ការនាំចេញកៅស៊ូក្រែបកើនឡើង ខណៈតម្លៃចុះថោក
2019.04.24
កម្ពុជានាំចេញកៅស៊ូក្រែប ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ នេះ គឺកើនឡើង ២៣% បើប្រៀបធៀបអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៨ ក៏ប៉ុន្តែតម្លៃវិញ គឺចុះថោក ១២%។
កាសែតភ្នំពេញប៉ុស្តិ៍ផ្សាយ កាលថ្ងៃទី២៣ ខែមេសាឲ្យដឹងថា ស្ថិតិអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបង្ហាញថា កម្ពុជានាំចេញកៅស៊ូក្រែបសរុប ចំនួនជិត ៥ម៉ឺនតោន រយៈពេល ៣ខែដើមឆ្នាំ២០១៩ នេះ ក្នុងតម្លៃមួយតោន ជិត ១ពាន់ ៣រយដុល្លារ ដែលតម្លៃនេះថយចុះ ១២%។
ប្រធានអគ្គនាយកដ្ឋានកៅស៊ូ លោក ប៉ុល សូផា ឲ្យដឹងថា សេដ្ឋកិច្ចពិភពលោក កំពុងធ្លាក់ចុះ ហើយថា តម្លៃកៅស៊ូក្រែបឡើង ឬចុះ គឺអាស្រ័យទៅលើតម្រូវការនៅទីផ្សារអន្តរជាតិ។ លោកបន្តថា ដើម្បីទ្រទ្រង់វិស័យកៅស៊ូនៅកម្ពុជាឲ្យមានចិរភាព កម្ពុជាត្រូវការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមទាំងនោះ ទៅជាផលិតផលប្រើប្រាស់តែម្ដង ដូចជា កង់ឡាន ជាដើម។
ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា លោក ម៉ែន សុភ័ក្ត្រ ឲ្យដឹងថា កំណើនការនាំចេញផលិតផលកៅស៊ូនេះ គឺដោយសារដំណាំកៅស៊ូកើនឡើងជាច្រើន និងដល់ពេលប្រមូលជ័រ។ លោកថា ទោះបីតម្លៃធ្លាក់ក៏ដោយ ម្ចាស់ចម្ការកៅស៊ូ ត្រូវការលក់ ដើម្បីចំណាយក្នុងការប្រមូលផល និងតម្លៃជួលកម្មករ។ លោក ម៉ែន សុភ័ក្ត្រ អះអាងថា ដើម្បីអាចទទួលបានប្រាក់ចំណេញ តម្លៃកៅស៊ូក្រែប គឺលក់ចន្លោះពី ១ពាន់ ៥រយដុល្លារទៅ ១ពាន់ ៦រយដុល្លារ ក្នុងមួយតោន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗ នេះ បានអនុញ្ញាតឲ្យបង្កើតរោងចក្រកៅស៊ូមួយតម្លៃ ជិត ៣លានដុល្លារនៅខេត្តត្បូងឃ្មុំ។ កម្ពុជានាំចេញកៅស៊ូ ទៅលក់នៅប្រទេសវៀតណាម ម៉ាឡេស៊ី ចិន និងសិង្ហបុរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។