អ្នកឃ្លាំមើល​ថា សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​ធំ​សម្រាប់​ទំនិញ​កម្ពុជា

2024.12.12
អ្នកឃ្លាំមើល​ថា សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​ធំ​សម្រាប់​ទំនិញ​កម្ពុជា ទិដ្ឋភាព​កំពង់ផែ ខេត្តព្រះសីហនុ។
រូប៖ ហ្វេសប៊ុកក្រសួង​ពាណិជ្ជកម្ម

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប នៅ​តែ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​សម្រាប់​កម្ពុជា​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​ទៅ​លក់​ជាពិសេស​ទំនិញ​ផ្នែក​វាយនភណ្ឌ​ដោយសារតែ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​នាំ​ទំនិញ​របស់​កម្ពុជា​ចេញ​ទៅ​អាមេរិក និង​អឺរ៉ុប គឺ​កម្ពុជា​មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទាំងស្រុង​នោះ​ទេ។

បើ​ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ទំនិញ​មួយ​ចំនួន​ទៀត​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ទាំងស្រុង​យ៉ាង​ក្ដី អ្នក​ឃ្លាំ​មើល​សង្គម​មើល​ឃើញ​ថា កម្ពុជា​ទទួល​បាន​ផល​ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ពី​ការ​មិន​បង់​ពន្ធ​លើ​ទំនិញ​នាំ​ចេញ។

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ ថា កម្ពុជា​នៅ​តែ​ពឹងផ្អែក​លើ​ទីផ្សារ​នាំ​ចេញ​ផលិតផល​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ហើយ​ការ​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​សហគមន៍​អន្តរជាតិ​នេះ​គឺ​ដោយសារតែ​កម្ពុជា​មិន​ជាប់​ពន្ធ​លើ​ទំនិញ​នាំ​ចេញ។ លោក​បន្ត​ថា កម្ពុជា​គួរតែ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ ពីព្រោះ​ពលរដ្ឋ និង​កម្មករ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ​របស់​សហភាព​អឺរ៉ុប និង​ជីអេសភី (GSP) របស់​អាមេរិក។

លោក ប៉ោ មករា៖ «បណ្ដា​ប្រទេស​សេរី​នៅ​តែ​បង្ហាញ​ពី​សារសំខាន់​ពី​ការ​ចូលរួម​ការ​អភិវឌ្ឍ​កម្ពុជា ការ​ស្ដារ​កម្ពុជា​ដែល​ប្រទេស​ទាំងអស់​នោះ​សុទ្ធតែ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​អ៊ីចឹង​ជា​ចំណែក​មួយ​ក្នុង​ការ​ចូលរួម​ការ​កសាង​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៅ​មុខ​ទៀត​ជា​ពិសេស​ការ គឺ​បញ្ហា​ទាក់​ពាក់ព័ន្ធ​សេដ្ឋកិច្ច​តែ​ម្ដង»

ប្រតិកម្ម​របស់​អ្នក​តាម​ដាន​នយោបាយ​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កាល​ពីថ្ងៃទី៩ ខែ​ធ្នូ បាន​ថ្លែង​ថា ការ​នាំ​ទំនិញ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប កម្ពុជា​មិន​រំពឹង​តែ​ប្រព័ន្ធ​អនុគ្រោះ​ទាំងស្រុង​នោះ​ទេ ពីព្រោះ​ក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ការ​ចរចា​ពាណិជ្ជកម្ម​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ទៀត។ ប៉ុន្តែ​លោក ប៉ែន សុវិជាតិ ទទួល​ស្គាល់​ថា ទីផ្សារ​សហរដ្ឋ​អាមេរិក​នៅតែ​ជា​ទីផ្សារ​សំខាន់​សម្រាប់​កម្ពុជា​នាំ​ចេញ​ទំនិញ។

លោក ប៉ែន សុវិជាតិ៖ «កម្ពុជា​មិន​ធ្វើ​ពាណិជ្ជកម្ម​ពឹង​ផ្អែក​ទាំងស្រុង​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​ដែល​មាន​ស្រាប់​នោះ​ទេ ថ្វីត្បិតតែ​យើង​ត្រូវ​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ផ្ដល់​ផលប្រយោជន៍​ឱ្យ​យើង​កន្លងមក។ ម្យ៉ាង​វិញ​ទៀត​យើង​ក៏​ត្រៀម​ចាកចេញ​ពី​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ២០២៩ដែរ តាម​សំដី លោក ហ៊ុន ម៉ាណែត យើង​នឹង​ឈាន​ដល់​កម្រិត​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​ឆ្នាំ២០៣០»

តារាង​ស្ថិតិ​ពាណិជ្ជកម្ម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​ក្នុង​រយៈពេល ១០ខែ​មក​នេះ​គឺ​ជិត ៨ពាន់​លាន​ដុល្លារ (.៨០១) កើន​ឡើង​១០ភាគរយ ខណៈ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង ៤ពាន់​លាន​ដុល្លារ (.៤០០) កើន​ឡើង ១៧ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០២៣។ តួលេខ​នេះ​នៅ​តែ​បង្ហាញ​ថា អាមេរិក និង​សហភាព​អឺរ៉ុប​នៅ​តែ​ឈរ​ជួរមុខ​ជា​ទីផ្សារ​ទិញ​ទំនិញ​ពី​កម្ពុជា​បើ​ទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​មាន​ភាព​ល្អក់​កករ​ដោយសារ​កម្ពុជា​បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់។ ភាគច្រើន​នៃ​ទំនិញ​នាំ​ចេញ​ទាំង​នោះ​មាន​ដូចជា សំលៀកបំពាក់ ម៉ាស៊ីន ឧបករណ៍​អគ្គិសនី ស្បែកជើង កៅស៊ូ និង ផលិតផល​ធ្វើ​អំពី​កៅស៊ូ​ជាដើម។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ការ​បកស្រាយ​របស់​មន្ត្រី​រដ្ឋាភិបាល​គឺជា​ការពារ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» ពីព្រោះ​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដែល​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ព្រមាន​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម។

លោក ម៉ែន ណាត «បើ​លោក ហ៊ុន សែន គាត់​ទម្លាក់​ដៃ​មាន​ន័យ​ថា គាត់​ថយ​មួយ​ជំហាន​មក​ហើយ​គាត់​វិល​មក​ជជែក​គ្នា​ជាមួយ​អ្នក​នយោបាយ​សំខាន់ៗ​នៅ​កម្ពុជា រួម​ទាំង​ដោះលែង លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់។ អ៊ីចឹង​កម្ពុជា​នឹង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​អស់​ហ្នឹង​គោរព​លក្ខខណ្ឌ​បាន​ឱ្យ​គេ​ហើយ​គឺ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ដែល​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គេ»

អ្នក​ឃ្លាំ​មើល​លើកឡើង​ថា ប្រសិនបើ​សហភាព​អឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAដែល​នៅ​សល់ ៨០%ទាំង​ស្រុង​ពី​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​មិន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ GSPដល់​កម្ពុជា​វិញ​ទេ​នោះ​នឹង​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​កម្ពុជា​បាត់បង់​អ្នក​វិនិយោគ ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ឱ្យ​ពលរដ្ឋ ហើយ​វិបត្តិ​សង្គម​នឹង​កើត​ឡើង​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។