កម្មករ​រោងចក្រ អ.ជី ហ៊្វូតវែរ មួយ​ចំនួន ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ទាំង​ស្រុង

ដោយ សុជីវី
2024.03.27
កម្មករ​រោងចក្រ អ.ជី ហ៊្វូតវែរ មួយ​ចំនួន ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ទាំង​ស្រុង កម្មកររោងចក្រ R.G Footwear (Cambodia),.Ltd. ជួបជុំគ្នា​តវ៉ា និង​ទាមទារ​ប្រាក់ឈ្នួល និងអត្តប្រយោជន៍ផ្សេងៗ ពី​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកអង្គការ សង់ត្រាល់ (CENTRAL)

កម្មករ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) ភាគ​ច្រើន​កំពុង​ប្រឈម​នឹង​បាត់បង់​ការ​ធ្វើ​ទាំង​ស្រុង ខណៈ​កម្មករ​ខ្លះ​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​រោងចក្រ អ.ជី ហ៊្វូតវែរ ប៉ុន្តែ​ថៅកែ​មិន​ទទួល​យក។ ពួក​គាត់​អះអាង​ថា ថៅកែ​រោងចក្រ អ.ជី ហ៊្វូតវែរ​បាន​សន្យា​ឱ្យ​កម្មករ​ទាំង​អស់​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន អិល.វ៉ាយ ហ៊្វូតវែរ (L.Y Footwear) បន្ទាប់​ពី​មាន​អគ្គិភ័យ​ឆាបឆេះ ប៉ុន្តែ មក​ទល់​ពេល​នេះ កម្មករ​នៅតែ​គ្មាន​ការងារ​ធ្វើ។

កម្មករ​ដែល​បម្រើការ​ក្នុង​រោងចក្រ អ.ជី ហ៊្វូតវែរ (R.G. Footwear) ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត​ដោយសារ​បាត់បង់​ការងារ បន្ទាប់​ពី​រោងចក្រ​នេះ​រង​ការ​ឆាបឆេះ និង​ភាគី​ថៅកែ​នៅ​មិន​ទាន់​ដោះ​ស្រាយ​បើក​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឱ្យ​ពួក​គាត់។ ពួក​គេ​លើក​ឡើង​ថា ស្ថានភាព​កម្មករ​នៅ​ពេល​នេះ កំពុង​ប្រឈម​នឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវភាព​ខ្វះខាត​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់។

កម្មការិនី​ធ្វើ​នៅ​រោងចក្រ អ.ជី លោកស្រី នាង ដាវ៉ាន់ ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា លោកស្រី​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង់​ថ្លៃ​ផ្ទះ​ជួល និង​សង​បំណុល​ធនាគារ​ឡើយ។ លោកស្រី​បន្ត​ថា បញ្ហា​នេះ គឺ​ដោយសារ​ថៅកែ​រោងចក្រ​បាន​សន្យា​ផ្ដល់​ការងារ​ឱ្យ​កម្មករ​ធ្វើការ​ឡើង​វិញ ក្រោយ​មាន​អគ្គិភ័យ​ឆាប​ឆេះ​រោងចក្រ ប៉ុន្តែ មក​ទាល់​ពេល​នេះ​កម្មករ​នៅតែ​គ្មាន​ការងារ​ធ្វើ។

លោកស្រី នាង ដាវ៉ាន់៖ «ចង់​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​កម្មករ​ចូល​ធ្វើការ​វិញ​អ៊ីចឹង។ ដូច​ជា ពួក​ខ្ញុំ​អ៊ីចឹង ដូច​ជា ពួក​ជន​ពិការ​ចង់​ឱ្យ​គ្នា​មាន​ការងារ​ធ្វើ​ដូច​ដើម​អ៊ីចឹង ដោយសារ​ខ្ញុំ​អាយុ​ច្រើន​ដល់​អាយុ​ច្រើន។ អ៊ីចឹង​គិត​ចង់​ទៅ​ធ្វើការ​យក​លុយ​សង​ធនាគារ​អ៊ីចឹង បើ​ខ្ញុំ​អាយុ​ច្រើន​អ៊ីចឹង ទៅ​រក​ឯ​ណា ក៏​គេ​មិន​យក​ដែរ។ ដល់ពេលបញ្ឈប់ពួកខ្ញុំពាក់កណ្ដាលទីអ៊ីចឹង ទី១ ត្រូវបង់ថ្លៃផ្ទះ ជួល ទី២ បង់ថ្លៃទឹកភ្លើង ទី៣ ការ​ហូបចុក​អ៊ីចឹង»

កម្មការិនី​ធ្វើការ​នៅ​រោងចក្រ អ.ជី ហ៊្វូតវែរ ម្នាក់​ទៀត គឺ​លោកស្រី ផែន ស្រីរ័ត្ន ថ្លែង​ថា លោកស្រី​ធ្វើការ​នៅ​រោងចក្រ​នេះ​រយៈ​ពេល ៤ឆ្នាំ​មក​ហើយប៉ុន្តែនៅពេលដែល មាន​បញ្ហា​ថៅកែ​បែរ​ជា​ទុក​ពួក​គាត់​ចោល​មិន​អើពើ​ទៅ​វិញ។ លោកស្រី​បន្ត​ថា លោកស្រី​បាន​ដាក់​ពាក្យ​ធ្វើការ​នៅ​ក្រុមហ៊ុន អិល.វ៉ាយ ដែល​ជា​ក្រុមហ៊ុន​ដៃគូ​របស់​រោងចក្រ អ.ជី ប៉ុន្តែ​ថៅកែ​បែរ​ជា​មិន​ទទួល​លោកស្រី​ចូល​ធ្វើការ​ដោយសារ​លោកស្រី​អាយុ​ច្រើន។

លោកស្រី ផែន ស្រីរ័ត្ន៖ «ចង់​ឱ្យ​ខាង​ក្រសួង​ជួយ​បន្ថែម​នូវ​ចំណុច​ផ្សេងៗ ជូន​ទៅ​ដល់​បងប្អូន​កម្មករ​យើង​ទាំង​អស់​គ្នា​ថា នឹង​យក​កម្មករ​នៅ​រោងចក្រ អ.ជី ហ្នឹង ទៅ​ចូល​ធ្វើការ​នៅ​រោងចក្រ អិល.វ៉ាយ ដល់​ពេល​ឥឡូវ​ហ្នឹង បែរ​ជា​ចេញ​ប្រកាស​ថា រើស​តែ​មួយ​ពាន់​នាក់​ទេ សម្រាប់​ចូល​ធ្វើ​នៅ​រោងចក្រ អិល.វ៉ាយ ហើយ​អ្នក​អាយុ​ក្រោម ៣៥ឆ្នាំ ទើប​យក។ អ៊ីចឹង​ធ្វើ​ឱ្យ​បងប្អូន​កម្មករ​យើង​ជា​ច្រើន​បាត់បង់​ការងារ»

កាល​ពី​ថ្ងៃ​ទី២២ ខែមីនា ថៅកែ​រោងចក្រ អ.ជី ហ៊្វូតវែរ បាន​ប្រកាស​ថា រោងចក្រ​របស់​ខ្លួន​ជួប​វិបត្តិ​ក្ស័យធន ដោយសារ​អគ្គីភ័យ​ឆាបឆេះ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​អាច​ស្ដារ​ឡើង​វិញ ប៉ុន្តែ​ភាគី​ថៅកែ​មិន​បាន​បង្ហាញ​ភស្តុតាង ដែល​នាំ​ឱ្យ​រោងចក្រ​ជួប​វិបត្តិ​ក្ស័យ​ធន់​នោះ​ឡើយ។ បញ្ហា​នេះ ធ្វើ​ឱ្យ​កម្មករ​ប្រមាណ​ជាង ២ពាន់​នាក់ បាត់បង់​ការងារ និង​ធ្លាក់​ខ្លួន​ក្នុង​បំណុល​វ័ណ្ឌ​ក។

ទោះ​ជា​បែប​នេះ​ក្ដី កម្មករ​អះអាង​ថា ក្រុមហ៊ុន អិល.វ៉ាយ ហ៊្វូតវែរ (LY Footwear Cambodia) និង​ក្រុមហ៊ុន លី.យ៉ីន.គ្រុប (LI Yuen Group) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​រោងចក្រ អ.ជី ហ៊្វូតវែរ (R.G. Footwear) នៅ​តែ​បន្ត​ដំណើរ​ការ​ដូច្នេះ​ពួក​គាត់​មិន​ជឿ​លើ​ការ​ប្រកាស​ក្ស័យធន​នេះ​ឡើយ។

ដោយសារ​ថៅកែ​គេចវេះ​មិន​បើក​លុយ​ឱ្យ​កម្មករ ធ្វើ​ឱ្យ​ពួក​គាត់​ចេញ​តវ៉ា​ទាមទារ​ឱ្យ​ក្រសួង​ការងារ​ចុះ​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ក្ស័យធន​របស់​ថៅកែ​រោងចក្រ​នេះ ។ ប៉ុន្តែ ក្រោយ​ការ​តវ៉ា​អគ្គនាយកដ្ឋាន​អធិការកិច្ច កាលពីថ្ងៃទី២៥ ខែមីនា បាន​អញ្ជើញ​ភាគី​ថៅកែ​រោងចក្រ និង​តំណាង​កម្មករ​ជួប​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ឱ្យ​កម្មករ​ទទួល​យក​លក្ខខណ្ឌ​ដោះស្រាយ​ចំនួន ៣ចំណុច ដែល​ដាក់​ចេញ​ដោយ​ក្រសួង​ការងារ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​សហជីព​សេរី​ឯករាជ្យ​ប្រចាំ​រោងចក្រ អ.ជី ហ៊្វូតវែរ លោក ប៉ឺង ចំរើន ថ្លែង​ថា ថៅកែ​រោងចក្រ​មិន​បាន​ទូទាត់​ប្រាក់​សំណង​តាម​កិច្ចសន្យា​ការងារ​ឡើយ។ លោក​អះអាង​ថា ក្រៅពី​កម្មករ​មួយ​ចំនួន​បាត់បង់​ការងារ នៅ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​ទៀត ប្រឈម​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដោយ​សារ​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក។

លោក ប៉ឺង ចំរើន៖ «ពាក់ព័ន្ធ​បញ្ហា​ឥឡូវ​ហ្នឹង សម្រាប់​ខ្ញុំ ក្នុង​នាម​ខ្ញុំ​ជា​សហជីព យើង​ស្នើសុំ​អ្វី ដែល​ជា​ការ​លំបាក​របស់​បងប្អូន​កម្មករ ហើយ​ដោយសារ អិល.វ៉ាយ ជា​បុត្រ​សម្ព័ន្ធ​របស់​រោងចក្រ អ.ជី ដែរ​អ៊ីចឹង ហើយ​អ្នក​ខ្លះ​គាត់​មាន​ឈ្មោះ​ទៅ​ធ្វើតេស្ត​នៅ អិល.វ៉ាយ ប៉ុន្តែ​ដោយសារ​គាត់​មាន​អាយុ​ច្រើន លើស ៣៥ឆ្នាំ​គេ​អត់ទទួលទេហើយអ្នកខ្លះទៀត ក៏​យើង​ទទួល​ព័ត៌មាន​នេះ​ថា ដោយសារ​គាត់​ជា​សហជីព ក៏​គេ​មាន​ការ​រើសអើង​ដែរ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​ធនធាន​មនុស្ស​នៃ​រោងចក្រ អ.ជី ហ៊្វូតវែរ លោកស្រី កែវ ចាន់ លីដា និង​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តកណ្ដាល លោក ធុល នាង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែមីនា។

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ (C.CADWU) លោក គង់ អាទិត្យ មានប្រសាសន៍ថា ក្រសួង​ការងារ​គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ដោយ​ឈរ​គោលការណ៍​អព្យាក្រឹត្យ។ លោក​បន្ត​ថា កម្មករ​អាច​មាន​សិទ្ធិ​ប្ដឹង​ទាមទារ​ប្រាក់​សង​ជំងឺ​ចិត្ត និង​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​ករណី​ថៅកែ​រោងចក្រ​ប្រើ​លេស​ក្ស័យធន ដើម្បី​គេចវេះ​មិន​ព្រម​បើក​លុយ​ឱ្យ​កម្មករ។

លោក គង់ អាទិត្យ៖ «យើង​អត់​អាច​យក​មាត់​ថៅកែ​ហ្នឹង​មក​និយាយ​បាន​ទេ យើង​អត់​អាច​យក​ករណី​រោងចក្រ​ឆេះ ហើយ​គាត់​ថា គាត់​ក្ស័យធន​ទេ ហើយ​យើង​ក៏​ដឹង​ថា គាត់​មាន​សាខា​អី​ផ្សេង​ដែរ អ៊ីចឹង​បាន​ឱ្យ​ស៊ើប​អង្កេត បើ​យើង​និយាយ​ឱ្យ​ចំ​ទៅ​កម្មករ​គាត់​មាន​សិទ្ធិ​ប្ដឹង​តវ៉ា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ទទួល​ខុស​ត្រូវ ហើយ​អត់​យក​ពាក្យ​មួយ​ក្ស័យធន ដោយសារ​ការ​ឆេះ​ប៉ុណ្ណឹង តាម​ការ​និយាយ​ផ្ទាល់​មាត់​របស់​គាត់​យក​ជា​ការ​បាន​ទេ អ៊ីចឹង​កម្មករ​គាត់​មាន​សិទ្ធិ​ប្ដឹងផ្ដល់​ទាមទារ​ប្រាក់​សោហ៊ុយ​សង​ជំងឺចិត្ត ឬ​ក៏​ការ​ទូទាត់​ប្រាក់​បំណាច់​របស់​គាត់ ហើយ​និង​ប្រាក់ខែ​ចុង​ក្រោយ»

រោងចក្រ អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) មាន​ទីតាំង​ស្ថិត​នៅ​ភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែល​មាន​កម្មករ​បម្រើ​ការ​សរុប​ជាង ២ពាន់​នាក់ (.២១៤)

ក្រុម​កម្មករ និង​សហជីព​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បង្ហាញ​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករ និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព ដើម្បី​កុំ​ឱ្យ​ថៅកែ​រោងចក្រ​មួយ​ចំនួន​ឆ្លៀត​យក​ឱកាស​កេងប្រវ័ញ្ច​កម្លាំង​កម្មករ។ ពួក​គាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កន្លែង​ការងារ​សមរម្យ​សម្រាប់​ពួក​គាត់​ចូល​ធ្វើ​ការងារ​វិញ ដើម្បី​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។