មន្ត្រីសង្គមស៊ីវិលជំរុញរដ្ឋាភិបាលលើកលែងសងបំណុលសម្រាប់អ្នករងគ្រោះផ្សេងទៀតពេលវិបត្តិកូវីដ

មន្ត្រីអង្គការសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាល ជួយទៅដល់ផ្នែកធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើយ៉ាងណាឱ្យស្ថាប័នម្ចាស់បំណុលអាចពន្យារពេលឱ្យពលរដ្ឋអាចផ្អាកសងបំណុលរយៈពេល៣ខែសិន។ ការស្នើជាថ្មីនេះបន្ទាប់ពីគ្រឹះស្ថានម្ចាស់បំណុលទាំងនេះប្រកាសថា អ្នកឆ្លងជំងឺកូវីដ-១៩ អាចពន្យារការសងប្រាក់ដើមបំណុលរយៈពេល ៣ខែ និង១ខែសម្រាប់អ្នកធ្វើចត្តាឡីស័ក ព្រមលើកលែងការប្រាក់ ព្រមទាំងការផាកពិន័យ។ អ្នកឃ្លាំមើលថា រដ្ឋាភិបាលអាចដោះស្រាយតាមសំណើនេះបានដោយបញ្ចេញថវិកាទៅជួយស្ថាប័នម្ចាស់បំណុល ទប់ទល់មិនឱ្យស្ថាប័នទាំងនោះដួលរលំ។
មន្ត្រីអង្គការសង្គមស៊ីវិលសាទរចំពោះវិធានការរបស់គ្រឹះស្ថាន ធនាគារ និងមីក្រូហិរញ្ញវត្ថ ប៉ុន្តែទទូចឱ្យមានការពង្រីកវិសាលភាពបន្ថែមទៀតទៅដល់ក្រុមអ្នកដែលរងគ្រោះបាត់បង់ប្រាក់ចំណូល ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៧ ខែមេសា បញ្ជាក់រួមគ្នាថា អ្នកឆ្លងជំងឺកូវីដ-១៩អាចពន្យារការសងប្រាក់ដើមបំណុលរយៈពេល៣ខែ និងលើកលែងការប្រាក់ ព្រមទាំងការផាកពិន័យរយៈពេលយ៉ាងតិច១ខែ។ ប្រភពដដែលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ នឹងទទួលបានការរៀបចំឥណទាន ឬការកែសម្រួលលក្ខខណ្ឌសងបំណុល ឬកម្ចីនេះដោយស្វ័យប្រវត្តិ។ ចំណែកអ្នកដែលជាប់ធ្វើចត្តាឡីស័កក៏បានការពន្យារការសងត្រឡប់ទាំងការ ទាំងដើម និងលើកលែងការពិន័យរយៈពេល១ខែដែរ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មើលឃើញថា វិធានការនេះនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះនៅមានប្រជាពលរដ្ឋជាច្រើនទៀត ដែលរងផលប៉ះពាល់គួរតែទទួលបានជំនួយពីរដ្ឋាភិបាលដែរ។ លោកថា វិធានការរបស់រដ្ឋាភិបាល ដែលបិទការធ្វើដំណើររបស់ពលរដ្ឋ និងបម្រាមគោចរទៀតសោតកំពុងរុញច្រានពលរដ្ឋដែលបាត់បង់ចំណូលពីរបររកស៊ីរបស់ពួកគេនោះ ឱ្យគ្មានលទ្ធភាពសងបំណុលឡើយ៖ «ឥឡូវនេះវាប៉ះពាល់ស្ទើរតែទៅលើប្រជាពលរដ្ឋទូទាំងប្រទេសទៅហើយ បើតាមយើងមើលពីបញ្ហាបច្ចុប្បន្ន ពីព្រោះថា វាមានការរឹតបន្តឹងគ្រប់តែកន្លែងទៅហើយ។ ដូច្នេះខ្ញុំគិតថាគួរតែខាងធនាគារ លោកពិចារណាក្នុងការឱ្យសម្រាកការបង់ប្រាក់ក្នុងរយៈពេលណាមួយ ដែលកំណត់ជាទូទៅទៅ គឺជារឿងមួយដែលជួយសម្រាលទៅដល់បន្ទុករបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយចំនួនធំដែរ»។
សង្គមស៊ីវិល និងសហគមន៍ចំនួនជាង១០០ស្ថាប័នកាលពីថ្ងៃទី៦ ខែមេសា បានចេញសេចក្ដីថ្លែងការណ៍រួមស្នើឱ្យផ្អាកបង់សងប្រាក់កម្ចី និងប្រាក់បង្គរទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាររយៈពេល៣ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានស្នាក់នៅផ្ទះការពារកុំឱ្យឆ្លងជំងឺកូវីដ ហើយទុកលទ្ធភាពឱ្យពួកគេរកប្រាក់សងបំណុលធនាគារនៅពេលក្រោយវិញ។
អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឱ្យអាស៊ីសេរីដឹងថា គ្រឹះស្ថានមិនអាចផ្ដល់ដំណោះស្រាយរួមទៅគ្រប់ករណីទាំងអស់បានទេ។ គ្រឹះស្ថានផ្ដល់លទ្ធភាពសម្របសម្រួលទៅតាមករណីជាក់ស្ដែងរបស់អតិថិជន។ លោកថាអតិថិជន ឬកូនបំណុលអាចដាក់សំណើ សុំផ្អាកសង ឬសុំពន្យារពេល ឬកែសម្រួលយ៉ាងណាទៅតាមស្ថានភាព ដែលពួកគេជួបប្រទះ៖ «ករណីទី៣ចំពោះអតិថិជន ដែលគាត់មានផលប៉ះពាល់ខ្លាំង អ៊ីចឹងគ្រឹះស្ថាននឹងផ្ដល់ជម្រើសឱ្យគាត់ធ្វើការផ្អាកសង ទាំងការទាំងដើមរយៈពេលពី ៣ ទៅ ៦ខែ គឺគាត់អាចផ្អាកបង់ទាំងស្រុងតែម្ដង»។
សេចក្ដីថ្លែងការណ៍របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអះអាងដែរថាស្ថាប័ននេះនឹងបញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយ អត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មទាំងមុន និងក្រោយពេលមានវិបត្តិ។ ក្រៅពីនោះ ស្ថាប័នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងទទួល រៀបចំឥណទានឡើងវិញ និងលើកលែងរាល់ការផាកពិន័យទាំងអស់សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនជាលើកដំបូងសម្រាប់រស់នៅ (First Home Owner)។
តែទោះជាយ៉ាងណា លោក នី សុខា មើលឃើញថា ក្នុងការអនុវត្តជាក់ស្ដែងទំនងមិនដូចទាំងស្រុងនឹងអ្វីដែលអះអាងទាំងនេះឡើយ៖ «ការរីករាលដាលកូវីដ មួយសារកាលពីលើកទី១ហ្នឹងក៏មានការនិយាយបែបហ្នឹងដែរ ប៉ុន្តែកត្តាជាក់ស្ដែងការដែលអនុវត្តជាក់ស្ដែងមែនទែននោះក៏យើងមើលឃើញអ៊ីចឹងដែរ ឃើញថានៅតែមានការរអ៊ូរទាំពីអ្នកដែលខ្ចីបុលអ៊ីចឹងដែរ មិនទាន់មានឃើញអីឱ្យបានជាដុំកំភួន តែផ្នែកខាងធនាគារគាត់មានទិន្នន័យអីយ៉ាងម៉េចហ្នឹងប្រហែលជាយើងមិនច្បាស់»។
ចំពោះអ្នកជំនាញផ្នែកកសិកម្ម និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ វិញ លោកថា រដ្ឋាភិបាលមានតួនាទីដោះស្រាយរឿងនេះ ដោយត្រូវបញ្ចេញទុនបម្រុង ដែលមានជួយដល់ស្ថាប័នផ្ដល់កម្ចី។ លោកបន្តថា បើពុំនោះសោតស្ថាប័ននេះអាចនឹងជួបបញ្ហា ឬដួលរលំ ប្រសិនបើផលប៉ះពាល់ពីជំងឺកូវីដ-១៩កាន់រីករាលដាលខ្លាំងថែមទៀត៖ «មិនមែនចេញសងជំនួសប្រជាពលរដ្ឋទេ គឺឱ្យដើមទុនទៅគាត់ឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុហ្នឹងខ្ចី ដើម្បីគាត់យកប្រាក់ហ្នឹងទប់ចរន្តសាច់ប្រាក់របស់គាត់។ គឺទំហំហ្នឹងវាមិនទាន់ធំដុំទេ ទំហំពី២០ ទៅ ៣០%នៃអតិថិជន១លានជាង ហើយអ្នកដែលគាត់ជួបការលំបាកហ្នឹងភាគច្រើនគាត់ត្រូវសងវិញមួយខែពី ៣០០ ទៅ៤០០(ដុល្លារ) គឺពីមួយលាន(រៀល) ទៅមួយលានជាង។ ចំពោះខ្ញុំជាគោលនយោបាយគឺគួរតែមានការទម្លាក់ទុនក្នុងរយៈពេលពី ៣ ទៅ ៦ខែហ្នឹងក្នុង១ខែ ២០០លានដុល្លារ អ៊ីចឹងទៅឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុហ្នឹង ដើម្បីជួយទប់ជំនួញរបស់គាត់ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា»។
គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ស្ថាប័នផ្ដល់កម្ចីបានរៀបចំឥណទានឡើងវិញដល់អតិថិជនប្រមាណ ៣៤ម៉ឺននាក់ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះអតិថិជន ឬអ្នកជំពាក់បំណុលបានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ ទៅ ៦ខែ ក្នុងករណីរងផលប៉ះពាល់ខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។