មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​យក​លុយ​ថ្លៃ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ​រដ្ឋ គួរ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត

ដោយ មួង ណារ៉េត
2021-05-09
Share
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​យក​លុយ​ថ្លៃ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ​រដ្ឋ គួរ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត ឧបករណ៍តេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩។
រូប​ពី​ហ្វេសប៊ុក

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​យក​លុយ​ថ្លៃ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​រដ្ឋ គួរ​ធ្វើតាម​គោលការណ៍​ស្ម័គ្រចិត្ត​។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា លោក សន ជ័យ ថា​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​លើសលុប រង​ផល​ប៉ះពាល់​ខ្លាំង​ផ្នែក​ជីវភាព ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​បង់ថ្លៃ​សេវា​ពេទ្យ​រដ្ឋ​នោះ​ទេ៖ «ការប៉ះពាល់ និង​ខូចខាត​ដោយសារ​ជំងឺ​កូវីដ​-១៩​នេះ មនុស្ស​បាត់បង់​ការងារ ធ្លាក់​ប្រាក់ចំណូល អ្នកខ្លះ​ជំពាក់​បំណុល​។ ដូច្នេះ​ស្ថានភាព​លំបាក​ច្រើន ដែល​នាំ​ឱ្យ​មនុស្ស​រង​នូវ​ផល​ប៉ះពាល់​។ ដូច្នេះ​គោលការណ៍​ស្ម័គ្រចិត្ត គោលការណ៍​ពិនិត្យ​ទៅលើ​សាវតារ​របស់​អ្នកជំងឺ រួម​ទាំង​ស្ថានភាព​គ្រួសារ​របស់​ពួកគេ បើ​មន្ទីរ​នោះ​អាច​មាន​ការសម្រួល​បាន​ទៅដល់​លក្ខខណ្ឌ​ដែល​អាច​ទៅរួច ឬ​លក្ខខណ្ឌ​លំបាក​របស់​អ្នកជំងឺ និង​គ្រួសារ​របស់​ពួកគាត់ ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​នេះ ខ្ញុំ​គិតថា​ជា​រឿង​មួយ​ល្អ»

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយ​ក្រសួងសុខាភិបាល ចេញ​សេចក្តី​ក្រើន​រម្លឹក​ដល់​ប្រធាន​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ ថា​មន្ទីរពេទ្យ​អាច​ធ្វើ​តេស្ដ​រហ័ស លើ​អ្នកជំងឺ​ទូទៅ និង​សង្គ្រោះ​បន្ទាន់ ដែល​មក​មន្ទីរ​របស់​ខ្លួន ដើម្បី​រក​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​ចាំបាច់ ដើម្បី​ញែក​អ្នកជំងឺ​ទូទៅ ចេញពី​អ្នកជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ក្រសួង​សុខាភិបាល មិន​បញ្ជាក់​ថា​សេវា​ធ្វើតេស្ត​រហ័ស​នេះ អ្នក​ជំងឺ​ត្រូវ​បង់ប្រាក់​នោះ​ទេ។

ទោះជា​យ៉ាងណា​មន្ទីរ ពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ (​ឬ​ហៅថា ពេទ្យ​លោកសង្ឃ​) បាន​កំណត់​យក​ថ្លៃ​ធ្វើតេស្ត​រហ័ស​នេះ ដល់​សាធារណជន​ទាំងអស់ មុន​ចូល​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នេះ​។ ក្នុង​សេចក្តី​ជូនដំណឹង កាលពី​ថ្ងៃទី៧ ខែ​ឧសភា មន្ទីរពេទ្យ​លោកសង្ឃ ថា តេស្ត​រហ័ស​នេះ ធ្វើ​សម្រាប់​ទាំង​អ្នកជំងឺ និង​អ្នក​កំដរ​រួម​ដំណើរ ឬ​អ្នក​មក​សួរសុខទុក្ខ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​។ បន្ទាប់​មក​មន្ទីរពេទ្យ​នឹង​ចេញ​សំបុត្រ​ពេទ្យ​បញ្ជាក់​អំពី​លទ្ធផល​នៃ​ការវិភាគ​នេះ​។ មិន​ថា​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​នោះ​ទេ អ្នក​ដែល​ត្រូវធ្វើ​តេស្ដ ត្រូវ​បង់ថ្លៃ​សេវា​ធ្វើតេស្ត​នេះ​។ សំបុត្រ​ពេទ្យ​នេះ មាន​សុពលភាព​សម្រាប់​រយៈពេល ០៥ ថ្ងៃ​។ ប៉ុន្តែ ថ្លៃ​សេរ​វា​នេះ មន្ទីរពេទ្យ​លោកសង្ឃ មិនបាន​បញ្ជាក់​ថា យក​ប៉ុន្មាន​នោះ​ដែរ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ទីរពេទ្យ​លោកសង្ឃ សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ប៉ុន្តែ​លេខ​ទូរស័ព្ទ​ទាំងអស់​របស់​មន្ទីរពេទ្យ​នេះ គ្មាន​អ្នកទទួល​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន ក៏​មិន​លើក​ទូរស័ព្ទ​ដែរ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វេជ្ជសាស្ត្រ​ផង ធ្លាប់​ស្នើ​ឱ្យ​រដ្ឋ​កុំ​យក​ប្រាក់​ថ្លៃ​សេវា​ព្យាបាល និង​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​នេះ មិន​ថា នៅ​ពេទ្យ​រដ្ឋ ឬ​ពេទ្យ​ឯកជន​នោះ​ទេ ព្រោះ​វិបត្តិ​នៃ​ជំងឺ​នេះ ជា​បញ្ហា​រួម​របស់​ជាតិ ដែល​រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​រ៉ាប់រង​ថ្លៃ​ចំណាយ​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល