ប្រជាពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាលទប់ស្កាត់ទំនិញឡើងថ្លៃអំឡុងរីករាលដាលជំងឺកូវីដ-១៩។ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ដើម្បីស្ដារ និងជួយកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩។
ពលរដ្ឋមួយចំនួនរស់នៅរាជធានីភ្នំពេញត្អូញត្អែរអំពីទុក្ខលំបាករបស់ពួកគាត់ ដែលពុំមានលទ្ធភាពទិញស្បៀងអាហារបំរុងសម្រាប់ស្នាក់នៅផ្ទះ ខណៈអាជ្ញាធរដាក់ចេញនូវវិធានការរឹតបន្តឹងបិទខ្ទប់តំបន់ពួកគាត់។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ លោក ម៉ៅ ឆន ប្រាប់អាស៊ីសេរីថា ពួកគាត់ កំពុងជួបទុក្ខលំបាក និងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ ហើយបែរជាទំនិញលើទីផ្សារសម្រុកឡើងថ្លៃ។ លោកបញ្ជាក់ថា សាច់ជ្រូកតម្លៃធម្មតា ២ម៉ឺន ៥ពាន់រៀល ឡើងដល់ ៣ម៉ឺន ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ចំណែកសាច់គោតម្លៃធម្មតា ៣ម៉ឺន ៥ពាន់រៀល ឡើងដល់ ៤ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម រីឯអង្ករតម្លៃធម្មតា ១២ម៉ឺនរៀល ឡើងដល់ ១៤ម៉ឺនរៀលក្នុងមួយបេ ឬ ៥០គីឡូក្រាម និងមុខទំនិញផ្សេងទៀត ក៏ឡើងថ្លៃដូចគ្នាដែរ។ បុរសរូបនេះទទូចឱ្យរដ្ឋាភិបាលគួរអន្តរាគមន៍ទៅភាគីពាក់ព័ន្ធ ដើម្បីជួយសម្រួលបញ្ចុះតម្លៃទំនិញចាំបាច់ទាំងនេះ ខណៈប្រជាពលរដ្ឋកំពុងរងគ្រោះ។ លោកព្រួយបាម្ភថា ប្រសិនបើអាជ្ញាធរបង្កើនការរឹតបន្តឹងបិទខ្ទប់ជាងនេះទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែខ្លាំង។ លោកស្នើរដ្ឋាភិបាលជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដែលកំពុងស្នាក់នៅតាមផ្ទះ៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ គឺខ្ញុំសំណូមពររដ្ឋាភិបាលធ្វើយ៉ាងមិចជួយសម្រួលទំនិញលើទីផ្សារហ្នឹង កុំឱ្យមានការឡើងថ្លៃ អាចគាត់ធ្វើជាសេចក្តីអំពាវនាវមួយទៅដើម្បីឱ្យខាងអាជីវករ ក៏ដូចជាម្ចាស់ផ្សារមួយចំនួន ពិសេសវិនិយោគនៅលើទីផ្សារមួយចំនួនដែលគេអាចនាំមកលក់ហ្នឹងកុំឱ្យឡើងថ្លៃ ឬអាចបញ្ចុះថ្លៃជាងហ្នឹងទៅ សូម្បីសាំងក៏ដោយនៅពេលហ្នឹងអត់មានការចុះថ្លៃនៅថ្លៃដដែល វាជាបញ្ហាសម្រាប់ប្រជាពលរដ្ឋមែនទែន ពេលនេះរកចំណូលអត់បានផងហ្នឹង»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ លោកស្រី រស់ ចន្ធី រៀបរាប់ថា ប្រជាពលរដ្ឋដែលមានជីវភាពធូរធារសម្រុកស្បៀងអាហារទុក ធ្វើឱ្យទំនិញលើទីផ្សារចាប់ផ្តើមឡើងថ្លៃ។ លោកស្រីបន្តថា ប្រជាពលរដ្ឋភាគច្រើនសម្រុកទិញសាច់ជ្រូក សាច់គោ មី ត្រីខ និងម្ហូបអាហារ ដែលទុកបានយូរ ព្រោះពួកគាត់ព្រួយបារម្ភថា អាជ្ញាធរនឹងចេញវិធានការបិទខ្ទប់បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ស្ត្រីរូបនេះបន្តទៀតថា គ្រួសារលោកស្រីមិនបានទៅទិញស្បៀងអាហារស្តុកទុកទេ ព្រោះលោកស្រីត្រូវដោះស្រាយបន្ទុកគ្រួសារជាច្រើនដូចជាបង់ធនាគារ បង់ផ្ទះជួល បង់ទឹកភ្លើងជាដើម។ ការផ្ទុះជំងឺកូវីដនេះរុញច្រានគ្រួសារលោកស្រីបាត់បង់ចំណូលមិនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានទេ៖ «ប្រាកដជាប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគ្នាអត់លុយ យើងអត់លុយ ទីមួយបញ្ហាឡើងថ្លៃ ទីពីរមិនឡើងថ្លៃហ្នឹងប្រជាពលរដ្ឋអត់អីទិញដោយសារកូវីដអ៊ីចឹង គេបិទគ្រប់ច្រកល្ហក យើងរកអ្វីក៏អត់បាន លក់អ្វីក៏អត់ដាច់អីវ៉ាន់ឡើងថ្លៃទៀតអាហ្នឹងមិនមែនងាប់ដោយកូវីដទេ តិចទៀតងាប់ដោយសារដាច់បាយ»។
ការត្អូញត្អែររបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីរដ្ឋាភិបាល មិនបានចេញវិធានការជួយទប់ស្កាត់ទំនិញឡើងថ្លៃលើទីផ្សារ ស្របពេលអាជ្ញាធរប្រកាសបិទខ្ទប់តំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ មេសា ប្រកាសនៅលើទំព័រហ្វេសប៊ុកថា រដ្ឋាភិបាលនឹងជួយបង់ទឹកភ្លើង ផ្តល់ថវិកាមួយចំនួន ផ្តល់ជំនួយឧបត្ថម្ភផ្សេងទៀត ព្រមទាំងជួយសម្រួលបញ្ហាកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដល់គ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩ អ្នកឆ្លងជំងឺកូវីដ និងអ្នកធ្វើចត្តាឡីស័ក។
ជុំវិញសំណើរបស់ប្រជាពលរដ្ឋនេះដែរ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ក្រុមការងាររបស់លោកពិនិត្យរកមិនឃើញទំនិញឡើងថ្លៃ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេ។ លោកថា ស្ថានភាពនេះអ្នកណាក៏ជួបទុក្ខលំបាកដែរ មិនថាអ្នកមាន ឬក្រនោះទេ ប៉ុន្តែរដ្ឋាភិបាលបានចាត់វិធានការគ្រប់ជ្រុងទាំងអស់ ដើម្បីចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋ។ លោកជំរុញប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាត ត្រូវទាក់ទងអាជ្ញាធរមូលដ្ឋានស្នើសុំប័ណ្ណក្រីក្រ ដើម្បីទទួលបានការឧបត្ថម្ភពីរដ្ឋ៖ «អត់ទាន់ឃើញឡើងថ្លៃ ហើយក្នុង ឱកាសនេះសូមសំណូមពរដល់អ្នកលក់ យើងដឹងតើប្រជាជាតិយើងកំពុងជួបបញ្ហា សូមអ្នកទាំងអស់គ្នាចូលរួមកុំបង្កើតបញ្ហាបន្ថែម ហេតុដូច្នេះហើយសូមបងប្អូនជាពាណិជ្ជករហ្នឹងសូមកុំឱ្យបង្កើតបញ្ហាច្របូកច្របល់នៅក្នុងសង្គម ហើយវិធានការនៅមានទៀត បើសិនមានក្រុមណាធ្វើវិទ្ធំសនាទៅលើសេដ្ឋកិច្ចកំពុងស្ថានភាពយើងពិបាកនេះយើងនឹងចាត់វិធានការ»។
ជុំវិញរឿងនេះអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា កន្លងទៅរដ្ឋាភិបាលបានប្រើប្រាស់យន្តការសុខាភិបាល ច្បាប់ និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩។ លោកមើលឃើញថា យន្តការសេដ្ឋកិច្ចហាក់មានប្រសិទ្ធភាពតិចតួច ដោយសារតែរដ្ឋាភិបាល មិនទាន់ជួយស្ដារជីវភាពរបស់ប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ចំពោះផលប៉ះពាល់នានា។ លោកបន្តទៀតថា អ្នកជំនួញឱកាសនិយមមួយចំនួនកំពុងឆ្លៀតដំឡើងតម្លៃទំនិញ ហើយការទប់ស្កាត់ទំនិញឡើងថ្លៃនេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលត្រូវធានាចំពោះទុក្ខលំបាកប្រជាពលរដ្ឋ អំឡុងវិបត្តិកូវីដ១៩ នេះ។ លោកជំរុញឱ្យរដ្ឋាភិបាលចេញនូវវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ដើម្បីស្តារ និងជួយកាត់បន្ថយបន្ទុករបស់ប្រជាពលរដ្ឋ ដែលពួកគាត់កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩៖ «តម្លៃទំនិញនៅក្នុងកាលៈទេសៈដែលលំបាកនេះ ព្រោះនេះមិនមែនជាការប្រកួតប្រជែងទីផ្សារសេរីទេ ការដំឡើងតម្លៃទំនិញអំឡុង ពេលយើងមានវិបត្តិនេះគឺវាជាឥរិយាបថបែបឱកាសនិយម សម្រាប់ខ្ញុំសង្កេតឃើញថា វាមានប្រសិទ្ធភាពតិចតួចមែនទែន ដោយសារកន្លងមករដ្ឋាភិបាលមិនសូវជាមានលទ្ធភាពក្នុងការទប់ស្កាត់ទៅលើជនឱកាសនិយម មិនមែនតែអំឡុងសម័យកំពុងជួបកូវីដទេ សូម្បីពិធីបុណ្យចូលឆ្នាំកន្លងមកក៏សំបុត្រឡានក្រុងឡើងថ្លៃ»។
ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីចំនួន១៥៧ នាក់ និងស្លាប់ចំនួន៣នាក់ទៀត នៅថ្ងៃទី១១ មេសា។ កម្ពុជា មានអ្នកកើតជំងឺកូវីដ-១៩ ជាង ៤ពាន់នាក់ (៤.២៣៨) ក្នុងនោះ អ្នកជាសះស្បើយមានជាង ២ពាន់នាក់ (២.១៥២) ហើយអ្នកកំពុងសម្រាកព្យាបាលមានជាង ២ពាន់នាក់ (២.០៥២)។ អ្នកស្លាប់ដោយសារជំងឺនេះ កើនដល់ ២៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។