តម្លៃ​ស្រូវ​ស្រុក​ខ្មែរ​កំពុង​ចុះ​ថោក​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ

ដោយ ហេង រស្មី
2019-12-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២០-កុម្ភៈ-២០១២៖ កសិករ​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ច្រូត​ស្រូវ​ប្រាំង​ដោយ​ម៉ាស៊ីន​យន្ត។
២០-កុម្ភៈ-២០១២៖ កសិករ​នៅ​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ច្រូត​ស្រូវ​ប្រាំង​ដោយ​ម៉ាស៊ីន​យន្ត។
RFA/Tin Zakariya

កសិករតាមបណ្តាខេត្តមួយចំនួន ត្អូញត្អែរ​ពីតម្លៃស្រូវ​នៅតែបន្តចុះថោក ដែល​ធ្វើ​ឲ្យ​ពួក​គេ ខាត​បង់​ច្រើន និងជួបការលំបាកក្នុងជីវភាព។ អ្នកជំនាញ​យល់​ថា របប​ក្រុង​ភ្នំពេញ គួរ​តែ​ទម្លាក់​ទុន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្រូវ​នេះ។

កសិករ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ខ្ចី​បុល​ប្រាក់​គេ ដើម្បី​ធ្វើ​ស្រែ​ចម្ការ ត្រូវ​ទទួល​រង​នូវ​ការ​ខាត​បង់​ធ្ងន់ធ្ងរ ដោយ​សារ​តែ​បង្ខំ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន ដែល​កំពុង​ប្រមូល​ផល​នោះ ក្នុង​តម្លៃ​ថោក ដើម្បី​សង​ម្ចាស់​បំណុល។

កសិករ​ដាំ​ស្រូវ​នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង លោកស្រី ខៀវ សារ៉ុន ប្រាប់​អាស៊ី​សេរី​ទាំង មាន​ចម្ងល់​ថា នៅ​គ្រា​ដែល​ប្រជា​កសិករ​ខ្មែរ កំពុង​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ​បណ្ដើរៗ ឆ្នាំនេះ និង​គ្រា​ដែល​រដ្ឋាភិបាល​បាន​ប្រកូក​ប្រកាស​អំពី​ការ​នាំ​អង្ករ​ទៅ​លក់​នៅ​បរទេស​នោះ បែរ​ជា​តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​ខ្មែរ​ចុះ​ថោក​ទៅ​វិញ។ កសិករ​រូប​នេះ​បញ្ជាក់​ថា ស្រូវ​ផ្កា​រំដួល​មួយ​គីឡូក្រាម​តម្លៃ ១ពាន់ (.០០០) រៀល។ ចំណែក​ស្រូវ​ធម្មតា មួយ​គីឡូ​តម្លៃ ៨រយ (៨០០) រៀល។ កាល​ពី​ឆ្នាំ​មុន តម្លៃ​ស្រូវ​ផ្កា​រំដួល​មួយ​គីឡូ ១ពាន់ ២រយ (.២០០) ហើយ​ស្រូវ​ធម្មតា​តម្លៃ ៩៥០រៀល។ លោកស្រី ខៀវ សារ៉ុន ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​តម្លៃ​ថោក​ហើយ​នោះ ក៏​មិន​សូវ​មាន​ឈ្មួញ​ចុះ​ប្រមូល​ទិញ​ស្រូវ​ដែរ៖ «វា​ប៉ះពាល់​ដោយសារ​ថា ធ្វើ​ស្រូវ​នេះ​យើង​ត្រូវ​ប្រើ​ជី ប្រើ​ថ្នាំ និង​គិត​អំពី​តម្លៃ​ពលកម្ម​រហូត​មក គឺ​ពេល​ទទួល​ផល​ទៅ វា​អត់​សម​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ។ ដល់​អ៊ីចឹង​ទៅ ស្ទើរ​តែ​គ្រប់​ខ្នង​ផ្ទះ​តែ​ម្តង​ដែល​ជាប់​បំណុល​គេ»

ស្ត្រី​កសិកររូប​នេះ​យល់​ថា ប្រសិន​បើ​ស្រូវ​ផ្កា​រំដួល​លក់​បាន​តម្លៃ ១ពាន់ ២រយ​រៀល ហើយ​ស្រូវ​ធម្មតា លក់បានតម្លៃ ១ពាន់រៀល គឺ​សមរម្យ​អាច​ទទួល​យក​បាន ព្រោះ​ធ្វើ​ឲ្យ​កសិករ​ចំណេញ​សល់​ប្រាក់ ខ្លះៗ គ្រាន់​ដោះ​ស្រាយ​ជីវភាព​រស់នៅ និង​មាន​កម្លាំង​ចិត្ត​ធ្វើ​កសិកម្ម​បន្ត​ទៀត​នៅ​ឆ្នាំ​ខាង​មុខ៖ «ចង់​ឲ្យ​រដ្ឋាភិបាល ជួយ​រក​ទីផ្សារ និង​កំណត់តម្លៃស្រូវច្បាស់លាស់ដើម្បីឲ្យកសិករគាត់ដឹងថា ឆ្នាំនេះ តម្លៃស្រូវចុះឬក៏ឡើង ហើយមកពីហេតុ​អ្វី

ប្រជាកសិករ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ម្នាក់​ទៀត គឺ​លោក ព្រំ ជា រៀបរាប់​ថា ឆ្នាំ​នេះ​លោក​ធ្វើ ស្រែ​លើ​ផ្ទៃ​ដី ៥ហិកតារ នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា ពលរដ្ឋ​ក្នុង​តំបន់​នោះ ចាប់​ផ្តើម​ប្រមូល​ផល​ស្រូវ​បាន​ជាង ២០ភាគ​រយ​ហើយ ប៉ុន្តែ​តម្លៃ​ស្រូវ​នៅ​តែ​បន្ត​ចុះ​ថោក​ដូច​រាល់​ឆ្នាំ ​ដែល​ធ្វើឲ្យ​កសិករ​ខាត​បង់​ច្រើន និង​មាន​បញ្ហា​លំបាក​ក្នុង​ជីវភាព៖ «ស្រូវធម្មតា បានមួយគីឡូ ៥ ទៅ ៦រយ​ក្នុង​មួយ​គីឡូ ហើយ​ស្រូវដំណើបបាន៩រយក្នុងមួយគីឡូ។សម្រាប់តម្លៃប៉ុណ្ណឹង ប្រសិន​បើ​គិត​ជាមួយ​ការចាយវាយលើ​ទំនិញ​ទី ផ្សារ គឺ​បាន​ត្រឹម​តែ​ស្មើ​គ្នា ឬ​តុល្យភាពគ្នា តែគ្មានចំណេញអីទេ តែបើមិនធ្វើស្រូវនេះ ក៏​មិន​ដឹង​ទៅ​ធ្វើ​អី​ទៀត​ដែរ។ ធ្វើ​ស្រែ​ដោះ​បំណុល​គេ​មិន​រួច​ទេ។ អ្នក​ខ្លះទៅធ្វើសំណង់និងធ្វើរោងចក្រខ្លះចឹងទៅ​បាន​លុយ​បង់​ធនាគារ»

លោក ព្រំ ជា ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​តម្លៃ​ស្រូវ​របស់​កសិករ​ខ្មែរ​លក់​បាន​តម្លៃ​ថោក​ក្តី ប៉ុន្តែ​កសិករ​វៀត ណាម​ដែល​ធ្វើ​ស្រែ​តាម​ព្រំដែន​ដូច​លោក នៅ​តែ​លក់​បាន​តម្លៃ​ថ្លៃ ហើយ​ចំណេញ​សល់​ប្រាក់​ច្រើន ជាង​ពលរដ្ឋ​ខ្មែរ។ កសិករ​រូប​នេះ​និយាយ​ថា រឿង​កាន់​តែ​ហួស​ចិត្ត​ទៀត​នោះ គឺ​នៅ​ពេល​តម្លៃ​ស្រូវ​ចុះ ថោក​ហើយ នៅ​មាន​កុង​ត្រូល​ជជុះ​ជា​ច្រើន ចាំ​ស្ទាក់​យក​លុយ​ពី​ប្រជាកសិករ​ថែម​ទៀត នៅ​ពេល​ពួក​គាត់​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម៖ «ទាំងមន្ទីរទាំងក្រសួងអី សូម​ជួយ​រក​ទីផ្សារ​សម្រាប់​កសិករ​ផង​យ៉ាង​ហោច​ណាស់​បាន​តម្លៃ​ត្រឹម ១.២០០រៀល​ទៅ គឺ​កសិករ​អាច​បាន​សល់​ប្រាក់​ខ្លះ​ដោះ​បំណុល​គេ និង​ទុក​ចាយ​វាយ។ មួយ​ទៀត សុំ​ផ្ដាំ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ផង​ថា ធ្វើម៉េចកុំឲ្យមានកាំកុងត្រូលជជុះតាមផ្លូវនៅតាមព្រំដែន ដើម្បី​សម្រួល​ឲ្យ​កសិករ​ដឹក​ស្រូវ​អង្ករ​ទៅ​លក់​​នៅ​​ខាង​​វៀតណាម»

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC លោក ថេង សាវឿន មាន​ប្រសាសន៍​ថា សមាគម​របស់​លោក បានប្រមូលទិន្នន័យតម្លៃស្រូវក្នុងខេត្តចំនួន៨ ដែល​រួម​មាន ខេត្ត​ត្បូង​ឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កំពង់ស្ពឺ កំពត កណ្ដាល និង​ខេត្ត​ព្រះវិហារ ឃើញ​ថា តម្លៃ​ស្រូវ​ចុះ​ថោក​ប្រហាក់ប្រហែល​គ្នា។ សមាគម​មួយ​នេះ កំពុង​ប្រមូល​ទិន្នន័យ​អំពីតម្លៃស្រូវនៅខេត្តចំនួន៦ ទៀត ដូចជា ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប កំពង់ឆ្នាំង និង​កំពង់ធំ។ លោក ថេង សាវឿន អះអាង​ថា ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ គឺ​កសិករ​ប្រមូល​ទិន្នផល​ស្រូវ​បាន​ល្អ ប៉ុន្តែ​តម្លៃ​ស្រូវ និង​ទីផ្សារ នៅ​តែ​ជា​បញ្ហា​ចោទ​ដដែល។ លោក​វាយ​តម្លៃ​ថា មូលហេតុ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នេះ អាច​បណ្ដាល ពី​កត្តា​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​អង្ករ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ក្នុងស្រុក និង​ក្រៅ​ស្រុក ជ្រួល​ច្របល់ និង​រារែក​ក្នុង​ការ​ទិញ​ស្រូវ​ស្តុក​ទុក៖ «ស្រូវ​ដែល​ល្អ​បំផុត​ប្រភេទ​ផ្កា​រំដួល គឺ​ប្រជាពលរដ្ឋ​លក់​បាន​តម្លៃ​ខ្ពស់​បំផុត​បាន ១ពាន់ ៤០រៀល​ប៉ុណ្ណោះ ហើយ​ប្រភេទ​ស្រូវ​ធម្មតា​វិញ​គឺ ប្រជាពលរដ្ឋ​លក់​បាន តម្លៃ​ខ្ពស់​ត្រឹមតែ ៨រយ​រៀល​មួយគីឡូ។ បើ​ធៀប​ទៅ​នឹងចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ គឺ តម្លៃ​ស្រូវ​ឆ្នាំ​នេះ ចុះ​ថោក​ជាង ២រយ​រៀល​ទៅ ៣រយ​រៀល»

លោក ថេង សាវឿន សម្ដែង​ក្តី​បារម្ភ​ថា នៅ​ពេល​កសិករ​លក់​ស្រូវ​បាន​តម្លៃ​ថោក​បែប​នេះ គឺ​ធ្វើ​ឲ្យ កសិករ​កាន់​តែ​ជាប់​ផុង​ក្នុងបំណុល​ធនាគារ ដោយ​សារ​ពួក​គាត់​បាន​ខ្ចី​បុល​សម្រាប់​ធ្វើ​ស្រែ និង​ចម្ការ។ លោក​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​មាន​វិធានការ​ទម្លាក់​ថវិកា​ជាតិ ជួយ​ទិញ​ស្រូវ​កសិករ ក្នុង​តម្លៃ​សមរម្យ ដូច​នៅ​ប្រទេស​ថៃ ព្រមទាំង​ប្ដេជ្ញា​ចិត្ត​ដោះ​ស្រាយ​យ៉ាង​ណា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ប្រយោជន៍​ធំធេង​ដល់​ពលរដ្ឋ​កម្ពុជា។ អគ្គលេខាធិការ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​រូប​នេះ បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​បណ្ដោយ​ឲ្យ​បាត់បង់ EBA ប្រជាពលរដ្ឋ​កម្ពុជា​នឹង​កាន់​តែ​រង​គ្រោះ​ធ្ងន់ធ្ងរ ទាំង​កម្មករ​រោងចក្រ ទាំង​ប្រជាកសិករ និង​ពលរដ្ឋ ដែល​ធ្វើ​ការ​ក្នុង​វ័យ​ផ្សេងៗ ទៀត៖ «បើ​យើង​មើល​ទៅ​ប្រទេស​ថៃ​តាម​ព័ត៌មាន​បាន​ចុះ​ផ្សាយ​គឺ ប្រទេស​ថៃ បាន​បញ្ចេញ និង​ត្រៀម​ទុក​ថវិកា​ជាតិ ដើម្បី​ជួយ​ទិញ​ស្រូវ​ពី​កសិករ​របស់​គេ តែ​អភ័ព្វ តែ​ប្រទេស​កម្ពុជា គឺ​យើង​មិន​ទាន់​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន ឬ​យុទ្ធសាស្ត្រ​ផ្លូវ​ការ​ណា​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ទិញ​ស្រូវ​ទិញ​អង្ករ​ពី​កសិករ​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ចាន់ ហេង បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី អំពី​បញ្ហា​តម្លៃ​ស្រូវ​នោះ​ទេ ដោយ​លោក​បង្វិល​សំណួរ​នេះ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​វិញ៖ «ទាក់ទង​ទៅ​ក្រសួង​ពាណិជ្ជកម្ម​វិញ ទាក់ទង​នឹង​តម្លៃ​ស្រូវ​ណាស់»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះយ៉ាងណា​ក្តី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ចាន់ ហេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​គ្មាន​ផែនការ​ទម្លាក់​ថវិកា​ជាតិ ដើម្បី​ជួយ សង្គ្រោះ​កសិករ​ដូច​នៅ​ប្រទេស​ថៃ​នោះ​ដែរ។ ប៉ុន្តែ រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ ជួយ កសិករ​តាម​រយៈ​បញ្ចុះ​ថ្លៃ​ដើម ដូច​ជា​បញ្ចុះ​តម្លៃ​ទឹក ភ្លើង និង​បញ្ចុះ​តម្លៃ​ជី ថ្នាំ ជាដើម។

អ្នក​ជំនាញ​កសិកម្ម និង​កសិករ អះអាង​ថា គោល​នយោបាយ​បញ្ចុះ​ថ្លៃ​ដើម ឃើញ​តែ​រដ្ឋាភិបាល ប្រកាស​តែ​គ្មាន​ការ​អនុវត្ត​ជាក់​ស្តែង​នោះ​ទេ ហើយ​គោល​នយោបាយ​នេះ ក៏​មិន​ជួយ​កសិករ​បាន​ច្រើន​ដែរ។

ការ​ធ្លាក់​ចុះ​នៃ​ការ​នាំចេញ​អង្ករ​នេះ កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ ២០១៩ បាន​កំណត់​​យក​ពន្ធ​ លើ​ការ​នាំ​ចូល​អង្ករ សម្រាប់​​ទីផ្សារ​អឺរ៉ុប ដោយ ​១​ឆ្នាំ​ដំបូង ដោយ​ត្រូវ​បង់ពន្ធ ២០០​ដុល្លារ ក្នុង​មួយ​តោន។ ឆ្នាំ​ទី​២ ត្រូវ​បង់ពន្ធ​ចំនួន​ ១៧០​ដុល្លារ ក្នុង​មួយ​តោន និង​ឆ្នាំ​ទី​៣ ចំនួន​ ១៤២​ដុល្លារ។

កាលពីខែ​សីហា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ថា​ ដោយសារតែ​សហគមន៍​អឺរ៉ុប​បាន​យកពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​នេះ ​នៅ​ដើម​ឆមាស​ទី១ ក្នុង​ឆ្នាំ២០១៩​ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពាក់​កណ្ដាល បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ក្នុង​ឆ្នាំ២០១៨ ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថា ទម្រាំ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ថែម​ទៀត គឺ​នឹង​កាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ​ពោល​គឺ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នឹង​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ​។

សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​បឋម​ទៅ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា កន្លងទៅ ហើយ​ទុក​ពេល ៣០​ថ្ងៃ ឱ្យ​របប​នេះ​ឆ្លើយតប​វិញ​។ សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​​មិន​បាន​កែ​លម្អ​ស្ថានភាព​អាក្រក់​ទាំងឡាយ​ឱ្យ​ប្រសើរ​ឡើង​វិញ ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA ឡើយ ផ្ទុយ​ទៅវិញ​របប​នេះ ថែមទាំង​បាន​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ និង​ស្ថានភាព​សិទ្ធិ មនុស្ស​កាន់តែ​អាក្រក់​​ជាង​​មុន​ថែម​ទៀត។

គិត​ត្រឹម​ថ្ងៃ​ទី៣០ វិច្ឆិកា របប​លោក ហ៊ុន សែន មាន​ពេល​ជាង ១សប្តាហ៍​ទៀត ដើម្បី​កែប្រែ​ស្ថានការណ៍ ហើយ​ឆ្លើយ​តប​សហភាព​អឺរ៉ុប​វិញ មុន​នឹង​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​ថា ត្រូវ​ដក ឬ​រក្សា​ទុក EBA នេះ ដល់​កម្ពុជា​ដដែល នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល