ពលករ​ខ្មែរ​មួយចំនួន​ដាច់ចិត្ត​ដើរ​សុំទាន​នៅ​ប្រទេស​ថៃ

ដោយ ម៉ៅ សុធានី
2022.12.03
ពលករ​ខ្មែរ​មួយចំនួន​ដាច់ចិត្ត​ដើរ​សុំទាន​នៅ​ប្រទេស​ថៃ អគារ​ខ្ពស់​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។
RFA File

ពលករ​ខ្មែរ​មួយចំនួន​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ អ្នកខ្លះ​ដើរ​កូតទ្រ អ្នកខ្លះ​នាំ​កូនតូច​អង្គុយ​នៅ​ទី សាធារណៈ សុំទាន​ដើម្បី​ដោះស្រាយ​ជីវភាព ព្រោះ​មេការ​សំណង់​មិន​បើកប្រាក់​ខែ​ឲ្យ​ពួកគាត់​ជាដើម​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ពលករ​ខ្មែរ​នៅ​ក្រៅ​ស្រុក ត្រូវ​ថៅកែ និង​មេការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ញឹកញាប់ ហើយ​គ្មាន​ដំណោះស្រាយ គឺ​បង្ហាញ​ពី​ភាព​ខ្សោយ និង​ខ្វះ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ខ្មែរ។

ពលករ​ខ្មែរ​មួយ​ចំនួន សម្រេចចិត្ត​ដើរ​សុំទាន​នៅ​តាម​ទី​សាធារណៈ​ក្នុង​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​ជីវិត​។ ពួកគាត់​គ្មាន​ប្រាក់​ចាយវាយ​ប្រចាំថ្ងៃ កាត់​កេរ្តិ៍​កាត់​ខ្មាស ដើរ​សុំទាន​តាម​ទីប្រជុំជន ទីផ្សារ ចិញ្ចើមថ្នល់ រក​ប្រាក់​ជំនួយ​ពី​ជន​មានចិត្ត​សប្បុរស ដើម្បី​យក​មក​ដោះស្រាយ​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​មេការ​សំណង់​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់ និង​ខ្វះ​ប្រាក់ចំណូល​ជាដើម។

ពលករ​ខ្មែរ​ម្នាក់ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម រស់នៅ​​​ក្នុង​ប្រទេស​ថៃ​ជាង​៥​ឆ្នាំ លោក វេត សាង ចាញ់បោក​មេការ​សំណង់ ដែល​ជា​ជនជាតិ​ខ្មែរ​ដូចគ្នា លួងលោម​ប្រើ​ឲ្យ​ធ្វើការ​សំណង់​អស់​ជាច្រើន​ខែ តែ​មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យ​លោក​។ លោក វេត សាង ថា ប័ណ្ណ​ការងារ​របស់​លោក​អស់​សុពលភាព ទើប​លោក​មិន​ហ៊ាន​ប្ដឹង​មេការ​ដែល​កេង​កម្លាំង​ពលកម្ម​របស់​លោក​។ លោក​ស្នើសុំ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​រក​ការងារ​ឲ្យ​លោក​ធ្វើជា​ប្រចាំ​នៅ​ស្ថាប័ន​រដ្ឋ ឬ​ស្ថាប័នឯកជន ដែល​ពាក់ព័ន្ធ​វិស័យ​ភ្លេងបុរាណ ដើម្បី​បាន​ប្រាក់ខែ ឬក៏​ប្រាក់​ប្រចាំថ្ងៃ សម្រាប់​ចិញ្ចឹមជីវិត ព្រោះ​លោក​កំពុង​ជួប​ការ​លំបាក​នៅ​ថៃ ហើយ​ដើរ​កូតទ្រ​កំដរ​ជីវិត​តាមផ្លូវ​គេ​អាណិត គេ​ដាក់​ទាន​គ្រាន់តែ​សម្រាប់​ដោះស្រាយបាន​មួយ​គ្រាៗ​ប៉ុណ្ណោះ។

លោក វេត សាង៖ «​បាន​មួយ​គ្រាៗ​ហ្នឹង នែ​!​ដោះស្រាយ ថ្លៃ​បន្ទប់ ថ្លៃ​ហូបចុក​ប្រចាំថ្ងៃ​តិចតួច ថ្លៃ​ផ្លូវ​ដែល​យើង​ចងការ​គេ​ជិះ​ពី​ខ្មែរ​មក​ណា»

ក្រៅពី​ពលករ​ខ្មែរ​ម្នាក់​នេះ ក៏​មាន​ពលករ​ខ្មែរ​មួយចំនួន​នាំ​កូនតូចៗ អង្គុយ​សុំទាន​នៅ​ក្បែរ​ផ្សារ​ទំនើប នៅ​ទីប្រជុំជន នៅ​ទីក្រុង​ដែល​មាន​មនុស្ស​ដើរ​កកកុញ ភាគច្រើន​ពួកគាត់​ត្រូវ​ថៅកែ​នាំមក​ធ្វើការ ហើយ​មិន​បើកប្រាក់​ខែ​ឲ្យ។

ពលការិនី​ម្នាក់ ដែល​ចិញ្ចឹម​កូន​បី​នាក់ និង​ម្ដាយ​ចាស់​ម្នាក់ កំពុង​សុំទាន​នៅ​ប្រទេស​ថៃ ឲ្យ​ដឹង​ថា លោកស្រី​បាត់បង់​មុខរបរ​តាំងពី​ជំងឺ​កូវីដ​-១៩​ផ្ទុះ​ជា​សាកល គឺ​លោកស្រី​ជា​អ្នកលក់​ស្បែកជើង នៅ​ក្បែរ​ផ្សារ​មួយ​នៅ​ជាយក្រុង​បាងកក​។ លោកស្រី​បន្ថែម​ថា បន្ទាប់ពី​គ្មាន​ការងារ​ធ្វើ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​មិនបាន ថែមទាំង​ជំពាក់​បំណុល​ទៀត គ្មាន​ផ្លូវ​ជ្រើសរើស​ក៏​នាំ​កូន​អង្គុយ​សុំទាន នៅ​ទីនេះ​តែម្ដង​ទៅ​។ លោកស្រី​មានបំណង​ចង់បាន​ផ្ទះ​មួយ​ស្នាក់នៅ ដោយ​មិន​ចាំបាច់​ជួល​គេ​ប្រចាំខែ។

«ចង់​បានតែ​ផ្ទះ​នៅ ហើយ​សុំ​ឲ្យ​អា​កូន​ធំ​ហ្នឹង ដែល​វា​រៀន ចង់​បាន​ឲ្យ​តែ​វា​បាន​ការងារ​ធ្វើ​ទៅ​មិន​បាច់​មក​ស្រុក​ថៃ មាន​ការងារ​ធ្វើ​ទៅ​វា​ជួយ​ចិញ្ចឹម​យើង»

ស្រដៀង​គ្នា​នេះ​ដែរ នៅ​មិន​ឆ្ងាយ​ពី​លោកស្រី ពិសី ក៏​មាន​ពលការិនី​ខ្មែរ​ម្នាក់​ទៀត កំពុង​អង្គុយ​សុំទាន លើ​ស្ពាន​អាកាស​ក្បែរ​ផ្សារ​ទំនើប គឺ​លោកស្រី នី នីន ប្រាប់​ថា លោកស្រី​ដើរ​លក់​ប៉េងប៉ោង តែ​រក​ចំណូល​មិនសូវ​បាន ក៏​ឆ្លៀត​នាំ​កូនតូច​មក​អង្គុយ​សុំទាន ដើម្បី​បាន​ប្រាក់​ខ្លះទៀត​ទប់ទល់​ការ​ចំណាយ​។ លោកស្រី​បន្ត​ថា លោកស្រី​រក​ប្រាក់​បន្ថែម​គ្រាន់​នឹង​គ្រប់​ថ្លៃ​ទឹកដោះគោ​កូន និង​ថ្លៃ​បន្ទប់​ស្នាក់​នៅក្នុង​មួយ​ខែ​ជាង​មួយ​ពាន់​(.២០០)​បាត​។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា លោកស្រី​មិន​បាន​មក​អង្គុយ​សុំ​គេ​រាល់ថ្ងៃ​ទេ ហើយ​មក​អង្គុយតែ​ពីរ បី ម៉ោង ក៏​ត្រឡប់​ទៅ​សប់​ខ្យល់​ប៉េងប៉ោង​វិញ ដើម្បី​យក​ទៅ​លក់។

លោកស្រី នី នីន៖ «​តិច​ទៀត​ខ្ញុំ​ទៅផ្ទះ​វិញ​ហើយ ទៅ​លក់​ប៉េងប៉ោង​វិញ​។ មាន​គេ​លក់​ច្រើន​ដែរ​នៅ​ក្នុង​ហ្នឹង ហើយ​ខ្ញុំ​លក់​ប៉េងប៉ោង​លក់​មិន​សព្វ​មុខ​ដូច​គេ​ទេ លក់​តិចៗ​ហ្នឹង ព្រោះ​អី​បើ​យើង​លក់​បន្តិច​ហ្នឹង យើង​លក់​មិន​ឈ្នះ​គេ​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ បាន​ចាប់​បុរស​គម​ខ្នង​ម្នាក់ ដែល​បាន​ដើរ​សុំទាន​នៅ​តាម​ផ្សារ​ក្នុង​ខេត្ត​ឈុនបុរី (Chun Buri) ។ បុរស​គម​ខ្នង​នេះ​គាត់​ជា​ពលករ​ខ្មែរ​ចំណាកស្រុក​ទាំង​គ្រួសារ ប៉ុន្តែ​ពិបាក​រក​ការងារ​ធ្វើ ក៏​ដើរ​សុំទាន ហើយ​ត្រូវ​ប៉ូលិស​ថៃ ឃាត់ខ្លួន​ដើម្បី​ស៊ើបសួរ​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា កន្លង​ទៅ។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​អង្គការ​សង់​ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ ហើយ​ត្រូវ​ថៅកែ​មិន​បើកប្រាក់​ខែ​ឲ្យ ធ្វើ​ឲ្យ​ពួកគាត់​អស់​ជម្រើស​រហូត​ដើរ​សុំទាន យក​ប្រាក់​មក​ដោះស្រាយ​ជីវភាព ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្រូវ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​។ លោក​បន្តថា កម្ពុជា​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល សម្រាប់​ឲ្យ​ពលករ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ជៀសវាង​ពួកគាត់​ចេញ​បោក​គេ ហើយ​ដើរ​សុំទាន។

លោក ឌី ថេហូយ៉ា៖ «​អ៊ីចឹង​ហើយ​បានជា​ទូទៅ​យើង​ទៅ​ប្រទេស​ថៃ ម៉ាញសិត​(mine set) ផ្នត់គំនិត​របស់​ថៃ​ហ្នឹង មើល​មក​យើង ហាក់ដូចជា​ជាតិ​សាស្ត្រ​មួយ ដែល​អន់ថយ​ជាងគេ ជា​ជាតិ​សាស្ត្រ​មួយ​ដែល​ទៅ​សុំ​ទាន​គេ ជា​ជាតិ​សាស្ត្រ​មួយ​ដែល​អត់​មាន​ការ​ងារ​ធ្វើ ចំណាកស្រុក​ទៅ​រក​ការងារ​ស្រុក​គេ​។ ជាពិសេស​គឺ​យើង​ឃើញ​ថា មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ដែរ ដែល​ទៅ​រក​(​ការងារ​) ធ្វើ​ម៉េច​ជៀស​ពី​ការងារ​ជា​អ្នកសុំទាន​កន្លែង​ផ្សេងៗ​អ៊ីចឹង​ណា»

ពលករ​ខ្មែរ ដែល​ត្រូវ​មេការ​សំណង់​កេងប្រវ័ញ្ច​ពលកម្ម​ពួកគាត់ និង​គ្មាន​ប្រាក់​ចំណូល​ដាច់ចិត្ត​មក​អង្គុយ​សុំទាន លើកឡើង​ថា ពួកគាត់​មិន​ចង់​មក​អង្គុយ​សុំ​គេ​ដូច្នេះ​ទេ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច បាន​បង្ខំ​ឲ្យ​ពួកគាត់​មក​ធ្វើ​ដូច្នេះ។

ពលករ​ខ្មែរ​ចូល​មក​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ តែ​ពួកគាត់​ខ្លះ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន រហូត​ចេញ​បោក​គេ​ជាច្រើន​ករណី ដូចជា ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ហួស​កម្រិត ធ្វើការ​លើស​ម៉ោង មិន​បើក​ប្រាក់ខែ​ទៀងទាត់ និង​យក​ទៅ​លក់​លើ​ទូក​នេសាទ​ជាដើម។

ពលករ​ខ្មែរ ដែល​សុំទាន​ក្នុង​ប្រទេស​ថៃ មាន​ប្រមាណ​ម្ភៃ​(២០)​នាក់​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា នៅពេល​ពលករ​ខ្មែរ​ចំណាកស្រុក​ជួប​ការ​លំបាក​ហើយ​ចង់​មក​ផ្ទះ​វិញ រដ្ឋាភិបាល​ត្រូវ​ជួយ​សម្រួល​ឲ្យ​ពួកគាត់​បាន​ត្រឡប់​មក​កម្ពុជា​វិញ ព្រោះ​កន្លងមក​ពួកគាត់​ក៏បាន​បង់ពន្ធ​ជូន​រដ្ឋ​ដែរ ពលករ​ខ្មែរ​គួរ​ទទួល​បាន​ជីវភាព​មួយ​ថ្លៃថ្នូរ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​កម្ពុជា​ផ្នែក​ទទួលបន្ទុក​ពលករ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បានទេ កាល​ថ្ងៃទី​២ ខែធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។