អ្នក​ដាំ​កៅស៊ូ​ និង​អ្នក​ជំនាញ​ខកចិត្ត​ដែល​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ករណី​តម្លៃ​កៅស៊ូ​ចុះថោក

ដោយ សេក​ បណ្ឌិត
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជ័រ​កៅស៊ូ​ដែល​បង្ហូរ​ចេញ​ពី​ដើម​កៅស៊ូ​របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥
ជ័រ​កៅស៊ូ​ដែល​បង្ហូរ​ចេញ​ពី​ដើម​កៅស៊ូ​របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥
RFA

កសិករ​ដាំ​កៅស៊ូ និង​អ្នក​ជំនាញ​កសិកម្ម​លើក​ឡើង​ថា កសិករ​ដាំ​កៅស៊ូ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​ព្រោះតែ​តម្លៃ​ជ័រកៅស៊ូ​បាន​ធ្លាក់​ថ្លៃ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​កិច្ច​អន្តរាគមន៍​ជាក់លាក់​ពី​របប​លោក ហ៊ុន សែន ទេ។ ពួកគេ​ស្នើសុំ​ឱ្យ​របប​​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​ទីផ្សារ​ជូន​កសិករ​ឱ្យ​បាន​តម្លៃ​ខ្ពស់។ ការ​លើកឡើង​នេះ​បន្ទាប់ពី​មេដឹកនាំ​កំពូល​របប​ក្រុងភ្នំពេញ​ប្រកាស​ឱ្យ​ពលរដ្ឋ​បន្ត​អត់ធ្មត់​រឿង​តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​ហើយ​កុំ​នាំគ្នា​កាប់​ដើម​កៅស៊ូ​ចោល។

ប្រជាកសិករ​ដាំ​ដុះ​កៅស៊ូ​ និង​អ្នក​ជំនាញ​កសិកម្ម​សម្ដែង​ការ​ខកចិត្ត​ ដែល​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន មិនបាន​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ជាក់លាក់​​រឿង​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ​ ហើយ​ចេះតែ​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​ពលរដ្ឋ​អត់ធ្មត់ ​និង​កុំ​​កាប់​ដើម​កៅស៊ូ​ចោល ខណៈ​ដែល​ជីវភាព​របស់​ប្រជាកសិករ​​កាន់​តែ​​ជួប​​ការ​​លំបាក​​ដោយសារ​តែ​​តម្លៃ​​កសិផល​​ចុះ​ថោក​​ជា​​បន្តបន្ទាប់។

កសិករ​ដាំ​កៅស៊ូ​មួយ​រូប​នៅ​ឃុំ​ទឹក​ជ្រៅ​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ជាមេន រៀបរាប់​ថា លោក​​មាន​​ចម្ការ​កៅស៊ូ​​ចំនួន ​៣​ហិកតារ ប៉ុន្តែ​លោក​ទើបតែ​កាប់​ដើម​កៅស៊ូ​លក់​អស់ ១​ហិកតារ​ដោយសារតែ​ជ័រកៅស៊ូ​ចុះថោក​ខ្លាំង។ លោក​អះអាង​ថា នៅ​ក្នុង​ឃុំ​ទឹក​ជ្រៅ​ គឺ​កសិករ​ប្រមាណ ៣០​ភាគរយ​ សម្រេច​កាប់​ដើម​កៅស៊ូ​លក់​ដោះស្រាយ​ជីវភាព និង​បំណុល ​ហើយ​​ប្រសិនបើ​ស្ថានភាព​តម្លៃ​កៅស៊ូ​នៅតែ​ទាប​បែបនេះ គឺ​កសិករ​កាន់តែ​ច្រើន​នាំគ្នា​កាប់​ដើម​កៅស៊ូ​លក់ ​ដើម្បី​យក​​ដី​​ដំណាំ​​ផ្សេងៗ​ ជំនួស​​​វិញ។កសិករ​​ខ្លះ មិន​ត្រឹមតែ​កាប់​ដើម​កៅស៊ូ​លក់​ទេ​ពួកគេ​លក់​ទាំង​ដីចម្ការ​ថែម​ទៀត​ផង៖ «រង់ចាំ​លែង​បាន​ហើយ​ព្រោះ​រឿង​សន្យា​ថា កៅស៊ូ​ឡើងថ្លៃ​នេះ មិនមែន​ទើបតែ​ឥឡូវ​ទេ​គឺ​រដ្ឋាភិបាល​និយាយ​យូរហើយ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អត់​មាន​ឡើងថ្លៃ​សោះ។ បើ​ប្រៀប​កាលពី​ឆ្នាំ​២០១០ ​ជ័រកៅស៊ូ​ក្រែប​មួយ​គីឡូ​តម្លៃ ១​ម៉ឺន​៩​ពាន់​រៀល ហើយ​មកដល់​ឥឡូវ​នៅ​សល់​ត្រឹមតែ ៣​ពាន់​រៀល​ទេ ហើយ​បើ​ជ័រ​ចាន ឬ​ជ័រ​ថ្មី​គឺ​ក្នុង​ឆ្នាំ​២០១០​មួយ គីឡូ​ដូចជា ៨​ពាន់​រៀល​តែ​ឥឡូវ​នៅ​សល់​តែ ១​ពាន់​៥​រយ​ទៅ​១​ពាន់​៦​រយ​រៀល​ទេ»

កសិករ ម៉ៅ ជាមេន បន្ត​ថា តម្លៃ​ជ័រកៅស៊ូ​ចុះថោក​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​ប្រជាកសិករ។ លោក​អះអាង​ថា កសិករ​នៅ​ក្នុង​ឃុំ​របស់​លោក​ដែល​ធ្លាប់តែ​រស់នៅ​ពឹង​ផ្អែកលើ​ដំណាំ​កៅស៊ូ​យ៉ាង​សុខសាន្ត និង​គ្មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​ចំណាកស្រុក​សោះ​នោះ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កសិករ​ភាគច្រើន​ធ្លាក់ខ្លួន​ក្រ​ជំពាក់​បំណុល​ធនាគារ​គ្រប់​ខ្នង​ផ្ទះ អ្នកខ្លះ​លក់​ដី​លក់​ផ្ទះ​ ហើយ​ខ្លះ​ទៀត នាំ​គ្រួសារ​ចំណាកស្រុក​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​តាម​ខេត្ត​ ដែល​មាន​ជនជាតិ​ចិន​រស់នៅ​ច្រើន​ ដូច​ជា​ នៅ​​ទីក្រុង​​បាវិត ខេត្ត​ស្វាយរៀង នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ភ្នំពេញ ហើយ​អ្នក​ខ្លះ​ទៀត​ក៏បាន​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស។ លោក​បន្ថែម​ទៀត​ថា នៅ​ពេល​ពលរដ្ឋ​បាត់បង់​ចំណូល​ដូច្នេះ​កូន​តូចៗ ​របស់​​ពួក​គេ ក៏​ត្រូវ​បង្ខំចិត្ត​​បោះបង់​​ការ​សិក្សា​​ដែរ​ដោយសារ​តែ​​ឪពុកម្ដាយ​លែង​ខ្វល់​អំពី​ការអប់រំ​របស់​កូនៗ​ ជា​រឿង​សំខាន់​ដូច​ពីមុន​ទៀត៖ «កាល​ពី​មុន​​ជ័រ​កៅស៊ូ​​នៅ​​ថ្លៃ​​ឪពុក​ម្ដាយ​​ចេះ​តែ​​ជំរុញ​​ឱ្យ​​កូន​​ខំ​រៀន តែ​ដល់ពេល​ជ័រកៅស៊ូ​ចុះថោក​ គឺ​មាន​តែ​ដក​ឱ្យ​កូន​ឈប់​រៀន​ដើម្បី​ជួយ​​ការងារ​​គាត់។ បើ​និយាយ​​ពី​​ការ​ចំណាក​ស្រុក​វិញ គឺ​កាលពី​ឆ្នាំ​មុនៗ ​មិនដែល​មាន​ទេ ប៉ុន្តែ​ឆ្នាំនេះ​មាន​ច្រើន​មែនទែន​នៅ​ក្នុង​ភូមិ​-​ឃុំ​ដែល​ខ្ញុំ​កំពុង​រស់នៅ»

ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ តម្លៃ​ជ័រកៅស៊ូ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​ជាង ៣​ពាន់​ដុល្លារ​មក​នៅ​ត្រឹម​ចន្លោះ​ពី​ ៨០០​ដុល្លារ ឬ​ជាង​ ១.២០០​ដុល្លារ ក្នុង​មួយ​តោន។ បន្ទាប់មក​តម្លៃ​កៅស៊ូ​បាន​កើន​ឡើងវិញ​បន្តិច​នៅ​ដើម​ឆ្នាំ​២០១៧ ប៉ុន្តែ​តម្លៃ​កៅស៊ូ​ក៏​ចាប់ផ្ដើម​ធ្លាក់​គំហុក​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩​ នេះ។

កាលពី​ថ្ងៃ​ទី៦ ខែ​មិថុនា លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​កសិករ​ដាំ​ដំណាំ​កៅស៊ូ​ឱ្យ​មាន​​ការ​​អត់​ធ្មត់​ ចំពោះ​​បញ្ហា​​តម្លៃ​​ជ័រ​កៅស៊ូ​​ធ្លាក់​ថ្លៃ ដោយសារ​បញ្ហា​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ លោក​ក៏​អំពាវនាវ​ឱ្យ​កសិករ​បន្ត​ថែទាំ​ដំណាំ​កៅស៊ូ និង​​កុំ​​ឱ្យ​​កសិករ​កាប់​​ដើម​​កៅស៊ូ​​ចោល ​ហើយ​​ដាំ​​ដំណាំ​​ណា ​ដែល​​មាន​​ទីផ្សារ​​តែ​មួយ​​ភ្លែត​​នោះ។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​​សន្យា​​ថា នឹង​ជួយ​ស្វែងរក​ទីផ្សារ​ឱ្យ​មាន​តម្លៃ​សមរម្យ ឬ​មាន​ដំណោះស្រាយ​បែប​ណា​ចំពោះ​បញ្ហា​តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​នេះ​ទេ៖ «ឥឡូវ​នេះ​ជ័រ​កៅស៊ូ​​ធម្មជាតិ​​របស់​​យើង​តម្លៃ​ធ្លាក់​ចុះ​បន្តិច ក៏ប៉ុន្តែ​ក៏​សូម​អំពាវនាវ​កុំ​ឱ្យ​កសិករ​របស់​យើង​រត់​ទៅតាម​ចរន្ត​ទីផ្សារ​លឿន​ពេក។ កន្លែង​ខ្លះ កាប់​ដើម​កៅស៊ូ​ជំនួស​ដោយ​ស្វាយចន្ទី​ដល់​ពេល​ស្វាយចន្ទី ធ្លាក់​ថ្លៃ​កាប់​ស្វាយចន្ទី​ទៅ​ដាំ​ដំណាំ​ផ្សេងទៀត អ៊ីចឹង​​វា​ចំណាយ​ពលកម្ម​ច្រើន​ណាស់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​លោក ឡេង សេងហាន ថ្លែង​ថា ក្រៅពី​អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​កាប់​កៅស៊ូ និង​អត់ធ្មត់​នោះ លោក ហ៊ុន សែន គួរតែ​មាន​ការសន្យា​ច្បាស់លាស់​ថា តើ​រដ្ឋាភិបាល​របស់​លោក​អាច​ដោះ​ស្រាយ​​បញ្ហា​​ប្រឈម​​របស់​​កសិករ​​បាន​​នៅ​​ពេល​​ណា ខណៈ​កសិករ​បាន​ខំ​តស៊ូ​អត់ធ្មត់​ជាច្រើន​ឆ្នាំ​មក​ហើយ​ចំពោះ​បញ្ហា​នេះ។ លោក​ទទួល​ស្គាល់​ថា បញ្ហា​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ​នេះ​បាន​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ច្រើន​កាប់​ដើម​កៅស៊ូ​លក់​គិត​ចាប់តាំង​ពី​ឆ្នាំ​២០១៧ មក​ហើយ ពលរដ្ឋ​ចំណាកស្រុក និង​ក្មេងៗ​ បោះបង់​ការសិក្សា​កាន់តែ​កើន​ឡើង​ដែរ៖ «គាត់​​មិន​​រង់ចាំ​​ទេ ប្រសិនបើ​គាត់​ទាល់ច្រក​គាត់​នឹង​បន្ត​កាប់​ដំណាំ​កៅស៊ូ​ហើយ​ដាំ​ដំណាំ​អី​ផ្សេង ដើម្បី​បាន​ផល​ប្រសើរ​ជាង​កៅស៊ូ​និង​លឿន។ ឥឡូវនេះ ពួក​គាត់​​កំពុង​​កាប់​​បណ្តើៗ​ ហើយ​ដោយ​អ្នកខ្លះ​កាប់​កៅស៊ូ​ ងាក​ទៅ​ដាំ​ទុរេន ដាំ​ដូង និង​សាវម៉ាវ។ ពលរដ្ឋ​ត្អូញត្អែរ​ថា កៅស៊ូ​មិន​បាន​ចំណេញ​អី​ច្រើន​ទេ​ឱ្យ​តែ​ថ្លៃ​កម្មករ​គឺ​អស់​ទៅ​ហើយ»

កសិករ​ឱ្យ​ដឹង​ថា ពួក​មិន​ចង់​កាប់​ដើម​កៅស៊ូ​ចោល​នោះ​ទេ ព្រោះ​ការ​ដាំដុះ​ដើម​កៅស៊ូ​ត្រូវ​ចំណាយ​កម្លាំង​​ពលកម្ម និង​​ដើម​ទុន​​ច្រើន ទម្រាំ​​បាន​ផល។ ដើម​កៅស៊ូ ត្រូវ​បាន​គេ​ចំណាយ​ពេល​ដាំ និង​មើលថែ​ដោយ​ដាក់​ជី និង​ស្រោច​ទឹក​ក្នុង​រដូវប្រាំង​រយៈ​ពេល​​ពី​ ៥​ឆ្នាំ ទៅ ​៦​ឆ្នាំ​ ទើប​​អាច​​បាន​​ផល។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​លោក ប៉ុល សុផា មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន គឺ​ត្រឹមត្រូវ​ព្រោះ​ពលរដ្ឋ​ចេះតែ​ជ្រួលជ្រើម​កាប់​ដើម​កៅស៊ូ​ដាំ​ដំណាំ​ផ្សេងៗ​ តាម​គ្នា។ លោក​បន្ត​ថា តម្លៃ​ជ័រកៅស៊ូ​ចុះ​ថោក ​គឺ​​ដោយ​សារ​​បញ្ហា​​នៅ​​លើ​ទីផ្សារ​អន្តរជាតិ​ ហើយ​មិនមែន​ចុះថោក​តែ​កម្ពុជា​នោះ​​ទេ ព្រោះ​​កម្ពុជា​​ពឹង​ផ្អែក​​លើ​​ការ​នាំ​ចេញ។ លោក​រំពឹង​ថា តម្លៃ​កៅស៊ូ​នឹង​ហក់​ឡើងវិញ​​នៅ​ឆ្នាំ​២០២០ ព្រោះ​ការ​ផ្គត់​ផ្គង​និង​តម្រូវការ​អាច​​មាន​​តុល្យភាព​​គ្នា៖ «ទិន្នន័យ​​ជាក់លាក់​គឺ​ការ​កាប់​ដើម​កៅស៊ូ​នេះ មាន​ទំហំ​តូច​ហើយ​មួយទៀត​កៅស៊ូ​នេះ​គឺ​អស់​សក្ដានុពល​ផង​ដែរ​ទើប​ពួក​កាត់​កាប់។ យើង​ត្រូវ​យល់ថា​នៅ ពេល​គាត់​កាប់​កៅស៊ូ​ទៅ​ដាំ​ដំណាំ​ដទៃ​ដូចជា​ម្រេច។ សួរ​ថា តើ​ម្រេច​មួយ​ហិកតារ​​តម្រូវការ​ដើមទុន ប៉ុន្មាន​ដើម្បី​ដាំ ហើយ​ទី​២ បើ​សិន​គាត់​ទៅ​ដាំ​ស្វាយ​ចន្ទី​វិញ តើ​គាត់​ត្រូវការ​ដើម​ស្វាយចន្ទី និង​ចំណាយ​ពេល​ប៉ុន្មាន​ទៀត​ដើម្បី​បាន​ផល​។ ដោយឡែក​ទី​៣​ទៀត​បើ​យើង​គិត​ពី​ប្រសិទ្ធភាព​វិញ​រាល់ថ្ងៃ​នេះ កៅស៊ូ​គ្រួសារ​មិនទាន់​ខាត់​ទេ ក៏ប៉ុន្តែ​គ្រាន់តែ​បាត់​ប្រាក់​ចំណូល​គាត់​មួយ​ចំនួន​ធំ​ដោយសារ​ថា ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​ដែល​មាន​តម្លៃ​ខ្ពស់​គឺ​គាត់​មាន​ចំណូល​តិច​ប៉ុណ្ណឹង​ឯង»

លោក ប៉ុល សុផា បញ្ជាក់​ថា ផ្ទៃដី​ដាំ​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សរុប​ទាំងអស់​មាន​ជាង ៤៤​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​កៅស៊ូ​លក្ខណៈ​គ្រួសារ​ជាង​១៦​ម៉ឺន​ហិកតារ​ក្រៅពីនោះ គឺ​ជា​កសិឧស្សាហកម្ម។ ដោយឡែក​ពលរដ្ឋ​ដែល​ដាំ​កៅស៊ូ​ផ្ទាល់​មាន​ជាង ២​ម៉ឺន ២​ពាន់​គ្រួសារ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម​យល់ថា ការ​ទម្លាក់​កំហុស​តែ​ទៅលើ​បញ្ហា​ទីផ្សារ​អន្តរជាតិ​នេះ គឺ​អាច​ជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ និង​បង្ហាញ​ថា រដ្ឋាភិបាល​អសមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​កសិករ។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ផលិតផល​កសិកម្ម​របស់ ពលរដ្ឋ​ខ្មែរ​ចុះថោក​ស្ទើរ​តែ​រាល់​ឆ្នាំ ហើយ​ពលរដ្ឋ​ក៏បាន​អត់ធ្មត់​ស្ទើរ​តែមួយ​ជីវិត​ដែរ​ដើម្បី​រង់ចាំ​ឱ្យ​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល។ លោក​បន្ត​ថា កសិករ​មិន​អាច​ចេះតែ​ទ្រាំ​រហូត​នោះ​ទេ​ព្រោះ​ពួកគេ​គ្មាន​លុយ​ច្រើន​ដូច​អ្នកកាន់អំណាច​ឡើយ។ លោក​យល់​ថា ក្រសួង​សំខាន់ៗ​របស់​រដ្ឋាភិបាល​ដូចជា​ក្រសួង​ឧស្សាហកម្ម​ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍​ក្រសួងការបរទេស គួរតែ​ធ្វើការ​រួម​គ្នា​​ជាមួយ​ក្រសួងកសិកម្ម​ដើម្បី​ផ្ដល់​ជំនាញ​បច្ចេកទេស​ដាំ​ដុះ​ជួយ​វេច​ខ្ចប់ និង​ជួយ​រក​ទីផ្សារ​ជូន​កសិករ៖ «ខ្ញុំ​គ្រាន់តែ​លើក​នៅ​ប្រទេស​ថៃ​មួយ​ដែល​ខ្ញុំ​ធ្លាប់​ប្រឡូក និង​ពិនិត្យ​ទៅលើ​ការងារ​របស់​គេ​គឺ​ក្រៅពី​ក្រសួងកសិកម្ម​ដែល​មាន​តួនាទី​ផ្ដល់​នូវ​បច្ចេកទេស​ និង​​មធ្យោបាយ​ផលិត គឺ​ក្រសួង​ឧស្សាហកម្ម​ត្រូវ​ត្រៀមលក្ខណៈ​ក្នុង​ការ​វេច​ខ្ចប់​ដើម្បី​ឱ្យ​ផលិតផល​ប្រើ​បាន​ល្អ​ហើយ​មិន​បែកបាក់។ ក្រសួងទេសចរណ៍​ត្រូវ​រៀបចំ​តាំង​ពិព័រណ៍​ដើម្បី​ឱ្យ​ភ្ញៀវ​អន្តរជាតិ គេ​មក​មើល​ផលិតផល។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម​គឺ​មាន​តួនាទី​ធ្វើការ​ជាមួយ​ក្រសួងការបរទេស ដើម្បី​ដើរ​ទាក់ទង​ទីផ្សារ​ដូច្នេះ​គេ​ធ្វើ​ការងារ​ស្រុះគ្នា​អ៊ីចឹង​ទើប​ទីផ្សារ​ស្រុក​គេ​មាន​ដំណើរការ​ល្អ»

រីឯ​ទីប្រឹក្សា​ឯករាជ្យ និង​ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​លោក សម វិទូ មានប្រសាសន៍ថា​មូលហេតុ​ដែល​តម្លៃ​ទីផ្សារ​កៅស៊ូ​របស់​ប្រជាកសិករ​ប្រែប្រួល​ចុះថោក​ដោយសារតែ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ហើយ​រដ្ឋាភិបាល ហាក់​ដូចជា​ទុក​កសិករ​​ចោល​​តែ​ម្ដង និង​គ្មាន​គោលការណ៍​គាំទ្រ​និង​បង្កើត​ឱ្យ​មាន​សិប្បកម្ម ឬ​ឧស្សាហកម្ម​កែច្នៃ​ជ័រកៅស៊ូ​នោះ​ទេ។ លោក​បន្ត​ថា និន្នាការ​ធ្លាក់​ចុះ​តម្លៃ​នៅតែ​បន្ត​កើតមាន ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ពឹង​លើ​ការ​នាំ​ចេញទៅ​ប្រទេសជិតខាង៖ «ត្រូវតែ​ជំរុញ​​ឱ្យ​​មាន​​ការ​វិនិយោគ​ឱ្យ​មាន​ការផលិត​ទៅជា ផលិតផល​សម្រេច ព្រោះ​បើ​មិន​អ៊ីចឹង​ទេ​កសិករ​គាត់​លក់​ជ័រកៅស៊ូ​ទៅ​ឱ្យ​ឈ្មួញ ហើយ​ឈ្មួញ​វៀតណាម​ដែល​មក​ទិញ​បន្ត អ៊ីចឹង​គឺ​មានន័យថា​គេ​យក​ទៅ​កែច្នៃ​នៅ​ក្នុង​ប្រទេស​គេ ដូច្នេះ​តម្លៃ​នៃ​ផលិតផល​​វត្ថុធាតុដើម​គឺ​មិនបាន​ថ្លៃ​ដូច​យើង​លក់​ផលិតផល​សម្រេច​នោះ​ទេ។ គួរតែ​ជំរុញ​ឱ្យ​មាន​ការកែច្នៃ​ឱ្យ​បាន​ច្រើន​ដើម្បី​ជំរុញ​ឱ្យ​កសិករ​នៅតែ​បន្ត​ដាំ​និង​ថៃ​ទាំ​ដើម​កៅស៊ូ»

នៅមុន​ការបោះឆ្នោត​ម្តងៗ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែងតែ​សន្យា​ដដែលៗ ​ថា​ នឹង​ជួយ​រក​ទីផ្សារ​កសិកម្ម​និង​ជួយ​កសិករ​ឱ្យ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​ប្រជា​កសិករ​ថា គណបក្ស​កាន់អំណាច​មិន​គោរព​តាម​ការសន្យា​របស់​ខ្លួន​នោះ​​ទេ ហើយ​តែងតែ​ទម្លាក់កំហុស​ទៅលើ​បញ្ហា​ទីផ្សារ​អន្តរជាតិ​ជាដើម។ ប្រជា​កសិករ​និង​អ្នក​ជំនាញ​យល់ថា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ជំរុញ​ឱ្យ​មាន​ការ​វិនិយោគ​ក្រុមហ៊ុន​កែច្នៃ​ក្នុងស្រុក​ទេ គឺ​តម្លៃ​កៅស៊ូ​នៅ​ទាប​ដដែល​ហើយ​រយៈពេល ៣​ ទៅ ៥​ឆ្នាំ​ខាងមុខ កសិករ​ភាគច្រើន​ប្រាកដជា​បោះបង់​ដំណាំ​កៅស៊ូ​ចោល។ ប្រជាកសិករ​ខ្មែរ​ត្អូញត្អែរ​ថា មិនមែន​តែ​កៅស៊ូ​នោះ​ទេ ដំណាំ​កសិកម្ម​ផ្សេងទៀត​ក៏​ចុះថោក​មិន​ធ្លាប់​មាន​ដែរ​ដូចជា​ស្រូវ និង​ស្វាយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល