ពលរដ្ឋ​ត្អូញត្អែរ​រឿង​តម្លៃ​សាំង​បន្ត​ឡើង​ថ្លៃ​ខ្លាំង ខណៈ​ជីវភាព​ពួកគាត់​រង​គ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ ឡេង ម៉ាលី
2021.07.24
ពលរដ្ឋ​ត្អូញត្អែរ​រឿង​តម្លៃ​សាំង​បន្ត​ឡើង​ថ្លៃ​ខ្លាំង ខណៈ​ជីវភាព​ពួកគាត់​រង​គ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ តារាង​តម្លៃ​សាំង​កំណត់​ដោយ​ក្រសួង​ពាណិជ្ជកម្ម។
Photo Screenshot

ប្រជា​ពលរដ្ឋ​មួយចំនួន​ត្អូញត្អែរ​រឿង​តម្លៃ​សាំង​បន្ត​ឡើងថ្លៃ​ខ្លាំង​ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព ខណៈ​ពេល​ពួកគាត់​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ អូស​បន្លាយ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រក​យន្តការ​ដោះស្រាយ​តម្លៃ​សាំង​ឡើងថ្លៃ ដើម្បី​ជួយ​សម្រួល​បន្ទុក​ជីវភាព​ល​រដ្ឋ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ។

ប្រជាពលរដ្ឋ​ថា​តម្លៃ​សាំង​ឡើងថ្លៃ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​ជីវភាព​ពួកគាត់​ក្រីក្រ ព្រោះ​វា​បាន​ធ្វើ​ឱ្យ​មុខរបរ អាជីវកម្ម និង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ឡើងថ្លៃ​ដែល​កាត់ផ្ដាច់​ប្រាក់ចំណូល​ពលរដ្ឋ​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​រក​មធ្យោបាយ​ដោះស្រាយ​តម្លៃ​សាំង​កើនឡើង​នេះ​បន្ទាន់ ដើម្បី​ធានា​នូវ​ជីវភាព​រស់នៅ​ពួកគាត់​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ​១៩​នេះ។

អាជីវករ​លក់ដូរ​តាម​រ៉ឺម៉ក​ម៉ូតូ នៅ​រាជធានី​ភ្នំពេញ លោកស្រី ពុត កញ្ញា លើកឡើង​ថា បច្ចុប្បន្ន​មុខរបរ​លក់​ភេសជ្ជៈ​របស់​លោកស្រី​លក់ដូរ​ពុំ​សូវ​ដាច់​នោះ​ទេ ព្រោះ​ពលរដ្ឋ​ភាគច្រើន​មិនសូវ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ចំណីអាហារ​ហូ​ម​ចុក​ដូច​មុន​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩​នោះ​ទេ​។ លោកស្រី​បន្ត​ថា តម្លៃ​សាំង​ឡើងថ្លៃ​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខរបរ និង​ជី​វិភាព​គ្រួសារ​លោកស្រី​ផង​ដែរ ព្រោះ​ប្រាក់​ដែល​លោកស្រី​ចំណេញ​បន្តិចបន្តួច​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ចាក់​រឺម៉ក់​ម៉ូតូ​ជាង​១​ម៉ឺន ៣​ពាន់ (១៣.០០០)​រៀល​ក្នុង​មួយថ្ងៃ ហើយ​វា​ជា​អម្រែក​មួយ​ដ៏​ធ្ងន់​សម្រាប់​គ្រួសារ​លោកស្រី​ក្នុង​ស្ថានភាព​នេះ​។ អាជីវករ​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា លោកស្រី​បារម្ភ​ឆ្លង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ បញ្ហា​ទុក្ខ​លំបាក​ជីវភាព​នៅក្នុង​គ្រួសារ​ដូចជា​ថ្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង និង​បំណុល​ធនាគារ​បាន​វណ្ឌ​ក​មិនអាច​រារាំង​លោកស្រី​ស្នាក់​នៅផ្ទះ​បាន​ទេ៖ «ទំនិញ​អី​ប្រេងសាំង​អី​ឱ្យ​វា​ចុះថោក​ដូច​មុន​សល់​ប្រមាណ​២​ពាន់​ជាង​ឥឡូវ​ឡើង​ដល់​ជិត​៥​ពាន់​រៀល ប្តី​ខ្ញុំ​រត់​ផាស​អាប់​ចាក់​ហ្គាស​ក៏​ហ្គាស​ឡើង​ថ្លៃ ហើយ​តម្លៃ​ដែល​យើង​យក​ពី​គេ​បាន​ដដែលៗ អីវ៉ាន់​យើង​ទិញ​លក់​ចេះតែ​ឡើង​ម្ដង​ប្រាំ​កាក់​ម្ដង​ពីរ​កាក់​អ៊ីចឹង​អី សាំង​ឡើង​ម្ដង​៥​រយ​រៀល​ម្ដង ១​ពាន់​រៀល​រហូត​អ៊ីចឹង»

ក្តី​បារម្ភ​របស់​ពលរដ្ឋ​នេះ កើតឡើង​ក្រោយ​ពេល ក្រសួង​ពាណិជ្ជកម្ម​បាន​ជូនដំណឹង​ពី​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ៍ ដោយ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ​ពី​ថ្ងៃ​ទី​១៦ ដល់​៣១ កក្កដា នឹង​ត្រូវ​លក់​សម្រាប់​សាំង​ធម្មតា ៤​ពាន់​១​រយ​រៀល (.១០០) ក្នុង​មួយ​លីត្រ​និង​សម្រាប់​ម៉ាសូត ៣​ពាន់​៦៥០​រៀល (.៦៥០) ក្នុង​មួយ​លីត្រ ហើយ​បើ​ធៀប​ទៅ​នឹង​ខែ​មិថុនា សាំង​ធម្មតា​៣​ពាន់ ៩​រយ​រៀល (.៩០០) រយៈពេល​១​ខែ​កើន​តម្លៃ​២​រយ​រៀល​ក្នុង​មួយ​លីត្រ និង​ម៉ាស៊ូត​៣​ពាន់​៥៥០​រៀល (.៥៥០) រយៈពេល​១​ខែ​កើន​១​រយ​រៀល​ក្នុង​មួយ​លីត្រ​។ សេចក្ដី​ជូនដំណឹង​ក៏​បាន​បញ្ជាក់​ថា ក្រសួង​មិនមែន​ជា​អ្នក​កំណត់​ថ្លៃ​លក់​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់​តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ​មក​គណនា​ប៉ុណ្ណោះ​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ​អះអាង​ដូចៗ គ្នា​ថា រដ្ឋាភិបាល​មាន​តួនាទី បញ្ចុះតម្លៃ​ប្រេងសាំង​ដើម្បី​ធានា​នូវ​ប្រក្រតី​ភាព​មុខរបរ​និង​ជីវភាព​ល​រដ្ឋ​ឡើងវិញ។ ម្យ៉ាងវិញទៀត​ពួកគាត់​យល់​ថា រដ្ឋាភិបាល​អាច​ប្រើប្រាស់​យន្តការ​បន្ធូរបន្ថយ​តម្លៃ​ពន្ធ​លើ​សាំង​នាំចូល​ដែល​ជា​ចំណែក​មួយ​ដើម្បី​បញ្ចុះតម្លៃ​ប្រេងសាំង​ផង​ដែរ។

អ្នក​រត់​តុកតុក​នៅ​រាជធានី​ភ្នំពេញ លោក ឈាង ស៊ីណាត ថា តម្លៃ​សាំង​នៅ​លើ​ទីផ្សារ​ហក់​ឡើងថ្លៃ​នៅ​ឆ្នាំ​២០២១​នេះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​អ្នករត់ម៉ូតូឌុប រ​ម៉ក់​កង់​បី អ្នក​រត់​ផាស​អាប់ និង​ឡាន​ឈ្នួល​ជាដើម ហើយ​ចំណែក​ទំនិញ​លើ​ទីផ្សារ​ជាពិសេស​ម្ហូបអាហារ​ហូបចុក​ប្រចាំថ្ងៃ​វិញ​ក៏​ឡើងថ្លៃ​ផង​ដែរ​។ លោក​ថា ស្ថានភាព​រីក​រាល​ជំងឺ​កូវីដ​១៩​នេះ អ្នកដឹង​ជញ្ជូន​រក​ប្រាក់​ចំណូល​បាន​មួយថ្ងៃ​ហូប​មួយ​ថ្ងៃ តែប៉ុណ្ណោះ ហើយ​គួបផ្សំ​នឹង​តម្លៃ​សាំង​ថ្លៃ​ធ្វើ​ឱ្យ​គ្រួសារ​លោក​មិន​អាច​ទប់ទល់​តម្រូវ​ការ​ជីវភាព​បានទេ។ លោក​ថា រដ្ឋាភិបាល​ហាក់​មិន​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​សាំង​និង​ទំនិញ​នៅ​លើ​ទីផ្សារ ដើម្បី​ពួកគាត់​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៖ «បញ្ហា​ម្ហូបអាហារ​ឡើងថ្លៃ សាច់​គាត់​ត្រូវ​ឡើងថ្លៃ​ហើយ​ព្រោះ​សាំង​ឡើងថ្លៃ យើង​ដឹង​ហើយ​គាត់​ត្រូវ​លក់ទំនិញ​ម្ហូបអាហារ ត្រី សាច់ ត្រូវ​ឡើង​តាម​ហ្នឹង​ដែរ សម័យកាល​នេះ​ឈឺ​លែង​ទៅ​ពេទ្យ​ហើយ​អត់​លុយ ហើយ​ខ្លាច​គេ​មើលទៅ​ឃើញ​កូវីដ​ផ្សេងៗ បើ​យើង​អត់​មាន​កូវីដ​មើល​សំណាក​មុន​ព្យាបាល​ជំងឺ​ត្រូវ​បង់ប្រាក់​ទៀត អ៊ីចឹង​អត់​ហ៊ាន​ទៅ​ទេ ល្មមៗ​នៅផ្ទះ​ត្អូញត្អែរ​នៅផ្ទះ កោសខ្យល់​អីចឹង​សុទ្ធតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​មែនទែន​ហើយ​ពាក់ព័ន្ធ​តែ​សាំង​មួយ​មុខ​គឺ​ប៉ះពាល់​គ្រប់មុខ»

ស្រដៀង​គ្នា​នេះ​ដែរ កសិករ​នៅ​ខេត្ត​បាត់ដំបង លោក ជា រ៉ាវី ត្អូញត្អែរ​ពី​តម្លៃ​ប្រេងម៉ាស៊ូត​និង​សាំង​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ដែល​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​របស់​លោក​និង​ពលរដ្ឋ​ផ្សេងទៀត​នៅ​លើ​ទីផ្សារ ព្រោះ​លោក​ត្រូវ​ចំណាយ​ខ្ពស់​លើក​ប្រេងម៉ាស៊ូត​ដើម្បី​ចាក់​ម៉ាស៊ីនបូមទឹក​បញ្ជូល​ស្រែ​រហូត​ដល់ពេល​ច្រូត​កាត់ ខណៈ​លោក​ត្រូវ​បង់​បំណុល​ធនាគារ​ជិត​៣​រយ​ដុល្លារ​ក្នុង​មួយ​ខែ​។ កសិករ​រូប​នេះ​បន្ត​ថា​ពលរដ្ឋ​នៅក្នុង​ឃុំ​របស់​លោក​មិន​សូវ​ចេញ​ទៅ​ប្រកប​មុខរបរ​ឆ្ងាយ​នោះ​ទេ ព្រោះ​ពួក​គាត់​បារម្ភ​សាំង​ឡើងថ្លៃ៖ «សំណូមពរ​ដល់​រដ្ឋាភិបាល​និង​ស្ថាប័ន​នានា បើ​អាច​សម្រួល​បាន​ជួយ​សម្រួល​សាំង​ឱ្យ​ចុះ​មក​នៅ​ល្មម​អាច​ទទួល​យក​បាន ហើយ​ធនាគារ​អី​ក៏ដោយ​រដ្ឋាភិបាល​ជួយ​សម្រួល​ពន្យារ​ខ្លះ​ក៏​ល្អ​ព្រោះ​ឥឡូវ​មិន​ដឹង​រក​អី​បាន ទៅណា​ក៏​គេ​បិទ​មិន​ឱ្យ​ដើរ​នៅតែ​ផ្ទះ»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​ទេ​នៅ​ថ្ងៃទី​២៣ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ តែ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ឡុង កែវិចិត្រ ប្រាប់​ថា លោក​មិន​អធិប្បាយ​បាន​ទេ ដោយ​លើក​ហេតុផល​ថា​ជាប់រវល់​ប្រជុំ ហើយ​លោក​រុញ​ឱ្យ​ផ្ញើ​សំនួរ​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram)​វិញ​។ វិទ្យុ​អាស៊ីសេរី​បាន​ផ្ញើ​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ មិន​ទាន់​ឆ្លើយតប​ជុំវិញ​រឿង​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ កក្កដា។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា ស្ថានភាព​រីក​រាលដាល​ជំងឺ​កូវីដ​១៩​នេះ សង្គម​ស៊ីវិល​ព្រួយបារម្ភ​ការបាត់បង់​ប្រាក់ចំណូល និង​បញ្ហា​ជីវភាព​អាជីវករ និង​អ្នក​ប្រកបមុខរបរ​ដឹកជញ្ជូន​។ លោក​ថា តម្លៃ​សាំង​ឡើងថ្លៃ​ក៏​ជា​បន្ទុក​បន្ថែម​ទៀត​ដែល​ទាញ​ជីវភាព​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ឱ្យ​យ៉ាប់យ៉ឺន​បន្ត​ទៀត​ដែរ​។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​មិន​ទាន់​ប្រើប្រាស់​យន្តការ​ឆ្លើយតប​ដើម្បី​ដោះស្រាយ​ជុំវិញ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នៅ​ឡើយ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ថា តម្លៃ​សាំង​និង​ទំនិញ​ដែល​កំពុង​ឡើងថ្លៃ​មិន​ឆ្លុះបញ្ចាំង​ពី​តុល្យភាព​នៃ​ប្រាក់ចំណូល​របស់​ពលរដ្ឋ​នោះ​ទេ ដូច្នេះ​រដ្ឋាភិបាល​គួរ​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ​រក​វិធី​បញ្ចុះតម្លៃ​សាំង ដើម្បី​ធានា​នូវ​សិទ្ធិ​និង​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​សមរម្យ​ក្នុង​ស្ថានភាព​លំបាក​នេះ៖ «រៀបចំ​យន្តការ​ទាក់ទង​ទៅ​នឹង​កូវីដ​ដែរ ព្រោះ​កាលណា​ស្ថានភាព​កូវីដ​ស្រុក​យើង​ចាក់​វ៉ាក់សាំង​ហើយ វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​មិនអាច​ឆ្លង​ទៅ​ដល់​ប្រជាពលរដ្ឋ​ផ្សេងៗ​វា​ជា​កត្តា​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន អ៊ីចឹង​ឱ្យ​អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​អាច មាន​ដង្ហើមរស់​ក្នុង​ការ​អាស្រ័យ​ផល​លើ​ភ្ញៀវ​ទេសចរណ៍​ហ្នឹង​ដែរ ប៉ុន្តែ​តួលេខ​អ្នក​ឆ្លង​កូវីដ​ឡើង​ខ្ពស់​ហើយ​ចាក់​វ៉ាក់សាំង​ក៏​មាន​ចំនួន​ច្រើន​ដែរ តែ​តួលេខ​ចំនួន​ឆ្លង​អត់​មានការ​ថមថយ អាហ្នឹង​រឹងរឹត​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ហ៊ាន​ចេញ​ដំណើរ​ទៅមក​ណា សាំង​ឡើងថ្លៃ​ទៀត អាហ្នឹង​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ការ​រស់​ក្នុង​ស្ថានភាព​បែបនេះ»

កាល​ពី​ឆ្នាំ​២០២០ តម្លៃ​ប្រេងសាំង​ធ្លាក់ចុះ​បាន​ជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​១៩​ខ្លះ​ដែរ ប៉ុន្តែ​ចាប់​ពី​ដើម​ឆ្នាំ​២០២១​នេះ តម្លៃ​ប្រេងសាំង​ចាប់ផ្ដើម​ហក់​ឡើង​ខ្លាំង​ស្រប​ទៅ​នឹង​ជំងឺ​កាចសាហាវ​បន្ត​រីក​រាលដាល​ខ្លាំង​។ ចំណែក​តម្លៃ​ប្រេងសាំង និង​ម៉ាស៊ូត​លក់​ចាប់ពី​ថ្ងៃទី​១៦ កក្កដា​ឆ្នាំ​២០២០ សម្រាប់​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ ៣​ពាន់​រៀល​(.០០០) សម្រាប់​ម៉ាស៊ូត​ក្នុង​មួយ​លីត្រ​២​ពាន់​៧៥០​រៀល (.៧៥០) ។ រីឯ​តម្លៃ​ប្រេងសាំង និង​ម៉ាស៊ូត​ចាប់ពី​១៦ កក្កដា ឆ្នាំ​២០២១ វិញ​សម្រាប់​សាំង​ធម្មតា ៤​ពាន់​១​រយ​រៀល​(.១០០)​ក្នុង​មួយ​លីត្រ សម្រាប់​ម៉ាស៊ូត ៣​ពាន់​៦៥០​រៀល (.៦៥០) ក្នុង​មួយ​លីត្រ។ ដូច្នេះ​បើ​គិត​ក្នុង​រយៈពេល​១​ឆ្នាំ​ធៀប​នឹង​តម្លៃ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​នៅ​ខែកក្កដា​ដូចគ្នា តម្លៃ​ប្រេងសាំង​កើនឡើង​ក្នុង​មួយ​លីត្រ​១​ពាន់​១​រយ (.១០០) និង​ប្រេង​ម៉ាស៊ូត​កើនឡើង​ក្នុង​មួយ​លីត្រ ៩​រយ​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។