អ្នកជំនាញ​ថា រដ្ឋាភិបាល​គួរ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​មាន​តុល្យភាព

ដោយ ច័ន្ទ ដារ៉ូ
2023.12.24
អ្នកជំនាញ​ថា រដ្ឋាភិបាល​គួរ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​មាន​តុល្យភាព លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបនាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ កញ្ញា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកជំនាញ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរតែ​ទាញ​យក​ផល​ចំណេញ​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ថៃ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កុំឱ្យ​ចាញ់​ប្រៀប​ថៃ​ដូច​សព្វថ្ងៃ​នេះ ខណៈ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន។ ការ​លើក​ឡើង​នេះ​នៅ​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ថៃ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខនេះ។

អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ចំណងទាក់ទង​ការទូត​រវាង​កម្ពុជា​-​ថៃ ក្នុង​រូបភាព​នៃ​លំហូរ​ពាណិជ្ជកម្ម ការ​វិនិយោគ ទេសចរណ៍ និង​ការដោះដូរ​កម្លាំង​ពលកម្ម​ជាដើម គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំងពីរ​។ ប៉ុន្តែ​ពួកគេ​ថា ផលប្រយោជន៍​ចេញពី​ការ​ទំនាក់ទំនង​នោះ​មិន​ទាន់​ស្មើភាព​គ្នា​នៅឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា​គួរ​យក​ឱកាស​នៃ​ការពង្រីក​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចំណាកស្រុក។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែធ្នូ​ដោយ​លោក​មើល​ឃើញ​ថា ប្រទេសជិតខាង​ជាពិសេស​ថៃ​មានប្រៀប​លើសលប់​លើ​កម្ពុជា​តាំងពី​ទសវត្សរ៍​៩០​មក​ទាំង​ពាណិជ្ជកម្ម ការ​ដឹកជញ្ជូន​ទំនិញ​ជាដើម។ លោក​យល់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​យក​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​ថៃ​នៅ​ដើមឆ្នាំ​ក្រោយ​នេះ​ទាក់ទាញ​អ្នក​វិនិយោគ​ថៃ និង​ទេសចរណ៍​ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន ទើប​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ពី​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។ ទន្ទឹម​នឹង​នេះ​លោក ឯម សុវណ្ណារ៉ា ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច​ឱ្យ​រឹងមាំ​ថែមទៀត តាមរយៈ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ការ​ពង្រឹង​ផលិតកម្ម​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​និង​នាំចេញ​ដោយ​ជៀសវាង​ការ​ពឹង​ផ្អែកលើ​ទំនិញ​ប្រទេស​ជិតខាង​ទាំងស្រុង។

លោក ឯម សុវណ្ណារ៉ា៖ «ការ​ផ្លាស់ប្ដូរ​ទំហំ​ពាណិជ្ជកម្ម​ជា​កិច្ច​ល្អ​ហើយ យើង​លើកទឹកចិត្ត តែ​ភាគី​កម្ពុជា​គួរតែ​រៀបចំ​ពង្រឹង​យន្តការ​ហេដ្ឋារចនាសម្ព័ន្ធ គេ​ហៅថា​សេដ្ឋកិច្ច​ខ្លួនឯង អ៊ីចឹង​ទើប​យើង​អាច​សហប្រតិបត្តិការ​ទ្វេភាគី ឬ​ពហុភាគី​បាន​កម្ពុជា​ទទួល​អត្ថប្រយោជន៍​ច្រើន»

ការ​លើកឡើង​នេះ​មុន​ពេល​លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ជជែក​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។ នាយករដ្ឋមន្ត្រី​ថៃ​លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ អំពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា បន្ទាប់​មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​អាស៊ាន​នៅ​ទីក្រុង​តូក្យូ ដើម្បី​ជជែក​ពី​ការ​អភិវឌ្ឍ​តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម​ឆ្លងដែន​នៅ​ខេត្ត​ស្រះកែវ​ជាប់​ព្រំដែន​កម្ពុជា​។ ប្រភព​ដដែល​បញ្ជាក់​ថា ថៃ​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​ក្នុង​តំបន់ ហើយ​លោក ថាវីស៊ីន ថា ការ​ពង្រឹង​ឯកភាព ការ​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន។

ទោះ​យ៉ាងណា ទាក់ទង​នឹង​ការដោះដូរ​ទំនិញ​គ្នា​វិញ ជញ្ជីង​ពាណិជ្ជ​របស់​កម្ពុជា​នៅ​ចាញ់​ប្រៀប​ថៃ​ច្រើន។ របាយការណ៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បង្ហាញ​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ថៃ រយៈពេល​១១​ខែ ក្នុង​ឆ្នាំ​២០២២ មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ គឺ​កើនឡើង ជាង​២៦% ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ។ ក្នុង​នោះ​ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ មាន​ជាង ១​ពាន់​លាន​ដុល្លា គឺ​កើនឡើង​ជាង ២៧% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ជាង ៨០០​លាន​ដុល្លារ (៨១៤​លាន​ដុល្លា​) ។ ចំណែក​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ​វិញ​មាន​ជាង ៨​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​កើន​ឡើង ជិត​២៦​ភាគរយ​(២៥,%) បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ជិត ៦​ពាន់ ៥០០​លាន​ដុល្លារ​(.៤៨០)

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខខឿន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៣ ខែ​ធ្នូ។

ទាក់ទិន​រឿង​នេះ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន លើកឡើង​ថា កត្តា​ជីវភាព និង​បំណុល​ជា​មូលហេតុ​ចម្បង​ដែល​រុញ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក​រក​ប្រាក់​នៅ​ថៃ​កាន់​តែ​ច្រើន។ លោក​បន្ថែម​ថា ពលករ​ខ្មែរ​ភាគច្រើន​នៅតែ​ប្រឈម​បញ្ហា​ពិបាក​ធ្វើ​ឯកសារ​ស្របច្បាប់​ដែល​ធ្វើ​ឱ្យ​ពួកគេ​បង្ខំចិត្ត​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​ថៅកែ​ថៃ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ដោយ​គ្មាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ លោក លឹង សុផុន យល់​ឃើញ​ថា ការដែល​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ជជែក​រឿង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅពេល​ខាងមុខនេះ​ជា​រឿង​ល្អ​ដែរ តែ​បើ​សិន​រដ្ឋាភិបាល​កម្ពុជា​ពិតជា​គិតគូរ​អំពី​សុខទុក្ខ​របស់​កម្មករ​ខ្មែរ​គួរតែ​ជំរុញ​រដ្ឋាភិបាល​ថៃ​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណ​ការងារ គោរព​សិទ្ធិ​ការងារ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នានា​ដល់​ពលករ។

លោក លឹង សុផុន៖ «ប្រជាពលរដ្ឋ​លំបាក​វេទនា​ដោយសារ​ថៃ​រឹត​បន្តឹង​អ្នក​ប្រកប​មុខរបរ លក់ដូរ​ផ្សេងៗ​ដូចជា​អ្នក​អូស​រទេះ​តាម​ច្រកព្រំដែន​នីមួយៗ រដ្ឋាភិបាល​កម្ពុជា​គួរ​លើក​មក​និយាយ​ដើម្បី​ឱ្យ​ភាគី​ថៃ​ដោះស្រាយ ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​របស់​យើង​តាម​មុខ​របរ​គាត់»

របាយការណ៍​ក្រសួង​ការងារ​បង្ហាញ​ថា មក​ទល់​ពេល​នេះ ពលករ​កម្ពុជា​កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាង ១​លាន ៣​សែន​នាក់ (.៣២១.៥០៦) ក្នុង​នោះ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​ជិត ៥​ម៉ឺន​នាក់​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​ពលករ​វិញ​បង្ហាញ​ថា ចំនួន​ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស អាច​មាន​ទៅដល់​ជាង ២​លាន​នាក់​ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់។

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សកម្មភាព​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ថៃ នឹង​កើន​ឡើង​ជា​លំដាប់ ក៏ប៉ុន្តែ​កម្ពុជា​មាន​លទ្ធភាព​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​បាន គឺ​អាស្រ័យ​លើ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លម្អ​ចំណុច​ខ្វះខាត ដូចជា​ការ​សាង​ធាន​ធាន​មនុស្ស បង្កើន​ផល​ភាព​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​នាំចេញ ជាពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ដែល​ជា​មូលដ្ឋាន​សំខាន់​ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​នាំ​ចេញ​ទំនិញ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អជា​មួយ​ប្រទេស​លោក​សេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។