រដ្ឋាភិបាល​គ្រោង​កាត់​បន្ថយ​ចំណាយ​ថវិកា​ជាតិ​មក​ត្រឹម​ជិត ៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយៗ

ដោយ មាន ឫទ្ធិ
2020.06.13
ហ៊ុន សែន សភា ៩២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងជួរមុខ) ចូលរួម​ប្រជុំអនុម័តសេចក្ដីព្រាង​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន នៅ​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

រដ្ឋាភិបាល​គ្រោង​កាត់បន្ថយ​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ មក​នៅ​ក្រោម ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ ការ​គ្រោង​កាត់បន្ថយ​ចំណាយ ថវិកាជាតិ​ដ៏​គំហុក​នេះ គឺ​ស្មើនឹង​ការ​បន្ថយ​ចំណាយ​ដល់​ទៅ​ជាង​ពាក់​កណ្តាល បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ មុន​ពេល​មាន​វិបត្តិ​កូវីដ-១៩ ដែល​ស្មើនឹង​ជិត ៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម សារាចរ​ណែនាំ​ស្ដីពី​ការ​រៀបចំ​ផែនការ យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី៩ មិថុនា។

វិស័យ​ដែល​រង​ការកាត់បន្ថយ​ចំណាយ​ខ្លាំង​ជាងគេ រួមមាន​វិស័យ​សង្គមកិច្ច វិស័យ​រដ្ឋបាល​ទូទៅ វិស័យ​សេដ្ឋកិច្ច និង​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម​។ ផ្អែក​តាម​គម្រោង​ថវិកា​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ នេះ រដ្ឋាភិបាល​ពុំបាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ជាក់លាក់ ពី​ទំហំ​កញ្ចប់​ថវិកា​ពិតប្រាកដ សម្រាប់​អន្តរាគមន៍​លើ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩ ឡើយ។

ការ​គ្រោង​កាត់បន្ថយ​ចំណាយ​ថវិកាជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បញ្ចេញ តួលេខ​ប៉ាន់ស្មាន និង​វាយតម្លៃ​សេដ្ឋកិច្ច​ជា​លើកដំបូង​ដោយ​ខ្លួនឯង ទទួល​ស្គាល់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម -,% ក្នុង​ឆ្នាំ​២០២០​នេះ។ យ៉ាងណាក៏ដោយ ការ​ព្យាករណ៍​របស់​រដ្ឋាភិបាល​ខ្លួនឯង​នេះ ខុស​ពី​ការ​ព្យាករណ៍​របស់ ធនាគារ​ពិភពលោក​កាល​ពី​ខែ​ឧសភា ដែល​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ នឹង​ធ្លាក់​ចុះ​រហូតដល់​ទៅ​ជិត -% ក្រោម​សូន្យ នៅ​ក្នុង​សេណារីយ៉ូ​អាក្រក់​បំផុត​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​អះអាង​ថា ទុន​បម្រុង​បរទេស​របស់​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ជិត ១៧​ពាន់​លាន​ដុល្លារ ដែល​អាច​ធានា​ការ​នាំ​ចូល​បាន​រហូតដល់​ទៅជា​ង ៨​ខែ។

ផ្អែក​តាម​គម្រោង​ចំណាយ​នេះ គ្មាន​ឡើយ​ការ​គ្រោង​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​ការ​ជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​សម្រាប់​រយៈពេល​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៣ ខាងមុខនេះ​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ថា ត្រូវ​រក្សា​កម្រិត​ប្រាក់ខែ​របស់​មន្ត្រី​រាជការ ឱ្យ​នៅ​ដដែល​ដូច​ក្នុង​ឆ្នាំ​២០២០។ រីឯ ការ​ជ្រើសរើស​មន្ត្រី​រាជការ​វិញ រដ្ឋាភិបាល​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​តឹងរ៉ឹង​បំផុត ដែល​ថា អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​ស្មើនឹង​ចំនួន​អ្នក​ចូល​និវត្ត​តាម​ក្រសួង​ស្ថាប័ន​នោះ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។