស​មិន​ចង់​មក​លេង​ដោយសារ​តែ​កម្ពុជា​បាន​ជាប់​ឈ្មោះ​ជា​ជម្រក​ក្រុម​ជន​ឆបោក​តាម​អ៊ីនធឺណិត រួម​ទាំង​ការ​ជួញដូរ​មនុស្ស អំពើ​ចាប់​ជំរិត​មនុស្ស​ទារប្រាក់​ជាដើម។

កាល​ពី​ខែ​កញ្ញា សារព័ត៌មាន​បរទេស​ឈ្មោះ ណៃ គីអេស៊ា (NikkeiAsia) ធ្លាប់​ចុះផ្សាយ​ថា ប្រទេស​កម្ពុជា​គឺជា​ជម្រក​សម្រាប់​ក្រុម​ជន​ឆបោក​តាម​អ៊ីនធឺណិត​ដែល​មាន​ទាំង​ការ​ជួញដូរ​មនុស្ស​អំពើ​ចាប់ជំរិត​មនុស្ស​ទារប្រាក់ ព្រមទាំង​ការ​បាញ់​សម្លាប់​មនុស្ស។ បន្ថែម​លើ​នេះ​ភាពយន្ត​ចិន​ដែល​មាន​ចំណងជើង​ថា (No More Bets) ក៏​បាន​និយាយ​អាក្រក់​ពី​កម្ពុជា និង​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​ម៉ាហ្វៀ (MAFIA) ជា​កន្លែង​ចាប់​ជំរិត និង​ធ្វើ​ទារុណកម្ម​មនុស្ស គួរ​ឱ្យ​ភ័យខ្លាច​ដែល​បញ្ហា​ទាំងនេះ​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​កេរ្តិ៍ឈ្មោះ​យ៉ាង​អាក្រក់​ព្រមទាំង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្ដារ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ​យ៉ាង​ខ្លាំង។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ ឱ្យ​ដឹង​ថា ការ​បាត់បង់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន និង​បរទេស​នៅ​ទូទាំង​កម្ពុជា​បាន​ធ្វើ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ ដូចជា​ផ្នែក​បំរើ​សេវាកម្ម​ទេសចរណ៍​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ផ្នែក​ដឹកជញ្ជូន​ព្រមទាំង​កសិករ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ផង​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល។

លោក អាត់ ធន់៖ «សេវាកម្ម​ទេសចរណ៍​បច្ចុប្បន្ន​នេះ បើ​យើង​មើល​ទៅ មិន​ទាន់​បាន ៤០​ភាគរយ​ឡើងវិញ​ផង។ សណ្ឋាគារ​ជាច្រើន​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​គោលដៅ​ឥឡូវ​ទទួល​បានតែ​ភ្ញៀវ​ខ្មែរ ឯ​ភ្ញៀវ​បរទេស គឺ​តិចតួច​មែនទែន។ បុគ្គលិក​ដូច​សណ្ឋាគារ​ធំៗ​ឥឡូវ​ទើបតែ​រើស​មនុស្ស​ចូល​ធ្វើ​ការ​វិញ​មិន​ទាន់​បាន ៥០%​វិញ​ផង ព្រោះ​ភ្ញៀវ​វា​មិន​ទៀង។ និយាយ​ពី​កម្មករ​អ្នក​ចូល​ធ្វើ​ការ​បាន​ប្រហែល​២០-៣០​ភាគរយ ហើយ​គ្មាន​កិច្ចសន្យា​ត្រឹមត្រូវ​គ្មាន​ប្រាក់ខែ​ទៀងទាត់​អ្នកខ្លះ​គេ​ឱ្យធ្វើ​តាម​ស៊ី​ថ្ងៃ ស៊ីពេល​នៅ​ពិបាក​ណាស់​ផ្នែក​ទេសចរណ៍»

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក ធ្លាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត​មាន​ចិន​ស៊ិនហួ (Xinhuo) ថា កាល​ពី​អំឡុង ឆ្នាំ​២០១៩ នៅ​មុន​ពេល​ជំងឺ​កូវីដ-១៩ កម្ពុជា​ធ្លាប់​បាន​ទទួលភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ជាង ២​លាន ៣៦​ម៉ឺន​នាក់។

ក៏ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២៣​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​កម្ពុជា​រំពឹង​ថា​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​តែ​ជាង ៦០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។