ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅលើកឡើងស្រដៀងគ្នាថា ស្ថានភាពរស់នៅរបស់ពួកគាត់ពេលនេះជួបការលំបាកខ្លាំងដោយសារជីវភាពក្រីក្រ ហើយគ្មានប្រាក់ទិញស្បៀងអាហារស្តុកទុកខណៈស្បៀងអាហារជាច្រើនមុខបានឡើងថ្លៃ។
ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញលោកស្រី ព្រំ ចាន់ថា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៥ ខែមេសាថា ភ្លាមៗក្រោយពេលអាជ្ញាធរប្រកាសបិទក្រុងភ្នំពេញធ្វើឱ្យទំនិញឡើងថ្ងៃស្ទើរគ្រប់មុខ ជាពិសេសបន្លែបង្ការមីកញ្ចប់ ពងទា និងត្រីខកំប៉ុងជាដើម បានឡើងថ្ងៃជិតទ្វេដងបើប្រៀបនឹងថ្ងៃធម្មតា។ ស្ត្រីវ័យ ៤៩ ឆ្នាំរូបនេះបន្តថា អំឡុងពេលនេះលោកស្រីមិនបានទិញស្បៀងស្តុកទុកនោះទេ ដោយសារគ្មានប្រាក់ ហើយខ្លាចឆ្លងជំងឺកូវីដ១៩ ព្រោះឃើញមនុស្សជាច្រើននាក់បន្តនាំគ្នាទៅទិញស្បៀងនៅតាមផ្សារនៅឡើយ៖ «ហើយឃើញតែមនុស្សអីចឹងខ្ញុំអត់ចូលទៅហ្មង ហើយក្រូចឆ្មារមួយគីឡូ ១ ម៉ឺនរៀល កន្លែងខ្លះ ១ ម៉ឺន២ពាន់រៀល ត្រកួនអី ១ ម៉ឺន២ ពាន់រៀល បើស្ពៃមួយគីឡូក្រាម ១ ម៉ឺនរៀលនិយាយទៅស្អីក៏ថ្លៃដែរ។ ខ្ញុំអត់ទិញខ្ញុំមកផ្ទះវិញខ្ញុំមានអីហូបហ្នឹងទៅ ចង់និយាយអីចឹងត្បិតត្បៀតតាមហ្នឹងទៅធ្វើយ៉ាងម៉េច បើវាអីចឹងហើយ។ បើមានប្រហុកអី ចែខ្ញុំគាត់ផ្ញើពីតាកែវមកចំហុយអីចឹងទៅតិចច្រើនអី ១៤ ថ្ងៃមានចេញទៅណារួចដេកងើបៗនៅតែក្នុងផ្ទះហ្នឹង » ។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅក្រុងតាខ្មៅខេត្តកណ្ដាលលោកស្រី ជ័យ ស្រីនី ថ្លែងថា គ្រួសាររបស់លោកស្រីទិញស្បៀងបានបន្តិចបន្តួចស្តុកទុកហូបដែរ ប៉ុន្តែមិនគ្រប់សម្រាប់រយៈពេល ១៤ ថ្ងៃនោះទេ ដោយសារជីវភាពក្រីក្រគ្មានប្រាក់ ព្រោះអត់ការងារធ្វើជាច្រើនថ្ងៃមកហើយ៖ «ខ្ញុំទិញត្រីកំភ្លាញគេអ្នកនៅជិតផ្ទះគេរកពីបឹងមកដល់ពេលអីចឹងទៅយើងចេះតែទិញទុកហូបទៅ បើយើងអត់មានលុយទិញសាច់ជ្រូកសាច់មាន់អីគរទុកដូចគេ។ បើរត់មិនរួចក៏ត្រូវតែរត់រួចដែរ មានអីហូបហ្នឹងបន្តិចបន្តួចអីចឹងទៅ បើយើងអស់ត្រឹមប៉ុណ្ណឹងទៅចប់ហើយមានអីទៀត បើទៅចេញលក់ដូចអីក៏អត់បានដែរ។ កាលមិនទាន់មានកូវីដយើងបាន ៥ ម៉ឺនរៀលក្នុងមួយថ្ងៃដល់មានកូវីដចប់ហ្មង។ យើងកាន់តែយ៉ាប់ទៀតហើយបើខ្ញុំនៅតែផ្ទះ មើលតែកូនតូចៗកុំឱ្យវាដើរពាសវាលពាសកាលអី » ។

របបលោកហ៊ុន សែន បានប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ ថ្ងៃ យ៉ាងទាន់ហន់កាលពីយប់ថ្ងៃទី១៤ ខែមេសា និងចាប់អនុវត្តនៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា។ អាជ្ញាធរបញ្ជាក់ថា វិធានការនេះគឺដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាលខ្លាំងក្នុងសហគមន៍។ តាមរយៈវិធានការនេះ អាជ្ញាធរបានហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរចេញពីផ្ទះនោះទេ លើកលែងតែមានការចាំបាច់ដូចជាទៅទិញស្បៀងអាហារ ទៅធ្វើការនិងព្យាបាលជំងឺជាដើម ប៉ុន្តែតម្រូវមានឯកសារបង្ហាញដល់សមត្ថកិច្ច។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញក្ដីកង្វល់របស់ប្រជាពលរដ្ឋរឿងទំនិញឡើងថ្លៃ និងការខ្វះខាតស្បៀងអាហារនេះបានទេ នៅថ្ងៃទី១៥ ខែមេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះបញ្ហាខ្វះអង្ករ ព្រោះការព្រួយបារម្ភនេះគឺជាហេតុនាំឱ្យជនឱកាសនិយមមួយចំនួនឆ្លៀតឱកាសតម្លើងថ្លៃអង្ករបាន។ ស្ថាប័នទាំងពីរអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃទី១៥ ខែមេសាថា កម្ពុជាមានបរិមាណអង្ករគ្រប់គ្រាន់ ហើយមានសុវត្ថិភាព និងត្រូវបានបញ្ចេញលក់ជាធម្មតានៅតាមទីតាំងលក់អង្កររបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា។
ទោះជាយ៉ាងណាប្រធានអង្គការតម្លាភាពកម្ពុជា (TIC) លោក ប៉ិច ពិសី យល់ថា ស្ថានការណ៍បែបនេះរដ្ឋាភិបាលគួរតែបញ្ចេញស្បៀងអាហារផ្គត់ផ្គង់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅនិងធ្វើសកម្មភាពជាបន្ទាន់ ដើម្បីសម្រួលដល់ការរស់នៅរបស់ពួកគាត់៖ «អីចឹងកន្លែងនេះវាជារឿងសំខាន់ណាស់ការខ្វះចំណីហ្នឹង ហើយខ្ញុំគិតថា បើសិនជាយើងមិនមានយន្តការចាប់ផ្ដើមជួយទេ ប្រជាពលរដ្ឋទាំងនោះគាត់អត់សូវមានជំរើសដូចអ្នកមានលទ្ធភាពទេ។ គាត់មានតែនៅផ្ទះអត់បាយហូបឬក៏គាត់សុខចិត្តមានហានិភ័យចេញទៅក្រៅដើម្បីរកចំណីអាហារផ្គត់ផ្គង់គ្រួសារគាត់ ហើយខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើនប្រហែលជាគាត់ជ្រើសរើសយកហានិភ័យដើម្បីរកចំណីអាហារជូនគ្រួសារគាត់ហើយ។ កន្លែងហ្នឹងបើសិនជាគ្រួសារណាមានជំពាក់លុយធនាគារទៀត គឺយ៉ាប់មែនទែនតែម្ដង »។
ស្របពេលទំនិញមួយចំនួនត្រូវបានគេតម្លើងថ្លៃក៏មានប្រជាពលរដ្ឋខ្លះបានឆ្លៀតយកឱកាសនេះជួយគ្នាក្នុងគ្រាក្រដែរដោយពួកគាត់លក់ទំនិញក្នុងតម្លៃធម្មតា ហើយមានអ្នកខ្លះបានផ្ដល់ជំនួយមនុស្សធម៌ជាស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រទៀតផង។

ប្រជាពលរដ្ឋនៅខណ្ឌសែនសុខរាជធានីភ្នំពេញលោកស្រី សេង ចាន់ថន ប្រាប់ថា កូនរបស់គាត់លក់ចាប់ហួយក្នុងតម្លៃធម្មតា ឧទាហរណ៍មីមួយកេះ ២ ម៉ឺនរៀល(២០.០០០) ត្រីខកំប៉ង់មួយយូរ ២ម៉ឺន ៥ពាន់ (២៥.០០០) និងទឹកត្រី ១ដប ២ពាន់៥០០ (២.៥០០) ជាដើម៖ «ប្រជាពលរដ្ឋខ្លះគាត់ទិញទៅគាត់រអ៊ូរទាំ ថាតម្លៃទិញកន្លែងហ្នឹងថ្លៃទ្វេមួយជាពីរ ថ្ងៃក្រោយទៀតមិនបាច់ទិញកន្លែងហ្នឹងទេ អីចឹងអីណាលក់កោរធ្វើមើលតែពួកគាត់ហ្នឹងសំបូរលុយណាស់ ពួកគាត់កំពុងតែអត់ផង។ខ្ញុំធ្លាប់គិតខ្លួនធ្លាប់ទិញឥវ៉ាន់គេខ្លួនខ្ញុំអីចឹង ខ្ញុំដឹងចំណុចហ្នឹងអត់អាចលក់កោរពួកគាត់បានទេ ព្រោះខ្ញុំអាណិតអ្នកក្រដូចគ្នា ព្រោះខ្ញុំធ្លាប់ក្រដែរ»។
ចំណែកពលរដ្ឋខ្លះទៀត ពួកគាត់បានផ្ដល់ជំនួយមនុស្សធម៌ជាស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ។ ជំនួយទាំងនោះមានដូចជា បាយម្ហូប អង្ករ មីកញ្ចប់ ត្រីខ និងភេសជ្ជៈ ជាដើម ហើយពួកគាត់បានដាក់ជំនួយទាំងនោះនៅតាមចិញ្ចើមផ្លូវសម្រាប់ដល់អ្នកដែលមានជីវភាពខ្វះខាត។
មន្ត្រីសង្គមស៊ីវិលលោក ប៉ិច ពិសី ចាត់ទុកសកម្មភាពបែបនេះថា ជាអំពើល្អរួមចំណែកជួយដល់ពលរដ្ឋ និងសង្គមជាតិក្នុងគ្រាអាសន្ន។ បន្ថែមពីនេះលោកលើកទឹកឱ្យអ្នកទ្រព្យធនស្តុកស្ដម្ភដទៃទៀតគួរតែចូលរួមផ្ដល់ជំនួសមនុស្សធម៌ជូនដល់ពលរដ្ឋដែលមានជីវភាពតោកយ៉ាកឱ្យបានច្រើន ដូចដែលបានផ្ដល់ជំនួយដល់រដ្ឋាភិបាលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។