មន្ត្រី​សង្គម​ស៊ីវិល​យល់ស្រប​ចំពោះ​គម្រោង​បើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ

ដោយ ម៉ៅ សុធានី
2021-10-09
Share
មន្ត្រី​សង្គម​ស៊ីវិល​យល់ស្រប​ចំពោះ​គម្រោង​បើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
SPM Page

មន្ត្រី​សង្គម​ស៊ីវិល​យល់ឃើញ​ថា ការ​ដែល​រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើរ​១០០​ភាគ​បែបនេះ អាច​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​។ ការ​លើកឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ពី​បំណង​បើក​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ។

មន្ត្រី​សង្គម​ស៊ីវិល​យល់ស្រប​ថា ស្ថានភាព​រដ្ឋាភិបាល​អាច​បើក​ដំណើរ​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​យ៉ាប់​យឺន។ ប៉ុន្តែ​ពួកគេ​ថា រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​និង​ឆ្លើយតប​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​វិធានការ​ទប់​សង្កត់​ជំងឺ​កូវីដ-១៩ ដើម្បី​ធានា​ថា ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ទាំងនោះ​នឹង​គ្មាន​ហានិភ័យ​កើតឡើង​ម្តង​ទៀត។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ បាន​បាត់បង់​ចំណូល​ស្ទើរ​ទាំងស្រុង ដោយសារ​វិធានការ​របស់​អាជ្ញាធរ​បន្ត​បិទ​សកម្មភាព​ការងារ​និង​ដំណើរការ​មុខរបរ ឬ​អាជីវកម្ម​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​-១៩​។ លោក​បន្ត​ថា វិស័យ​នេះ​ត្រូវ​ផ្អាក​សកម្មភាព ឬ​ឈាន​ដល់​ការ​ដួល​រលំ​អាជីវកម្ម​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាច្រើន​ប្រឈម​បញ្ហា​ជីវភាព និង​បំណុល​ធានា​គារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មិនអាច​ស្តារ​ឡើង​វិញ​បាន។

លោក វន់ ពៅ បញ្ជាក់​ថា អំឡុង​ការ​រីករាល​ជំងឺ​កូវីដ-១៩ រដ្ឋាភិបាល​ហាក់​មិនសូវ​យកចិត្តទុកដាក់​និង​ឆ្លើយតប​ឱ្យ​បាន​ពេញលេញ​ចំពោះ​ជីវភាព និង​សេវា​គាំពារ​សង្គម​ផ្សេងៗ​សម្រាប់​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នោះ​ទេ។ លោក​ថា ករណី​ជាក់ស្តែង​សមាជិកសមាគម​របស់​លោក​ដែល​រងគ្រោះ​ពី​វិបត្តិ​នេះ​ប្រមាណ​ជាង​១០​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ជំនួយ​ស្បៀងអាហារ និង​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ។ លោក​គាំទ្រ​ចំពោះ​គម្រោង​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ៖ «ទាក់ទង​បញ្ហា​នេះ រដ្ឋ​ត្រូវ​បន្ថែម​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អំពី​ការ​ការពារ​ពី​សុវត្ថិភាព​កូវីដ​-១៩ រដ្ឋ​ត្រូវ​មាន​វិធានការ​សុខាភិបាល​ច្បាស់លាស់​មួយ​សម្រាប់​តំបន់​ទេសចរណ៍​មួយ​ចំនួន​ធំ រដ្ឋ​ត្រូវ​មាន​ការឧបត្ថម្ភ​ធន​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​គាត់​បាត់បង់​អាជីវកម្ម ឬ​អាជីវកម្ម​ត្រូវ​បាន​ដួល​រលំ រៀបចំ​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដល់​អាជីវកម្ម​ខ្នាត​តូច​ទាំងអស់​ហ្នឹង ដើម្បី​ដំណើរ​ការ​ល្អ​ឡើង​វិញ»

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា អ្នកស្រី​សោកស្តាយ​ដែល​រដ្ឋាភិបាល​ផ្អាក​សកម្មភាព​វិស័យ​សេវាកម្ម​ក្រោម​ហេតុផល​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ប៉ុន្តែ រដ្ឋាភិបាល​បន្ត​អនុញ្ញាត​ឱ្យ​រោងចក្រ​កាត់ដេរ​ដែល​មាន​កម្មករ​រាប់​ម៉ឺន​នាក់​ចូល​ធ្វើ​ការ​ធម្មតា​ដោយ​មិន​ខ្លាច​ការ​រាតត្បាត​ជំងឺ​ទៅវិញ​។ អ្នកស្រី​បន្ត​ថា ការ​ផ្អាក​សកម្មភាព​នោះ​ទៀតសោត រដ្ឋាភិបាល​មិន​បាន​ផ្តល់​យន្តការ​គាំពារ​សង្គម និង​កញ្ចប់​ថវិកា​ជួយ​ដល់​អ្នក​រងគ្រោះ​ពិតប្រាកដ​ក្នុង​វិស័យ​សេវា​កម្ម​នេះ​ទេ ជាក់ស្តែង​នីតិវិធី​ដាក់ពាក្យ​ស្នើសុំ​មូលនិធិ​សមធម៌​បង្ក​លក្ខណៈ​ស្មុគស្មាញ ចំណាយពេល​យូរហើយ​គ្មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ជាដើម។ អ្នកស្រី​ចង់​ឱ្យ​រដ្ឋាភិបាល​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​បាន​ឆាប់៖ «ក្នុងនាម​កម្មករ​និយោជក​ដែល​យើង​ស្តាប់​ជជែក​ជាមួយ​ពួកគាត់​កន្លងមក​ក៏​ពួកគាត់​នៅតែ​គិតថា​ចង់​ឱ្យមាន​ការ​បើក​ដំណើរការ​ឡើងវិញ​ដែរ ដោយសារ​កម្មករ​កាត់​ដេរ​រាប់ពាន់​អ្នក​ហេតុអ្វី​គេ​អត់​បិទ ចុះ​មក​បិទ​តែ​វិស័យ​សេវាកម្ម​កំសាន្ត ចំពោះ​កម្មករនិយោជិត​មើលឃើញ​ថា បើ​រដ្ឋាភិបាល​បន្ត​បិទ​ហ្នឹង អត់​មាន​យន្តការ​អី​ក្នុង​ការ​គាំពារ​ផ្នែក​សេចក្តី​ត្រូវ​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ​ទេ»

ក្រុម​សង្គម​ស៊ីវិល​លើកឡើង​បែប​នេះ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​៨ តុលា ថា រដ្ឋាភិបាល​បើក​ឱ្យ​ប្រជាពលរដ្ឋ​ដើរលេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​សាកល្បង​ដ៏​ធំ​មួយ ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​ប្រទេស​ឡើង​វិញ។ លោក​បញ្ជាក់​ថា ប្រសិនបើ​រយៈពេល​១០ ទៅ​១៥​ថ្ងៃ​ខាងមុខនេះ ស្ថានភាព​ជំងឺ​កូវីដ​-១៩ មាន​អត្រា​ឆ្លង​និង​ចំនួន​អ្នក​ស្លាប់​ក្នុង​កម្រិត​ដូច​បច្ចុប្បន្ន នោះ​កម្ពុជា​អាច​បើក​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​លើ​គ្រប់​វិស័យ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុ​អាស៊ីសេរី​បន្ថែម​ថា គោលដៅ​អាទិភាព​របស់​រដ្ឋាភិបាល​គឺ​បើក​សេដ្ឋកិច្ច​និង​សង្គម ដោយ​ផ្ដោត​លើ​វិស័យ​អប់រំ រោងចក្រ សហគ្រាស និង​វិស័យ​ទេសចរណ៍​ក្នុងស្រុក។ លោក​បញ្ជាក់​ថា អត្រា​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ អំឡុង​ពេល​ពីរ​សប្តាហ៍​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​បើក​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ៖ «យើង​កំពុង​ពិចារណា​ហើយ​ពិចារណា​ទៀត ធ្វើ​មិច​កាត់​បន្ថយ​ឱ្យ​នៅ​ទាប​បំផុត​ពី​ហានិភ័យ​ដែល​កើត​ចេញ​ពី​ជំងឺ​កូវីដ​-១៩​នេះ»

ក្នុង​រយៈពេល​មួយ​សប្តាហ៍​មក​នេះ តួលេខ​អ្នក​ឆ្លង​ថ្មី​ដែល​ក្រសួង​បាន​ប្រកាស​មាន​ជាង ២​រយ​នាក់​ក្នុង​មួយថ្ងៃ រីឯ​អ្នក​ស្លាប់​មាន​ចន្លោះ​ពី ១០​នាក់​ទៅជា​ង ២០​នាក់​។ ប៉ុន្តែ​តួលេខ​នេះ​មិន​បាន​រាប់បញ្ចូល​លទ្ធផល​ដែល​ពិនិត្យ​តាម​ឧបករណ៍​តេស្ដ​រហ័ស ឬ​រ៉ាពីដ​តេស្ដ (Rapid Test) នោះ​ទេ​។ រីឯ​ការ​ចាក់​វ៉ាក់សាំង​វិញ ក្រសួងសុខាភិបាល​ប្រកាស​ថា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជិត ១០០% ហើយ​នៅ​ទូទាំង​ប្រទេស។

ទាក់ទង​រឿង​នេះ​ដែរ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា (WHO) អ្នកស្រី លី អៃឡែន (Li Ailan) បាន​បង្ហោះ​សារ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) ថា កម្រិត​ចាក់​វ៉ាក់សាំង​ដ៏​ខ្ពស់​នៅ​កម្ពុជា​បាន​ផ្តល់​មូលដ្ឋាន​ដ៏​ល្អ​មួយ សម្រាប់​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ ប្រកប​ដោយ​សុវត្ថិភាព​និង​ការ​ទទួលខុសត្រូវ​។ ទោះជា​យ៉ាងណា អ្នកស្រី​សង្កត់ធ្ងន់​ថា ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ តែមួយ​មុខ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ពោល​គឺ​ត្រូវ​រួម​បញ្ចូល​គ្នា​ជាមួយ​វិធានការ​សុខភាព​សាធារណៈ​និង​សង្គម រួម​ទាំង​សមត្ថភាព​ថែទាំ​សុខភាព​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល