សមាគមលើកកម្ពស់ម្រេចកំពត ប៉ាន់ស្មានថា ទិន្នផលម្រេចកំពតនៅឆ្នាំនេះ នឹងមានការកើនឡើងវិញ ដោយសារអាកាសធាតុអំណោយផលល្អជាងឆ្នាំមុន នៅពេលដើមរដូវ។ កសិករម្រេចកំពតអះអាងថា ពួកគេបានត្រៀមខ្លួន និងបច្ចេកទេសរួចរាល់ហើយដើម្បីទប់ទល់នឹងបាតុភូតនានានៅរដូវប្រាំង។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ រំពឹងថា ម្រេចកំពតនៅឆ្នាំនេះ នឹងអាចប្រមូលផលបានចន្លោះពី ៨០ ទៅ ៩០ តោន ខណៈការប្រមូលផលនឹងធ្វើឡើងនៅចុងខែកុម្ភៈខាងមុខ។ លោកបញ្ជាក់ថា ម្រេចកំពតនឹងនៅរក្សាតម្លៃថេរដូចឆ្នាំមុនៗដដែល គឺម្រេចសតម្លៃ ២៨ ដុល្លារ ម្រេចក្រហម ២៥ ដុល្លារ និងម្រេចខ្មៅតម្លៃ ១៥ ដុល្លារក្នុងមួយគីឡូក្រាម៖ «ចម្ការរបៀបថ្នាក់កណ្ដាលមាន ២-៣ ពាន់គុម្ព ១ ម៉ឺនគុម្ពអ៊ីចឹង អាហ្នឹងវាអត់អីទេ ល្អ ព្រោះគេនៅមានកម្លាំងថែទាំគ្រប់គ្រាន់ ហើយមើលទៅឃើញថា សន្ទុះវាល្អជាងឆ្នាំ ២០១៧-២០១៨។ យើងអត់ឡើង យើងអត់ចុះ។ បើយើងចុះ បានន័យថា យើងចោលហើយ ព្រោះអត់មានតុល្យភាពនឹងការចំណាយ។ ឡើងក៏យើងមិនឡើងដែរ ព្រោះយើងដឹងថា ទីផ្សារលក់តម្លៃប៉ុណ្ណឹង កសិករផលិតបានហើយ»។
គិតត្រឹមដើមឆ្នាំ២០១៩ នេះ ផ្ទៃដីដាំដុះម្រេចកំពតមានចំនួន ២៤០ហិកតារ ខណៈផ្ទៃដីប្រមូលផលមានជាង ១០០ហិកតារ។ តំបន់ដែលអាចផលិតម្រេចកំពតបាន រួមមាន ស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ខេត្តកំពត ព្រមទាំងនៅស្រុកដំណាក់ចង្អើរ និងក្រុងកែប ខេត្តកែប។
លោក ងួន ឡាយ ថ្លែងថា ថ្វីត្បិតតែឆ្នាំនេះអាកាសធាតុល្អជាងឆ្នាំមុន ក៏ប៉ុន្តែបញ្ហាប្រឈមសំខាន់របស់កសិករម្រេចកំពតនៅពេលនេះ គឺការខ្វះខាតកម្លាំងពលកម្ម ដែលអាចធ្វើឱ្យចម្ការធំៗមួយចំនួនត្រូវធ្លាក់ចុះទិន្នផល ព្រោះមិនទទួលបានការថែទាំដិតដល់៖ «ឥលូវយើងមកជួបហានិភ័យច្រើនរឿងពលកម្ម។ ពលកម្មក្មេងស្រីៗភាគច្រើនចូលរោងចក្រ ហើយប្រុសៗដែលមានកម្លាំងភាគច្រើនចុះទូក ធ្វើសំណង់ ទៅថៃ ជាដើម។ យើងចង្អៀតដែរឥលូវនេះ អ៊ីចឹងបានថា កម្លាំងពលកម្មឥលូវថ្លៃ ខុសពីមុន។ យើងបេះម្រេចតាំងពី ៥ ពាន់ ៧ ពាន់ ១ ម៉ឺន (រៀលក្នុងមួយគីឡូក្រាម) ឥលូវ ១ ម៉ឺន ៥ ពាន់ ១ ម៉ឺន ៧ ពាន់ កន្លែងខ្លះ ២ ម៉ឺនរៀល បានគេធ្វើ»។
ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃក្រសួងកសិកម្ម លោក ខាន់ សំបាន ទទួលស្គាល់ថា ការខ្វះខាតកម្លាំងពលកម្មនៅចម្ការម្រេច និងក្នុងវិស័យកសិកម្មទាំងមូល ពិតជាកើតមានមែន ដោយសារពលរដ្ឋនាំគ្នាទៅធ្វើការងារតាមរោងចក្រ និងសហគ្រាសវិញ ព្រោះពួកគាត់អាចទទួលបានប្រាក់ឈ្នួលច្រើនជាង។ លោកបញ្ជាក់ថា ក្រសួងកសិកម្មអាចជួយបានត្រឹមតែការផ្ដល់បច្ចេកទេសដល់កសិករ មិនអាចជួយដោះស្រាយរឿងកង្វះខាតកម្លាំងពលកម្មនៅតាមចម្ការម្រេចនេះបានឡើយ៖ «ពាក់ព័ន្ធបញ្ហាកម្លាំងពលកម្មនេះ ប្អូនដឹងស្រាប់ហើយអាហ្នឹង យើងធ្វើយ៉ាងម៉េច វាអាស្រ័យទៅតាមទីផ្សារ។ កន្លែងណាគេឱ្យថ្លៃ រត់ទៅកន្លែងហ្នឹងហើយ។ ពលកម្មវាខ្វះខាត វាត្រូវហើយ។ យើងមិនអាចធ្វើយ៉ាងម៉េចកើតដែរ ព្រោះម្រេចហ្នឹងយើងបេះ យើងប្រឡេះ យើងអត់អាចប្រើប្រាស់ម៉ាស៊ីនទេ។ យើងត្រូវប្រើប្រាស់ពលកម្មមនុស្សផ្ទាល់តែម្ដង»។
ទោះជាយ៉ាងណា មន្ត្រីបច្ចេកទេសរូបនេះបានអះអាងថា ក្រសួងមិនបារម្ភឡើយចំពោះការបង្កបង្កើនផលម្រេចកំពត ព្រោះកសិករនៅទីនោះមានបច្ចេកទេសដាំដុះខ្ពស់ ហើយក្រសួងក៏បានជួយជ្រោមជ្រែងកសិករឱ្យបង្កើតជាសមាគមលើកកម្ពស់ម្រេចកំពតរួចរាល់ហើយដែរ។ លោកថា បច្ចុប្បន្នក្រសួងកំពុងជួយដល់កសិករដាំម្រេចនៅតំបន់ដទៃ ឱ្យមានការចងក្រងជាសហគមន៍ និងផ្ដល់បច្ចេកទេសដល់ពួកគាត់ ដើម្បីបានក្លាយជាសហគមន៍រឹងមាំដូចកសិករម្រេចកំពតដែរ។
ម្រេចកំពតត្រូវបានសហគមន៍ចុងភៅនៅប្រទេសបារាំង និងអឺរ៉ុប ទទួលស្គាល់ថា ជាម្រេចដែលមានគុណភាពខ្ពស់ជាងគេលើពិភពលោក។ គុណភាពលើសគេនេះ គឺដោយសារម្រេចកំពតត្រូវបានដាំដុះតាមលក្ខណៈធម្មជាតិ នៅតំបន់ជិតមាត់សមុទ្រ ជាកន្លែងដែលមានបរិស្ថាន និងអាកាសធាតុអំណោយផលល្អ។ ការដាំដុះម្រេចនៅភូមិសាស្ត្រខេត្តកំពតនេះ ធ្វើឡើងតាមលក្ខណៈប្រពៃណីសុទ្ធសាធ ដោយមិនប្រើប្រាស់ជីគីមី ឬថ្នាំសម្លាប់សត្វល្អិតគីមីឡើយ។
កាលពីឆ្នាំ២០១៦ កន្លងទៅ ម្រេចកំពតត្រូវបានចុះបញ្ជីទទួលស្គាល់ជាទំនិញសម្គាល់ទីតាំងភូមិសាស្ត្រ (PGI) នៅក្នុងទីផ្សារសហភាពអឺរ៉ុប។ ការទទួលស្គាល់នេះ ជួយប្រយុទ្ធប្រឆាំងការក្លែងបន្លំផលិតផល និងជួយបង្កើនភាពលេចធ្លោនៃម្រេចកំពតនៅលើទីផ្សារផលិតផលក្នុងសហភាពអឺរ៉ុប ក្នុងប្រទេសកម្ពុជា និងក្នុងទីផ្សារដទៃទៀត ដោយសារតែផលិតផលនេះ មានបិទស្លាកសញ្ញាបញ្ជាក់គុណភាព ភីជីអាយ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញខាងកសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា កង្វះខាតពលកម្មនៅចម្ការម្រេច ធ្វើឱ្យកសិករត្រូវចំណាយកាន់តែច្រើនលើថ្លៃដើមនៃការផលិត ហើយបញ្ហានេះនឹងធ្វើឱ្យប្រាក់ចំណេញរបស់ពួកគាត់ថយចុះ។ លោកថា បញ្ហាដែលកសិករម្រេចកំពតកំពុងជួបប្រទះនេះ ក៏ដូចជាបញ្ហារបស់កសិករម្រេចនៅតំបន់ដទៃទៀតដែរ ប៉ុន្តែអ្វីដែលប្រសើរជាងនោះ គឺម្រេចកំពតមានទីផ្សារល្អជាង និងតម្លៃខ្ពស់ជាងម្រេចធម្មតា៖ «បរិមាណម្រេចកំពតដែលទីផ្សារស្រូបហ្នឹង ក៏វាមិនជាធំប៉ុន្មានដែរ។ ជារួមគឺគ្រាន់តែប្រសើរជាងរឿងទីផ្សារ រឿងតម្លៃ ប៉ុន្តែបញ្ហាប្រឈមផ្សេងទៀត គឺប្រហាក់ប្រហែលគ្នាដែរ ដូចជាការចំណាយទៅលើការផលិត និងការដាំដុះ និងទៅលើកម្លាំងពលកម្មអី ដូចជាមិនខុសគ្នាទេ»។
កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រុមកសិករ និងផលិតករ ផលិតម្រេចកំពតតាមស្តង់ដារបានចំនួន ៦៩ តោន និងលក់ចេញទៅផ្សារបានចំនួន ៥០ តោនរួចមកហើយ។ ម្រេចកំពតប្រមាណ ៧០ភាគរយ ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយប្រហែល ៣០ ភាគរយទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕