ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី

ដោយ មាន ឫទ្ធិ
2024.09.23
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល (រូ​ប​កណ្ដាល) ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា នៅ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល

រដ្ឋាភិបាល​កម្ពុជា ​កំពុង​បង្ហាញ​ការ​យក​ចិត្តទុកដាក់​ទៅ​លើ​ក្រុម​អ្នក​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក ​ដែល​កំពុង​តែ​រកស៊ី​នៅ​កម្ពុជា​ តាម​យន្តការ​ជួយ​រក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ ឱ្យ​ប្រសើរ​ឡើង​ទៅ​តាម​អ្វី​ដែល​ក្រុម​អ្នក​វិនិយោគ​ទាំង​​នោះ​ចង់​បាន។ ការ​ប្រឹងប្រែង​ផ្ដល់​ជំនឿ​ចិត្ត​ ឱ្យ​អ្នក​វិនិយោគ​អាមេរិក​នេះ​ ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម ​គ្រោង​នឹង​ធ្វើ​បេសកកម្ម​ គោះ​ទ្វារ​រក​អ្នក​វិនិយោគ​ទុន​នៅ​អាមេរិក ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក​ថ្មីៗ​ថែម​ទៀត។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ ​មិន​រំពឹង​ថា​កម្ពុជា​អាច​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មីៗ​ពី​សហរដ្ឋ​អាមេរិក​ឱ្យ​ចូល​មក​រកស៊ី​នៅ​កម្ពុជា​បាន​ថែម​ទៀត​ទេ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ី​សេរី ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា​ ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​គ្រោង​ដឹកនាំ​គណប្រតិភូ​​ចម្រុះ ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​បេសកកម្ម​គោះ​ទ្វារ​រក​អ្នក​វិនិយោគ​នោះ នឹង​មិន​ទទួល​បាន​លទ្ធផល​ធំ​ដុំ​ទេ។

លោក​ថា ​នៅ​ក្នុង​ពេល​ដែល​កម្ពុជា​ កំពុង​មាន​ស្ថានភាព​នយោបាយ​និង​ការ​គ្រប់​គ្រង​អំណាច​ដ៏​អាក្រក់ ​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​និង​ភ្ញៀវ​ទេសចរ​បរទេស​ភ័យ​ខ្លាច​នេះ​ គឺ​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មីៗ ​ពី​សហរដ្ឋ​អាមេរិក​បាន​ឡើយ។

លោក គឹម សុខ៖ «កម្ពុជា​ដែល​គ្មាន​ប្រជាធិបតេយ្យ​​មិន​គោរព​សិទ្ធិ​មនុស្ស​ សំបូរ​​ឧក្រិដ្ឋកម្ម​ ការ​ជួញដូរ​មនុស្ស និង​ម៉ាហ្វីយ៉ា​និយម។​ មាន​រឿង​ទាំង​អស់​និង​នៅ​ក្នុង​ប្រទេស​តើ​អាច​ទៅ​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក ​ឱ្យ​ចូល​ទៅ​រក​ស៊ី​ម្តេច​បាន?។ វា​ទៅ​មិន​រួច​ទេ ​គឺ​ទាល់​តែ​រដ្ឋាភិបាល​កម្ពុជា​លាង​សំអាត​បញ្ហា​ទាំង​អស់​នោះ​ជា​មុន​ ព្រម​ទាំង​ផ្លាស់ប្ដូរ​ទម្រង់​នៃ​ការ​គ្រប់គ្រង​អំណាច​​បច្ចុប្បន្ន​នេះ​ចេញ​សិន»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បញ្ហា​សង្គម​ដូច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​(CDC) គ្រោង​នឹង​ដឹកនាំ​គណប្រតិភូ​ចម្រុះ​មួយ​ក្រុម ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ខែ​កញ្ញា​នេះ ​ដើម្បី​ធ្វើ​បេសកកម្ម​គោះ​ទ្វារ​​រក​អ្នក​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​អធិប្បាយ​ជុំវិញ​គម្រោង​បេសកកម្ម​គោះ​ទ្វារ​រក​អ្នក​វិនិយោគ​នៅ​សហរដ្ឋ​អាមេរិក​ ពី​ឧបនាយករដ្ឋមន្ត្រី​និង​ជា​អនុប្រធានទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក ​ស៊ុន ចាន់ថុល និង​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​លោក ​មាស សុខសេនសាន ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ដោយ​សារ​តែ​ទូរស័ព្ទ​របស់​លោក​ទាំង​ពីរ​មិន​អាច​ទាក់ទង​បាន។

ក៏​ប៉ុន្តែ​ លោក ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ ​ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា អ្នកស្រី ព្រីហ្គេត អិលវ៉គឃើ (Bridgette L. Walker) ដោយ​មាន​ប្រធាន​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​ចូល​រួម​ផង​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ថា ​លោក​នឹង​ដឹកនាំ​គណប្រតិភូ​ធ្វើ​បេសកកម្ម​គោះ​ទ្វារ​វិនិយោគិន​នៅ​សហរដ្ឋ​​អាមេរិក ​​រយៈពេល​២​សប្ដាហ៍ ​នៅ​ក្នុង​ខែ​កញ្ញា​នេះ។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អះអាង​ថា ភារធារី​ស្ថានទូត​​អាមេរិក​​ប្រចាំ​កម្ពុជា អ្នកស្រី ព្រីហ្គេត អិលវ៉គឃើ (Bridgette L. Walker) បាន​បង្ហាញ​សុទិដ្ឋិនិយម ​ចំពោះ​កម្ពុជា​ដែល​ត្រូវការ​ទាក់ទាញ​វិនិយោគិន​នេះ​ថា ​​អាច​នឹង​មាន​ក្រុមហ៊ុន​អាមេរិក​កាន់​តែ​ច្រើន ​មក​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។ អ្នកស្រី​បន្ថែម​ថា ​សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ខិតខំ​ធ្វើការ​រួម​គ្នា​ជាមួយ​កម្ពុជា ​ដើម្បី​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ប្រសើរ។

បើទោះបីជា​ភារធារី​ស្ថានទូត​អាមេរិក​បាន​បង្ហាញ​សុទិដ្ឋិនិយម​បែប​នេះ​ក្តី​ ក៏​​បច្ចុប្បន្ន​នេះ ​មាន​ក្រុមហ៊ុន​អាមេរិក​ថ្មីៗ​តិចតួច​បំផុត​​ដែល​ចូល​មក​រកស៊ី​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​ ឱ្យ​ដឹង​ថា ​ក្នុង​ខែ​សីហា ឆ្នាំ​២០២៤​នេះ ​រដ្ឋាភិបាល ​បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៤៦ ​ដែល​មាន​ទឹក​ប្រាក់​សរុប ១​ពាន់ ២​រយ​លាន​ដុល្លារ​អាមេរិក។

ក្នុង​គម្រោង​វិនិយោគ​ថ្មី​នេះ​ គឺ​មាន​ក្រុមហ៊ុន​របស់​អាមេរិក​មិន​ដល់ ១ (០,០៤) ភាគរយ​ផង​ដែល​ចូល​មក​រកស៊ី​នៅ​កម្ពុជា​ ខណៈ​ដែល​អ្នក​វិនិយោគ​ចិន​មាន​តួលេខ​នាំមុខ​រហូត​ដល់​ទៅ​ជិត​៨៥ (៨៤,៧២) ភាគរយ។

អតីត​​តំណាងរាស្ត្រ ​គណបក្ស​សង្គ្រោះជាតិ ​លោក អ៊ុំ សំអាន ​យល់​ថា​ បច្ចុប្បន្ន​អ្នក​វិនិយោគ​របស់​អាមេរិក​​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ទៅ​រកស៊ី​នៅ​កម្ពុជា​ទេ។ លោក​ថា​ មូលហេតុ​ដែល​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក​មិន​ចង់​ទៅ​រកស៊ី​ ដោយសារ​តែ​នៅ​កម្ពុជា​ មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ​តុលាការ​មិន​ឯករាជ្យ។ ​បន្ថែម​លើ​នេះ​កម្ពុជា​​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ ​ព្រម​ទាំង​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​នយោបាយ​ប្រឆាំង ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន​ជា​ដើម។

លោក អ៊ុំ សំអាន៖ «ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​ទាក់ទាញ​អ្នក​វិនិយោគ​​ពី​សហរដ្ឋ​អាមេរិក​និង​ពី​សហភាព​អឺរ៉ុប​រដ្ឋាភិបាល​ត្រូវ​តែ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា ​បក្ខពួក​និយម ​គ្រួសារ​និយម​ហើយ​ធ្វើ​ឱ្យ​តុលាការ​ឯករាជ្យ ​ពីព្រោះ​កាល​ណា​មាន​បញ្ហា​កើត​ឡើង​គឺ​ក្រុម​អ្នក​វិនិយោគ​គេ​ត្រូវ​ឡើង​ទៅ​តុលាការ។ បើ​តុលាការ​ឯករាជ្យ​ទើប​ធ្វើ​ឱ្យ​គេ​ជឿ​ជាក់​និង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បាន។​ បញ្ហា​មួយ​ទៀត​គឺ​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ»។

ស្រដៀង​គ្នា​នេះ​ អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ​ ​លោក ប៉ោ មករា យល់​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​មហា​អំណាច​លទ្ធិប្រជាធិបតេយ្យ​ ដូច​នេះ​​គឺ​ទាម​ទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​ជា​ចាំបាច់។ លោក​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធ្វើ​តាម​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​ទេ បើ​ទោះ​បី​ជា​​ខំ​ប្រឹង​ទាក់ទាញ​​អ្នក​វិនិយោគ​អាមេរិក​យ៉ាងណា​ ក៏​មិន​មាន​លទ្ធផល​​ល្អ​ដែរ។

លោក ប៉ោ មករា៖ «ការ​ដែល​ដើរ​ទៅ​ទាក់ទាញ​ដើរ​ទៅ​រក​អ្នក​វិនិយោគ​ពី​ខាង​ក្រៅ​មក ​គឺ​វា​ជា​កត្តា​ល្អ​ហើយ​សម្រាប់​ការ​ទំនាក់​ទំនង។ ក៏​ប៉ុន្តែ​មុន​នឹង​ចេញ​ទៅ​កម្ពុជា​ត្រូវ​រៀបចំ​តុបតែង​ផ្ទះ​របស់​ខ្លួន​ឱ្យ​ស្អាត​ជា​មុន​សិន។ មិន​មែន​គ្រាន់​តែ​យក​ផ្កា​២-៣ ដើម​មក​ដាក់​លំអ​នៅ​មុខ​ផ្ទះ​ហើយ​យល់​ថា​គ្រប់គ្រាន់​រួច​ដើរ​ទៅ​អួត​ប្រាប់​គេ​ថា ល្អ​ហើយ​នោះ ​គឺ​លទ្ធផល​ក៏​វា​មិន​ទាន់​ទទួល​បាន​ល្អ​ដែរ»។

រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ ​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច​ដោយ​ត្រកូល​ហ៊ុន ​បាន​លំអៀង​ផ្នែក​នយោបាយ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​កុម្មុយនីស្ត​ ហើយ​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ទាំង​ពាណិជ្ជកម្ម ​ការទូត​និង​វិស័យ​យោធា។

បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា ​ឃ្លាត​ឆ្ងាយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ​ការ​គោរព​សិទ្ធិមនុស្ស ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រើ​អំណាច​គាប​សង្កត់ ​ចាប់​ខ្លួន​អ្នក​នយោបាយ​បក្ស​ប្រឆាំង ​សកម្មជន​បរិស្ថាន​ព្រម​ទាំង​ធ្វើ​ទុក្ខបុកម្នេញ ​ដល់​អង្គការ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​មួយ​ចំនួន ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។