កសិករ​ដាំ​ម្រេច​នៅ​ត្បូងឃ្មុំ​បារម្ភ​ថា​អ្នក​ប្រកប​របរ​នេះ​ថយ​ចុះ​ត្បិត​ម្រេច​ងាប់​បន្តបន្ទាប់

ដោយ តាំង សារ៉ាដា
2018-01-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បង្គោល​ឈើ​ដែល​អាជ្ញាធរ​ខាង​កង​វិស្វកម្ម និង​ខាង​ភាគី​វៀតណាម កំណត់​ដើម្បី​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​តាម​ព្រំដែន​ស្ថិត​នៅ​លើ​ដី​ចម្ការ​ម្រេច​របស់​លោកស្រី សុខ ពៅ នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Saut Sokprathna
បង្គោល​ឈើ​ដែល​អាជ្ញាធរ​ខាង​កង​វិស្វកម្ម និង​ខាង​ភាគី​វៀតណាម កំណត់​ដើម្បី​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​តាម​ព្រំដែន​ស្ថិត​នៅ​លើ​ដី​ចម្ការ​ម្រេច​របស់​លោកស្រី សុខ ពៅ នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

ប្រជាកសិករ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា​បច្ចុប្បន្ន ដំណាំ​ម្រេច​របស់​ពួកគាត់​ចេះតែ​ងាប់​ជា​បន្តបន្ទាប់ ដោយ​មិនទាន់​មាន​វិធានការ​ទប់ស្កាត់​បាន​ទាំងស្រុង​នៅឡើយ។ បញ្ហា​នេះ ពួកគាត់​មួយ​ចំនួន​កំពុង​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ដូចជា​ត្រូវ​បាត់បង់​ប្រាក់​ចំណូល ផ្គត់ផ្គង់​គ្រួសារ និង​មិន​មាន​ប្រាក់​សម្រាប់​ដោះ​បំណុល ធនាគារ​ជាដើម។

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ មួយ​ចំនួន​ចាប់ផ្ដើម​បោះបង់​មុខរបរ​ដាំ​ដំណាំ​ប្រភេទ​នេះ​បណ្ដើរៗ ហើយ​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ ដូចជា ដំឡូង​មី​ជាដើម ដោយសារ​ដំណាំ​ម្រេច​របស់​ពួកគាត់​ងាប់​ជា​បន្តបន្ទាប់។ ពួកគេ​អះអាង​ថា រយៈពេល​ពីរ​ឆ្នាំ​ហើយ ដែល​ម្រេច​ចេះ តែ​ងាប់ និង​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ដោយសារ​កសិករ​ចេះតែ​ធ្វើតាម​គ្នា ឬ​ចេះតែ​រក​វិធី​ទប់ស្កាត់​ដោយ​ខ្លួនឯង គ្មាន​បច្ចេកទេស​ច្បាស់លាស់។

កសិករ​នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ លោក សន អុល មាន​ប្រសាសន៍​ថា ដំណាំ​ម្រេច​របស់​លោក​ជាង​២​ពាន់​ជន្លង់ (២៣០០) ប៉ុន្តែ​ងាប់​ជិត​១ ពាន់​(៩០០)​ជន្លង់​ហើយ។ លោក​បន្ថែម​ថា ម្រេច​នោះ មាន​អាយុកាល ៤ឆ្នាំ និង​ចំណាយ​ដើមទុន​ដាំ​អស់​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ដើមទុន​ទាំងនោះ​ភាគច្រើន​គឺ​ខ្ចីបុល​ពី​ធនាគារ​តែម្ដង។

កសិករ​រូប​នេះ ធ្លាប់​ធ្វើតាម​ការ​ណែនាំ​របស់​គេ​ខ្លះ​ដែរ ដូចជា​ជីក​ប្រឡាយ​ដើម្បី​បង្ហូរទឹក​ចេញ ពី​ចម្ការ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង មិន​ប្រើ​ប្រាស់​ថ្នាំ​គីមី ពោល​គឺ​ប្រើ​ជីកំប៉ុស ប៉ុន្តែ​វិធី​ទាំងនោះ​មិន​មាន ប្រសិទ្ធភាព​ទេ។ លោក​ថា បើ​ម្រេច​នៅតែ​ងាប់​ទៀត គ្រួសារ​លោក​នឹង​បោះបង់​មុខរបរ​នេះ​តែម្ដង៖ «បាទ ម្រេច​បង​អើយ​ឈប់​ហើយ មានតែ​ដក​ជន្លង់ លក់​បង់​ធនាគារ​វិញ​ហើយ។ បង់​ការប្រាក់​ឱ្យ​គេ​បង»

ពលរដ្ឋ​នៅ​ឃុំ​ទ្រាក មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ ហើយ​មាន​ពលរដ្ឋ​ប្រមាណ ៧០​ភាគរយ នាំគ្នា​ប្រកប​មុខរបរ​ដាំ​ដំណាំ​ម្រេច។ កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ ក្រៅពី​ប្រឈម​បញ្ហា​ម្រេច​ងាប់​ហើយ ពួកគេ​ត្រូវ​ប្រឈម​ចំពោះ​បញ្ហា​តម្លៃ​ម្រេច​ចុះថោក​ថែមទៀត។ កាលពី​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ តម្លៃ​ម្រេច​ក្នុង​មួយ​គីឡូក្រាម កសិករ​លក់​បាន​ជាង ៤​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ម្រេច​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តម្លៃ​ជាង​មួយ​ម៉ឺន​រៀល ( .១០០០​រៀល​)​ប៉ុណ្ណោះ ក្នុង ១​គីឡូក្រាម។

កសិករ​នៅ​ឃុំ​ទ្រាក មួយ​រូប​ទៀត លោក ផល វុធ មើល​ឃើញ​ថា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​ភាគច្រើន​គឺ​ជួប​បញ្ហា​ប្រឈម​មួយ​នេះ ដោយ​មិន​ទាន់​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ។ លោក​មិន​បាន​ដឹង​ថា​ជំងឺ ដែល​បណ្ដាល​ឱ្យ​ម្រេច​ងាប់​បន្តបន្ទាប់​នោះ ជា​ប្រភេទ​ជំងឺ​អ្វី​ប្រាកដ​ឡើយ ដោយ​អ្នកស្រុក​ខ្លះ​ថា​ជា​ជំងឺ​ផ្សិត ប៉ុន្តែ​លោក​មិន​យល់​បែប​នេះ​ទេ ដោយ​គិត​ថា ជា​ជំងឺឆ្លង​ម្យ៉ាង​បណ្ដាល​ឱ្យ​ម្រេច​ងាប់​ត​គ្នា​យ៉ាង​ឆាប់រហ័ស។ លោក​កត់សម្គាល់​ថា កសិករ​ខ្លះ​ដាំ​ឡើងវិញ ជំនួស​ម្រេច​ដែល​ងាប់ ប៉ុន្តែ​កសិករ​មួយ​ចំនួន​ទៀត សម្រេច​បោះបង់​មុខរបរ​នេះ​ចោល ហើយ​ងាក​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ៖ «វា​អាច​ងាប់​ទៅទៀត ព្រោះ​ប្រជាពលរដ្ឋ​មិន​អាច​ទប់ស្កាត់​បានទេ​លោកគ្រូ។ វា​ត្រូវតែ​ងាប់ យើង​មើល​ឃើញ​ទៅ គឺ​វា​ទៅ​រហូត​ហ្នឹង ត​គ្នា​រហូត មិន​អាច​ទប់ស្កាត់​បាន​ទេ»

មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​បញ្ជាក់​ថា ផ្ទៃដី​ដាំ​ម្រេច​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ជាង ២​ពាន់​ហិកតារ។ ម្រេច​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ ហើយ​ត្រូវ​ចំណាយ​ពេល​ដាំ​ប្រមាណ ១​ឆ្នាំ ទើប​អាច​ទទួល​ផល។ រុក្ខជាតិ​នេះ ប្រឈម​នឹង​ជំងឺ ហើយ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ ដូចជា​រាំងស្ងួត​ខ្លាំង និង​ទឹក​ជន់​ខ្លាំង​ក្នុង​ចម្ការ ក៏​បណ្ដាល​ឱ្យ​ម្រេច​ងាប់​បាន​ដែរ។

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត លោក ស៊ូ យាន មាន​ប្រសាសន៍​ថា ម្រេច​របស់​កសិករ​នៅ​ឃុំ​ទ្រាក ងាប់​ពីរ​ឆ្នាំ​ជាប់​គ្នា​មក​ហើយ ប៉ុន្តែ មិន​ឃើញ​មាន​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​ពួកគាត់​ពី​វិធានការ​ទប់ស្កាត់​ណាមួយ​នោះ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា ម្រេច​របស់​លោក​ជាង ១​ពាន់​ជន្លង់ គឺ​ងាប់​គ្មាន​សល់ ហើយ​លោក​សម្រេចចិត្ត​ដក​ជន្លង់​ចេញ ដើម្បី​យក​ដី​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ និង​ខ្លះ​នាំគ្នា​ចំណាកស្រុក​ដើម្បី​រក​ប្រាក់​មក​សងបំណុល​ធនាគារ​តែម្ដង​។ លោក​មើល​ឃើញ​ថា នៅ​ឃុំ​ទ្រាក មាន អ្នកភូមិ​រាប់​រយ​គ្រួសារ​កំពុង​ជួប​បញ្ហា​ប្រឈម​មួយ​នេះ ដូចជា ភូមិ​រមាសចូល ភូមិ​បង្កូវ ភូមិ​ព្រះពន្លា ភូមិ​សំរោង ភូមិ​ទ្រាក ជាដើម៖ «ផល​ប៉ះពាល់​ដែល​ខ្លាំង​បំផុត​ហ្នឹង គឺ​ប្រជាពលរដ្ឋ​គាត់​ជំពាក់​លុយ​ធនាគារ​ដើម្បី​យក​មក​អភិវឌ្ឍន៍​ដំណាំ​ម្រេច ប៉ុន្តែ​ដល់​ម្រេច​បរាជ័យ គឺ​អ្វី​ដែល​ប៉ះពាល់​ខ្លាំង​គឺ​ពួកគាត់​សម្រេច​ចិត្ត​លក់​ដី​ដើម្បី​សង​ធនាគារ»

ក្រៅពី​ឃុំ​ទ្រាក គឺ​មាន​ពលរដ្ឋ​នៅ​ឃុំ​ដារ រាប់​រាយ​គ្រួសារ កំពុង​ជួប​បញ្ហា ម្រេច​ងាប់​ដូចគ្នា​នេះ​ដែរ​។ អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បានទេ​នៅ​ថ្ងៃ​ទី​១៧ មករា។

យ៉ាង​ណា​ក៏​ដោយ ប្រជា​កសិករ ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ណែនាំ​ពី​វិធានការ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​មិន​ម្រេច​របស់​ពួកគាត់​ងាប់​ថែមទៀត។

កន្លង​មក​អ្នក​ជំនាញ​ធ្លាប់​លើក​ឡើង​ថា ម្រេច​ងាប់ អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូចជា​ជាំ​ទឹក​យូរ ឬ​ខ្វះ​ទឹក ខ្វះ​ជីជាតិ ឬ​ចៃ​រុំ​គល់​ម្រេច ពិសេស​ជំងឺ​រលួយ​គល់ និង​រលួយ​ឫស។

អ្នក​ជំនាញ​ធ្លាប់​ណែនាំ​ថា កសិករ​គប្បី​រៀបចំ​ដី​ឱ្យ​បាន​ស្អាត និង​ចេះ​ជ្រើសរើស​ពូជ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​ពីមុន។ ប្រើប្រាស់​ជី​លាមក​សត្វ ឬ​ជីកំប៉ុស មាន​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ចេញ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ឱ្យ​បាន​ត្រឹមត្រូវ។

ជាង​នេះ​ទៀត ប្រសិនបើ​ម្រេច​ងាប់​ដោយសារ​ជំងឺ​ផ្សិត ដែល​បំផ្លាញ​ឫស​របស់​ម្រេច និង​ពពួក​វីរុស​ដែល​ស៊ី​ឫស​ម្រេច កសិករ​គប្បី​ដក​ចោល​ជាបន្ទាន់ ចំពោះ​គុម្ព​ម្រេច​ដែល​ងាប់ និង​យក​ទៅ​ដុត​ចោល តែម្ដង ជៀសវាង​ឆ្លង​ទៅ​គុម្ព ឬ​ចម្ការ​ផ្សេងទៀត។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន កត់សម្គាល់​ថា កសិករ​នៅ​ស្រុក​មេមត់ ជួប​បញ្ហា​ប្រឈម​ច្រើន​ដូចជា​បញ្ហា​តម្លៃ​កសិផល​ថោក ជំពាក់​បំណុល​ធនាគារ និង​ដំណាំ​រង​ការខូចខាត​ជា​បន្តបន្ទាប់។ បញ្ហា​ទាំងនេះ ប្រសិនបើ​រាជរដ្ឋាភិបាល ពិសេស​មន្ត្រី​ជំនាញ​មិន​អាច​ជួយ​ដោះស្រាយ​បាន កសិករ​អាច​នឹង​បោះបង់ចោល​របរ​ដាំ​ម្រេច ហើយ​ចំណាកស្រុក​តែម្ដង។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​មន្ត្រី​កសិកម្ម គប្បី​ចុះ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ និង​ផ្ដល់​ជា​ដំណោះស្រាយ​ជូន​កសិករ៖ «ព្រោះ​ថា​តួនាទី និង​កាតព្វកិច្ច​របស់​មន្ត្រី​ក្រសួងកសិកម្ម គឺ​ជា​តួនាទី មួយ​ដើម្បី​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ និង​ជំរុញ និង​អន្តរាគមន៍​នៅ​ពេល​មាន​បញ្ហា កើតឡើង​របស់​ប្រជាពលរដ្ឋ​កសិករ។ ប្រសិន​បើ​មិនបាន​បំពេញ​តួនាទី​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ ពិសេស​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​មេមត់​មាន​បញ្ហា​ប្រឈម»

លោក ថេង សាវឿន មើល​ឃើញ​ថា បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​បច្ចុប្បន្ន គឺ​មិនមែន​មាន​តែ​ដំណាំ​ម្រេច​ប៉ុណ្ណោះ​ទេ។ លោក​យល់​ថា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​កសិករ រាជរដ្ឋាភិបាល​គប្បី​បន្ថែម​ថវិកាជាតិ ទៅលើ​វិស័យ​កសិកម្ម ត្បិត​កន្លង​មក​ចំនួន​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​វិស័យ​មួយ​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ។ រាជរដ្ឋាភិបាល គប្បី​ផ្តល់​ទុន​កម្ចី​ខ្នាត​តូច​ជូន​កសិករ ផ្ដល់​សម្ភារៈ​បច្ចេកទេស និង​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ជួយ​ណែនាំ ដល់​កសិករ​នៅ​តាម​មូលដ្ឋាន​ផ្ទាល់។ លោក​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ទាំងនេះ​ទេ កំណែទម្រង់​សេវា​សង្គម និង​ការ​ទទួលខុសត្រូវ​របស់​មន្ត្រីរាជការ ចំពោះ​ពលរដ្ឋ ស្របតាម​ការ​ចង់​បាន​របស់​រាជរដ្ឋាភិបាល​នឹង​បរាជ័យ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល