អ្នករត់ម៉ូតូឌុបត្អូញអំពីសាំងឡើងថ្លៃ ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ
2022.05.12
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ទទូចដល់រដ្ឋាភិបាលជួយរកមធ្យោបាយទប់ស្កាត់តម្លៃសាំងឡើងថ្លៃ ដើម្បីជួយសម្រួលបន្ទុកដល់ជីវភាពពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ-១៩។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបន្តហក់ឡើងថ្លៃខ្លាំង ស្របពេលពលរដ្ឋកំពុងមានជីវភាពយ៉ាប់យឺន។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលយល់ថា ការបញ្ចុះតម្លៃសាំង គឺជាដំណោះស្រាយមួយ ដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋឲ្យប្រសើរឡើងវិញនិងជាផ្នែកមួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
អ្នករត់រ៉ឺម៉កទេសចរនៅរាជធានីភ្នំពេញលោក ឈាង ស៊ីណាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១១ ខែឧសភាថា បញ្ហាសាំងឡើងថ្លៃនេះធ្វើឱ្យប៉ះពាល់គ្រប់យ៉ាង ស្របពេលដែលភ្ញៀវជិះរ៉ឺម៉កមិនសូវមានទេសព្វថ្ងៃនេះ។ លោកបន្តថា សាំងកាន់តែឡើង អាហារហូបចុកក៏ឡើងទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការចំណាយផ្សេងៗ ដូចជា ថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង និងបំណុលធនាគារជាដើម៖ «ប្រមុខរដ្ឋាភិបាលគួរគិតគូរអំពីចំនុចនេះទៅដល់ប្រជាពលរដ្ឋទូទៅ ដែលគាត់ប្រើប្រាស់យានជំនិះជាធំដូចពួកខ្ញុំ ដែលប្រកបអាជីវកម្មផ្នែករ៉ឺម៉កទេសចរណ៍ដឹកភ្ញៀវ រកមួយថ្ងៃ ដើម្បីមួយថ្ងៃ គឺឥឡូវនេះវាអត់បានមួយថ្ងៃទេ នៃការផ្គត់ផ្គងប្រាក់ចំណូលមកវិញ ដើម្បីទូទាត់តម្លៃប្រេងសាំង ហើយហូបចុកចំណាយផ្សេងៗ គឺអត់គ្រប់គ្រាន់ទេ»។
លោក ឈាង ស៊ីណាត ត្អូញត្អែរថា លោកកំពុងរស់នៅត្រដាបត្រដួស និងកាន់តែលំបាកទៀត ប្រសិនបើតម្លៃសាំងនៅលើទីផ្សារបន្តហក់ឡើងខ្លាំង។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី១១ ខែឧសភា។
ប៉ុន្តែកាលពីថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើពលរដ្ឋកុំជេរលោករឿងសាំងឡើងថ្លៃ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ លោកក៏មិនបានបញ្ជាក់ពីនីតិវិធី ឬយុទ្ធសាស្ត្រយ៉ាងណារបស់រដ្ឋាភិបាលក្នុងការអន្តរាគមន៍ជួយបញ្ចុះតម្លៃប្រេងសាំងនោះដែរ៖«សាំងឡើងថ្លៃ សូមកុំជេរ ហ៊ុន សែន អី! រឿងហ្នឹង វាជារឿងសភាពការណ៍អន្តរជាតិ ដែលបានកើតឡើង សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានបង្កើតជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកល ហើយអតិផរណា (ការកើនឡើងថ្លៃទំនិញនៅទីផ្សារ) នៅសហរដ្ឋអាមេរិក គឺថា មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំ។ នៅអឺរ៉ុប ក៏កំពុងរងផលប៉ះពាល់»។
តាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែឧសភា បង្ហាញថា ប្រេងម៉ាស៊ូតមានតម្លៃ ៥ពាន់ ៨រយរៀល (៥.៨០០) ក្នុង ១លីត្រ ខណៈប្រេងសាំងធម្មតាមានតម្លៃ ៥ពាន់ ៥៥០រៀល (៥.៥៥០) ក្នុង ១លីត្រ។ តម្លៃប្រេងឥន្ធនៈបានឡើងថ្លៃជាបន្តបន្ទាប់ ដោយប្រេងសាំងធម្មតាបានឡើង ៣០០រៀល គឺពីតម្លៃ ៥ពាន់ ២៥០រៀល (៥.២៥០) ដល់ ៥ពាន់ ៥៥០រៀល (៥.៥៥០) ក្នុង ១លីត្រ និងប្រេងម៉ាស៊ូតបានឡើង ២០០រៀល ក្នុង ១លីត្រ។
ជុំវិញរឿងនេះ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់វិទ្យុអាស៊ីសេរីថា ការឡើងថ្លៃប្រេងឥន្ធនៈនេះ ប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពួកគាត់បាត់បង់ប្រាក់ចំណូល គ្មានតុល្យភាពនឹងការចំណាយ។ លោកបន្តថា ការឡើងថ្លៃប្រេងប៉ះពាល់ខ្លាំងដល់ពលរដ្ឋអ្នកប្រកបមុខរបរដឹកជញ្ជូន កសិករ សិប្បកម្ម ធ្វើឱ្យជីវភាពពលរដ្ឋកាន់តែក្រីក្រថែមទៀត៖ «ភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងមានការកើនឡើងបន្ថែមទៀត ទាក់ទងនឹងរឿងតម្លៃនេះ។ កាលណាតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ អ្នកធ្វើដំណើរ ដែលពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ក៏មានការកាត់បន្ថយ មិនអាចដើរលេងកម្សាន្តនៅតំបន់ផ្សេងៗ ដែលអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ គឺគាត់ពឹងពាក់អាស្រ័យផលទៅលើវិស័យទេសចរណ៍ផងដែរ។ អាហ្នឹងហើយ វាជាចំណុចមួយ ដែលយើងគិតថា វាអាចធ្វើឱ្យកាត់ពិបាកក្នុងការរកប្រាក់ចំណូលនៅក្នុងវិស័យទេសចរណ៍មួយចំនួន ដែលគួបផ្សំប្រទេសយើងកំពុងជួបវិបត្តិសេដ្ឋកិច្ច ទាក់ទងទៅនឹងអតិផរណាទីផ្សារ ដោយសារការឡើងថ្លៃប្រេងនេះ»។
កាលពីចុងខែមីនាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បានសម្រេចចេញប្រកាសអន្តរក្រសួងស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃប្រេងឥន្ធនៈឡើងចុះ តាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ដោយឱ្យអនុវត្តតែទៅលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។