កម្មករ​រោងចក្រ ឌីន ហាន​ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក មិន​ទាន់​ទទួល​បាន​ជំនួយ​ពី​អាជ្ញាធរ​នៅឡើយ​ទេ

ដោយ ទីន ហ្សាការីយ៉ា
2021-04-16
Share
កម្មករ​រោងចក្រ ឌីន ហាន​ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក មិន​ទាន់​ទទួល​បាន​ជំនួយ​ពី​អាជ្ញាធរ​នៅឡើយ​ទេ កម្មការ​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​​នៅ​តាម​បន្ទប់​ជួល នៅ​ភូមិ​ដំណាក់ធំ ៤ សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ធំពេញ បន្ទាប់​ពី​​ករណី​​ផ្ទុះ​​ជំងឺ​កូវីដ-១៩ ​នៅ​ក្នុង​រោងចក្រ ឌីន ហាន (Din Han) កាល​ពីថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២១ ហើយ​ពេល​នេះ​ពួក​គាត់​កំពុង​ជួបការ​លំបាក និង​ខ្វះ​ស្បៀង។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កម្មករ​មួយ​ចំនួន​នៅ​រោងចក្រ ឌីន ហាន ដង្ហោយ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល អំឡុង​ពេល​ពួក​គាត់​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​បន្ទប់​ជួល​រៀងៗ ខ្លួន ។ មន្ត្រី​សហជីព​​ទទូច​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​បន្ថែម​ទៀត​ជុំវិញ​ទុក្ខ​លំបាក​របស់​កម្មករ​រោងចក្រ ដោយ​ពន្លឿន​ការ​ចែក​ស្បៀង​អាហារ និង​ជំនួយ​ឧបត្ថម្ភ​ដទៃ​ទៀត​ជូន​ពួក​គាត់​ឱ្យ​ទាន់​ពេល​វេលា។

កម្មករ​រោងចក្រ ឌីន ហាន ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​បន្ទប់​ជួល នៅ​រាជធានី​ភ្នំពេញ កំពុង​ខ្វះ​ស្បៀង​អាហារ​ហូបចុក ហើយ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចុះ​ដោះ​ស្រាយ​រឿង​នេះ​ទេ។ ពួក​គាត់​ទទូច​ដល់​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ឱ្យ​ពួក​គាត់​ទៅ​តាម​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ ។

កម្មការិនី​រោងចក្រ​កាត់ដេរ ឌីន ហាន (DIN HAN) លោកស្រី ឈួន ស្រីនាង ឱ្យ​ដឹង​ថា លោកស្រី និង​ប្តី កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​បន្ទប់​ជួល​រយៈ​ពេល ១០ថ្ងៃ​មក​ហើយ បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ ​បាន​​ផ្ទុះ​នៅ​ក្នុង​រោងចក្រ។ លោកស្រី​ថា ពេល​នេះ​គ្រួសារ​​លោក​ស្រី​ពុំ​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ទេ ស្រប​ពេល​​ម្ចាស់​ផ្ទះ​ទារ​លុយ​ថ្លៃ​បន្ទប់​ជួល បង់​ទឹក​ភ្លើង រីឯ​កូន​លោកស្រី​កើត​ជំងឺ​បេះដូង​ថែម​ទៀត។ លោកស្រី​ថា មក​ដល់​ពេល​នេះ មិន​​ឃើញ​មាន​ អាជ្ញាធរ​ណា​​ចុះ​មក​សួរសុខទុក្ខ និង​ចែក​ស្បៀង​អាហារ​ដល់​គ្រួសារ​លោកស្រី និង​​កម្មករ​ដទៃ​ទៀត​​ដែល​កំពុង​​ធ្វើ​ចត្តាឡីស័ក​​តាម​​បន្ទប់​​នោះ​ទេ។ ស្ត្រី​មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃ​វែង​រូប​នេះ សំណូម​ពរ​រដ្ឋាភិបាល​ជួយ​ពន្លឿន​​ការ​​ស្បៀង​អាហារ​ដល់​ពួក​លោកស្រី ដើម្បី​ដោះ​ទាល់​ក្នុង​គ្រា​ដ៏​លំបាក​នេះ៖ « អាណិត​កម្មករ​ កម្មការិនី​រោងចក្រ គ្នា​កំពុង​អត់បាយ​អត់​ទឹក ហើយ​ជួល​ផ្ទះ​​គេ​ផង​ទារ​លុយ​ផង ហើយ​ពិបាក​ណាស់​ខ្ញុំ​គិត​មិន​ចេញ​ទេ ដល់ពេល​អញ្ចឹង ដល់​ពេល​ថ្ងៃ​ហ្នឹង​ទៅ ដូច​គេ​មិន​ខ្នះខ្នែង​ពួក​ខ្ញុំ​ខាង​ធ្វើការ​រោងចក្រ​ផង គេ​អត់​សូវ​យក​ចិត្ត​ទុក​ដាក់ សំណូមពរ​ ខ្ញុំ​ខ្វះខាត​ណាស់​​ឥឡូវ សុំ​ឱ្យ​រដ្ឋាភិបាល​នឹង​ជួយ​ខ្ញុំ​ដែល​អ្នក​អត់​ផង ខ្ញុំ​ជាប់​គេ​ឃុំ​១៤​ថ្ងៃ»

កម្មការិនី​រោង​ចក្រ​កាត់​ដេរ ឌីន ហាន (DIN HAN) ម្នាក់ទៀត លោកស្រី ម៉ន ចិន្តា ឱ្យ​ដឹង​ថា ក្រសួង​ការងារ​ប្រាប់​លោកស្រី​អំពី​ការ​ធ្វើ​តេស្ត​សំណាក​លើកទីមួយ គឺ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​កូវិដ-១៩ ប៉ុន្តែ​លោកស្រី​ត្រូវ​រង់​ចាំ​ធ្វើ​តេស្ត​សំណាក​លើក​ទី២​ បន្ត​ទៀត។ លោកស្រី​បន្ត​ថា ស្ថានភាព​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​នេះ លោកស្រី​ពុំ​មាន​ចំណី​អាហារ​ហូប​គ្រប់គ្រាន់ ពុំ​​មាន​​លុយ​​បង់​ទឹក​ភ្លើង ទិញ​ម្សៅ​ទឹក​ដោះ​គោ​ឱ្យ​កូន និង​បង់​រំលស់​​ផ្ទះ​ដែល​ខាង​បុរី​មិន​ព្រម​អនុគ្រោះ​ឱ្យ​នោះ​ទេ។ កម្មការិនី​រូប​នេះ​ប្រាប់​ថា​លោកស្រី​បាន​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ដែល​ប្រកាស​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​កម្មករ​រោង​ចក្រ​កំពុង​ធ្វើ​ចត្តាឡីស័ក​ដែរ ប៉ុន្តែ​ពេលនេះ​លោកស្រី​មិនទាន់​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ៖ « ស្នើ​សុំ​ឱ្យ​ឆាប់​បាន​ទៅ​ធ្វើការ​វិញ មិន​ដឹង​ទៅ​ធ្វើការ​ថ្ងៃ​ណា​ឱ្យ​ពិត​ប្រាកដ ខាង​បុរី​ក៏​ថា​មិន​បន្ធូរបន្ថយ​បង់​រំលោះ​ឱ្យ​អ៊ីចឹង នៅ​យក​ពេញ​ដដែល»

រោងចក្រ​កាត់ដេរ ឌីន ហាន (DIN HAN) ស្ថិតនៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​កម្មករ​ជិត​ ៣ពាន់នាក់។ រោងចក្រ​កាត់​ដេរ​នេះ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រមាណ​ ៥០នាក់ កាលពីថ្ងៃទី៧ មេសា ហើយ​ចំនួន​កម្មករ​ដែល​ឆ្លង​បាន​បន្ត​កើន​ឡើង​ជាង​ ៤រយនាក់ បន្ទប់​ពី​ធ្វើ​តេស្ត​សំណាក​លើកទី១។ កម្មករ​មួយ​​ចំនួន​ដែល​កើត​​ជំងឺ​កូវីដ-១៩ កំពុង​​​សម្រាក​​ព្យាបាល​​នៅ​កន្លែង​ស្នាក់​​នៅ​របស់​ខ្លួន មួយ​ចំនួន​ទៀត​គ្រូពេទ្យ​​បញ្ជូន​​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចំណែក​កម្មករ​ដែល​​អវិជ្ជមាន​កូវីដ គ្រូពេទ្យ​​ដាក់​ឱ្យ​​ធ្វើ​ចត្តាឡីស័ក​តាម​ផ្ទះ និង​បន្ទប់​ជួល​រៀងៗ ខ្លួន។

ជុំវិញ​រឿង​កម្មករ​មិន​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​នេះ អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ មេសា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ពេល​ថ្មីៗ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​ជួយ​បង់​ទឹក​ភ្លើង ផ្តល់​ថវិកា​មួយ​ចំនួន ផ្តល់​ជំនួយ​ឧបត្ថម្ភ​ផ្សេង​ទៀត ព្រម​ទាំង​ជួយ​សម្រួល​បញ្ហា​កម្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដល់​គ្រួសារ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ អ្នក​ឆ្លង​ជំងឺ​កូវីដ និង​អ្នក​ធ្វើ​ចត្តាឡីស័ក។ លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​នឹង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដាច់​បាយ​ខ្វះ​អង្ករ ខ្វះ​អំបិល និង​ខ្វះ​ស្បៀង​អាហារ​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (C-CAWDU) ប្រចាំ​រោងចក្រ​កាត់ដេរ ឌីន ហាន (DIN HAN) លោក ឡុង សក្កដា មាន​ប្រសាសន៍​ថា កម្មករ​កំពុង​ធ្វើ​ចត្តាឡីស័ក និង​អ្នក​ឆ្លង​ជំងឺ​កូវីដ​មួយ​ចំនួន ពិត​ជា​មិនទាន់​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ លោក​មើល​ឃើញ​ថា កម្មករ​កំពុង​ជួប​ទុក្ខ​លំបាក ខ្វះខាត​ស្បៀង​អាហារ​ហូប​ចុក​ប្រចាំថ្ងៃ ហើយ​​ពួក​គាត់​មិន​ទាន់​ប្រាក់​បើក​ខែ និង​មិន​អាច​ចេញ​ទៅ​បើក​ប្រាក់​ខែ​បាន​ទេ ហើយ​​ស្ថាន​ភាព​នេះ​បែរ​ជា​ម្ចាស់​បន្ទប់​ជួល​ខ្លះ​បង្ខំ​ទារ​ថ្លៃ​បន្ទប់​ជួល​ទៅ​វិញ។ មន្ត្រី​សហជីព​រូប​នេះ​ទទូច​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការចែក​ស្បៀងអាហារ ដើម្បី​ធានា​ថា​កម្មករ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក និង​ព្យាបាល​ជំងឺ​កូវីដ​ទាំងអស់ ទទួល​បាន​ជំនួយ​ស្បៀង​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​ទាន់​ពេល​វេលា​ពី​រដ្ឋាភិបាល៖ « រងគ្រោះ​មិនមែន​រងគ្រោះ​តែ​ខ្លួន​គាត់​ជា​កម្មករ​នៅ​ហ្នឹង​មួយ​ទេ មាន​ទាំង​ប្ដី​គាត់​កូន​គាត់​តូចៗ នៅ​ក្នុង​បន្ទប់​តែមួយ អត់អី​ហូប​គឺ​លំបាក​មែនទែន ជជែក​ជាមួយ​​ខាង​ធនាគារ មាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្លះ​នៅតែ​ជំរិត​បង្ខំ ដើម្បី​ឱ្យ​គាត់​បង់​លុយ សង​លុយ បើ​ទោះបី​គាត់​ចត្តាឡីស័ក ក៏​ខាង​ធនាគារ​គេ​ហ្នឹង ក៏​គេ​អត់​ជឿ​ដែរ ទាមទារ​រក​ក្រដាស​ស្នាម ហើយ​ពួកគាត់​អត់​មាន​ក្រដាស​ស្នាម​អ្វី​ដើម្បី​បញ្ជាក់​ខាង​ធនាគារ​ទេ ប្រសិន​ជា​អាច​អាជ្ញាធរ​ចេញ​លិខិត​ឱ្យ​ពួកគាត់​មួយៗ ទៅ​ថា គាត់​បាន​ធ្វើ​ចត្តាឡីស័ក ដើម្បី​គាត់​បង្ហាញ​ធនាគារ​បាន​យល់»

ក្រុម​កម្មករ​រោងចក្រ ឌីន ហាន ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត ស្នើ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ផ្តល់​​​ជំនួយ​ដល់​ពួក​គាត់ ដោយ​កុំ​ទុក​ពួក​គាត់​ចោល​ឱ្យ​នៅ​ដោយ​ឡែក ពី​ព្រោះ​ពួក​គាត់ ក៏​ជា​ជន​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែរ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល