អ្នកនយោបាយ​បក្ស​ប្រឆាំង​បារម្ភ​ថា ចិន​អាច​ឆ្លៀតឱកាស​យក​កម្ពុជា​ធ្វើជា​ទីផ្សារ​លក់​ផលិតផល

ដោយ សេក បណ្ឌិត
2024.04.25
អ្នកនយោបាយ​បក្ស​ប្រឆាំង​បារម្ភ​ថា ចិន​អាច​ឆ្លៀតឱកាស​យក​កម្ពុជា​ធ្វើជា​ទីផ្សារ​លក់​ផលិតផល ជំនួប​រវាងនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ់ាង យី (Wang Yi) នា​វិមានសន្តិភាព កាលពីថ្ងៃទី២២ មេសា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវការ​ចិន ឱ្យធ្វើ​កិច្ច​សហប្រតិបត្តិការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​បន្ថែម​ទៀត នៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស។ ក៏ប៉ុន្តែ​គោលការណ៍​នេះ បែរជា​ធ្វើ​ឱ្យ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​មាន​ការ​ព្រួយបារម្ភ​ទៅវិញ។

អ្នក​នយោបាយ​មកពី​គណបក្សប្រឆាំង​បង្ហាញ​ការ​ព្រួយបារម្ភ​ថា ចិន​អាច​មាន​ប្រៀប​និង​ឆ្លៀតឱកាស​យក​ប្រទេស​កម្ពុជា ធ្វើជា​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ទំនិញ​របស់​ខ្លួន ខណៈ​ដែល​កម្ពុជា​មិន​មាន​ផលិតផល​អ្វី​ច្រើន សម្រាប់​នាំ​ចេញ​ទៅ​កាន់​ចិន​វិញ​ទេ​នោះ។

អតីត​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៣ ខែ​មេសា ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឱ្យ​ចិន​បង្កើន​ពាណិជ្ជកម្ម​សេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ចិន​ថែមទៀត គឺជា​រឿង​ល្អ សម្រាប់​ពង្រីក​ពាណិជ្ជកម្ម​សេរី ឱ្យ​មាន​ទំហំ​កាន់តែ​ធំ​ជាង​មុន ព្រមទាំង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​កាន់តែ​ច្រើន។

ប៉ុន្តែ​លោក អ៊ុំ សំអាន ថា អ្វី​ដែល​លោក​ព្រួយបារម្ភ គឺ​ខ្លាច​ក្រែងតែ​ចិន​មានប្រៀប​លើ​កម្ពុជា និង​អាច​ឆ្លៀត​ឱកាស​យក​កម្ពុជា ធ្វើជា​ទីផ្សារ​លក់​ផលិតផល​របស់​ខ្លួន ខណៈ​ដែល​កម្ពុជា​មិន​មាន​ផលិតផល​ច្រើន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ឱ្យ​បាន​ចំនួន​ប្រហាក់ប្រហែល​គ្នា​វិញ​នោះ។

លោក អ៊ុំ សំអាន៖ «ប៉ុន្តែ​ផលិតផល​របស់​កម្ពុជា នាំ​ចេញទៅ​ចិន​មិនបាន​ច្រើន​ទេ។ វា​មិនបាន​បង្កើន​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា​ទេ ផ្ទុយទៅវិញ​គ្រាន់តែ​ជាទី​ផ្សារ​សម្រាប់​ចិន​លក់​ផលិតផល​របស់​ខ្លួន នេះ​ជា​រឿង​មួយ​ដែល​យើង​បារម្ភ។ រឿង​មួយទៀត​ក្នុង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ចិន​នេះ ក៏​អាច​ធ្វើ​ឱ្យ​កម្ពុជា​លង់​ក្នុង​បំណុល​របស់​ចិន អាច​ផុងខ្លួន​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​ផង​ដែរ​។ ចិន​អាច​យក​កម្ពុជា ជា​កូនអុក​របស់​ខ្លួន ដែល​ចិន​ចង់​ពង្រីក​ឥទ្ធិពល​របស់​គេ ទៅ​ក្នុង​ពិភពលោក»

ការ​ព្រួយ​បារម្ភ​របស់​អ្នកនយោបាយ​ប្រឆាំង​ដូចនេះ កើតមាន​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ស្នើ​សុំឱ្យ​ភាគី​ចិន ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​បន្ថែម​ទៀត ។ លោក ហ៊ុន ម៉ាណែត បាន​ស្នើសុំ​បែបនេះ​ក្នុងពេល​ជួបពិភាក្សា ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា កន្លង​ទៅ។

តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​តំបន់​ដែល​មាន​ទីតាំង​យុទ្ធសាស្ត្រ​ត្រៀម​រួចជាស្រេច សម្រាប់​អាជីវកម្ម​និង​ការ​វិនិយោគ ដោយ​រួមមាន​ទាំង​ភាព​ងាយស្រួល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​អាច​នឹង​ទាក់ទាញ​ការ​វិនិយោគ​ព្រមទាំង​បង្កើត​កន្លែង​ការងារ​ជូន​ប្រជាពលរដ្ឋ ឱ្យ​មាន​ការងារ​ធ្វើ​ផង។

ទោះបីជា​យ៉ាងណា វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​លោក ស៊ុន ចាន់ថុល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៤ មេសា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។

តាម​ឯកសារ ស្រាវជ្រាវ​របស់​អង្គការ​ទិន្នន័យ អំពី​ការ​អភិវឌ្ឍ (Open Development Cambodia ឱ្យដឹង​ថា គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០២០ កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤៦ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តស្វាយរៀង និង​នៅ​តំបន់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាដើម។

ចំណែក កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង អ័​រសឹប (RCEP)​វិញ​គឺ ចូល​ជា​ធរមាន​តាំងពី​ថ្ងៃទី​១ ខែ​មករា​ឆ្នាំ​២០២២។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​-​ចិន​នេះ មិន​ត្រឹមតែ​លើកលែង​ពន្ធ លើ​ផលិតផល​នាំចេញ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​គ្រប​ដណ្តប់​លើ​វិស័យ​ជាច្រើន​ទៀត ដូចជា​ផ្នែក​សេវាកម្ម វិនិយោគ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​លុប​បំបាត់​របាំង​មិនមែន​ពន្ធគយ​ជាដើម។

តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន កម្ពុជា​ធ្លាប់​បាន​អះអាង​ថា នឹង​នាំ​ផលិតផល​ជាង​៣៤០​មុខ ទៅកាន់​ប្រទេស​ចិន​។ ជាមួយ​គ្នា​នេះ កម្ពុជា​បាន​កំណត់​ទំនិញ​ដែល​មាន​សក្ដានុពល​ចំនួន ១០​មុខ​ដូចជា​៖ ស្រូវ អង្ករ ដំឡូង​មី ចេក ផ្លែ​មៀន​ប៉ៃលិន ស្វាយ គ្រាប់ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់​និង​ម្រេច ដើម្បី​ទាញ​យក​ប្រយោជន៍ ឱ្យ​បាន​កាន់​តែ​ច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការសិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ មាន​ប្រសាសន៍​ថា ការ​ជំរុញឱ្យ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន គឺជា​រឿង​ល្អ ក្នុង​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ប្រសិនបើ​ការជំរុញ​វិនិយោគ​ទាំងនោះ មិន​ជាប់​ពាក់ព័ន្ធ​និង​របៀបវារៈ​នយោបាយ​ទេ។

លោក សេក សុជាតិ បញ្ជាក់​ទៀត​ថា រាល់​ការ​វិនិយោគ​បរទេស រួម​ទាំង​ចិន​ផង​សុទ្ធតែ​ល្អ ឱ្យ​តែ​ការ​វិនិយោគ​ទាំងនោះ មាន​ភាពស្មោះត្រង់ មិន​រំលោភច្បាប់​កម្ពុជា មិន​ប្រព្រឹត្ត​អំពើពុករលួយ​និង​មិន​ធ្វើបាប​កម្មករ កម្មការិនី​នៅ​តាម​កន្លែង​ធ្វើការ។

លោក សេក សុជាតិ៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា តែងតែ​ផ្ដល់​ផលប្រយោជន៍​ច្រើន​។ ទី​១​ផ្ដល់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​មានការ​ងារ​ធ្វើ ហើយក៏​អាច​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​បាន​ច្រើន​ដែរ​។ អ្វី​ដែល​ព្រួយបារម្ភ​គឺ​ទាក់ទង​ជាមួយ​នឹង​ការ​គាបសង្កត់ ឬក៏​ការ​បើក​សិទ្ធិ​ឱ្យ​វិនិយោគ​បរទេស មក​ធ្វើការ​ដាក់​ទុន​ដោយ​បំពាន​មក​លើ​ច្បាប់​ការងារ ហើយ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ធ្វើបាប​ឬក៏​ធ្វើទុក្ខបុកម្នេញ​ដល់​កម្មករ កម្មការិនី​របស់​យើង​។ នេះ​គឺជា​បញ្ហា​ដែល​យើង​មើល​ឃើញ​ថា មិន​គួរ​ឱ្យ​កើតមាន​ទេ បើសិន​ជា​ន​ករណី​បែប​នេះ​កើត​ឡើង​មែន​នោះ»

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ប្រហាក់ប្រហែល​គ្នា​នេះ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​ចិន បាន​ចូល​ជា​ធរមាន​ទៅ​ហើយ ក៏ប៉ុន្តែ​ទំហំ​ពាណិជ្ជកម្ម ដែល​មាន​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នោះ នៅ​មាន​កម្រិត។

លោក សេង វណ្ណលី បញ្ជាក់​ទៀត​ថា ការជំរុញ​បង្កើន​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​កម្ពុជា គឺ​វា​នឹង​មាន​ផលប្រយោជន៍ ដោយ​កំណើនសេដ្ឋកិច្ច និង​ការ​វិនិយោគ​កើនឡើង ក៏ប៉ុន្តែ​លោក​ព្រួយបារម្ភ​អំពី​ការ​គ្មាន​គណនេយ្យភាព និង​តម្លាភាព ចំពោះ​ការ​ត្រួតពិនិត្យ​ទៅ​លើ​ពាណិជ្ជកម្ម​សេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នោះ។

លោក សេង វណ្ណលី៖ «ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​បើក​បន្ថែម​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ចិន​កាន់តែ​ច្រើន ហើយ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ជា​ទ្រង់ទ្រាយ Macro ឬក៏​Micro សេដ្ឋកិច្ច​ក៏ដោយ គឺ​កម្ពុជា​គួរតែ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ ក៏ដូចជា​ការ​បើក​ទូលំទូលាយ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ស្ថាប័ន​ឯករាជ្យ​ផ្សេងៗ អាច​ចូល​ទៅ​ជួយ​ត្រួតពិនិត្យ​រដ្ឋាភិបាល​បាន​។ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​គិតថា​ការ​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្នឹង វា​បាន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល ក៏ដូចជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អ្នក​ដែល​មាន​ឥទ្ធិពល​ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុន»

លោក អ៊ុំ សំអាន មើល​ឃើញ​ថា បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​ចិន​បាន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ចំនួន​ច្រើន​ក្តី ក៏ប៉ុន្តែ​ក្រុមហ៊ុន​ចិន​ភាគច្រើន​មិនសូវ​គោរព​ច្បាប់​ការងារ​ទេ គឺ​ច្រើនតែ​រំលោភបំពាន​លើ​សិទ្ធិ​កម្មករ។

លោក អ៊ុំ សំអាន យល់​ថា ប្រសិនបើ​កម្ពុជា​មានតែ​អ្នក​វិនិយោគ និង​ទីពឹង​សេដ្ឋកិច្ច​តែ​លើ​ប្រទេស​ចិន​មួយ គឺ​វា​មិនល្អ​ទេ ។ កម្ពុជា​គួរតែ​វិលត្រឡប់​មក​រក​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ឱ្យ​ប្រសើរ​ឡើងវិញ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ប្រទេស​លោក​សេរី ឱ្យ​កាន់តែ​ធំ​ជាង​មុន នោះ​ទើប​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​មាន​ស្ថិរភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។