ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបងរាប់ពាន់គ្រួសារ មានជីវភាពកាន់តែវេទនា ដោយសារតែពួកគាត់ធ្វើនេសាទត្រីមិនបានប្រាក់ដោះស្រាយជីវភាព។ ស្ថានភាពបែបនេះធ្វើឱ្យពលរដ្ឋខ្លះនាំគ្នាដើររាវខ្ចៅ និងគ្រុំ ហើយខ្លះទៀតងាកមកដាំបន្លែលក់ដើម្បីរកប្រាក់ទិញស្បៀងអាហារហូបចុក។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែប្រញាប់ដោះស្រាយបញ្ហានេះ ដោយសម្បទានដីព្រៃលិចទឹកខ្លះជូនដល់ពួកគាត់ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត។
ប្រជានេសាទនៅតំបន់បឹងទន្លេសាបខេត្តបាត់ដំបង លើកឡើងដូចៗគ្នាថា ជីវភាពរបស់ពួកគាត់នៅឆ្នាំ២០២១នេះកាន់តែតោកយ៉ាកខ្លាំង ហើយពួកគាត់គ្មានលទ្ធភាពរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះឡើយ។
ប្រជាពលរដ្ឋនៅរស់នៅភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ លោក ម៉ុង វុទ្ធី រៀបរាប់ប្រាប់អាស៊ីសេរីថា ជីវភាពគ្រួសាររបស់គាត់កាន់តែវេទនាពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារឆ្នាំនេះផលត្រីថយចុះខ្លាំងមិនធ្លាប់ជួបប្រទះឡើយ។ ពលរដ្ឋវ័យ ៤៣ឆ្នាំរូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋនៅតំបន់លោក ធ្វើនេសាទមិនបានត្រីលក់រកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសាររយៈពេលជាង៣ខែមកហើយ ។បន្ថែមពីនេះ គ្រួសារមួយចំនួនដែលមានជីវភាពធូរធារពីមុនមក បានលក់គ្រឿងអលង្ការអស់ពីខ្លួន ដើម្បីយកប្រាក់ទិញអង្ករច្រកឆ្នាំ។ លោកបន្តថា សព្វថ្ងៃគ្រួសាររបស់គាត់រកប្រាក់ចំណូលបានយ៉ាងច្រើន ១ម៉ឺនរៀល(១០.០០០)ក្នុងមួយថ្ងៃ ដោយមិនគ្រប់សម្រាប់ដោះស្រាយជីវភាពឡើយ៖ «ណាចំណាយទៅលើកូនរៀនផងយ៉ាប់ដល់ហើយរស់នៅ វាពឹងទៅលើការនេសាទ បើនេសាទអត់មានទៀតវាកាន់តែយ៉ាប់មែនទែន។ បើប្រៀបធៀបកាលបីឆ្នាំមុនវាខុសគ្នា ពីមុននៅរដូវវស្សាយើងអាចរកត្រីបានច្រើនទៅយើងសល់លុយសម្រាប់ដេកហូបខែប្រាំង ដល់ពេលប៉ុន្មានឆ្នាំក្រោយមកនេះវា នេសាទអត់សូវបានអត់មានលុយដេកស៊ីខែប្រាំងក៏ យកលុយនាយទុនមកធ្វើម្ទេស។ដល់ពេលធ្វើម្ទេសឥឡូវវាបរាជ័យទៀតកាន់តែជំពាក់គេថែម»។
ប្រជានេសាទរូបនេះឱ្យដឹងទៀតថា អំឡុងពេលនេះមានពលរដ្ឋខ្លះដាច់ស្បៀង ហើយពួកគាត់នាំគ្នាដើររាវខ្ចៅ និងគ្រុំតាមដងអូរនិងបឹងដើម្បីយកទៅលក់គ្រាន់បានប្រាក់បន្តិចបន្តូចសម្រាប់ទិញអាហារហូបចុក ហើយខ្លះទៀតបានងាកមកដាំបន្លែរកចំណូលបន្ថែមជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកប្រាប់ថា គ្រួសាររបស់គាត់បានកាប់ឆ្ការព្រៃក្បែរផ្ទះរបស់ខ្លួន ដាំម្ទេសបានជិតកន្លះហិកតារដែរ ប៉ុន្តែលោកថា បន្លែចុះថោក ហើយលក់មិនបានប្រាក់ដោះស្រាយជីវភាពនោះទេ៖ «ដោយសារជីវភាពហ្នឹងឯងបង រកត្រីមិនបានក៏នាំគ្នារាវខ្ចៅ តែឥឡូវខ្ចីគេលែងទិញទៀត ជីវភាពអ្នកទន្លេកាន់តែយ៉ាប់ខ្លាំងហើយ។ វាដុនដាបចង់តែគ្រប់គ្នា អ្នកទន្លេក្រៅពីរបរនេសាទមួយគ្មានជម្រើសអីធ្វើ ចង់និយាយ។ចង់និយាយថា ប្រជាជននៅទន្លេនេះចង់យកដីក្រោយផ្ទះហ្នឹងចង់របៀបថាយើងអាចភ្ជួរបានអីទៅយើងអាចដាំស្រូវបាន ដល់ពេលអត់ហ៊ានភ្ជួរខ្លាចគេចាប់ក៏អត់ហ៊ានធ្វើអីដាំបន្លែចង់និយាយថានៅភូមិទន្លេនេះវាឆ្ងាយទីផ្សារ គ្រាន់តែដាំបានគ្រាន់មិនអីទេបើដាំដើម្បីដោះស្រាយជីវភាពទៅអត់រួចទេ»។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅភូមិកន្ត្រៃ ឃុំព្រៃចាស់ម្នាក់ទៀត លោក នួត ភាន ថ្លែងថា ជីវភាពគ្រួសាររបស់គាត់ឆ្នាំនេះវេទនាខ្លាំងមិនធ្លាប់ជួបប្រទះពីមុនមកឡើយ ដោយសារធ្វើនេសាទមិនបានត្រីដូចឆ្នាំកន្លងទៅ។ ពលរដ្ឋវ័យ៥០ឆ្នាំប្លាយរូបនេះ បន្តថា គ្រួសាររបស់គាត់គ្មានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវភាពនោះទេ ព្រោះនៅតំបន់ដែលលោករស់នៅពឹងផ្អែកទាំងស្រុងលើរបរនេសាទ ដោយគ្មានរបរផ្សេងទៀតនោះឡើយ៖ «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីចេះតែបាត់បង់ទៅអ៊ីចឹងគេផ្អាករក ខែណេះអត់ទាន់បានទឹក វាទាក់ទងនឹងអត់មានទឹកផង។ វាក្ដៅខះអត់ទឹកអីទៅអីចឹងគេដាំម្ទេសដាំអីទៅពីដើម ពួកគាត់អត់ដែលនឹកឃើញថាប្រកបមុខរបរកសិកម្មទេ គាត់រកត្រីខួបប្រាំងខួបវស្សា អត់ពីទឹកតាមវាយទៅគេចូលបឹងចូលព្រែកបានរហូត។ ដល់រយៈពេលចុងក្រោយមកអស់ត្រីបណ្ដោយ អស់ត្រីតាំងពីរដ្ឋាភិបាលកាត់ឡូ នេសាទឱ្យមកប្រជាពលរដ្ឋហ្នឹងដូចអស់ត្រីលឿនបណ្ដោយ ដោយសារប្រជាពលរដ្ឋគាត់រកមុខរបរខុសច្បាប់ពេក»។
លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគាត់ជាច្រើនគ្រួសារ ដោយសារតែជីវភាពក្រីក្រ បានបោះបង់របរធ្វើនេសាទចោល ហើយនាំគ្នាប្រថុយជីវិតទៅរកការងារធ្វើនៅទីប្រជុំជនក្នុងខេត្តបាត់ដំបង និងនៅតំបន់ព្រំដែនថៃ។
ពលរដ្ឋទាំងនេះអំពាវនាវសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់ស្បៀងអាហារជូនដល់ពួកគាត់ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ បន្ថែមពីនេះពួកគាត់សំណូមពរដល់រដ្ឋាភិបាលផ្ដល់ដីព្រៃលិចទឹកមួយចំនួនជូនដល់ពួកគាត់ ដើម្បីធ្វើស្រែប្រាំងរកចំណូលដោះស្រាយជីវភាពគ្រួសារ។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ប្រាប់អាស៊ីសេរីថា ក្រោយពីទទួលដំណឹងនេះ លោកនឹងបញ្ជាទៅអាជ្ញាធរមូលដ្ឋានឱ្យចុះស្រង់ឈ្មោះពលរដ្ឋដែលដាច់ស្បៀងអាហារ និងអ្នកដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីឧបត្ថម្ភស្បៀងអាហារជូនដល់ពួកគាត់។បន្ថែមពីនេះលោកថា កន្លងមកអាជ្ញាធរស្រុកបានចែកអង្ករ ទឹកត្រីនិងទឹកស៊ីអ៊ីវជូនដល់ពលរដ្ឋនៅតំបន់បឹងទន្លេសាបនោះបាន៤០០គ្រួសាររួចមកហើយ។ ចំណែកការដែលពលរដ្ឋស្នើផ្ដល់ដីព្រៃលិចទឹកដើម្បីដាំដុះនោះ លោកថា អាជ្ញាធរស្រុកមិនទាន់ទទួលបានសំណើពីប្រជាពលរដ្ឋនៅឡើយទេ៖ «អាហ្នឹងវាពាក់ព័ន្ធនឹងផ្លូវច្បាប់ ប៉ុន្តែក្នុងនាមយើងអាជ្ញាធរប្រជាពលរដ្ឋលោកចង់បានអី លោកដាក់មកយើងពាំនាំសំណើរបស់ប្រជាពលរដ្ឋជូនទៅថ្នាក់លើទៀត មិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរនៅមូលដ្ឋាន។ ឥឡូវលោកមានសិទ្ធិដាក់សំណើចង់បានយ៉ាងម៉េចអីយ៉ាងម៉េច តែពាក់ព័ន្ធផ្លូវច្បាប់យ៉ាងម៉េចអាហ្នឹងយើងបញ្ជូនទៅ ឧទាហរណ៍ពាក់ព័ន្ធដីរដ្ឋអីចឹងវាមិនមានអ្នកណាមានសិទ្ធិក្រៅរដ្ឋាភិបាលទេ»។
របាយការណ៍អភិបាលស្រុកឯកភ្នំឱ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបនៅក្នុងស្រុកនេះមានឃុំចំនួនពីរ គឺឃុំព្រៃចាស់ និងឃុំកោះជីវាំង ដែលមានពលរដ្ឋសរុបជាង៦ពាន់(៦.០០០)គ្រួសារ រស់នៅពឹងផ្អែកទៅលើរបរធ្វើនេសាទ។ ក្នុងនោះពលរដ្ឋជាង ២.០០០គ្រួសារមានជីវភាពខ្វះខាតខ្លាំង។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ជីវភាពរបស់ពលរដ្ឋនៅតំបន់បឹងទន្លេសាបពិតជាមានជីវភាពខ្វះខាត ដែលអាជ្ញាធរពាក់ព័ន្ធគួរតែប្រញាប់ដោះស្រាយជូនដល់ពួកគាត់។ លោកបញ្ជាក់ទៀតថា ពលរដ្ឋទាំងនៅតំបន់នោះបច្ចុប្បន្នគ្មានលទ្ធភាពរកប្រាក់ចំណូលចិញ្ចឹមជីវិតដូចពលរដ្ឋនៅតំបន់ផ្សេងឡើយ ព្រោះពួកគាត់រស់នៅលើទឹករយៈពេល ៦ខែនៅក្នុងរដូវវស្សា ដោយពឹងផ្អែកទៅរបរធ្វើនេសាទ៖ «អីចឹងដឹងគប្បីរៀបចំមក ហើយឱ្យពួកគាត់ចូលរួមមក យើងមានការជួបប្រជុំ ថាឥឡូវយើងកសាងផែនការភូមិឃុំសង្កាត់ហ្នឹងយើងឱ្យគាត់ចូលរួមឱ្យគាត់លើកមកអាហ្នឹងជាពាក្យបណ្ដឹង អាហ្នឹងជាកង្វល់ដែលធ្វើពីមូលដ្ឋានផ្ទាល់ដើម្បីបញ្ជូនមកថ្នាក់លើ។ យើងកុំរង់ចាំគាត់ គាត់អត់ចេះទេ ឧទាហរណ៍ឥឡូវសុំដីសម្បទានផ្នែកសង្គមកិច្ច សួរថាប្រជាពលរដ្ឋប៉ុន្មាននាក់ដែលយល់អំពីស្អីទៅអាសម្បទានសង្គមកិច្ច ហើយគាត់ត្រូវធ្វើម៉េច។ យើងចេះតែឱ្យគាត់ធ្វើមកៗ អីចឹងយើងដែលជាតំណាងនៅតាមភូមិឃុំហ្នឹងយើងជួយគាត់ទៅ»។
លោក យិន ម៉េងលី យល់ថា មូលហេតុដែលឆ្នាំនេះ ផលត្រីថយចុះ បណ្ដាលមកពីការលួចធ្វើនេសាទដោយសុខច្បាប់ និងការលួចដុតព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិ ដែលប៉ះពាល់ដល់ជម្រកត្រីពងកូន និងបណ្ដាលមកពីគ្រោះរាំងស្ងួតធ្វើឱ្យមិនមានទឹកគ្រប់គ្រាន់នៅតំបន់ទន្លេសាប។ លោកថា ដើម្បីដោះស្រាយស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែសម្បទានដីព្រៃលិចទឹកមួយចំនួនជូនដល់ពលរដ្ឋនៅតំបន់នោះ ដើម្បីពួកគាត់បង្កបង្កើនផលរកចំណូលដោះស្រាយជីវភាព។ បន្ថែមពីនេះ អាជ្ញាធរត្រូវចាត់វិធានការឱ្យបានតឹងតែងទៅលើជនល្មើសដែលលួចទន្ទ្រានព្រៃលិចទឹក និងទប់ស្កាត់ដាច់ខាតមិនឱ្យពលរដ្ឋធ្វើនេសាទខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជឿថា បញ្ហានេះ ប្រសិនបើរដ្ឋាភិបាល នៅតែមិនបានដោះស្រាយទេនោះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនៅតំបន់នោះកាន់តែខ្លាំងបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។