អ្នក​ផលិត​អំបិល​ត្អូញត្អែរ​រឿង​ខ្វះ​កម្លាំង​ពលកម្ម

2019-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​ស្រែ​អំបិល នៅ​ខេត្ត​កំពត លោកស្រី កើត ចន្នី ប្រមូល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង កាល​ពី​ថ្ងៃ​ទី​​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
កម្មករ​ស្រែ​អំបិល នៅ​ខេត្ត​កំពត លោកស្រី កើត ចន្នី ប្រមូល​អំបិល​ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង កាល​ពី​ថ្ងៃ​ទី​​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

កសិករ​អំបិល​នៅ​ខេត្ត​កំពត ចាប់ផ្ដើម​ប្រមូល​ផល​អំបិល​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ ចាប់ពី​ខែ​មករា​នេះ រហូតដល់​ខែ​ឧសភា ខាងមុខ។ អាកាសធាតុ​នៅ​ឆ្នាំនេះ មាន​អំណោយផល​ល្អ​ជាង​ឆ្នាំមុន ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​ពេល​នេះ គឺ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការផលិត​អំបិល​អាច​នឹង​មិនបាន​ច្រើន​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ​ឡើយ។ អ្នក​ជំនាញ​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​ជួយ​រក​ដំណោះស្រាយ​ជូន​អ្នក​ផលិត​អំបិល ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​មុខរបរ​ប្រពៃណី​នេះ​បាន​តទៅទៀត​។

អ្នក​ផលិត​អំបិល​មួយ​នាក់​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត លោក ពៅ សុន ថ្លែង​ថា លោក​ទំនងជា​មិន​អាច​ផលិត​អំបិល​បាន​ច្រើន​ឡើយ​នៅ​ឆ្នាំនេះ ដោយសារតែ​មិន​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ខណៈ​ស្រែអំបិល​របស់​លោក​មាន​ចំនួន​ជាង ២០ហិកតារ។ លោក​បន្ត​ថា ថ្លៃ​ពលកម្ម​បាន​កើន​ឡើង​មួយ​ទ្វេ​ជា​ពីរ ក៏ប៉ុន្តែ​នៅតែ​មិន​អាច​រក​កម្មករ​មក​ធ្វើការ​នៅ​ស្រែអំបិល​បាន​គ្រប់គ្រាន់​ដដែល ដោយសារ​មនុស្ស​ភាគច្រើន​នាំគ្នា​ទៅ​ធ្វើ​នៅ​តាម​រោងចក្រ​វិញ ព្រោះ​មិនសូវ​នឿយហត់​ខ្លាំង ដូច​ធ្វើការ​នៅ​ស្រែអំបិល។ «»

លោក​បន្ត​ថា ដោយសារ​ខ្វះ​កម្លាំង​ពលកម្ម​បែបនេះ មាន​កសិករ​ខ្លះ​បាន​ទុក​ស្រែអំបិល​ចោល លែង​ផលិត និង​ងាក​ទៅ​ប្រកប​របរ​ផ្សេង​ជំនួស​វិញ។ ម្យ៉ាងវិញទៀត ដោយសារតែ​ថ្លៃដើម​ផលិត​ខ្ពស់ ហើយ​អំបិល​ដែល​ផលិត​បាន​មានតម្លៃ​ទាប កសិករ​មួយ​ចំនួន​ក៏បាន​សម្រេចចិត្ត​លក់​ស្រែអំបិល​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ។ កសិករ​រូប​នេះ ចង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ជា​បច្ចេកទេស​ថ្មីៗ​ដល់​ក្រុម​អ្នក​ផលិត​អំបិល ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កំពុង​កើត​មាន។ «»

កាលពី​ឆ្នាំមុន កសិករ​ផលិត​អំបិល​បាន​ប្រមាណ ២ ទៅ ៣ ពាន់​តោន ដោយសារ​មាន​ភ្លៀង​កក់ខែ​ជាប់​ជាប្រចាំ ជាហេតុ​ធ្វើ​ឱ្យ​មាន​កង្វះខាត​អំបិល​សម្រាប់​តម្រូវការ​ក្នុងស្រុក។ របប​ក្រុងភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត​-​កែប នាំចូល​អំបិល ៣​ម៉ឺន​តោន ពី​ក្រៅ​ប្រទេស ដើម្បី​បំពេញ​តម្រូវការ​នៅ​ចុង​រដូវវស្សា​កន្លង​ទៅ​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សុន សេងហួត ថ្លែង​ថា ក្រសួង​កំពុង​រិះរក​បច្ចេកទេស​ថ្មីៗ​សម្រាប់​ផ្ដល់​ជូន​កសិករ និង​រក​មធ្យោបាយ​ជួយ​ឱ្យ​ថ្លៃដើម​ផលិត​អំបិល​កាន់តែ​ទាប​ជាង​មុន ដើម្បី​ឱ្យ​កសិករ​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន។ លោក​បន្ថែម​ថា ប្រទេស​មួយ​ចំនួន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ផលិត​អំបិល​ឱ្យ​បាន​ច្រើន​តាម​តម្រូវការ ក៏ប៉ុន្តែ​បច្ចេកវិទ្យា​ទាំងនោះ មិនទាន់​អាច​យក​មក​ប្រើ​ប្រាស់​នៅ​កម្ពុជា​បាន​នៅឡើយ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន។ «»

មន្ត្រី​ជំនាញ​រូប​នេះ​បន្ថែម​ថា ផ្ទៃដី​ស្រែអំបិល​បច្ចុប្បន្ន​អាច​ឱ្យ​កសិករ​ផលិត​មួយ​ឆ្នាំ រក្សាទុក​សម្រាប់​ការប្រើប្រាស់​រហូត​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ដូច្នេះ​ក្រសួង​កំពុង​គិតគូរ​អំពី​ការសាងសង់​កន្លែង​ស្តុក​អំបិល​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​រក្សាទុក​អំបិល​ឱ្យ​បាន​យូរ​ឆ្នាំ។

កសិករ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប នៅ​ផលិត​អំបិល​តាម​លក្ខណៈ​ប្រពៃណី​នៅឡើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន ហើយ​អំបិល​ដែល​ផលិត​បាន​ក៏​មាន​ចែក​ជា ៣​កម្រិត​ផង​ដែរ ដោយ​អំបិល​លេខ​១ មាន​ពណ៌​សក្បុស លេខ ២ ស​កម្រិត​មធ្យម និង​លេខ ៣ សរាង​ក្រ​ម៉ៅ ដោយសារ​មាន​លាយ​ដី​ខ្លះ​ៗ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អ្នក​ជំនាញ​ខាង​កសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា អំបិល​គឺជា​គ្រឿងទេស​ដ៏​ចាំបាច់ និង​ជា​វត្ថុធាតុដើម​សំខាន់​មួយ​ក្នុង​វិស័យ​ឧស្សាហកម្ម ដូចនេះ​លោក​ចង់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង​ក្រុម​កសិករ​ផលិត​អំបិល​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា​ជាង​នេះ។ លោក​បន្ត​ថា ការ​ហាមឃាត់​មិន​ឱ្យ​កសិករ​លក់​ស្រែអំបិល​របស់​ខ្លួន មិនមែន​ជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ដើម្បី​ថែរក្សា​មុខរបរ​ប្រពៃណី​នៃ​ការផលិត​អំបិល​ឡើយ ផ្ទុយទៅវិញ​រដ្ឋ​ត្រូវ​ចេញមុខ​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ផលិត​អំបិល​តែម្ដង។ «»

កម្ពុជា​មាន​តម្រូវការ​អំបិល​ប្រមាណ ១​ម៉ឺន​តោន ក្នុង​មួយ​ខែ សម្រាប់​ការប្រើប្រាស់​ជា​គ្រឿងផ្សំ​នៃ​ម្ហូបអាហារ និង​ក្នុង​វិស័យ​ឧស្សាហកម្ម។ បច្ចុប្បន្ន កម្ពុជា​មាន​មណ្ឌល​ផលិត​អំបិល​ចំនួន៧ នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​មាន​ក្រុម​ផលិតករ​ជិត ២០០​ក្រុម ខណៈ​ដី​ស្រែអំបិល​មាន​ចំនួន​ជាង ៤ ពាន់​ហិកតារ។ ដីស្រែ​អំបិល​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​មានការ​លក់ដូរ​ធ្វើ​អាជីវកម្ម​ក្នុង​ទិសដៅ​ផ្សេង ក្រៅពី​ការ​ធ្វើ​អំបិល​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល