ស៊ុន ចាន់ថុល អះអាង​ថា ​គម្រោង​ជីកព្រែក​ហ្វូណន​តេជោ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក ឬ​មុន​ការ​គ្រោង​ទុក

ដោយ សុ ជីវី
2024.11.27
ស៊ុន ចាន់ថុល អះអាង​ថា ​គម្រោង​ជីកព្រែក​ហ្វូណន​តេជោ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក ឬ​មុន​ការ​គ្រោង​ទុក ទិដ្ឋភាព​មាត់​ព្រែក របស់​គម្រោង​ជីកព្រែក​ហ្វូណន​តេជោ នៅ​ជាប់ដង​ទន្លេ​មេគង្គ ត្រង់​​ភូមិ​សាស្ត្រ​ព្រែក​តាកែវ​ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល គិត​ត្រឹម​​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មាន​សភាព​ស្ងប់ស្ងាត់ទុកចោល គ្មានភាពប្រែប្រួល​ ចាប់​តាំង​ពី​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន កាល​ពី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

អនុប្រធានទី១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អះអាង​ថា​ គម្រោង​ជីកព្រែក​ហ្វូណន​តេជោ នឹង​ធ្វើ​ចប់​តាម​ការ​គ្រោង​ទុក ឬ​មុន​ការ​គ្រោង​ទុក។

លោក​ថ្លែង​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ដោយ​ច្រានចោល​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​ផ្អាក​សាងសង់​ព្រែក​ជីក ហ្វូណន​តេជោ​ដោយ​ខ្វះ​ថវិកា។

«ព្រែកជីក​ហ្វូណន​នឹង​ធ្វើ​ចប់​ជា​ស្ថាពរ តាម​ការ​គ្រោង​ទុក ឬ​មុន​ការគ្រោងទុក តែ​ប៉ុណ្ណឹង​ទេ​ឱ្យ​ច្បាស់។ សម្ដេច​ធិបតី​លោក​មាន​ប្រសាសន៍​ហើយ បើក​ការដ្ឋាន​ថ្ងៃទី៥ ខែ៨ (សីហាទើប​បាន ៣​ខែ។ ពេល​បើក​ការដ្ឋាន​នេះ គេ​ធ្វើ​តិកតុក (Tik Tok) គេ​យំ​ពេញភូមិ​ថា​ខ្ញុំ​បាត់​ដី​អស់​រលីង រដ្ឋាភិបាល​យក​ដី​គេ​អស់​រលីង ដោយ​មិន​ទាន់​បង់​ការទូទាត់ សង​នូវ​ការ​យក​ដី​ទេ។ ម៉ោង​នេះ​អត់​ទាន់​យក​ដី​មួយ​ចំអាម​នៅ​ឡើយ​ទេ ដោយសារ​អីដោយសារ​យើង​ចាំ​ទឹក​ស្រក ដើម្បី​ទៅ​បោះ​និយាមកា​ឱ្យ​បាន​ត្រឹមត្រូវ។ បោះរួច ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​លោក​ធ្វើ​ដំណើរ​តាម​ក្រោយ។»

ការអះអាង​របស់ លោក ស៊ុន ចាន់ថុល នេះ​ក៏​មិន​ខុសគ្នា​ពី​ការអះអាង​របស់ នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ដែរ ដោយ​ចាត់ទុក​ការផ្សាយ​របស់​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មីៗ​ នេះ​ថា​ ជា​ព័ត៌មាន​ប្រឌិត គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មាក់ងាយ​អាជ្ញាធរ​រដ្ឋាភិបាល និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ ព្រមទាំង​មាន​មន្ទិល​សង្ស័យ​លើ​ការងារ​របស់​អាជ្ញាធរ​ជាដើម។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា បាន​ផ្សាយ​ថា រដ្ឋាភិបាល​មិន​មាន​ថវិកា ដើម្បី​សាង​សង់​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ដែល​ធ្វើ​ឱ្យ​គម្រោង​នេះ​ជាប់​គាំង។ រ៉យទ័រ​បាន​យោង​ប្រភព​ពី​មន្ត្រី​ចិន និង​អ្នក​ពាក់​ព័ន្ធ​នឹង​វិនិយោគទុន​ ដែល​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​មិន​មាន​លុយ​សម្រាប់​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សាងសង់​ព្រែក​ជីក​ទេ។

ទាក់ទង​នឹង​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ ១ពាន់ ៧រយ លាន​ដុល្លារ​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន និង​គ្រោង​បញ្ចប់​គម្រោង​នេះ​នៅ​ឆ្នាំ​២០២៨។ រដ្ឋាភិបាល​អះអាង​ថា​ ថវិកា​នេះ​បាន​មក​ពី​បដិភាគ​ពី​ក្រុម​ឧកញ៉ា អ្នក​ជំនួញ សហ​គ្រាស​សាធារណៈ​របស់​រដ្ឋ និង​ក្រុម​ហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋ​អំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) ក្រោម​កិច្ច​ព្រមព្រៀង​សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ហៅកាត់​ថា ប៊ីអូធី (BOT)

ប៉ុន្តែ​ មក​ដល់​ពេលនេះ​រដ្ឋាភិបាល​មិនដែល​ប្រកាស​ថា​ មាន​ថវិកា​ប៉ុន្មាន​សម្រាប់​ដំណើរការ​គម្រោង​នេះ​ទេ។

ជាមួយគ្នានេះ រយៈពេល​ ៣ខែ ក្រោយ​ពេល​លោក ហ៊ុន ម៉ាណែត សម្ពោធ​បើក​ការដ្ឋានសាងសង់​មក ប្រជា​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ ខ្លាច​មិន​ទទួល​បាន​សំណង​សមរម្យ ខណៈ​ពួក​គាត់​ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​មក​ដោះស្រាយ​នៅឡើយ។

ករណី​នេះ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា តាម​ការសិក្សា​បឋម​មាន​ផ្ទះ​ប៉ះពាល់​ពី​គម្រោង​នេះ ចំនួន​ជាង ១ពាន់ ៥រយ​ខ្នង (១.៥៨៥ប៉ុន្តែ​នៅ​ពេល​ចុះ​ទៅ​ជាក់ស្ដែង​ គឺ​បាន​កើន​ដល់​ចំនួន​ជាង ២ពាន់ ៣​រយខ្នង ​ (២.៣០៥ដែល​រដ្ឋាភិបាល​កំពុង​ដោះស្រាយ។

ជាមួយ​គ្នា​នេះ លោក​មិន​ភ្លេច​បញ្ជាក់​ដែរ​ថា គណៈកម្មការ​ទន្លេ​មេគង្គ បាន​ចេញ​របាយការណ៍​ថា គម្រោង​ព្រែកជីក​នេះគ្មាន​ការប៉ះពាល់​បរិស្ថាន​នៅ​កម្ពុជា ឬ​នៅ​វៀតណាម​នោះ​ទេ៕

Funan_Canal_112224_7.JPG
​ផ្ទះពលរដ្ឋ​រស់​នៅ​តាម​ដង​ព្រែក ដែល​នឹ​ងរង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកតេជោហ្វូណន ក្នុង​ចំណោម​ផ្ទះ​ចំនួន​ដំបូងជាង ១ពាន់ ៥រយ​ខ្នង (១.៥៨៥ខ្នង)។ រូបពីពលរដ្ឋ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។