កសិករ​មួយ​ចំនួន​ធ្វើស្រែ​បណ្ដាក់​ជី និង​ថ្នាំ​កសិកម្ម​ពី​ឈ្មួញ ដែល​ធ្វើ​ឱ្យ​​ចំណាយ​ថ្លៃ​ដើម​កាន់តែ​ច្រើន

ដោយ ទីន ហ្សាការីយ់ា
2024.09.11
កសិករ​មួយ​ចំនួន​ធ្វើស្រែ​បណ្ដាក់​ជី និង​ថ្នាំ​កសិកម្ម​ពី​ឈ្មួញ ដែល​ធ្វើ​ឱ្យ​​ចំណាយ​ថ្លៃ​ដើម​កាន់តែ​ច្រើន ស្ថានភាពស្រូវខ្វះទឹកស្រោចស្រព​​ នៅខេត្ត​សៀមរាម កាលពីថ្ងៃទី៣០ សីហា ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​កសិកម្ម

ប្រជា​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ពេញ​និយម​ធ្វើស្រែ ដោយ​បណ្ដាក់​ជី និង​ថ្នាំ​ពី​ឈ្មួញ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ការ​បង្កបង្កើនផល កាន់តែ​ច្រើនជាង​មុន​។ ការ​ធ្វើ​ស្រែ​អត់​មាន​ដើមទុន​នេះ បាន​ធ្វើ​ឱ្យ​កសិករ​មួយចំនួន ធ្លាក់ខ្លួន​ជំពាក់​បំណុល នៅពេល​តម្លៃ​កសិផល​ចុះថោក ដែល​បណ្ដាល​ឱ្យ​កសិករ​ខ្លះ ត្រូវ​គេ​រឹបអូស​យក​ស្រែ ខ្លះ​ខ្ចីប្រាក់​ពី​ធនាគារ​យក​មក​សង​ថ្លៃ​ជី និង​ខ្លះទៀត ឆ្អែត​ចិត្ត​ឈប់​ធ្វើស្រែ ហើយ​ធ្វើ​ចំណាកស្រុក។

បន្ទាប់ពី​ផុត​គ្រោះ​ខ្វះ​ទឹក​ធ្វើស្រែ​កាល​ពី​ខែ​ស្រាពណ៍ ពេលនេះ​ស្រូវ​ស្រង៉ែ​របស់​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន បាន​ប្រមូល​ផល​ហើយ​។ ទោះបីជា​ម៉ាស៊ីន​ច្រូត​បាន បង្ហូរ​ស្រូវ​ចូល​ការុង​បាន​ច្រើន​គួរសម​ក្ដី ក៏​ពួកគាត់​នៅតែ​ធ្វើ​មុខស្អុយ និង​រអ៊ូរទាំ​ថា ស្រងែ​ខែប្រាំង​ឆ្នាំនេះ មិន​គ្រប់​ឡើងថ្លៃ​ជី​ថ្លៃ​ថ្នាំ​សង​ថៅកែ​ឡើយ។

ការ​ត្អូញត្អែរ​របស់​កសិករ​ទាំង​នេះ គឺ​ដោយសារ​ពួកគាត់ បាន​ទៅ​ជឿ​​ជី ថ្នាំ​កសិកម្ម និង​ប្រេងឥន្ធនៈ​ពី​ថៅកែ​ដេប៉ូ យក​មក​ធ្វើស្រែ ហើយ​ត្រូវ​សង​ទៅវិញ ទាំង​ដើម​ទាំង​ការប្រាក់ នៅពេល​ប្រមូល​ផល​រួច ដែល​បំណុល​នេះ បាន​ធ្វើ​ឱ្យ​ពួកគាត់ ត្រូវ​ចំណាយ​លើស​ពី​ថ្លៃដើម​នៃ​របស់​ទាំងនោះ។

កសិករ​នៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល លោក ហ៊ុន មាស ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​បាន​ចាយ​ដើមទុន​ច្រើន​ទៅលើ​ប្រេងសាំង​បូមទឹក​ដាក់​ស្រែ ជី និង​ថ្នាំ​កសិកម្ម សម្រាប់​ស្រូវប្រាំង​ឆ្នាំនេះ ដោយ​លោក​ត្រូវ​ទៅ​ជឿ​ពី​ឈ្មួញ និង​គិតការ​ប្រាក់ ៥​ភាគរយ​។ លោក​បន្ត​ថា គ្មាន​កសិករ​ណា​ចង់​ធ្វើស្រែ​បណ្ដាក់​ជី​នោះ​ទេ គឺ​មកពី​ពួកគាត់​ធ្វើស្រែ​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ដើមទុន​ត្រៀម​ទុក ព្រោះ​ការ​ធ្វើ​ស្រែ​នេះ ម្ដង​ចំណេញ ម្ដង​ខាត ដោយសារ​ទីផ្សារ​គ្មាន​ស្ថិរភាព។

លោក ហ៊ុន មាស៖ «អ្នក​ខ្លះ​ធ្វើ​ដែរ ប៉ុន្តែ​ចាប់ផ្ដើម​ធ្វើ​ហ្នឹង អត់​មាន​លុយ​ទេ ចេញ​តែ​ថ្លៃ​ត្រាក់ទ័រ​ឱ្យ​គេ​ហ្នឹង ក៏​មិន​មាន​ផង​។ និយាយ​ឱ្យ​ចំ គឺ​ទំនិញ​ផ្នែក​កសិកម្ម​ហ្នឹង ឡើងថ្លៃ​រាល់​ឆ្នាំ​។ ពេលខ្លះ​គេ​ទុកចិត្ត ដូច​យើង​ធ្វើការ​ខាង​ក្រុម​ប្រឹក្សាឃុំ​អ៊ីចឹង គេ​ចេះតែ​ឱ្យ​យក​ហើយ​។ ពេលខ្លះ​មិនមែន​យើង​យក​គេ​តែមួយ​ឆ្នាំ​ឯណា យក​រហូតដល់​បួនដប់​ឆ្នាំ គឺ​ដោះបំណុល​គេ​អត់​រួច​ទេ​។ ដោះបំណុល​មិន​រួច ខាង​អ្នកលក់​ចេះតែ​បន្ត គេ​អាង​យក​បង្កាន់ដៃ​ដី​ទៅ​ដាក់​ទៅ គេ​ស្គាល់​យើង​ហើយ»

ជាទូទៅ កសិករ​ត្រូវ​ចំណាយ​ថ្លៃ​ជី ថ្នាំ​បាញ់​ស្រូវ និង​សម្ភារៈ​កសិកម្ម​ផ្សេងទៀត អស់​ប្រមាណ​ជាង ៣​លាន​រៀល ឬ​ជាង ៧០០​ដុល្លារ​ក្នុង​មួយ​ហិកតារ ប៉ុន្តែ ប្រសិនបើ​ជួប​គ្រោះ​រាំងស្ងួត ឬ​សត្វល្អិត​រាតត្បាត នោះ​ការ​ចំណាយ​អាច​នឹង​កើន​ដល់ ៤​លាន​រៀល ឬ ១​ពាន់​ដុល្លារ ក្នុង​មួយ​ហិកតារ​។​

កសិករ​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក ថាន់ ថា រៀបរាប់​ថា លោក​ធ្វើស្រែ​ចំនួន ៣​ហិកតារ ដោយ​ការ​បង្កបង្កើនផល​ឆ្នាំនេះ លោក​បាន​បណ្ដាក់​ថ្លៃ​ប្រេង​ឥន្ធនៈ ជី និង​ថ្នាំ​កសិកម្ម ពី​ឈ្មួញ​អស់​ប្រមាណ ៣​លាន​រៀល ដោយ​គិតការ​ប្រាក់​ចំនួន​ជិត ១០​ម៉ឺន​រៀល ក្នុង​មួយ​រដូវ។

លោក ថាន់ ថា៖ «កត្តា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​លំបាក​ហ្នឹង គឺ​ទីមួយ​ប្រព័ន្ធ​ធារាសាស្ត្រ​អត់​គ្រប់​។ ទី​ពីរ ប្រជាកសិករ​យើង​ខ្លះ គាត់​អត់​សូវ​យល់​ពី​ការប្រើប្រាស់​ជី និង​ថ្នាំ​ឱ្យ​បាន​គ្រប់គ្រាន់​។ ហើយ​ទី​បី​គឺ​តម្លៃ​ស្រូវ​អត់​ស្ថិតស្ថេរ ហើយ​ជី​កសិកម្ម​ឡើងថ្លៃ ហើយ​ផល​ស្រូវ​ស្ថិត​នៅ​លើ​មាត់​ឈ្មួញ»

តម្លៃ​ជីសរីរាង្គ ដែល​មាន​គុណភាព​បង្គួរ ក្នុង​មួយ​ការុង​ទម្ងន់ ៥០​គីឡូក្រាម ជា​មធ្យម​មានតម្លៃ ១២​ម៉ឺន​រៀល ប៉ុន្តែ នៅពេល​កសិករ​បណ្ដាក់​យក​មក​ប្រើ និង​រង់ចាំ​សង​នៅពេល​ប្រមូល​ផល​រួច នោះ​តម្លៃនឹង​កើនឡើង ១៤​ម៉ឺន​រៀល ខណៈ​នៅ​ប្រទេស​ថៃ ជីសរីរាង្គ ជា​មធ្យម​មានតម្លៃ ៨០០​បាត ឬ​ប្រហែល​ជាង ៨​ម៉ឺន​រៀល ក្នុង​មួយ​ការ៉ុង​ទម្ងន់ ៥០​គីឡូក្រាម​។ ទោះជា​យ៉ាងណា បើ​តាម​ការ​ប្រៀបធៀប​គុណភាព​អ៊ិនប៉េកា (Nitrogen, Phosphorus, K=Potassium) ជីសរីរាង្គ​ដែល​កសិករ​ថៃ ប្រើប្រាស់ មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ជីសរីរាង្គ ដែល​នាំ​ចូល​មក​លក់​នៅ​កម្ពុជា។

ស្រដៀង​គ្នា​នេះ កសិករ​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ លោក ភាន សារ៉ន ប្រាប់​ថា កសិករ​នៅ​តំបន់​របស់​លោក និយម​ធ្វើស្រែ​បណ្ដាក់​ជី និង​ថ្នាំ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ត្រូវ​ចំណាយ​ថ្លៃដើម​កាន់តែ​ច្រើន​។ លោក​ថ្លែង​ថា ជី និង​ថ្នាំ​ទាំងនេះ ភាគច្រើន​នាំចូល​ពី​ក្រៅ​ស្រុក មាន​តម្លៃ​ថ្លៃ ខណៈ​ឈ្មួញ​នាំចូល លក់​យក​ចំណេញ​មួយ​ភាគ និង​បណ្ដាក់​ឱ្យ​កសិករ​ជឿ យក​ទៅ​ប្រើ ដោយ​យក​ការប្រាក់​មួយ​ភាគ​ទៀត ហើយ​ទម្រាំ​តែ​របស់​ទាំងនោះ ធ្លាក់​ដល់ដៃ​កសិករ គឺ​មាន​តម្លៃ​ទ្វេដង​ទៅ​ហើយ។

លោក ភាន សារ៉ន៖ «បើ​អត់​ប្រើ​ជី គឺ​វា​អត់​មាន​ផល អត់​ប្រើ​ថ្នាំ ក៏​សត្វ​វា​ធ្វើទុក្ខ​ងាប់​អស់​ដែរ​។ មួយ​រដូវៗ ឱ្យ​តែ​ពេល​ចុះ​ធ្វើ​គឺ​ជំពាក់​ហើយ​។ ពេល​ប្រមូល​ផល​រួច មាន​ខ្លះ​ក៏​នៅ​ជំពាក់ មាន​ភាគច្រើន​ដែល​គេ​សង​ដាច់ៗ​។ គ្រោះថ្នាក់​ច្រើនណាស់ កសិករ​។ ខ្លះ​លក់​ដី​អស់ហើយ នៅតែ​សង​គេ​មិន​ចេះ​រួច​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា និង​លោក ឃឹម ហ្វីណង់ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១០ ខែ​កញ្ញា។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ដាក់ចេញ​កម្ម​វិធី​គោលនយោបាយ​អាទិភាព​ទី​៦ ក្នុង​គោលដៅ​រៀបចំ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប ដែល​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៣​។ យន្តការ​កែប្រែ​សហគមន៍​កសិកម្ម​ទំនើប​នេះ ៣​ចំណុច​សំខាន់ គឺ កាត់បន្ថយ​ថ្លៃដើម​ផលិត បង្កើន​ស្តង់ដារ​គុណភាព​ដំណាំ និង​ធានា​ស្ថិរភាព​ទីផ្សារ​ដល់​ប្រជាកសិករ។

តែ​យ៉ាងណា​មក​ទល់​ពេល​នេះ បញ្ហា​កសិកម្ម​នៅតែ​បន្ត​ញាំញី​ជីវភាព​កសិករ​ខ្មែរ​មួយចំនួន ពិសេស​ទៅលើ​ដំណាំ​ស្រូវ ដែល​នៅតែ​មាន​វប្បធម៌ តម្លៃ​ធ្លាក់​ទៅតាម​មាត់​ឈ្មួញ។

ទាក់ទិន​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​គំនិត លោក សេក សុជាតិ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​មាន​យន្តការ​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការកំណត់​តម្លៃ​ស្រូវ​ច្បាស់លាស់ និង​បង្កើត​ធនាគារ​ជួយ​ដល់​កសិករ​។ ទន្ទឹម​គ្នា​នេះ លោក​បន្ត​ថា កសិករ​ខ្លួនឯង គួរ​សិក្សា​ស្វែងយល់​ពី​ការ​បង្កើត​ជីសរីរាង្គ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​ខ្លួន​មាន ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ដើម។

លោក សេក សុជាតិ៖ «រដ្ឋាភិបាល គួរតែ​ត្រិះរិះ​ពិចារណា នៅក្នុង​ការ​ទម្លាក់​ទុន ផ្នែក​កសិកម្ម​នេះ ឱ្យ​ទៅ​ដល់​ប្រជាពលរដ្ឋ ជាជាង​ទម្លាក់​ទុន​នៅ​ត្រឹម​ឈ្មួញ ដែល​ទិញ​ផលិតផល ដូចជា​នៅ​តាម​រោង​ម៉ាស៊ីន​ជាដើម​។ ដូច្នេះ​រាល់​តម្លៃ ឬក៏​ការ​ផ្ដល់​លទ្ធភាព​ទៅ​ឱ្យ​កសិករ គួរតែ​ផ្ដល់​ឱ្យ​កសិករ​ដោយ​ត្រង់ មិន​ចាំបាច់​ទម្លាក់​នៅ​ក្នុង​តម្លៃ​រោង​ម៉ាស៊ីន​ទេ»

តាម​ស្ថិតិ​ពាណិជ្ជកម្ម​ទំនិញ​នាំចូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហាញថា នៅក្នុង​ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា​បាន​ចំណាយ​ទឹកប្រាក់​លើ​ការ​នាំ​ចូល​ជី​កសិកម្ម ពី​ខាងក្រៅ​ប្រទេស​ប្រមាណ​ជាង ២៦​លាន​ដុល្លារ​អាម៉េរិក មាន​ការ​កើនឡើង​ជិត ៤៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៣។

ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួងកសិកម្ម​ដែល​ជា​អាណាព្យាបាល​ពួកគាត់ បង្កើត​គោល​នយោបាយ​ជួយ​បញ្ចុះតម្លៃ​ធាតុ​ផ្សំ​កសិកម្ម ឱ្យ​ដូច​កសិកម្ម​នៅ​ប្រទេស​ជិតខាង និង​បង្កើត​គណៈកម្មការ​គ្រប់គ្រង​តម្លៃ​កសិផល ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​កសិករ​មាន​ដង្ហើម​ដក​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។