សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​ជាមួយ​អាមេរិក

ដោយ អ៊ុំ រង្សី
2016-10-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
ស្រូវ និង​អង្ករ​ផ្កា​រំដួល ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Tha Kitya

កាល​ពី​ពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ក្រោយ​ពី​អាជ្ញាធរ​ទទួល​បន្ទុក​ត្រួតពិនិត្យ​ផ្នែក​អាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក (FDA) បាន​រក​ឃើញ​ថា អង្ករ​ទាំង​នោះ​មាន​ជាតិ​គីមី​ចំនួន ៨​ប្រភេទ ដែល​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។ បញ្ហា​នេះ សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​អ្នក​រក​ស៊ី​ក្នុង​វិស័យ​អង្ករ យល់​ថា វា​ជា​ឱកាស​ល្អ​សម្រាប់​កម្ពុជា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​ជាមួយ​អាមេរិក ឲ្យ​បាន​ប្រសើរ​ជាង​មុន។

សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​អ្នក​រក​ស៊ី​ក្នុង​វិស័យ​អង្ករ ក្រៅ​ពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​ជាមួយ​អាមេរិក ឲ្យ​បាន​ប្រសើរ​ជាង​មុន ពួកគេ​ក៏​ឲ្យ​ពង្រឹង​គុណភាព​ផលិត​អង្ករ​គ្រប់​ប្រភេទ ព្រមទាំង​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​បន្លំ​យក​អង្ករ​គ្រប់​ប្រភេទ​លាយ​សារធាតុ​គីមី​រួច​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ផង​ដែរ។

ករណី​នេះ ត្រូវ​បាន​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​ប្រាប់​អាស៊ីសេរី​ថា ការ​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម គឺ​ជា​ឱកាស​ល្អ​សម្រាប់​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ដើម្បី​ជ្រៀត​ចូល​ទីផ្សារ​អាមេរិក ប្រសិនបើ​កម្ពុជា ងាក​មក​ពង្រឹង​ការទូត​ផ្នែក​ពាណិជ្ជកម្ម​ឲ្យ​បាន​រឹងមាំ​នោះ។

ក្រៅ​ពី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​ជាមួយ​អាមេរិក ឲ្យ​បាន​រឹងមាំ លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កសិករ ធ្វើ​យ៉ាង​ណា​ឲ្យ​ចេះ​ផលិត​អង្ករ​ដែល​មាន​គុណភាព​របៀប​ដាំ​ដុះ​បែប​សរីរាង្គ ដើម្បី​អាច​ជ្រៀតចូល​ទីផ្សារ​អាមេរិក និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​កាន់​តែ​ទូលាយ៖ «ខណៈ​នេះ​ខ្ញុំ​យល់​ថា កម្ពុជា​ត្រូវ​តែ​បង្កើន​ការ​ដាក់​ទុន​បន្ថែម ធ្វើ​យ៉ាង​ណា​បង្រៀន​ឲ្យ​កសិករ​ចេះ​ផលិត ចេះ​វេច​ខ្ចប់ ធ្វើ​យ៉ាង​ណា​មាន​ភាព​ល្អ​ប្រសើរ ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​ការ​នាំ​ចេញ​អង្ករ»

ចំណែក​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន មាន​ប្រសាសន៍​ថា ការ​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម របស់​សហរដ្ឋ​អាមេរិក​នេះ មិន​សូវ​ផ្ដល់​ផល​ចំណេញ​សម្រាប់​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ប៉ុន្មាន​នោះ​ទេ ព្រោះ​សហរដ្ឋអាមេរិក កន្លង​មក​នាំចូល​អង្ករ​វៀតណាម និង​កម្ពុជា ក្នុង​បរិមាណ​តិច​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រទេស​ថៃ។

ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​យល់​ថា ខណៈ​នេះ​ប្រទេស​ថៃ នឹង​ទទួល​ផល​ប្រយោជន៍​ច្រើន​ជាង​កម្ពុជា ព្រោះ​កេរ្តិ៍​ឈ្មោះ​អង្ករ​ថៃ ត្រូវ​បាន​គេ​ស្គាល់​យូរ​អង្វែង​ជាង​កម្ពុជា។

​យ៉ាង​ណា​លោក​ក៏​យល់​ថា ការ​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ទៅ​កាន់​សហរដ្ឋអាមេរិក ដោយសារ​រក​ឃើញ​ជាតិ​គីមី​ប្រើ​ច្រើន​ហួស​កម្រិត​នេះ គឺ​ជា​មេរៀន​ថ្មី​សម្រាប់​កម្ពុជា ឲ្យ​ចេះ​ប្រុងប្រយ័ត្ន និង​ការពារ​គុណភាព​អង្ករ​របស់​ខ្លួន​មិន​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ៖ «ជា​មេ​រៀន​មួយ​ដែល​កម្ពុជា យើង​ត្រូវ​តែ​នឹង​រៀបចំ​ខ្លួន ប្រុង​ប្រយ័ត្ន ព្រោះ​យើង​នៅ​ជាប់​ព្រំដែន​វៀតណាម ព្រោះ​ហានិភ័យ​នៃ​ការ​ឆ្លង និង​ការ​ប្រើប្រាស់​តាម​ងាយ​ជា​ប្រទេស​ថៃ»

កាល​ពី​ពេល​ថ្មីៗ​នេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្អាក​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​វៀតណាម ក្រោយ​ពី​អាជ្ញាធរ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​ផ្នែក​អាហារ និង​ថ្នាំពេទ្យ​របស់​អាមេរិក (FDA) បាន​រក​ឃើញ​ថា អង្ករ​ទាំង​នោះ​មាន​ជាតិគីមី​ចំនួន ៨​ប្រភេទ​ដែល​ប្រើ​ច្រើន​ហួស​កម្រិត និង​ខ្វះ​អនាម័យ។

សហរដ្ឋអាមេរិក​បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​២០១២ ដល់​ខែ​សីហា ឆ្នាំ​២០១៦ អង្ករ​ចំនួន ១​ម៉ឺន​តោន​ត្រូវ​បាន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​អង្ករ​វៀតណាម ចំនួន ១៦ ត្រូវ​បាន​រក​ឃើញ​ថា មាន​បញ្ហា​អនាម័យ និង​ពុំ​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ។

របាយការណ៍​របស់ FDA ក៏​បង្ហាញ​ថា រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១៦ នេះ អង្ករ​ចំនួន ១.៧០០​តោន​ដែល​បម្រុង​នាំ​ចូល​ទីផ្សារ​អាមេរិក រួម​មាន​អង្ករ​ក្រអូប​ម្លិះ អង្ករ​បី​កំណាត់ និង​អង្ករ​សំរូប ជាដើម ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ បម្រាម​របស់​អាមេរិក​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​នាំ​អង្ករ​ចេញ​របស់​វៀតណាម។

អាស៊ីសេរី មិន​ទាន់​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ដឹង​ពី​វិធានការ​បន្ត​យ៉ាង​ណា​ជុំវិញ​ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក ក្រោយ​មាន​ការ​ប្រកាស​របស់​សហរដ្ឋអាមេរិក បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។ ប៉ុន្តែ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន អះអាង​ថា ក្រសួង​នឹង​រៀបចំ​គោលនយោបាយ​ថ្មី ដោយ​សហការ​នឹង​ក្រុមហ៊ុន​នាំ​ចេញ​ដើម្បី​បង្រៀន​ឲ្យ​កសិករ​ចេះ​ធ្វើ​កសិកម្ម​កិច្ចសន្យា ដែល​មាន​គុណភាព​ខ្ពស់ សំដៅ​ដល់​ការ​នាំ​ចេញ។

យ៉ាង​ណា សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម និង​អ្នក​រក​ស៊ី​ក្នុង​វិស័យ​អង្ករ នៅ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាំ​ចេញ​អង្ករ​ជាមួយ​អាមេរិក​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដើម្បី​សង្គ្រោះ​ដល់​ឧស្សាហកម្ម​អង្ករ ដែល​កំពុង​ដួល​រំលំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

The problem is Hun Sen authority doesn't want to do business with U.S because U.S require transparency business and the communist don't want that.

Oct 07, 2016 09:35 PM

គេហទំព័រ​ទាំងមូល