ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ លោក ហ៊ុន សែន ថា គ្មាន​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រេង សាំង​ឡើង​ថ្លៃ

ដោយ ម៉ៅ សុធានី
2022.07.01
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ លោក ហ៊ុន សែន ថា គ្មាន​ទទួលខុសត្រូវ​ដោះស្រាយ​បញ្ហា​ប្រេង សាំង​ឡើង​ថ្លៃ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​​មីទ្ទិញ​ខួប​គណបក្សប្រជាជនកម្ពុជា លើកទី៧១ កាល​ពីថ្ងៃ​ទី២៩ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ប្រជាពលរដ្ឋ និង​មន្ត្រី​សហជីព រិះគន់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រេង​ឥន្ធនៈ ដែល​មាន​តម្លៃ​បន្ត​ហក់​ឡើង​ខ្ពស់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ ជាពិសេស​អ្នក​ដែល​ប្រកប​របរ​រត់​ម៉ូត​ឌុប។ ពួកគាត់​ទាមទារ​ដល់ លោក ហ៊ុន សែន ឱ្យ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​និយាយ​ត្រឹមតែ​ពាក្យ​សូម​ទោស​ទៅ​កាន់​ពលរដ្ឋ ដើម្បី​គេចវេះ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ រត់​ម៉ូតូឌុប​ត្អូញត្អែរ​ពី​ការ​ប្រឈម​បញ្ហា​ក្នុង​គ្រួសារ និង​បញ្ហា​គ្មាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​បំណុល​ធនាគារ ស្រប​ពេល​ដែល​រដ្ឋាភិបាល​គ្មាន​ភាព​ច្បាស់លាស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រេង​ឥន្ធនៈ ដែល​បន្ត​ឡើងថ្លៃ​យ៉ាង​គំហុក។

ពលរដ្ឋ​ដែល​ប្រកប​របរ រត់​ម៉ូតូ​កង់​បី​ម្នាក់​ក្នុង​ខេត្ត​សៀមរាប លោក សឿង ស្រ៊ន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១ កក្កដា​ថា បញ្ហា​ប្រេងសាំង និង​ហ្គាស ឡើងថ្លៃ​នេះ បាន​ធ្វើ​ឱ្យ​លោក​ប្រឈម​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង​។ លោក​បន្ត​ថា ក្នុង​មួយថ្ងៃ​រក​បាន​ប្រាក់​ពី ៤​ម៉ឺន (៤០.០០០) ទៅ ៥​ម៉ឺន​រៀល (.០០០០) តែប៉ុណ្ណោះ ដែល​ចំណូល​នេះ​លោក​ត្រូវ​បែង​ចែង​ចំណាយ​ថ្លៃ​ហ្គាស ម្ហូប​អាហារ​ប្រចាំថ្ងៃ និង​សន្សំ​សម្រាប់​បង់​ធនាគារ​ប្រចាំ​ខែ​ស្ទើរតែ​មិន​គ្រប់​។ ក្រៅ​ពី​នេះ លោក​ព្រួយ​បារម្ភ​ថា បើ​កូនៗ និង​សមាជិកគ្រួសារ​របស់​លោក​មាន​ជំងឺ លោក​ក៏​គ្មាន​ប្រាក់​បម្រុង​សម្រាប់​ព្យាបាល​នោះ​ដែរ៖ «បើ​និយាយ​ទៅ​ជួប​ការ​លំបាក​ច្រើន​ណាស់​។ ដូចជា ពួក​ខ្ញុំ សឹងតែ​រក​មួយថ្ងៃ​មិន​គ្រប់​មួយថ្ងៃ​ទេ បើ​និយាយ​ទៅ​ប្រឈម​មុខ​នឹង​បញ្ហា បង់​រំលស់​កង់​បី​គេ យក​មក​រកស៊ី​។ បញ្ហា​ទី​២ បង់ថ្លៃ​ផាស​អាប់ (Pass App) ទប់ទល់​គ្រួសារ​ផង​។ បើ​អ៊ីចឹង គឺ​និយាយ​ឱ្យ​ចំ​ទៅ​ពិបាក​ណាស់ ក្នុង​ការ​រស់នៅ​រាល់ថ្ងៃ​នេះ ប្រឈម​មុខ​ខ្លាំង​មែនទែន​។ រាល់ថ្ងៃ ដូច​គ្រួសារ​ខ្ញុំ​ប្រសិនបើជា​ឈឺ វា​រឹត​តែ​ពិបាក​មិនដឹង​គិត​ទៅ​ផ្លូវ​ណា​រាល់ថ្ងៃ​ហ្នឹង»

រីឯ អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ទៀត​នៅ​ខេត្ត​ព្រះសីហនុ លោក វ៉ាន វ៉ាត់ ឱ្យ​ដឹង​ថា ស្របពេល​បញ្ហា​ប្រេងសាំង និង​ហ្គាស​ឡើងថ្លៃ លោក​មិន​សូវ​មាន​ភ្ញៀវ​ដឹក​ដូច​មុន​នោះ​ទេ​។ លើស​ពី​នេះ លោក​ថា ស្ទើរ​គ្រប់​តំបន់​ក្នុង​ក្រុងព្រះសីហនុ មាន​ជនជាតិ​ចិន​ច្រើន​បាន​ដណ្ដើម​ប្រកប​របរ រត់​ម៉ូតូ​កង់​បី​នេះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​រត់​ម៉ូតូ​កង់​បី​ប្រឈម​បញ្ហា​ជីវភាព​គ្រួសារ និង​ខ្វះខាត​ថវិកា​សម្រាប់​បង់​បំណុល​ធនាគារ​ប្រចាំខែ៖ «​តាម​ថ្ងៃ​ណា​ភ្ញៀវ​មក​ច្រើន ឬ​មក​តិច វា​អាច​លើស​ពី ១០​ដុល្លា ថ្ងៃ​ខ្លះ​។ ប៉ុន្តែ យើង​ដឹង​ហើយ​ថា ទំនិញ​ទីផ្សារ​នៅ​ស្រុក​ខ្មែរ យើង​បាន​មួយថ្ងៃ​ត្រឹមតែ ១០​ដុល្លា វា​ពិបាក​ដែរ​បង់ថ្លៃ​កូន​ទៅ​រៀន​។ បើ​និយាយ​រឿង​ហូបចុក​វិញ ត្បិតត្បៀត​ណាស់ មិនអាច​ទៅ​ទិញ សាច់គោ​អី​កន្លះ​គីឡូ បង្គា​កន្លះ​គីឡូ មួយ​គីឡូ​អី គ្រឿង​សមុទ្រ យើង​មិន​ដែល ហ៊ាន​ហូប​ទេ យើង​សន្សំសំចៃ»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់ទៀត​ដែល​ប្រកប​របរ​រត់​ម៉ូតូឌុប​ក្នុង​ខេត្តកំពត លោក មាស វាសនា បញ្ជាក់​ថា ក្នុង​មួយថ្ងៃ​លោក​រក​ចំណូល​បាន​ខ្ពស់​បំផុត​ត្រឹមតែ ៣​ម៉ឺន (៣០.០០០) រៀល ដែល​ធ្វើ​ឱ្យ​លោក​មិនអាច​ទប់ទល់​ថ្លៃ​សាំង និង​ម្ហូបអាហារ​ប្រចាំ​បាន​ឡើយ​។ លោក​បន្ត​ថា តម្លៃ​ប្រេងសាំង​នៅតែ​បន្ត​ហក់​ឡើងថ្លៃ​បែបនេះ លោក​នឹង​សម្រេចចិត្ត​ផ្លាស់​មុខរបរ​ទៅជា​អ្នកនេសាទ ឬ​កម្មករ​សំណង់​វិញ ដើម្បី​អាច​រក​ប្រាក់​ចំណូល​បាន​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​។ ទោះជា​យ៉ាងណា លោក​ស្នើ​ដល់​រដ្ឋាភិបាល​ថា គួរតែ​មាន​ចំណាត់ការ​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ជៀសវាង​និយាយ​ដោះសា​ម្តង​ហើយ​ម្ដងទៀត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រកប​របរ​រត់​ម៉ូតូ​នៅតែ​បន្ត​រង​ទុក្ខ​លំបាក៖ «​ជីវភាព​ខ្ញុំ​អ្នក​រត់​កង់​បី ទាក់ទង​នឹង​ហ្គាស។ បើ​សាំង និង​ហ្គាស ឡើងថ្លៃ​គឺ​ដាច់​បាយ​ហើយ​។ សំណូមពរ​ឱ្យ​រដ្ឋាភិបាល ជួយ​មើល​រាស្ត្រ​ខ្មែរ​ផង​។ ដល់ពេល​ក្រោយ​បោះឆ្នោត​ហើយ​ចប់​សាំង​ឡើងថ្លៃ កាលពី​មិនទាន់​បោះឆ្នោត​ហ្នឹង​រៀង​ចុះ​តិច​។ ឥឡូវ​បោះឆ្នោត​ហើយ សាំង​កាន់តែ​ឡើងថ្លៃ​។ ក្រុមហ៊ុន ផាស​អាប់ (Pass App) នេះ​ស៊ី​កាត់​ភាគរយ​ទៅ ហើយ​ក្រុមហ៊ុន ហ្គាស ចែក​គ្នា​ស៊ី​ដឹង​ម៉េច​ទេ​។ យើង​ចេះតែ​រកស៊ី​តក់ៗ​ទៅ»

ដោយឡែក អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ទៀត ក្នុង​ក្រុង​ប៉ោយប៉ែត​ឯនោះ​វិញ​គឺ លោក ឥន្ទ ជីវ័ន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខណៈ​ថ្លៃ​សាំង និង​ទំនិញ​ស្ទើរ​គ្រប់មុខ​បន្ត​ឡើងថ្លៃ​យ៉ាង​គំហុក លោក​រក​ចំណូល​បាន​តិចតួច​បំផុត ដោយ​លោក​ត្រូវ​រក​ការងារ​ធ្វើជា​អ្នក​អូស​រទេះ​បន្លែ នៅ​ពេល​យប់​ក្នុង​ផ្សារ​ទីក្រុង​ប៉ោយប៉ែត​បន្ថែម​ទៀត​។ លើស​ពី​នេះ លោក​បន្ត​ថា កូនៗ​របស់​លោក​ចំនួន ៣​នាក់ ត្រូវ​យក​ទៅ​ផ្ញើ​នឹង​ជីដូន​ចាស់ជរា​នៅ​ឯ​ស្រុកកំណើត ខេត្ត​កំពង់ចាម ដើម្បី​ឱ្យ​ពួកគេ​បាន​រៀនសូត្រ និង​ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ម្ហូបអាហារ​ប្រចាំថ្ងៃ៖ «កាលណា ការណ៍​ដែរ​សាំង ឡើងថ្លៃ​ទៀត វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ មិន​ថា​តែ​ខ្ញុំ​ទេ​បងប្អូន រត់​ម៉ូតូឌុប ឬ​អាជីវករ ទាំង​ការ​ធ្វើ​ដំណើរ​តាមផ្លូវ បើ​សាំង​ឡើងថ្លៃ​ក៏​គាត់​ពិបាក​ដែរ គាត់​រក​ចំណូល​បាន​តិចតួច​ដូច​ខ្ញុំ​ដែរ​ហ្នឹង​។ រក​មិនបាន​រអ៊ូ​ម្នាក់ៗ គ្រប់គ្នា បើ​សាំង​ឡើងថ្លៃ​អ៊ីចឹង»

ការ​ត្អូញត្អែរ​របស់​ប្រជា​ពលរដ្ឋ​នេះ ក្រោយពី​តម្លៃ​ប្រេងឥន្ធនៈ​បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស ដោយ​តម្លៃ​ប្រេងសាំង​ទៀតសោត​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ គឺ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ជាថ្មី​ថា បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ​មិនមែន​កើតឡើង​នៅ​កម្ពុជា​ឡើយ គឺ​កើតឡើង​ជុំវិញ​ពិភពលោក ដែល​មាន​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី (Russia ) និង​អ៊ុយក្រែន (Ukraine)​។ លោក ហ៊ុន សែន ក៏បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព ឱ្យ​មាន​ការប្រើប្រាស់​រថយន្ត​ដែល​ប្រើ​ថាមពល​អាគុយ ឬ​ហ្គាស​វិញ​។ ទោះជា​យ៉ាងណា លោក​មិន​បាន​លើក​យក​បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ៖ «​ប្រសិនជា​បងប្អូន​យល់​ថា ចាំបាច់ អ្នក​ដែល​មាន​លុយ មាន​កាក់ ល្មមៗ គួរតែ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ពី​ឥឡូវ​ទៅ នោះ​គឺ​ការប្រើប្រាស់​ឡាន​ធុងអាគុយ ឡាន​អាគុយ​វិញ​។ អាហ្នឹង​ជា​ការ​កាត់បន្ថយ យើង​នៅតែ​បន្ត​ធ្វើ​ដំណើរ​បាន​គ្រាន់តែ​យឺត​ជាង​។ ប៉ុន្តែ ម៉ូតូ​ប្រហែល​អត់​មាន​ប្រើ​អាគុយ​ទេ​វើយ ហើយ​ម៉ូតូ​នៅ​ប្រទេស​យើង​ដូច​ប្រមាណ ៤​លាន​គ្រឿង​នោះ​។ មួយថ្ងៃ​ប្រើ​តែ​មួយ​លីត្រ ក្នុង​មួយ​គ្រឿង គឺ​អស់ ៤​លាន​លីត្រ​ទៅ​ហើយ​។ នៅ​ឡាវ (Laos) ក៏​ខ្វះ​ប្រេង នៅ​ស្រី​លង្កា (Sri Lanka) ក៏​ខ្វះ​ប្រេង​។ យើង​មិនទាន់ ដល់​ថ្នាក់​ខ្វះ​ប្រេង​ទេ តែ​ពេល​ណាមួយ បម្រុង​ទុក អាច​នឹង​មាន​ការ​លំបាក មាន​លុយ​ហើយ​ទិញ​ប្រេង​មិន​បាន​ទៀត​។ សុំ​ការយោគយល់ អធ្យាស្រ័យ»

ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​១ ខែ​កក្កដា បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​កំណត់​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​កក្កដា ថា ចំពោះ​សាំង​ធម្មតា ត្រូវ​លក់​ក្នុង​តម្លៃ ៥.៨០០​រៀល​ក្នុង​មួយ​លីត្រ និង​ចំពោះ​ប្រេងម៉ាស៊ូត ត្រូវ​លក់​តម្លៃ ៦.២០០​រៀល ក្នុង​មួយ​លីត្រ។ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា តម្លៃ​នេះ​ជា​ការ​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​នៅ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​។ ទោះជា​បែបនេះ​ក្តី មកដល់ពេលនេះ ពលរដ្ឋ​ឱ្យ​ដឹង​ថា តម្លៃ​សាំង​បាន​ហក់​ឡើង​ក្នុង​តម្លៃ​ជាង ៦​ពាន់ (.៣០០) រៀល ក្នុង​មួយ​លីត្រ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើកឡើង​ថា បញ្ហា​ប្រេងសាំង​ហក់​ឡើងថ្លៃ​ខ្ពស់ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​ជួប​បញ្ហា​ជីវភាព​គ្រួសារ​។ លោក​បន្ត​ថា ទោះបីជា​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ខ្ពស់​បណ្តាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី (Russia ) និង​អ៊ុយក្រែន (Ukraine) ក្តី រដ្ឋាភិបាល​គួរ​មាន​បញ្ចុះ​ពន្ធ​នាំចូល និង​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ដើម្បី​កាត់បន្ថយ​ការ​លំបាក​ប្រជាពលរដ្ឋ៖ «យើង​បាន​ស្ដាប់ លោកនាយក​រដ្ឋមន្ត្រី ថ្លែង​នៅ ស្វីស (Switzerland) កន្លង​មក ដែល​ធ្វើការ​លើកឡើង ថា​ថ្លៃ​សាំង​នៅ​អឺរ៉ុប (EU) ក៏​ថ្លៃ​ដែរ​។ ការពិត​ការ​លើកឡើង​នេះ មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា សាំង​ឡើង​មែន តែ​ផលទុន​សរុប​ប្រចាំឆ្នាំ ឬ (GDP) ប្រជាពលរដ្ឋ​ប្រទេស​គេ​ហ្នឹង វា​ខ្ពស់​ជាង​កម្ពុជា​យើង​។ កម្ពុជា ផលទុន​សរុប​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​តិច ហើយ​ថ្លៃ​សាំង​មាន​ប្រហាក់ប្រហែល​គ្នា​។ អ៊ីចឹង​មាន​ផល​ប៉ះពាល់ ធ្ងន់ធ្ងរ​សម្បើម​ណាស់ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ ឬមួយ​កុំ​យកពន្ធ ទៅលើ​ប្រេងឥន្ធនៈ»

លោក រ៉ុង ឈុន បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​រៀបចំ​គោលនយោបាយ ក្នុង​ការ​ដោះស្រាយ​ទុក្ខ​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ច្បាស់លាស់​ជាង​ពេល​បច្ចុប្បន្ន មិន​គួរ​ថ្លែង​ត្រឹមតែ​ពាក្យ​សូមទោស​ទៅកាន់​ពលរដ្ឋ ហើយ​ទុកចោល​បញ្ហា​ករណី​តម្លៃ​ប្រេងសាំង​បន្ត​ហក់​ឡើង​ខ្ពស់ មិន​ព្រម​ដោះស្រាយ​បែបនេះ​ឡើយ​។ លោក​បន្ថែម​ទៀត ថា បើ​រដ្ឋាភិបាល នៅតែ​មិន​ខ្វាយខ្វល់ ដោះស្រាយ​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​មាន​តម្លៃ​សមរម្យ​នោះ​ទេ លោក​នឹង​ពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំ​សហភាព​សហជីព និង​សមាជិក​ផ្សេងទៀត ប្រមូល​ផ្តុំ​គ្នា​សម្ដែង​មតិ ដើម្បី​ជំរុញ​ដល់​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ប្រេងសាំង​នេះ​ឱ្យ​នៅ​តម្លៃ​ទាប​សមរម្យ ដើម្បី​សម្រួល​ការ​លំបាក​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 03, 2022 01:58 AM

នៅអាមរិក តម្លៃសាំង ប្រហែលខ្មែរ RFA មានទទួលខុសត្រូវទេ